យ៉ូប 37:1-24

យ៉ូប 37:1-24 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​នេះ​ធ្វើ​ឲ្យបេះ​ដូង​ខ្ញុំ​ញ័រ វា​លោត​ខុស​ចង្វាក់​ហើយ។ ចូរ​ស្តាប់ ឱ​សូម​ស្តាប់​សូរ​គឹក‌កង នៃ​សំឡេង​ព្រះ‌អង្គ​ផង គឺ​ជា​សូរ​រំពង​ពី​ព្រះ‌ឧស្ឋ​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​តែង​កម្ចាយ​ឲ្យ​ឮ​ពេញ​ក្រោម​ផ្ទៃ​មេឃ ព្រះ‌អង្គ​ឲ្យ​ឃើញ​ផ្លេក‌បន្ទោរ​របស់​ព្រះ‌អង្គ ទៅ​ដល់​ចុង​ផែនដី​បំផុត រួច​មក​មាន​ឮ​សូរ​គំរាម​គ្រាំ‌គ្រេង ព្រះ‌អង្គ​បញ្ចេញ​ផ្គរ​ដោយ​សំឡេង​នៃ​ឫទ្ធា‌នុភាព​ព្រះ‌អង្គ ព្រះ‌អង្គ​មិន​ឃាត់​ផ្លេក‌បន្ទោរ ក្នុង​កាល​ដែល​សំឡេង​ព្រះ‌អង្គ​បាន​ឮ​នោះ​ទេ។ ព្រះ​បញ្ចេញ​សំឡេង​ជា​ផ្គរ‌លាន់​យ៉ាង​អស្ចារ្យ ក៏​ធ្វើ​ការ​យ៉ាង​ធំ​ដែល​យើង​រាល់​គ្នា រក​យល់​មិន​បាន។ ដ្បិត​ព្រះ‌អង្គ​បង្គាប់​ដល់​ហិមៈ​ថា "ចូរ​ធ្លាក់​ទៅ​លើ​ផែនដី" ក៏​បង្គាប់​ដល់​ភ្លៀង​មួយ​មេ និង​ភ្លៀង​ធំ​របស់​ព្រះ‌អង្គ​យ៉ាង​ដូច្នោះ​ដែរ។ ព្រះ‌អង្គ​បំបិទ​ដៃ​មនុស្ស​ទាំង‌ឡាយ ដើម្បី​ឲ្យ​មនុស្ស​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អង្គ​បាន​បង្កើត​បាន​ដឹង។ គ្រា​នោះ សត្វ​ព្រៃ​រក​ទី​ជ្រក ហើយ​ក៏​នៅ​តែ​ក្នុង​រូង​របស់​វា។ ខ្យល់​ព្យុះ​ផាត់​មក​ពី​ទិស​ខាង​ត្បូង ហើយ​រងា​ក៏​មក​ពី​ខាង​ជើង។ ព្រះ‌ទ្រង់​ប្រទាន​ឲ្យ​មាន​ទឹក​កក ដោយ‌សារ​ខ្យល់​ដង្ហើម​ព្រះ‌អង្គ ឯ​ទី​ទឹក​ទាំង​ប៉ុន្មាន​ក៏​កក​រួញ​ទៅ​ដែរ។ ព្រះ‌អង្គ​ផ្ទុក​ពពក​យ៉ាង​ក្រាស់ ដោយ​ចំហាយ​ទឹក ហើយ​ព្រះ‌អង្គ​ផ្សាយ​ពពក នៃ​ផ្លេក‌បន្ទោរ​ព្រះ‌អង្គ​ឲ្យ​សុស‌សាយ។ ពពក​នោះ​ក៏​អណ្តែ​ត្រសែត ទៅ​តាម​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អង្គ ដើម្បី​ឲ្យ​បាន​ធ្វើ​គ្រប់​ទាំង​អស់​ដែល​ព្រះ‌អង្គ​បង្គាប់ នៅ​លើ​ទី​ផ្សេងៗ​នៅ​ផែនដី