យ៉ូប 26:1-14

យ៉ូប 26:1-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នោះ​លោក​យ៉ូប​ក៏​ឆ្លើយ​ឡើង​ថា៖ «អ្នក​ពូកែ​មែន អ្នក​បាន​ជួយ​មនុស្ស ដែល​គ្មាន​អំណាច បាន​ទប់​ទល់​ដៃ​ដែល​គ្មាន​កម្លាំង បាន​ទាំង​ទូន្មាន​មនុស្ស​ដែល​គ្មាន​ប្រាជ្ញា ក៏​បាន​ផ្សាយ​ប្រាជ្ញា​សុស‌សាយ​ហើយ តើ​អ្នក​បាន​ពោល​ពាក្យ​ទាំង​នេះ​ដល់​អ្នក​ណា តើ​ជា​វិញ្ញាណ​របស់​អ្នក​ណា ដែល​បណ្ដាល​ឲ្យ​អ្នក​និយាយ? ទោះ​ទាំង​មនុស្ស​ស្លាប់ ក៏​ញ័រ​រន្ធត់​នៅ​ចំពោះ​ព្រះ គឺ​នៅ​ក្នុង​ស្ថាន​ក្រោម​ទឹក ព្រម​ទាំង​ពួក​នៅ​ទី​នោះ​ផង។ ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ក៏​អាក្រាត​ទទេ​នៅ​ចំពោះ​ព្រះ ហើយ​ទី​ជង្ហុក​ជ្រៅ​គ្មាន​អ្វី​គ្រប​បាំង​ឡើយ។ ព្រះ‌អង្គ​ត្រដាង​ទិស​ខាង​ជើង ពី​លើ​ទី​ល្ហល្ហេវ ហើយ​ក៏​ព្យួរ​ផែនដី​នៅ​លើ​លំហ។ ព្រះ‌អង្គ​ចង​ទប់​ទឹក​នៅ​ក្នុង​ពពក យ៉ាង​ក្រាស់​របស់​ព្រះ‌អង្គ ហើយ​ពពក​មិន​ធ្លាយ​ពី​ក្រោម​ទេ ព្រះ‌អង្គ​បាំង​ខាង​មុខ​បល្ល័ង្ក​ព្រះ‌អង្គ ហើយ​ត្រដាង​ពពក​របស់​ព្រះ‌អង្គ​ពី​លើ។ ព្រះ‌អង្គ​បាន​ធ្វើ​របង​ព័ទ្ធ​ជុំ‌វិញ​ទឹក ដរាប​ដល់​ពន្លឺ ហើយ​នឹង​ងងឹត​ផុត​ទៅ​ហើយ។ សសរ​នៃ​ផ្ទៃ​មេឃ​ញញ័រ ហើយ​មាន​សេចក្ដី​អស្ចារ្យ ដោយ​ព្រះ‌អង្គ​បន្ទោស។ ព្រះ‌អង្គ​ធ្វើ​ឲ្យ​សមុទ្រ​កម្រើក​ឡើង ដោយ​ឥទ្ធិ‌ឫទ្ធិ​របស់​ព្រះ‌អង្គ ហើយ​ក៏​វាយ​កម្ទេច​សេចក្ដី​ឆ្មើង‌ឆ្មៃ។ ព្រះ‌អង្គ​តុប‌តែង​ផ្ទៃ​មេឃ ដោយ‌សារ​ព្រះ‌វិញ្ញាណ​ព្រះ‌អង្គ ហើយ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ បាន​ចាក់​ទម្លុះ​ពស់ ដែល​កំពុង​តែ​លឿន​ទៅ។ ការ​ទាំង​នេះ​គ្រាន់​តែ​ជា​កិច្ច​ខាង​ក្រៅ របស់​ព្រះ‌អង្គ​ទេ ហើយ​យើង​ឮ​និយាយ​ពី​ព្រះ‌អង្គ ជា​សំឡេង​ខ្សាវៗ​យ៉ាង​ណា​ទៅ ឯ​សំឡេង​លាន់​ឮ​ពី​ឥទ្ធិ‌ឫទ្ធិ​របស់​ព្រះ‌អង្គ តើ​អ្នក​ណា​នឹង​យល់​បាន?»

