យ៉ូប 32:1-22
យ៉ូប 32:1-22 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ អ្នកទាំងបីនោះក៏លែងឆ្លើយនឹងលោកយ៉ូប ព្រោះលោករាប់ខ្លួនថាជាសុចរិតហើយ។ នៅខណៈនោះ អេលីហ៊ូវ ជាកូនបារ៉ាគាល សាសន៍ប៊ូស ក្នុងពូជពង្សរ៉ាមក៏មានកំហឹង គឺគាត់ខឹងនឹងយ៉ូប ដោយព្រោះលោករាប់ខ្លួនជាសុចរិតនៅចំពោះព្រះ។ អេលីហ៊ូវខឹងនឹងសម្លាញ់របស់លោកយ៉ូបទាំងបីនាក់នោះដែរ ព្រោះគេរកឆ្លើយតបមិនបាន ទោះជាគេពោលថាលោកយ៉ូបមានកំហុសក៏ដោយ។ ឯអេលីហ៊ូវ គាត់បានរង់ចាំឱកាសនិយាយជាមួយយ៉ូប ព្រោះគេសុទ្ធតែចាស់ៗជាងខ្លួន។ ដូច្នេះ អេលីហ៊ូវឃើញថា អ្នកទាំងបីនោះរកឆ្លើយមិនបាន នោះគាត់ក៏មានកំហឹង។ អេលីហ៊ូវ ជាកូនបារ៉ាគាល សាសន៍ប៊ូស គាត់ឆ្លើយឡើងថា៖ «ខ្ញុំនៅក្មេង ហើយអ្នករាល់គ្នាមានអាយុច្រើន ហេតុនោះបានជាខ្ញុំខ្លាច មិនហ៊ានបញ្ចេញគំនិតខ្ញុំ ខ្ញុំបាននឹកថា គប្បីឲ្យចាស់ៗនិយាយ ហើយគួរឲ្យអ្នកដែលមានអាយុច្រើន បង្រៀនពីប្រាជ្ញា ប៉ុន្តែ មនុស្សលោកសុទ្ធតែមាន វិញ្ញាណសណ្ឋិតនៅ ហើយខ្យល់ដង្ហើមនៃព្រះដ៏មានគ្រប់ព្រះចេស្តា ក៏ឲ្យមានយោបល់ មិនមែនមនុស្សចាស់ៗ សុទ្ធតែមានប្រាជ្ញា ឬមនុស្សអាយុច្រើនសុទ្ធតែយល់ សេចក្ដីដែលត្រឹមត្រូវនោះឡើយ ហេតុនោះបានជា សូមស្តាប់ខ្ញុំសិន ខ្ញុំនឹងសម្ដែងគំនិតរបស់ខ្ញុំដែរ។ មើល៍ ខ្ញុំបានរង់ចាំពាក្យអ្នករាល់គ្នា ខ្ញុំបានប្រុងស្តាប់ហេតុផលទាំងប៉ុន្មាន របស់អ្នករាល់គ្នា កំពុងដែលអ្នករាល់គ្នាស្វែងរក សេចក្ដីដែលត្រូវនិយាយ ខ្ញុំបានប្រុងស្តាប់អ្នករាល់គ្នាឲ្យយល់ដែរ តែគ្មានអ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នា បានអធិប្បាយផ្ចាញ់យ៉ូប ឬឆ្លើយតបនឹងសម្ដីលោកសោះ។ ប៉ុន្តែ កុំឲ្យថាយើងបានរកប្រាជ្ញាឃើញ ហើយនោះឡើយ ដ្បិតព្រះនឹងឈ្នះលោកបាន ឯមនុស្សឈ្នះមិនបានទេ លោកមិនបានពោលពាក្យមកចំលើខ្ញុំទេ ហើយខ្ញុំក៏មិនឆ្លើយតបតាមពាក្យ របស់អ្នករាល់គ្នាដែរ ដូច្នេះ អ្នកទាំងបីនោះក៏គាំងនៅ ឥតមានឆ្លើយទៀតឡើយ គេរកផ្លូវនឹងនិយាយមិនបានផង។ តើគួរឲ្យខ្ញុំរង់ចាំទៀត ដោយព្រោះតែគេមិនពោលទៀត