ដែល​មាន​មនុស្ស​នៅ។ ព្រះ‌អង្គ​ធ្វើ​ឲ្យ​កើត​យ៉ាង​ដូច្នេះ ដើម្បី​ជា​ការ​ផ្ចាញ់‌ផ្ចាល ឬ​សម្រាប់​ស្រោច​ដី​គេ ដោយ​សេចក្ដី​សប្បុរស​របស់​ព្រះ‌អង្គ។ ឱ​លោក​យ៉ូប​អើយ សូម​ស្តាប់​សេចក្ដី​នេះ​ចុះ សូម​ឈរ​ឲ្យ​នឹង ហើយ​ពិចារ‌ណា អស់​ទាំង​ការ​អស្ចារ្យ​របស់​ព្រះ​សិន។ តើ​លោក​ជ្រាប​ពី​ព្រះ​ដាក់​កម្រិត​របស់​ទាំង​នោះ ជា​យ៉ាង​ណា ពី​ព្រះ‌អង្គ​ធ្វើ​ឲ្យ​ផ្លេក‌បន្ទោរ នៃ​ពពក​ព្រះ‌អង្គ​ភ្លឺ​ផ្លេកៗ​ដូច​ម្តេច​ឬ​ទេ? តើ​លោក​យល់​ពី​ទម្ងន់​នៃ​ពពក​ជា​យ៉ាង​ណា គឺ​ជា​កិច្ច‌ការ​អស្ចារ្យ​របស់​ព្រះ ដ៏​មាន​តម្រិះ​សព្វ​គ្រប់​ឬ​ទេ? តើ​លោក​ជ្រាប​ពី​ហេតុ​អ្វី ដែល​សម្លៀក‌បំពាក់​លោក​ក្តៅ​ពេក ក្នុង​កាល​ដែល​ផែនដី​ស្ងប់ ដោយ​ខ្យល់​បក់​មក​ពី​ខាង​ត្បូង​ឬ? តើ​លោក​អាច​នឹង​ជួយ​ព្រះ‌អង្គ​ក្នុង​ការ​ផែ​ផ្ទៃ​មេឃ រឹង​ជាង​ផែន​កញ្ចក់​សិត​បាន​ឬ​ទេ? សូម​បង្ហាញ​សេចក្ដី​ដែល​យើង​រាល់​គ្នា ត្រូវ​ទូល​ដល់​ព្រះ‌អង្គ ដ្បិត​នៅ​ក្នុង​សេចក្ដី​ងងឹត​ដែល​គ្រប​លើ​យើង នោះ​យើង​មិន​ចេះ​រៀបចំ​ពាក្យ​សម្ដី​ទេ។ តើ​ត្រូវ​មាន​អ្នក​ណា​ទូល​ព្រះ‌អង្គ ពី​ខ្ញុំ​កំពុង​តែ​ទូល​ឬ? បើ​អ្នក​ណា​ទូល នោះ​នឹង​ត្រូវ​លេប​បាត់​ជា​ពិត​ប្រាកដ។ រីឯ​មនុស្ស គេ​មើល​ថ្ងៃ​ដែល​ភ្លឺ នៅ​លើ​មេឃ​មិន​ឃើញ​ទេ ទាល់​តែ​មាន​ខ្យល់​បក់​មក​ផាត់ ពពក​ឲ្យ​ស្រឡះ​ទៅ។ ពី​ទិស​ខាង​ជើង​មាន​ចេញ​ជា​រស្មី​ដ៏​រុងរឿង តែ​ព្រះ​មាន​ឫទ្ធា‌នុភាព​គួរ​ស្ញែង​ខ្លាច។ ឯ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា យើង​រាល់​គ្នា​ពុំ​អាច​នឹង​រក​ព្រះ‌អង្គ​ឃើញ​ទេ ព្រះ‌អង្គ​មាន​តេជា‌នុភាព​ដ៏​ខ្ពស់​បំផុត តែ​ដោយ​ព្រះ‌អង្គ​មាន​សេចក្ដី​យុត្តិ‌ធម៌ និង​សេចក្ដី​សុចរិត​ពោរ‌ពេញ បាន​ជា​ព្រះ‌អង្គ​នឹង​មិន​ធ្វើ​ទុក្ខ​ទេ។ ហេតុ​នោះ​បាន​ជា​មនុស្ស តែង‌តែ​កោត​ខ្លាច​ព្រះ‌អង្គ តែ​ព្រះ‌អង្គ​មិន​យោគ‌យល់​អ្នក​ណា ដោយ​សារ​គេ​មាន​ប្រាជ្ញា​នោះ​‌ទេ»។

ចែក​រំលែក
អាន យ៉ូប 37

យ៉ូប 37:1-24 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពេល​នោះ ខ្ញុំ​ញ័រ​រន្ធត់​ជា​ខ្លាំង ស្ទើរ​តែ​គាំង​បេះ‌ដូង។ ចូរ​នាំ​គ្នា​ស្ដាប់​ចុះ ចូរ​នាំ​គ្នា​ស្ដាប់​ព្រះ‌សូរសៀង ដែល​លាន់​ឮ​គគ្រឹក‌គគ្រេង គឺ​សំឡេង​ចេញ​មក​ពី​ព្រះ‌ឱស្ឋ​របស់​ព្រះអង្គ ព្រះអង្គ​ធ្វើ​ឲ្យ​លាន់​ឮ​ពាស‌ពេញ​ផ្ទៃ​មេឃ ផ្លេក​បន្ទោរ​របស់​ព្រះអង្គ​ភ្លឺ​រហូត​ទៅ​ដល់ ទី​ដាច់​ស្រយាល​នៃ​ផែនដី។ បន្ទាប់​មក ព្រះ‌សូរសៀង​ដ៏​រំពង​របស់​ព្រះអង្គ លាន់​ឮ​ឡើង​ប្រកប​ដោយ​ភាព​ថ្កុំ‌ថ្កើង​រុងរឿង ហើយ​ពេល​ព្រះអង្គ​បន្លឺ​ព្រះ‌សូរសៀង​នោះ ព្រះអង្គ​បណ្ដោយ​ឲ្យ​ផ្លេក​បន្ទោរ ជះ​ពន្លឺ​ដ៏​ព្រោង‌ព្រាត។ ព្រះ‌ជាម្ចាស់​បន្លឺ​ព្រះ‌សូរសៀង​ដ៏​គួរ​ស្ញប់‌ស្ញែង ព្រះអង្គ​ធ្វើ​កិច្ចការ​ដ៏​អស្ចារ្យ​បំផុត ដែល​យើង​ពុំ​អាច​ស្វែង​យល់​បាន។ ព្រះអង្គ​បង្គាប់​ឲ្យ​ព្រឹល​ធ្លាក់​មក​លើ​ផែនដី ព្រះអង្គ​បង្គាប់​ឲ្យ​ភ្លៀង​ទាំង​មេៗ​បង្អុរ​ចុះ​មក។ ពេល​នោះ ព្រះអង្គ​បញ្ឈប់​សកម្ម‌ភាព របស់​មនុស្ស​ទាំង​អស់ ដើម្បី​ឲ្យ​គេ​ទទួល​ស្គាល់​ស្នា​ព្រះ‌ហស្ដ របស់​ព្រះអង្គ។ សត្វ​ព្រៃ​នាំ​គ្នា​រត់​ទៅ​រក​ជម្រក ហើយ​សម្ងំ​នៅ​ក្នុង​រូង​របស់​វា។ ខ្យល់​កួច​បក់​មក​ពី​ទិស​ខាង​ត្បូង ហើយ​ខ្យល់​ត្រជាក់​បក់​មក​ពី​ទិស​ខាង​ជើង។ ដោយ‌សារ​ខ្យល់​របស់​ព្រះ‌ជាម្ចាស់ ទឹក​ប្រែ​ជា​កក ហើយ​ផ្ទៃ​ទឹក​ប្រែ​ជា​រឹង។ ព្រះអង្គ​ធ្វើ​ឲ្យ​មាន​ចំហាយ​នៅ​ក្នុង​ពពក ព្រម​ទាំង​ឲ្យ​ពពក​នោះ​ជះ​ពន្លឺ​ដ៏​ភ្លឺ​ផ្លេក។ ព្រះអង្គ​ឲ្យ​ពពក​រសាត់​ទៅ​គ្រប់​ទិស‌ទី ស្រប​តាម​ព្រះ‌ហឫទ័យ​ដែល​ព្រះអង្គ​ប្រើ​វា ឲ្យ​ទៅ​សព្វ​ទី​កន្លែង​នៅ​លើ​ផែនដី។ ធ្វើ​ដូច្នេះ ដើម្បី​ព្រះអង្គ​ដាក់​ទោស​មនុស្ស នៅ​លើ​ផែនដី