ចែក​រំលែក
អាន យ៉ូប 26

យ៉ូប 26:1-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​យ៉ូប​ឆ្លើយ​វិញ​ថា៖ «លោក​ប៉ិន‌ប្រសប់​ជួយ អ្នក​ដែល​គ្មាន​កម្លាំង​មែន! លោក​ប៉ិន‌ប្រសប់​ជួយ​ស្រោច​ស្រង់ មនុស្ស​ទន់​ខ្សោយ! លោក​ក៏​ប៉ិន‌ប្រសប់​ជួយ​យោបល់ អ្នក​ដែល​គ្មាន​ប្រាជ្ញា​ដែរ! លោក​ពូកែ​ណែ‌នាំ​គេ​ឲ្យ​ចេះ​រិះគិត​ណាស់! តើ​លោក​ថ្លែង​សេចក្ដី​ទាំង​នេះ​ប្រាប់​នរណា? នរណា​បណ្ដាល​ចិត្ត​លោក​ឲ្យ​ថ្លែង​ដូច្នេះ? អស់​អ្នក​ដែល​ស្លាប់​ទៅ​ហើយ នាំ​គ្នា​ញ័រ​រន្ធត់​នៅ​ពី​ក្រោម​សមុទ្រ និង​ក្រោម​អ្វីៗ​ដែល​រស់​នៅ​ក្នុង​សមុទ្រ។ ស្ថាន​មច្ចុរាជ​មិន​លាក់​កំបាំង​ចំពោះ ព្រះ‌ភ័ក្ត្រ​របស់​ព្រះអង្គ​ឡើយ ព្រះអង្គ​មើល​ធ្លុះ​ដល់​រណ្ដៅ​នៃ​សេចក្ដី​វិនាស។ ព្រះអង្គ​លាត​ត្រដាង​ទិស​ឧត្ដរ​នៅ​លើ​អាកាស ព្រះអង្គ​ព្យួរ​ផែនដី​នៅ​លើ​លំហ។ ព្រះអង្គ​បង្ខាំង​ទឹក​ទុក​នៅ​ក្នុង​ពពក តែ​ពពក​មិន​ធ្លាយ ដោយ‌សារ​ទម្ងន់​ទឹក​ឡើយ។ ព្រះអង្គ​លាត​ត្រដាង​ពពក បាំង​បល្ល័ង្ក​របស់​ព្រះអង្គ។ ព្រះអង្គ​គូស​រង្វង់​មួយ​នៅ​លើ​ផ្ទៃ​ទឹក ត្រង់​ព្រំ‌ប្រទល់​រវាង​ពន្លឺ និង​ងងឹត។ សសរ​របស់​មេឃ​រញ្ជួយ និង​ភ័យ​តក់‌ស្លុត នៅ​ពេល​ឮ​ព្រះអង្គ​ស្រែក​គំរាម។ ព្រះអង្គ​បង្ក្រាប​សមុទ្រ ដោយ‌សារ​ព្រះ‌ចេស្ដា​របស់​ព្រះអង្គ។ ព្រះអង្គ​កម្ទេច​សត្វ​ដ៏​សម្បើម​នៅ​ក្នុង​សមុទ្រ ដោយ‌សារ​ព្រះ‌តម្រិះ​របស់​ព្រះអង្គ។ ព្រះអង្គ​ធ្វើ​ឲ្យ​ផ្ទៃ​មេឃ​ប្រែ​ជា​ស្រឡះ ដោយ‌សារ​ខ្យល់​ដង្ហើម​របស់​ព្រះអង្គ ព្រះអង្គ​ចាក់​ទម្លុះ​ពស់​ដែល​កំពុង​តែ​គេច​ខ្លួន ដោយ‌សារ​ព្រះ‌ហស្ដ​របស់​ព្រះអង្គ។ នេះ​គ្រាន់​តែ​ជា​ស្នា​ព្រះ‌ហស្ដ​ដ៏​តូច​របស់​ព្រះអង្គ ហើយ​យើង​ក៏​បាន​ឮ​តែ​បន្តិច‌បន្តួច​ប៉ុណ្ណោះ ចំណែក​ឯ​ឫទ្ធា‌នុភាព​ដ៏​ខ្លាំង​ក្លា​របស់​ព្រះអង្គ​វិញ តើ​នរណា​អាច​ស្វែង​យល់​បាន?»។

