យ៉ូប 24:13-17
យ៉ូប 24:13-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពួកនេះជាពួកអ្នកដែលមិនព្រមទទួលពន្លឺ គេមិនស្គាល់អស់ទាំងផ្លូវនោះ ឬកាន់ខ្ជាប់តាមផ្លូវច្រកនៃពន្លឺនោះឡើយ។ ឃាតកក្រោកឡើងពីព្រលឹមស្រាង ក៏សម្លាប់អ្នកក្រីក្រ និងមនុស្សកម្សត់ទុគ៌ត ហើយនៅពេលយប់គេធ្វើជាចោរ។ ភ្នែករបស់មនុស្សកំផិតក៏រង់ចាំពេលព្រលប់ ដោយនឹកថា "គ្មានអ្នកណាឃើញខ្ញុំទេ" គេក៏បិទមុខចេញទៅ។ នៅពេលងងឹតគេគាស់ទម្លុះផ្ទះចូល តែនៅពេលថ្ងៃ គេលាក់ខ្លួន គេមិនដែលស្គាល់ពន្លឺឡើយ។ គេខ្លាចពេលព្រឹកដូចជាម្លប់ នៃសេចក្ដីស្លាប់ដល់ពួកគេ ដ្បិតគេជាមិត្តជិតស្និទ្ធនឹងម្លប់ នៃសេចក្ដីស្លាប់នោះហើយ។
យ៉ូប 24:13-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មានអ្នកខ្លះទៀតបះបោរប្រឆាំងនឹងពន្លឺ ពួកគេមិនស្គាល់ផ្លូវរបស់ពន្លឺទេ ហើយក៏មិនដើរនៅក្នុងមាគ៌ានៃពន្លឺដែរ។ ឃាតករក្រោកឡើងពីព្រលឹម គេសម្លាប់ជនក្រីក្រ និងជនទុគ៌ត នៅពេលយប់ គេធ្វើជាចោរប្លន់។ មនុស្សផិតក្បត់រង់ចាំមើលពេលថ្ងៃលិច ពួកគេយកក្រណាត់បិទមុខ កុំឲ្យនរណាមើលស្គាល់។ នៅពេលងងឹត ពួកគេចូលប្លន់ផ្ទះនានា នៅពេលថ្ងៃ ពួកគេលាក់ខ្លួន គឺពួកគេមិនស្គាល់ពន្លឺសោះឡើយ។ ពួកគេខ្លាចពន្លឺនៅពេលព្រឹក ដូចខ្លាចមច្ចុរាជ ហើយចូលចិត្តតែភាពងងឹតអន្ធការ។
យ៉ូប 24:13-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ពួកនេះជាពួកអ្នកដែលមិនព្រមទទួលពន្លឺ គេមិនស្គាល់អស់ទាំងផ្លូវនោះ ឬកាន់ខ្ជាប់តាមផ្លូវច្រកនៃពន្លឺនោះឡើយ មនុស្សឃាតកម្មគេក្រោកពីព្រលឹមស្រាង ក៏សំឡាប់មនុស្សក្រីក្រនឹងមនុស្សកំសត់ទុគ៌ត ហើយនៅពេលយប់គេធ្វើជាចោរវិញ ភ្នែករបស់មនុស្សកំផិតក៏រង់ចាំពេលព្រលប់ ដោយនឹកថា គ្មានអ្នកណាឃើញអញទេ គេក៏គ្រលុំក្បាលទៅ នៅពេលងងឹតគេគាស់ទំលុះផ្ទះចូល ហើយនៅវេលាថ្ងៃគេពួនលាក់ខ្លួន ឥតដែលស្គាល់ពន្លឺឡើយ ពេលព្រឹកទុកដូចជាម្លប់នៃសេចក្ដីស្លាប់ដល់ពួកទាំងនោះ ដ្បិតគេស្គាល់សេចក្ដីស្ញែងខ្លាចរបស់ម្លប់នៃសេចក្ដីស្លាប់នោះហើយ។