ឬ​សម្តែង ព្រះ‌ហឫទ័យ​សប្បុរស​របស់​ព្រះអង្គ។ លោក​យ៉ូប​អើយ សូម​ត្រង‌ត្រាប់​ស្ដាប់​សេចក្ដី​ទាំង​នេះ សូម​នៅ​ស្ងៀម ហើយ​រិះគិត​អំពី​ស្នា​ព្រះ‌ហស្ដ ដ៏​អស្ចារ្យ​របស់​ព្រះអង្គ! សូម​លោក​សង្កេត​ឲ្យ​ច្បាស់​ថា តើ​ព្រះ‌ជាម្ចាស់​បញ្ជា​ធម្ម‌ជាតិ​ទាំង​នោះ និង​បញ្ចេញ​ផ្លេក​បន្ទោរ​ពី​ពពក​របស់​ព្រះអង្គ តាម​របៀប​ណា? តើ​លោក​ដឹង​ឬ​ទេ​ថា ពពក​រក្សា​លំនឹង នៅ​ក្នុង​អាកាស‌វេហាស៍ ដោយ​របៀប​ណា? ទាល់​តែ​អ្នក​មាន​ប្រាជ្ញា​ប្រសើរ​ឥត​ខ្ចោះ ទើប​សម្រេច​ការ​អស្ចារ្យ​បែប​នេះ​បាន។ ពេល​ធាតុ​អាកាស​ហប់ ដោយ‌សារ​ខ្យល់​ក្ដៅ​បក់​មក​ពី​ទិស​ខាង​ត្បូង នោះ​លោក​ក៏​ក្ដៅ​ស្អុះ‌ស្អាប់​ទៅ​ហើយ ដូច្នេះ តើ​លោក​អាច​ជួយ​ព្រះ‌ជាម្ចាស់ ដើម្បី​លាត​សន្ធឹង​អាកាស‌វេហាស៍ ដែល​រឹង​ដូច​កញ្ចក់​ដ៏​ភ្លឺ​រលើប​បាន​ដែរ​ឬ? សូម​ប្រាប់​ឲ្យ​យើង​ដឹង​អំពី​សេចក្ដី​ដែល យើង​ត្រូវ​ទូល​ព្រះអង្គ​ផង យើង​មិន​ដឹង​ជា​ត្រូវ​ថ្លែង​ដូច​ម្ដេច​ទេ ព្រោះ​យើង​ជា​មនុស្ស​ល្ងិត‌ល្ងង់។ ខ្ញុំ​មិន​ចង់​និយាយ​ទៅ​កាន់​ព្រះអង្គ​ទេ ដ្បិត​ខ្ញុំ​មិន​ចង់​ហុច​ឱកាស​ឲ្យ​ព្រះអង្គ​បំផ្លាញ​ខ្ញុំ។ រំពេច​នោះ គេ​មិន​អាច​មើល​ឃើញ​ពន្លឺ​ទៀត​ទេ ព្រោះ​ព្រះ‌អាទិត្យ​លាក់​ខ្លួន​នៅ​ពី​ក្រោយ​ពពក ហើយ​មាន​ខ្យល់​បក់​មក​ធ្វើ​ឲ្យ​ផ្ទៃ​មេឃ ប្រែ​ជា​ស្រឡះ។ មាន​ពន្លឺ​ពណ៌​មាស​ចេញ​មក​ពី​ទិស​ខាង​ជើង ព័ទ្ធ​ជុំ‌វិញ​ព្រះ‌ជាម្ចាស់​ដ៏​ថ្កុំ‌ថ្កើង និង​គួរ​ឲ្យ​ស្ញែង​ខ្លាច​ណាស់។ យើង​មិន​អាច​ចូល​ទៅ​ជិត​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព ខ្ពង់‌ខ្ពស់​បំផុត​បាន​ឡើយ ព្រះអង្គ​ជា​ព្រះ​ដ៏​ឧត្ដម ដោយ‌សារ​ព្រះ‌ចេស្ដា ព្រះអង្គ​ប្រកប​ដោយ​យុត្តិធម៌ ហើយ​សុចរិត​បំផុត ព្រះអង្គ​មិន​បំពាន​លើ​នរណា​ឡើយ! ហេតុ​នេះ​ហើយ​បាន​ជា​មនុស្ស​លោក​ត្រូវ គោរព​កោតខ្លាច​ព្រះអង្គ។ ព្រះអង្គ​មិន​រវី‌រវល់​នឹង​អ្នក​ដែល​តាំង​ខ្លួន ជា​មនុស្ស​មាន​ប្រាជ្ញា​ឡើយ»។

