យ៉ូប 31:1-40
យ៉ូប 31:1-40 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ខ្ញុំបានតាំងសញ្ញានឹងភ្នែកខ្ញុំហើយ ដូច្នេះ ធ្វើដូចម្តេចឲ្យខ្ញុំមើលស្ត្រីក្រមុំ ដោយចាប់ចិត្តបាន? ដ្បិតយ៉ាងនោះ តើនឹងមានចំណែកអ្វី ពីព្រះដ៏គង់នៅស្ថានលើ តើនឹងមានមត៌កអ្វីពីព្រះដ៏មានគ្រប់ព្រះចេស្តា នៅស្ថានដ៏ខ្ពស់? តើមិនមែនជាសេចក្ដីអន្តរាយដល់មនុស្សទុច្ចរិត ហើយជាសេចក្ដីវេទនាដល់ពួកអ្នក ដែលប្រព្រឹត្តអាក្រក់ទេឬ? តើព្រះអង្គមិនឃើញផ្លូវខ្ញុំ ហើយរាប់អស់ទាំងជំហាននៃខ្ញុំទេឬ? បើខ្ញុំបានដើរដោយសេចក្ដីភូតភរ ហើយជើងខ្ញុំបានរហ័សទៅតាមសេចក្ដីល្បួង សូមឲ្យព្រះថ្លឹងខ្ញុំ ដោយជញ្ជីងត្រឹមត្រូវ ដើម្បីឲ្យព្រះអង្គបានជ្រាបគំនិតទៀងត្រង់របស់ខ្ញុំ។ បើជើងខ្ញុំបានឈានចេញពីផ្លូវ ហើយចិត្តបានទៅតាមភ្នែក បើមានសេចក្ដីស្មោកគ្រោកអ្វីជាប់នៅដៃខ្ញុំ នោះសូមឲ្យខ្ញុំសាបព្រោះ ហើយម្នាក់ទៀតស៊ីផលចុះ។ ខ្ញុំសុខចិត្តឲ្យគេរំលើងផល ក្នុងស្រែចម្ការខ្ញុំទាំងអស់ទៅ។ បើចិត្តខ្ញុំបានចុះចូល នឹងសេចក្ដីលួងលោមរបស់ស្ត្រីណា ហើយខ្ញុំបានលបចាំនៅមាត់ទ្វារអ្នកជិតខាងខ្ញុំ នោះសូមឲ្យប្រពន្ធខ្ញុំបានកិនស្រូវឲ្យម្នាក់ទៀត ហើយឲ្យមនុស្សឯទៀតរួមរស់ជាមួយចុះ។ ដ្បិតយ៉ាងនោះជាការមានទោសយ៉ាងធ្ងន់ ជាអំពើទុច្ចរិតដែលគួរឲ្យពួកចៅក្រមធ្វើទោស នោះជាភ្លើងដែលឆេះបន្សុស រហូតដល់ស្ថានវិនាស ហើយនឹងរំលើងអស់ទាំងផលចម្រើនរបស់ខ្ញុំ។ បើខ្ញុំដែលមើលងាយ រឿងរបស់បាវប្រុសបាវស្រីខ្ញុំ ក្នុងកាលដែលវាបានតវ៉ានឹងខ្ញុំ យ៉ាងនោះ តើខ្ញុំនឹងធ្វើដូចម្តេច ក្នុងកាលដែលព្រះក្រោកឡើង កាលណាព្រះអង្គពិចារណាសួរខ្ញុំ តើខ្ញុំនឹងឆ្លើយដល់ព្រះអង្គដូចម្តេច? ឯព្រះដែលបានបង្កើតខ្ញុំនៅក្នុងពោះម្តាយ តើមិនបានបង្កើតបាវនោះដែរទេឬ? តើមិនមែនជាព្រះតែមួយ ដែលស្អាងយើងទាំងពីរនៅក្នុងផ្ទៃម្តាយទេឬ? បើខ្ញុំបានឃាត់មិនឲ្យពួកក្រីក្រ បានតាមបំណងចិត្ត ឬបានធ្វើឲ្យភ្នែកនៃស្ត្រីមេម៉ាយស្រវាំង ឬបើបានទទួលទានអាហារតែឯងម្នាក់ ឥតចែកឲ្យដល់ក្មេងកំព្រាសោះនោះ (តែគ្មានទេ ដ្បិតតាំងពីខ្ញុំនៅក្មេងមក ក្មេងកំព្រាបានធំឡើងជាមួយខ្ញុំ ដូចជានៅនឹងឪពុកជាមួយគ្នា ហើយតាំងពីខ្ញុំចេញពីផ្ទៃម្តាយមក នោះខ្ញុំតែងតែនាំផ្លូវស្ត្រីមេម៉ាយវិញ) បើខ្ញុំដែលឃើញអ្នកណាវិនាសទៅ ដោយឥតមានអ្វីស្លៀកពាក់ ឬអ្នកកម្សត់ទុគ៌តឥតមានអ្វីដណ្តប់ខ្លួន បើចង្កេះគេមិនបានឲ្យពរដល់ខ្ញុំ បើគេមិនបានកក់ក្តៅដោយរោមចៀមរបស់ខ្ញុំទេ បើខ្ញុំបានលើកដៃទាស់នឹងក្មេងកំព្រា ដោយឃើញមនុស្ស ដែលបានជួយខ្ញុំនៅមាត់ទ្វារ នោះសូមឲ្យស្មាខ្ញុំ បានសណ្តកចេញពីឆ្អឹងស្លាបប្រចៀវ ហើយឲ្យដៃខ្ញុំភ្លាត់ពីឆ្អឹងចេញចុះ។ ដ្បិតសេចក្ដីអន្តរាយដែលមកពីព្រះ នោះនាំឲ្យខ្ញុំស្ញែងខ្លាចណាស់ ហើយដោយព្រោះព្រះអង្គខ្ពស់ ដល់ម៉្លេះបានជាខ្ញុំធ្វើអ្វីមិនកើត។ ខ្ញុំមិនដែលទុកចិត្តលើមាស ឬយកមាសសុទ្ធធ្វើជាទីពឹងរបស់ខ្ញុំឡើយ។ បើខ្ញុំបានរីករាយសប្បាយ ដោយព្រោះមានទ្រព្យសម្បត្តិច្រើន ហើយដោយព្រោះដៃខ្ញុំបានប្រមូលជាបរិបូរ បើខ្ញុំបានមើលទៅព្រះអាទិត្យ ក្នុងកាលដែលចាំងមក ឬទៅព្រះចន្ទដែលភ្លឺត្រសែតទៅ រួចចិត្តខ្ញុំមានសេចក្ដីល្បួងដោយសម្ងាត់ ហើយមាត់ក៏បានថើបដៃរបស់ខ្ញុំ យ៉ាងនោះក៏ជាការគួរឲ្យពួកចៅក្រមធ្វើទោសដែរ ដ្បិតដូច្នោះ ខ្ញុំបានលះចោលព្រះ ដែលគង់នៅស្ថានលើហើយ។ បើខ្ញុំដែលរីករាយសប្បាយ ដោយឃើញសេចក្ដីហិនវិនាស របស់អ្នកដែលស្អប់ខ្ញុំ ឬបំប៉ោងចិត្តឡើង ក្នុងកាលដែលសេចក្ដីអាក្រក់បានមកដល់គេ (ប៉ុន្តែ គ្មានទេ គឺខ្ញុំមិនបានឲ្យមាត់ធ្វើបាប ដោយដាក់បណ្ដាសា ដល់ជីវិតគេឡើយ)។ ប្រសិនបើពួកមនុស្សនៅទីលំនៅខ្ញុំ មិនបានពោលថា "តើមានអ្នកណាដែលមិនបានឆ្អែត ដោយអាហាររបស់គាត់?" (សូម្បីតែពួកដំណើរ ក៏មិនបានដេកនៅនាផ្លូវដែរ ដ្បិតខ្ញុំបានបើកទ្វារទទួលគេឲ្យស្នាក់នៅដែរ)។ បើខ្ញុំបានគ្របបាំងអំពើរំលងរបស់ខ្ញុំ ដូចជាមនុស្សលោក ដោយលាក់សេចក្ដីអាក្រក់ខ្ញុំនៅក្នុងទ្រូង ព្រោះតែខ្លាចចំពោះហ្វូងមនុស្ស ហើយសេចក្ដីមើលងាយរបស់គ្រួផ្សេងៗ បាននាំឲ្យខ្ញុំភ័យ ដល់ម៉្លេះបានជាខ្ញុំនៅស្ងៀម ឥតដែលចេញតាមមាត់ទ្វារសោះ ឱបើមានអ្នកណាមួយស្ដាប់ខ្ញុំ មើល៍ ខ្ញុំចុះឈ្មោះហើយ សូមឲ្យព្រះដ៏មានគ្រប់ព្រះចេស្តា ឆ្លើយមកខ្ញុំចុះ ឱបើអ្នកដែលតតាំងនឹងខ្ញុំ បានធ្វើពាក្យថ្លែងការទៅ។ នោះប្រាកដជាខ្ញុំនឹងយកទៅដោយភ្ជាប់នឹងស្មា ហើយចងភ្ជាប់នៅក្បាលដូចជាក្បាំង ខ្ញុំនឹងទូលព្រះអង្គពីចំនួនជំហានខ្ញុំ ហើយនឹងចូលទៅជិតព្រះអង្គ ដូចអ្នកប្រធានណាមួយ។ ប្រសិនបើដីស្រែរបស់ខ្ញុំស្រែកឡើងទាស់នឹងខ្ញុំ ហើយគន្លងទាំងប៉ុន្មានយំជាមួយគ្នា បើខ្ញុំបានបរិភោគផលនៃដីនោះឥតបង់ថ្លៃ ឬបានធ្វើឲ្យម្ចាស់ដើមបង់ជីវិតនោះ សូមឲ្យមានតែបន្លាដុះឡើង ជំនួសស្រូវភោជ្ជសាលី ហើយស្រងែជំនួសស្រូវឱកវិញចុះ»។ ពាក្យរបស់លោកយ៉ូបចប់តែប៉ុណ្ណេះ។
យ៉ូប 31:1-40 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ខ្ញុំបានសន្យាយ៉ាងម៉ឺងម៉ាត់ថា ខ្ញុំនឹងមិនសម្លឹងមើលទៅ ស្ត្រីក្រមុំណាម្នាក់ ដោយចិត្តស្រើបស្រាលឡើយ។ ដូច្នេះ តើព្រះជាម្ចាស់នឹងបម្រុងរង្វាន់អ្វី ពីស្ថានលើទុកសម្រាប់ខ្ញុំ តើព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត នឹងប្រទានមត៌កអ្វីដល់ខ្ញុំនៅស្ថានបរមសុខ? មនុស្សទុច្ចរិតរមែងជួបទុក្ខវេទនា អស់អ្នកប្រព្រឹត្តអំពើអាក្រក់រមែងអន្តរាយ។ ព្រះជាម្ចាស់ជ្រាបគ្រប់ផ្លូវដែលខ្ញុំដើរ ហើយព្រះអង្គរាប់ជំហានទាំងប៉ុន្មានរបស់ខ្ញុំ។ ខ្ញុំពុំដែលបោកប្រាស់គេ ឬក៏ប្រើល្បិចកិច្ចកលចំពោះនរណាដែរ។ សូមព្រះជាម្ចាស់ថ្លឹងខ្ញុំនៅលើជញ្ជីងដ៏ត្រឹមត្រូវចុះ នោះព្រះអង្គនឹងឃើញថា ខ្ញុំគ្មានកំហុសអ្វីទេ។ ប្រសិនបើជើងខ្ញុំងាកចេញពីមាគ៌ាត្រឹមត្រូវ ប្រសិនបើចិត្តខ្ញុំបណ្ដោយឲ្យភ្នែកអូសទាញ ប្រសិនបើមានអំពើសៅហ្មងណាមួយ នៅជាប់នឹងដៃរបស់ខ្ញុំ នោះពេលខ្ញុំសាបព្រោះអ្វី សូមឲ្យអ្នកផ្សេងមកទទួលយកផល ហើយរម្លើងដំណាំរបស់ខ្ញុំរហូតដល់ឫសចុះ។ ប្រសិនបើចិត្តខ្ញុំវង្វេង ព្រោះតែស្ត្រីណាម្នាក់ ប្រសិនបើខ្ញុំឃ្លាំមើលប្ដីគេមិននៅផ្ទះ នោះសូមឲ្យប្រពន្ធខ្ញុំទៅបម្រើប្រុសផ្សេង ហើយឲ្យគេរួមរ័កជាមួយនាងទៅចុះ ដ្បិតប្រព្រឹត្តដូច្នោះជាអំពើមួយដ៏អាស្រូវបំផុត ជាអំពើដែលចៅក្រមត្រូវដាក់ទោស។ អំពើនេះប្រៀបបាននឹងភ្លើង ឆេះរាលដាលរហូតដល់រណ្ដៅនៃសេចក្ដីវិនាស ហើយអាចឆេះកម្ទេចអ្វីៗទាំងអស់ដែលខ្ញុំមាន។ ប្រសិនបើខ្ញុំរំលោភសិទ្ធិអ្នកបម្រើប្រុសស្រី នៅពេលគេតវ៉ាទាមទារអ្វីមួយពីខ្ញុំ ពេលព្រះជាម្ចាស់ក្រោកឡើងវិនិច្ឆ័យទោស តើឲ្យខ្ញុំធ្វើដូចម្ដេច ពេលព្រះអង្គសួរចម្លើយ តើឲ្យខ្ញុំឆ្លើយដូចម្ដេចបាន? ព្រះជាម្ចាស់បានបង្កើតខ្ញុំក្នុងផ្ទៃម្ដាយយ៉ាងណា ព្រះអង្គបានបង្កើតអ្នកបម្រើប្រុសស្រីមក យ៉ាងនោះដែរ គឺព្រះតែមួយដែលបានសូនយើង ក្នុងផ្ទៃម្ដាយដូចគ្នា។ ខ្ញុំមិនដែលបដិសេធជួយជនក្រីក្រ ខ្ញុំមិនដែលធ្វើឲ្យស្ត្រីមេម៉ាយអស់សង្ឃឹម។ ខ្ញុំមិនដែលបរិភោគអាហារតែម្នាក់ឯង ដោយឥតចែកឲ្យក្មេងកំព្រាទេ គឺតាំងពីខ្ញុំនៅក្មេង ខ្ញុំបីបាច់ថែរក្សាគេ ហើយតាំងពីខ្ញុំចេញពីផ្ទៃម្ដាយមក ខ្ញុំតែងតែដឹកនាំស្ត្រីមេម៉ាយជានិច្ច។ ពេលខ្ញុំឃើញជនអនាថាខ្វះសម្លៀកបំពាក់ ហើយឃើញជនទុគ៌តខ្វះភួយដណ្ដប់ ខ្ញុំតែងតែឲ្យសម្លៀកបំពាក់បិទបាំងកាយ និងឲ្យរោមចៀមទៅគេដណ្ដប់ ហើយគេក៏ដឹងគុណខ្ញុំ។ ប្រសិនបើខ្ញុំវាយធ្វើបាបក្មេងកំព្រា ដោយដឹងខ្លួនថា ចៅក្រមមុខជាការពារខ្ញុំ សូមឲ្យដៃរបស់ខ្ញុំដាច់ចេញពីស្មា ហើយសូមឲ្យកំភួនដៃរបស់ខ្ញុំ ដាច់ចេញពីកែងដៃទៅចុះ! ដ្បិតខ្ញុំភ័យខ្លាចព្រះជាម្ចាស់ដាក់ទោសណាស់ ខ្ញុំមិនអាចតទល់នឹងឫទ្ធិបារមីដ៏ថ្កុំថ្កើង របស់ព្រះអង្គបានឡើយ។ ខ្ញុំមិនដែលផ្ញើជីវិតលើមាស ហើយយកមាសសុទ្ធធ្វើជាទីពឹងទេ។ ខ្ញុំក៏គ្មានអំនួត ព្រោះតែទ្រព្យសម្បត្តិស្ដុកស្ដម្ភ ដែលខ្ញុំរកបាននោះដែរ។ ពេលសម្លឹងមើលទៅព្រះអាទិត្យ ដែលបញ្ចេញរស្មីចិញ្ចែងចិញ្ចាច ហើយមើលទៅព្រះច័ន្ទជះពន្លឺរស្មីយ៉ាងស្រទន់ ខ្ញុំមិនដែលមានគំនិតលួចលាក់ ចង់គោរព ថ្វាយបង្គំព្រះអាទិត្យ និងព្រះច័ន្ទឡើយ។ ធ្វើដូច្នេះជាកំហុសដែលត្រូវតែទទួលទោស ព្រោះខ្ញុំដូចជាបានបោះបង់ចោលព្រះជាម្ចាស់ ដែលគង់នៅស្ថានដ៏ខ្ពស់។ ខ្ញុំមិនដែលសប្បាយចិត្ត ពេលឃើញសត្រូវខ្ញុំរងទុក្ខវេទនា ហើយខ្ញុំក៏មិនដែលលោតកព្ឆោង ពេលឃើញគេជួបអន្តរាយឡើយ។ ខ្ញុំមិនដែលបណ្ដោយខ្លួនឲ្យមានបាប ព្រោះតែពាក្យសម្ដី គឺខ្ញុំមិនដែលដាក់បណ្ដាសាគេ ប្រាថ្នាឲ្យគេស្លាប់នោះឡើយ។ អស់អ្នកដែលរស់នៅក្នុងផ្ទះខ្ញុំ តែងតែពោលថា ខ្ញុំឲ្យអាហារ ពួកគេបរិភោគឆ្អែតគ្រប់ៗគ្នា។ តាមពិត ខ្ញុំតែងតែបើកទ្វារផ្ទះរបស់ខ្ញុំ ទទួលអ្នកដំណើរ ទោះបីខ្ញុំមិនស្គាល់គេក្ដី ក៏ខ្ញុំមិនទុកឲ្យគេ ដេកនៅខាងក្រៅផ្ទះឡើយ។ ខ្ញុំមិនដែលលាក់អំពើទុច្ចរិតរបស់ខ្ញុំ ដូចមនុស្សឯទៀតៗ ដែលបង្កប់កំហុសទុកនៅក្នុងចិត្ត។ ខ្ញុំមិនដែលខ្លាចបណ្ដាជនត្មះតិះដៀល ខ្លាចគ្រួសារឯទៀតៗមាក់ងាយ ហើយខ្ញុំក៏មិនដែលសម្ងំនៅស្ងៀម មិនហ៊ានចេញពីផ្ទះដែរ។ ខ្ញុំចង់ឲ្យនរណាម្នាក់ព្រមស្ដាប់ខ្ញុំ ដ្បិតជាពាក្យចុងក្រោយរបស់ខ្ញុំ! សូមព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត ឆ្លើយតបមកខ្ញុំផង! រីឯសេចក្ដីដែលបច្ចាមិត្តរបស់ខ្ញុំកត់ត្រាទុក ដើម្បីចោទប្រកាន់ខ្ញុំ ខ្ញុំសុខចិត្តទទួលយកដាក់នៅលើបន្ទុករបស់ខ្ញុំ ហើយពាក់នៅលើក្បាលខ្ញុំទុកដូចជាមកុដ។ ខ្ញុំនឹងទូលព្រះអង្គនូវគ្រប់អំពើដែលខ្ញុំប្រព្រឹត្ត ខ្ញុំនឹងចូលទៅជិតព្រះអង្គ ដោយឥតអាម៉ាស់។ ប្រសិនបើដីស្រែរបស់ខ្ញុំស្រែកឡើងទាស់នឹងខ្ញុំ ប្រសិនបើគន្លងនង្គ័លនាំគ្នាយំសោក ប្រសិនបើខ្ញុំបរិភោគផល ដែលដុះចេញពីដីនោះ ដោយមិនបង់ប្រាក់ ហើយធ្វើឲ្យម្ចាស់ដីរីងរៃនៅក្នុងដួងចិត្ត នោះសូមឲ្យមានតែបន្លា និងស្រងែ ដុះនៅក្នុងស្រែជំនួសស្រូវ»។ - ពាក្យរបស់លោកយ៉ូបចប់តែប៉ុណ្ណេះ
យ៉ូប 31:1-40 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ខ្ញុំបានតាំងសញ្ញានឹងភ្នែកខ្ញុំហើយ ដូច្នេះ ធ្វើដូចម្តេចឲ្យខ្ញុំមើលស្ត្រីក្រមុំដោយចាប់ចិត្តបាន ដ្បិតយ៉ាងនោះ តើនឹងមានចំណែកអ្វីពីព្រះដ៏គង់នៅស្ថានលើ ហើយតើនឹងមានមរដកអ្វី ពីព្រះដ៏មានគ្រប់ព្រះចេស្តា នៅស្ថានដ៏ខ្ពស់នោះ តើមិនមែនជាសេចក្ដីអន្តរាយ ដល់មនុស្សទុច្ចរិត ហើយជាសេចក្ដីវេទនាដល់ពួកអ្នកដែលប្រព្រឹត្តអាក្រក់ទេឬអី តើទ្រង់មិនឃើញផ្លូវខ្ញុំ ហើយរាប់អស់ទាំងជំហាននៃខ្ញុំទេឬអី។ បើខ្ញុំបានដើរដោយសេចក្ដីភូតភរ ហើយជើងខ្ញុំបានរហ័សទៅតាមសេចក្ដីល្បួង នោះសូមឲ្យព្រះថ្លឹងខ្ញុំ ដោយជញ្ជីងត្រឹមត្រូវ ដើម្បីឲ្យទ្រង់បានជ្រាបគំនិតទៀងត្រង់របស់ខ្ញុំ បើជើងខ្ញុំបានឈានចេញពីផ្លូវ ហើយចិត្តបានទៅតាមភ្នែក បើមានសេចក្ដីស្មោកគ្រោកអ្វីជាប់នៅដៃខ្ញុំ នោះសូមឲ្យខ្ញុំសាបព្រោះ ហើយម្នាក់ទៀតស៊ីផលចុះ អើ ខ្ញុំសុខចិត្តឲ្យគេរំលើងផលក្នុងស្រែចំការខ្ញុំទាំងអស់ទៅផង បើចិត្តខ្ញុំបានចុះចូលនឹងសេចក្ដីលួងលោមរបស់ស្ត្រីណា ហើយខ្ញុំបានលបចាំនៅមាត់ទ្វារអ្នកជិតខាងខ្ញុំ នោះសូមឲ្យប្រពន្ធខ្ញុំបានកិនស្រូវឲ្យម្នាក់ទៀត ហើយឲ្យមនុស្សឯទៀតរួមរស់ជាមួយចុះ ដ្បិតយ៉ាងនោះជាការមានទោសយ៉ាងធ្ងន់ ជាសេចក្ដីទុច្ចរិតដែលគួរឲ្យពួកចៅក្រមធ្វើទោស នោះជាភ្លើងដែលឆេះបន្សុសរហូតដល់ស្ថានវិនាស ហើយនឹងរំលើងអស់ទាំងផលចំរើនរបស់ខ្ញុំ បើខ្ញុំដែលមើលងាយរឿងរបស់បាវប្រុសបាវស្រីខ្ញុំ ក្នុងកាលដែលវាបានតវ៉ានឹងខ្ញុំ យ៉ាងនោះ តើខ្ញុំនឹងធ្វើដូចម្តេច ក្នុងកាលដែលព្រះទ្រង់ក្រោកឡើង កាលណាទ្រង់ពិចារណាសួរខ្ញុំ នោះតើខ្ញុំនឹងឆ្លើយដល់ទ្រង់ដូចម្តេច ឯព្រះដែលបានបង្កើតខ្ញុំនៅក្នុងពោះម្តាយ តើមិនបានបង្កើតបាវនោះដែរទេឬ តើមិនមែនជាព្រះតែ១ដែលស្អាងយើងទាំង២នៅក្នុងផ្ទៃម្តាយទេឬអី។ បើខ្ញុំបានឃាត់មិនឲ្យពួកក្រីក្របានតាមបំណងចិត្ត ឬបានធ្វើឲ្យភ្នែកនៃស្រីមេម៉ាយស្រវាំងទៅ ឬបើបានទទួលទានអាហារតែឯងម្នាក់ ឥតចែកឲ្យដល់ពួកកំព្រាផង (ប៉ុន្តែគ្មានទេ គឺតាំងពីខ្ញុំនៅក្មេងមក គេបានធំឡើងជាមួយនឹងខ្ញុំ ដូចជានៅនឹងឪពុកជាមួយគ្នា ហើយតាំងពីខ្ញុំចេញពីផ្ទៃម្តាយមក នោះខ្ញុំតែងតែនាំផ្លូវស្រីមេម៉ាយវិញ) បើខ្ញុំដែលឃើញអ្នកណាវិនាសទៅ ដោយឥតមានអ្វីស្លៀកពាក់ ឬអ្នកកំសត់ទុគ៌តឥតមានអ្វីដណ្តប់ខ្លួន បើចង្កេះគេមិនបានឲ្យពរដល់ខ្ញុំ បើគេមិនបានកក់ក្តៅដោយរោមចៀមរបស់ខ្ញុំទេ បើខ្ញុំបានលើកដៃទាស់នឹងពួកកំព្រា ដោយឃើញមនុស្សដែលបានជួយខ្ញុំនៅមាត់ទ្វារ នោះសូមឲ្យស្មាខ្ញុំបានសណ្តកចេញ ពីឆ្អឹងស្លាបប្រចៀវ ហើយឲ្យដៃខ្ញុំភ្លាត់ពីឆ្អឹងចេញចុះ ដ្បិតសេចក្ដីអន្តរាយដែលមកពីព្រះ នោះនាំឲ្យខ្ញុំស្ញែងខ្លាចណាស់ ហើយដោយព្រោះទ្រង់ខ្ពស់ទាំងម៉្លេះបានជាខ្ញុំធ្វើអ្វីមិនកើត បើសិនជាខ្ញុំបានយកមាសជាទីសង្ឃឹម ហើយបានពោលដល់មាសសុទ្ធថា ឯងជាទីទុកចិត្តរបស់អញ បើខ្ញុំបានរីករាយសប្បាយដោយព្រោះមានទ្រព្យសម្បត្តិច្រើន