ចែក​រំលែក
អាន យ៉ូប 26

យ៉ូប 26:1-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នោះ​យ៉ូប​ក៏​ឆ្លើយ​ឡើង​ថា អ្នក​ពូកែ​មែន អ្នក​បាន​ជួយ​មនុស្ស​ដែល​គ្មាន​អំណាច បាន​ទប់​ទល់​ដៃ​ដែល​គ្មាន​កំឡាំង បាន​ទាំង​ទូន្មាន​មនុស្ស​ដែល​គ្មាន​ប្រាជ្ញា ក៏​បាន​ផ្សាយ​ប្រាជ្ញា​សុស‌សាយ​ហើយ តើ​អ្នក​បាន​ពោល​ពាក្យ​ទាំង​នេះ​ដល់​អ្នក​ណា តើ​ជា​វិញ្ញាណ​របស់​អ្នក​ណា​ដែល​បណ្តាល​ឲ្យ​អ្នក​និយាយ។ ទោះ​ទាំង​មនុស្ស​ស្លាប់ ក៏​ញ័រ​រន្ធត់​នៅ​ចំពោះ​ព្រះ គឺ​នៅ​ក្នុង​ស្ថាន​ក្រោម​ទឹក ព្រម​ទាំង​ពួក​នៅ​ទី​នោះ​ផង ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ក៏​អាក្រាត​ទទេ​នៅ​ចំពោះ​ព្រះ ហើយ​ទី​ជង្ហុក​ជ្រៅ​គ្មាន​អ្វី​គ្រប​បាំង​ឡើយ ទ្រង់​ត្រដាង​ទិស​ខាង​ជើង​ពី​លើ​ទី​ល្ហល្ហេវ ហើយ​ក៏​ព្យួរ​ផែនដី​នៅ​ទទេ​ធេង ទ្រង់​ចង​ទប់​ទឹក​នៅ​ក្នុង​ពពក​យ៉ាង​ក្រាស់​របស់​ទ្រង់ ហើយ​ពពក​មិន​ធ្លាយ​ពី​ក្រោម​ទេ ទ្រង់​បាំង​ខាង​មុខ​បល្ល័ង្ក​ទ្រង់ ហើយ​ត្រដាង​ពពក​របស់​ទ្រង់​ពី​លើ ទ្រង់​បាន​ធ្វើ​របង​ព័ទ្ធ​ជុំវិញ​ទឹក ដរាប​ដល់​ពន្លឺ ហើយ​នឹង​ងងឹត​ផុត​ទៅ​ហើយ សសរ​នៃ​ផ្ទៃ​មេឃ​ញញ័រ ហើយ​មាន​សេចក្ដី​អស្ចារ្យ ដោយ​ទ្រង់​បន្ទោស ទ្រង់​ធ្វើ​ឲ្យ​សមុទ្រ​កំរើក​ឡើង ដោយ​ឥទ្ធិ‌ឫទ្ធិ​របស់​ទ្រង់ ហើយ​ក៏​វាយ​កំទេច​សេចក្ដី​ឆ្មើង‌ឆ្មៃ ទ្រង់​តុប‌តែង​ផ្ទៃ​មេឃ ដោយ‌សារ​ព្រះ‌វិញ្ញាណ​ទ្រង់ ហើយ​ព្រះ‌ហស្ត​ទ្រង់​បាន​ចាក់​ទំលុះ​ពស់ ដែល​កំពុង​តែ​លឿន​ទៅ មើល ការ​ទាំង​នេះ​គ្រាន់​តែ​ជា​កិច្ច​ខាង​ក្រៅ​របស់​ទ្រង់​ទេ ហើយ​យើង​ឮ​និយាយ​ពី​ទ្រង់ ជា​សំឡេង​ខ្សាវៗ​យ៉ាង​ណា​ទៅ ឯ​សំឡេង​លាន់​ឮ​ពី​ឥទ្ធិ‌ឫទ្ធិ​របស់​ទ្រង់ នោះ​តើ​អ្នក​ណា​នឹង​យល់​បាន។

ចែក​រំលែក
អាន យ៉ូប 26