ចែក​រំលែក
អាន យ៉ូប 37

យ៉ូប 37:1-24 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

អើ ដំណើរ​នេះ​ធ្វើ​ឲ្យ​ចិត្ត​ខ្ញុំ​ញ័រ ក៏​ឲ្យ​កំរើក​ឃ្លាត​ពី​កន្លែង​ទៅ ចូរ​ស្តាប់ ឱ​សូម​ស្តាប់​សូរ​គឹក‌កង​នៃ​សំឡេង​ទ្រង់​ផង គឺ​ជា​សូរ​រំពង​ពី​ព្រះ‌ឱស្ឋ​ទ្រង់ ទ្រង់​តែង​កំចាយ​ឲ្យ​ឮ​ពេញ​ក្រោម​ផ្ទៃ​មេឃ ទ្រង់​ឲ្យ​ឃើញ​ផ្លេក‌បន្ទោរ​របស់​ទ្រង់​ទៅ​ដល់​ចុង​ផែនដី​បំផុត រួច​មក​មាន​ឮ​សូរ​គំរាម​គ្រាំ‌គ្រេង ទ្រង់​បញ្ចេញ​ផ្គរ​ដោយ​សំឡេង​នៃ​ឫទ្ធា‌នុភាព​ទ្រង់ រួច​ទ្រង់​មិន​ឃាត់​ផ្លេក‌បន្ទោរ ក្នុង​កាល​ដែល​សំឡេង​ទ្រង់​បាន​ឮ​នោះ​ទេ ព្រះ‌ទ្រង់​បញ្ចេញ​សំឡេង​ជា​ផ្គរ‌លាន់​យ៉ាង​អស្ចារ្យ ក៏​ធ្វើ​ការ​យ៉ាង​ធំ​ដែល​យើង​រាល់​គ្នា​រក​យល់​មិន​បាន ដ្បិត​ទ្រង់​បង្គាប់​ដល់​ហិមៈ​ថា ចូរ​ធ្លាក់​ទៅ​លើ​ផែនដី ក៏​បង្គាប់​ដល់​ភ្លៀង​១​មេ នឹង​ភ្លៀង​ធំ​របស់​ទ្រង់​យ៉ាង​ដូច្នោះ​ដែរ នោះ​ទ្រង់​បំបិទ​ដៃ​នៃ​មនុស្ស​ទាំង‌ឡាយ ដើម្បី​ឲ្យ​មនុស្ស​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​បង្កើត​បាន​ដឹង គ្រា​នោះសត្វ​ព្រៃ​រក​ទី​ជ្រក ហើយ​ក៏​នៅ​តែ​ក្នុង​រូង​របស់​វា ខ្យល់​ព្យុះ​ផាត់​មក​ពី​ទិស​ខាង​ត្បូង ហើយ​រងា​ក៏​មក​ពី​ខាង​ជើង ព្រះ‌ទ្រង់​ប្រទាន​ឲ្យ​មាន​ទឹក​កក ដោយ‌សារ​ខ្យល់​ដង្ហើម​ទ្រង់ ឯ​ទី​ទឹក​ទាំង​ប៉ុន្មាន​ក៏​កក​រួញ​ទៅ​ដែរ ទ្រង់​ផ្ទុក​ពពក​យ៉ាង​ក្រាស់ ដោយ​ចំហាយ​ទឹក ហើយ​ទ្រង់​ផ្សាយ​ពពក​នៃ​ផ្លេក‌បន្ទោរ​ទ្រង់​ឲ្យ​សុស‌សាយ ពពក​នោះ​ក៏​អណ្តែត​ត្រសែត​ទៅ​តាម​ព្រះ‌ហឫទ័យ​ទ្រង់ ដើម្បី​ឲ្យ​បាន​ធ្វើ​គ្រប់​ទាំង​អស់​ដែល​ទ្រង់​បង្គាប់ នៅ​លើ​ទី​ផ្សេងៗ​នៅ​ផែនដី ដែល​មាន​មនុស្ស​នៅ ទ្រង់​ធ្វើ​ឲ្យ​កើត​យ៉ាង​ដូច្នេះ ដើម្បី​ជា​ការ​ផ្ចាញ់‌ផ្ចាល ឬ​សំរាប់​ស្រោច​ដី​គេ ដោយ​សេចក្ដី​សប្បុរស​របស់​ទ្រង់។ ឱ​យ៉ូប​អើយ សូម​ស្តាប់​សេចក្ដី​នេះ​ចុះ សូម​ឈរ​ឲ្យ​នឹង ហើយ​ពិចារណា​អស់​ទាំង​ការ​អស្ចារ្យ​របស់​ព្រះ​សិន តើ​លោក​ជ្រាប ពី​ព្រះ‌ទ្រង់​ដាក់​កំរិត​របស់​ទាំង​នោះ ជា​យ៉ាង​ណា ពី​ទ្រង់​ធ្វើ​ឲ្យ​ផ្លេក‌បន្ទោរ​នៃ​ពពក​ទ្រង់​ភ្លឺ‌ផ្លេកៗ​ដូច​ម្តេច​ឬ​ទេ តើ​លោក​យល់​ពី​ទំងន់​នៃ​ពពក​ជា​យ៉ាង​ណា គឺ​ជា​កិច្ច‌ការ​អស្ចារ្យ​របស់​ព្រះ​ដ៏​មាន​ដំរិះ​សព្វ​គ្រប់​ឬ​ទេ តើ​លោក​ជ្រាប​ឬ ពី​ហេតុ​អ្វី​ដែល​សំលៀក‌បំពាក់​លោក​ក្តៅ​ពេក ក្នុង​កាល​ដែល​ផែនដី​ស្ងប់​ដោយ​ខ្យល់​បក់​មក​ពី​ខាង​ត្បូង តើ​លោក​អាច​នឹង​ជួយ​ទ្រង់​ក្នុង​ការ​ផែ​ផ្ទៃ​មេឃ​ដែល​រឹង​ជាង​ផែន​កញ្ចក់​សិត​បាន​ឬ​ទេ សូម​បង្ហាញ​សេចក្ដី​ដែល​យើង​រាល់​គ្នា​ត្រូវ​ទូល​ដល់​ទ្រង់ ដ្បិត​នៅ​ក្នុង​សេចក្ដី​ងងឹត​ដែល​គ្រប​លើ​យើង នោះ​យើង​មិន​ចេះ​រៀបចំ​ពាក្យ​សំដី​ទេ តើ​ត្រូវ​ឲ្យ​មាន​អ្នក​ណា​ទូល​ទ្រង់​ពី​ខ្ញុំ​កំពុង​តែ​ទូល​ឬ​អី បើ​អ្នក​ណា​ទូល នោះ​នឹង​ត្រូវ​លេប​បាត់​ជា​ពិត​ប្រាកដ។ រីឯ​មនុស្ស គេ​មើល​ថ្ងៃ​ដែល​ភ្លឺ​នៅ​លើ​មេឃ​មិន​ឃើញ​ទេ ទាល់​តែ​មាន​ខ្យល់​បក់​មក​ផាត់​ពពក​ឲ្យ​ស្រឡះ​ទៅ ពី​ទិស​ខាង​ជើង​មាន​ចេញ​ជា​រស្មី​ដ៏​រុងរឿង តែ​ព្រះ‌ទ្រង់​មាន​ឫទ្ធា‌នុភាព​គួរ​ស្ញែង​ខ្លាច ឯ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា យើង​រាល់​គ្នា​ពុំ​អាច​នឹង​រក​ទ្រង់​ឃើញ​ទេ ទ្រង់​មាន​តេជា‌នុភាព​ដ៏​ខ្ពស់​បំផុត តែ​ដោយ​ទ្រង់​មាន​សេចក្ដី​យុត្តិ‌ធម៌ នឹង​សេចក្ដី​សុចរិត​ពោរ‌ពេញ បាន​ជា​ទ្រង់​នឹង​មិន​ធ្វើ​ទុក្ខ​ទេ ហេតុ​នោះ​បាន​ជា​មនុស្ស​តែង‌តែ​កោត‌ខ្លាច នៅ​ចំពោះ​ទ្រង់ តែ​ទ្រង់​មិន​យោគ‌យល់​អ្នក​ណា ដោយ​គេ​មាន​ចិត្ត​ប្រាជ្ញ‌ព្រោក​ទេ។

ចែក​រំលែក
អាន យ៉ូប 37