ហើយស្ងៀមនៅ ឥតឆ្លើយតទៅទៀតឬអី? ទេ ចំណែកខ្ញុំ ខ្ញុំចង់ឆ្លើយដែរ ខ្ញុំនឹងបញ្ចេញគំនិតរបស់ខ្ញុំ។ ដ្បិតខ្ញុំមានសេចក្ដីជាច្រើន ឯវិញ្ញាណដែលសណ្ឋិតនៅនឹងខ្ញុំ ក៏បណ្ដាលខ្ញុំ។ ចិត្តខ្ញុំប្រៀបដូចជាស្រាទំពាំងបាយជូរ ដែលឥតមានផ្លូវឲ្យខ្យល់ចេញ ដូចជាថង់ស្បែកថ្មីដែលរៀបនឹងធ្លាយហើយ។ ខ្ញុំនឹងនិយាយចេញ ដើម្បីឲ្យបានធូរចិត្ត ខ្ញុំនឹងបើកបបូរមាត់ឆ្លើយតប សូមកុំឲ្យខ្ញុំយល់ដល់មុខអ្នកណា ឬលើកមុខអ្នកណាដោយពាក្យបញ្ចើចឡើយ។ ដ្បិតខ្ញុំមិនចេះបញ្ចើចបញ្ចើទេ បើយ៉ាងនោះ ព្រះដែលបង្កើតខ្ញុំ ព្រះអង្គនឹងដកយកខ្ញុំចេញទៅភ្លាម។
យ៉ូប 32:1-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កាលមិត្តភក្ដិទាំងបីរូបរបស់លោកយ៉ូប ឃើញលោកប្រកាន់ជំហរថាខ្លួនសុចរិតដូច្នេះ ពួកគេក៏លែងឆ្លើយទៅលោកវិញ។ ពេលនោះ លោកអេលីហ៊ូវ ជាកូនរបស់លោកបារ៉ាគាល ក្នុងអំបូរប៊ូសនៃត្រកូលរ៉ាម ក៏ចាប់ផ្ដើមខឹងជាខ្លាំង។ គាត់ខឹងនឹងលោកយ៉ូប ព្រោះលោកប្រកាន់ថាខ្លួនលោកសុចរិតជាងព្រះជាម្ចាស់។ គាត់ក៏ខឹងនឹងមិត្តភក្ដិទាំងបីរបស់លោកយ៉ូបដែរ ព្រោះលោកទាំងបីពុំអាចរកពាក្យឆ្លើយទៅលោកវិញបាន ធ្វើហាក់ដូចជាព្រះជាម្ចាស់មានកំហុសមែន។ ដោយលោកអេលីហ៊ូវក្មេងជាងគេ គាត់រង់ចាំនិយាយជាមួយលោកយ៉ូបក្រោយគេ។ ប៉ុន្តែ ពេលគាត់ឃើញលោកទាំងបីគ្មានពាក្យអ្វីឆ្លើយទៅលោកយ៉ូបទៀតនោះ គាត់ក៏ខឹងជាខ្លាំង។ លោកអេលីហ៊ូវ ជាកូនរបស់លោកបារ៉ាគាល ក្នុងអំបូរប៊ូស ពោលឡើងថា៖ «ខ្ញុំនៅក្មេង ហើយអស់លោកសុទ្ធតែជាចាស់ទុំ ហេតុនេះហើយបានជាខ្ញុំភ័យញាប់ញ័រ មិនហ៊ានជម្រាបអស់លោកពីចំណេះរបស់ខ្ញុំ។ ខ្ញុំតែងគិតថា មនុស្សមានអាយុវែង រមែងប្រសប់និយាយ អ្នករស់បានច្រើនឆ្នាំប្រសប់ផ្ដល់យោបល់។ ក៏ប៉ុន្តែ តាមពិត មានតែវិញ្ញាណនៅក្នុងមនុស្ស គឺខ្យល់ដង្ហើមមកពីព្រះដ៏មានឫទ្ធានុភាព ខ្ពង់ខ្ពស់បំផុតប៉ុណ្ណោះ ទើបផ្ដល់ឲ្យគេយល់ដឹងបាន។ រស់បានច្រើនឆ្នាំមិនផ្ដល់ឲ្យមនុស្ស មានប្រាជ្ញាឡើយ ហើយមនុស្សចាស់ជរា ក៏មិនស្គាល់ការវិនិច្ឆ័យដែរ។ ហេតុនេះ សូមអស់លោកស្ដាប់ខ្ញុំម្ដង ខ្ញុំសូមបង្ហាញចំណេះដឹងរបស់ខ្ញុំ។ ខ្ញុំបានរង់ចាំអស់លោកមានប្រសាសន៍ រហូតដល់ចប់ ខ្ញុំបានផ្ទៀងត្រចៀកស្ដាប់ពាក្យ ដែលអស់លោកថ្លែង រហូតដល់អស់លោកវែកញែកអស់សេចក្ដី។ ខ្ញុំបានផ្ចង់ចិត្តស្ដាប់អស់លោក ក៏ប៉ុន្តែ គ្មាននរណាម្នាក់ក្នុងចំណោមអស់លោក ជជែកឈ្នះលោកយ៉ូប ឬអាចឆ្លើយតបនឹងពាក្យរបស់គាត់វិញសោះ! ហេតុនេះ សូមកុំអះអាងថា អស់លោករកបានប្រាជ្ញានោះឡើយ។ មានតែព្រះជាម្ចាស់ប៉ុណ្ណោះដែលអាច តទល់នឹងគាត់បាន គឺមិនមែនមនុស្សទេ។ លោកយ៉ូបពុំមានប្រសាសន៍មកកាន់ខ្ញុំផ្ទាល់ទេ ដូច្នេះ ខ្ញុំនឹងមិនឆ្លើយទៅគាត់វិញ តាមរបៀបដែលអស់លោកឆ្លើយនោះឡើយ។ លោកយ៉ូបអើយ លោកទាំងបីនេះមិនហ៊ានឆ្លើយទៀតទេ ដ្បិតពួកគាត់រកពាក្យនិយាយពុំបាន។ ខ្ញុំរង់ចាំដែរ តែមិនឃើញពួកគាត់និយាយទេ ដោយពួកគាត់នៅស្ងៀម លែងឆ្លើយដូច្នេះ ខ្ញុំសូមឆ្លើយតបទៅលោកវិញម្ដង ខ្ញុំក៏ចង់បង្ហាញចំណេះដឹងរបស់ខ្ញុំដែរ។ ខ្ញុំមានសេចក្ដីជាច្រើនដែលចង់និយាយ គឺខ្ញុំមិនអាចទប់ចិត្តឲ្យនៅស្ងៀម បានទៀតឡើយ។ ប្រសិនបើខ្ញុំមិននិយាយទេ ចិត្តរបស់ខ្ញុំមុខតែធ្លុះធ្លាយដូចថង់ស្បែក ដែលដាក់ស្រាទំពាំងបាយជូរថ្មី។ ខ្ញុំសូមនិយាយ ដើម្បីឲ្យបានធូរទ្រូង ខ្ញុំត្រូវតែបើកមាត់ឆ្លើយទៅអស់លោកវិញ។ ខ្ញុំមិនរើសមុខនរណាឡើយ ហើយខ្ញុំក៏មិនបញ្ចើចបញ្ចើនរណាម្នាក់ដែរ។ ខ្ញុំមិនចេះបញ្ចើចបញ្ចើទេ បើខ្ញុំធ្វើដូច្នេះ ព្រះដែលបង្កើតខ្ញុំមុខជា ដកជីវិតខ្ញុំយ៉ាងឆាប់មិនខាន។
យ៉ូប 32:1-22 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ អ្នកទាំង៣នោះក៏លែងឆ្លើយនឹងយ៉ូប ពីព្រោះលោករាប់ខ្លួនថាជាសុចរិតហើយ នៅខណនោះ អេលីហ៊ូវ ជាកូនបារ៉ាគាល សាសន៍ប៊ូស ក្នុងពូជពង្សរ៉ាមក៏កើតមានសេចក្ដីកំហឹងឡើង គឺគាត់ខឹងនឹងយ៉ូប ដោយព្រោះលោករាប់ខ្លួនជាសុចរិតនៅចំពោះព្រះ គាត់ក៏ខឹងនឹងសំឡាញ់របស់យ៉ូបទាំង៣នាក់នោះដែរ ពីព្រោះគេបានកាត់ទោសដល់យ៉ូប តែរកឆ្លើយតបនឹងលោកមិនបាន រីឯអេលីហ៊ូវ គាត់បានរង់ចាំឱកាសនឹងនិយាយជាមួយនឹងយ៉ូប ពីព្រោះគេសុទ្ធតែចាស់ៗជាងខ្លួន ដូច្នេះ កាលអេលីហ៊ូវឃើញថា អ្នកទាំង៣នោះរកឆ្លើយមិនបាន នោះគាត់ក៏កើតមានសេចក្ដីកំហឹងឡើង។ នោះអេលីហ៊ូវ ជាកូនបារ៉ាគាល សាសន៍ប៊ូស គាត់ឆ្លើយឡើងថា ខ្ញុំនៅក្មេង ហើយអ្នករាល់គ្នាមានអាយុច្រើន ហេតុនោះបានជាខ្ញុំខ្លាចមិនហ៊ានសំដែងគំនិតខ្ញុំ ខ្ញុំបាននឹកថា គប្បីឲ្យចាស់ៗនិយាយ ហើយគួរឲ្យអ្នកដែលមានអាយុច្រើនបង្រៀនពីប្រាជ្ញា ប៉ុន្តែមនុស្សលោកសុទ្ធតែមានវិញ្ញាណសណ្ឋិតនៅ ហើយខ្យល់ដង្ហើមនៃព្រះដ៏មានគ្រប់ព្រះចេស្តាក៏ឲ្យមានយោបល់ មិនមែនសុទ្ធតែជាអ្នកសំខាន់ៗដែលមានប្រាជ្ញា ឬជាពួកចាស់ៗប៉ុណ្ណោះដែលយល់សេចក្ដីយុត្តិធម៌នោះទេ ហេតុនោះបានជាខ្ញុំថា សូមស្តាប់ខ្ញុំសិន ខ្ញុំនឹងសំដែងគំនិតរបស់ខ្ញុំដែរ។ មើល ខ្ញុំបានរង់ចាំពាក្យអ្នករាល់គ្នា ខ្ញុំបានប្រុងស្តាប់ហេតុផលទាំងប៉ុន្មានរបស់អ្នករាល់គ្នា កំពុងដែលអ្នករាល់គ្នាស្វែងរកសេចក្ដីដែលត្រូវនិយាយ អើ ខ្ញុំបានប្រុងស្តាប់អ្នករាល់គ្នាឲ្យយល់ដែរ ហើយមើល គ្មានអ្នកណាមួយក្នុងពួកអ្នករាល់គ្នាបានអធិប្បាយផ្ចាញ់យ៉ូប ឬឆ្លើយសបនឹងសំដីលោកទេ ប៉ុន្តែកុំឲ្យថា យើងបានរកប្រាជ្ញាឃើញហើយនោះឡើយ ដ្បិតព្រះទ្រង់នឹងឈ្នះលោកបាន ឯមនុស្សឈ្នះមិនបានទេ លោកមិនបានពោលពាក្យមកចំលើខ្ញុំទេ ហើយខ្ញុំក៏មិនឆ្លើយតបតាមពាក្យរបស់អ្នករាល់គ្នាដែរ ដូច្នេះអ្នកទាំង៣នោះក៏គាំងនៅ ឥតមានឆ្លើយទៀតឡើយ គេរកផ្លូវនឹងនិយាយមិនបានផង។ តើគួរឲ្យខ្ញុំរង់ចាំទៀត ដោយព្រោះតែគេមិនពោលទៀត ហើយស្ងៀមនៅ ឥតឆ្លើយតទៅទៀតឬអី ទេ ចំណែកខាងខ្ញុំ ចង់ឆ្លើយដែរ ខ្ញុំនឹងសំដែងគំនិតរបស់ខ្ញុំ ដ្បិតខ្ញុំមានពេញហើយ ដោយខសេចក្ដី ឯវិញ្ញាណដែលសណ្ឋិតនៅនឹងខ្ញុំ ក៏បណ្តាលខ្ញុំផង មើល ចិត្តខ្ញុំប្រៀបដូចជាស្រាទំពាំងបាយជូរ ដែលឥតមានផ្លូវឲ្យខ្យល់ចេញ ដូចជាថង់ស្បែកថ្មីដែលរៀបនឹងធ្លាយហើយ ខ្ញុំនឹងនិយាយចេញ ដើម្បីឲ្យបានធូរចិត្ត ខ្ញុំនឹងបើកបបូរមាត់ឆ្លើយតបទៅ សូមកុំឲ្យខ្ញុំយល់ដល់មុខអ្នកណា ឬលើកមុខអ្នកណាដោយពាក្យបញ្ចើចឡើយ ដ្បិតខ្ញុំមិនចេះបញ្ចើចបញ្ចើទេ បើយ៉ាងនោះ ព្រះដែលបង្កើតខ្ញុំ ទ្រង់នឹងដកយកខ្ញុំចេញទៅភ្លាម។