ហើយដោយព្រោះដៃខ្ញុំបានប្រមូលជាបរិបូរ បើខ្ញុំបានមើលទៅព្រះអាទិត្យក្នុងកាលដែលចាំងមក ឬទៅព្រះចន្ទដែលភ្លឺត្រសែតទៅ រួចចិត្តខ្ញុំមានសេចក្ដីល្បួងដោយសំងាត់ ហើយមាត់ក៏បានថើបដៃរបស់ខ្ញុំ យ៉ាងនោះក៏ជាការគួរឲ្យពួកចៅក្រមធ្វើទោសដែរ ដ្បិតដូច្នោះ ខ្ញុំបានលះចោលព្រះដែលគង់នៅស្ថានលើហើយ បើខ្ញុំដែលរីករាយសប្បាយ ដោយឃើញសេចក្ដីហិនវិនាសរបស់អ្នកដែលស្អប់ខ្ញុំ ឬបំប៉ោងចិត្តឡើង ក្នុងកាលដែលសេចក្ដីអាក្រក់បានមកដល់គេ (ប៉ុន្តែគ្មានទេ គឺខ្ញុំមិនបានឲ្យមាត់ធ្វើបាប ដោយដាក់បណ្តាសា ដល់ជីវិតគេឡើយ) បើសិនណាជាពួកមនុស្សនៅទីលំនៅខ្ញុំ មិនបានពោលថា តើមានអ្នកឯណាដែលមិនបានឆ្អែត ដោយអាហាររបស់គាត់ (សូម្បីតែពួកដំណើរ ក៏មិនបានដេកនៅនាផ្លូវដែរ ដ្បិតខ្ញុំបានបើកទ្វារទទួលគេឲ្យស្នាក់នៅវិញ) បើខ្ញុំបានគ្របបាំងសេចក្ដីរំលងរបស់ខ្ញុំ ដូចជាមនុស្សលោក ដោយលាក់សេចក្ដីអាក្រក់ខ្ញុំនៅក្នុងទ្រូង ព្រោះតែខ្លាចចំពោះហ្វូងមនុស្ស ហើយសេចក្ដីមើលងាយរបស់គ្រួផ្សេងៗបាននាំឲ្យខ្ញុំភ័យ ដល់ម៉្លេះបានជាខ្ញុំនៅស្ងៀម ឥតដែលចេញតាមមាត់ទ្វារសោះ ឱបើមានអ្នកណាមួយស្តាប់ខ្ញុំទៅអេះ មើល ខ្ញុំចុះឈ្មោះហើយ សូមឲ្យព្រះដ៏មានគ្រប់ព្រះចេស្តាឆ្លើយមកខ្ញុំចុះ ឱបើអ្នកដែលតតាំងនឹងខ្ញុំបានធ្វើពាក្យថ្លែងការទៅអេះ នោះប្រាកដជាខ្ញុំនឹងយកទៅដោយភ្ជាប់នឹងស្មា ហើយចងភ្ជាប់នៅក្បាលដូចជាក្បាំង ខ្ញុំនឹងទូលទ្រង់ពីចំនួនជំហានខ្ញុំ ហើយនឹងចូលទៅជិតទ្រង់ដូចអ្នកប្រធានណាមួយ បើសិនជាដីរបស់ខ្ញុំស្រែកឡើងទាស់នឹងខ្ញុំ ហើយគន្លងទាំងប៉ុន្មានយំជាមួយគ្នា បើខ្ញុំបានបរិភោគផលនៃដីនោះឥតបង់ថ្លៃ ឬបានធ្វើឲ្យម្ចាស់ដើមបង់ជីវិតទៅ នោះសូមឲ្យមានតែបន្លាដុះឡើងជំនួសស្រូវភោជ្ជសាលី ហើយស្រងែជំនួសស្រូវឱកវិញចុះ។ ពាក្យរបស់យ៉ូបចប់តែប៉ុណ្ណេះ។