យ៉ូប 24:1-25

យ៉ូប 24:1-25 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ហេតុ​អ្វី​បាន​ជា​ពេល​វេលា មិន​បាន​លាក់​នឹង​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ហើយ​ហេតុ​អ្វី​បាន​ជា​អស់​អ្នក​ដែល​ស្គាល់​ព្រះ‌អង្គ មិន​ដែល​ឃើញ​ថ្ងៃ​របស់​ព្រះ‌អង្គ? មនុស្ស​អាក្រក់ បន្ថយ​គោល​ចារឹក គេ​រឹប​យក​ហ្វូង​ចៀម​អ្នក​ដទៃ​ទៅ​ធ្វើ​របស់​ខ្លួន។ គេ​ពង្រត់​សត្វ​លា​របស់​ពួក​កំព្រា គេ​ទទួល​បញ្ចាំ​យក​គោ​របស់​ស្ត្រី​មេម៉ាយ។ គេ​បង្ខំ​មនុស្ស​កម្សត់​ឲ្យ​ចៀស​ចេញ​ពី​ផ្លូវ ពួក​អ្នក​ក្រីក្រ​នៅ​ផែនដី ក៏​គេច​ពួន​ទាំង​អស់​គ្នា។ អ្នក​ទាំង​អស់​នោះ​ប្រៀប​ដូច​ជា លា​ព្រៃ​នៅ​ទី​រហោ‌ស្ថាន គេ​ចេញ​ទៅ​រកអាហារ​របស់​គេ ហើយ​ខំ​ខ្មីឃ្មាត​រកនៅក្នុង​ទី​រហោ‌ស្ថាន​នោះ ដើម្បី​បាន​អាហារ​សម្រាប់​ខ្លួន និង​កូន​ចៅ​របស់​គេ។ គេ​ច្រូត​ស្រូវ​ដែល​សល់​នៅ​ក្នុង​ស្រែ​របស់​អ្នក​ដទៃ ក៏​បេះ​សន្សំ​ផល​ទំពាំង‌បាយ​ជូរ របស់​មនុស្ស​អាក្រក់​នោះ។ គេ​ដេក​ខ្លួន​ទទេ​មួយ​យប់​ទាល់​ភ្លឺ ឥត​មាន​អ្វី​ដណ្តប់​ខ្លួន​នៅ​ពេល​រងា។ គេ​ត្រូវ​ហាល​ភ្លៀង​ដែល​មក​ពី​ភ្នំ ក៏​អែប​នឹង​ថ្មដា ដោយ​ឥត​មាន​ទី​ជ្រក​ឡើយ។ មាន​មនុស្ស​ដែល​កន្ត្រាក់​យក​កូន​កំព្រា​ឪពុក ចេញ​ពី​ដោះ​ម្តាយ ហើយ​ទទួល​បញ្ចាំ​ទុក​ទាំង​សម្លៀក‌បំពាក់ របស់​ពួក​អ្នក​ក្រីក្រ​ផង ជា​ពួក​ដែល​ត្រូវ​ដើរ​សាត់‌ព្រាត់​នៅ​ខ្លួន​ទទេ ឥត​មាន​អ្វី​ពាក់​សោះ ហើយ​ដោយ​ព្រោះ​ឃ្លាន បាន​ជា​ត្រូវ​រែក​ជញ្ជូន​កណ្ដាប់​ស្រូវ។ គេ​ត្រូវ​ចម្រាញ់​ធ្វើ​ប្រេង​នៅ​ខាង​ក្នុង​របង របស់​មនុស្ស​ទាំង​នោះ គេ​ជាន់​ធុង​ទំពាំង‌បាយ‌ជូរ ប៉ុន្តែ កំពុង​តែ​ស្រែក​ឃ្លាន​ទឹក។ មាន​ឮ​មនុស្ស​ថ្ងូរ​ពី​ក្នុង​ទី​ក្រុង ហើយ​ព្រលឹង​មនុស្ស ដែល​ត្រូវ​របួស​ក៏​ស្រែក​ឡើង ប៉ុន្តែ ព្រះ​មិន​យក​ព្រះ‌ហឫ‌ទ័យ​ទុក​ដាក់ នឹង​ការ​អាក្រក់​នោះ​ឡើយ។ ពួក​នេះ​ជា​ពួក​អ្នក​ដែល​មិន​ព្រម​ទទួល​ពន្លឺ គេ​មិន​ស្គាល់​អស់​ទាំង​ផ្លូវ​នោះ ឬ​កាន់​ខ្ជាប់​តាម​ផ្លូវ​ច្រក​នៃ​ពន្លឺ​នោះ​ឡើយ។ ឃាត‌ក​ក្រោក​ឡើង​ពី​ព្រលឹម​ស្រាង ក៏​សម្លាប់អ្នក​ក្រីក្រ និង​មនុស្ស​កម្សត់​ទុគ៌ត ហើយ​នៅ​ពេល​យប់​គេ​ធ្វើ​ជា​ចោរ។ ភ្នែក​របស់​មនុស្ស​កំផិត​ក៏​រង់‌ចាំ​ពេល​ព្រលប់ ដោយ​នឹក​ថា "គ្មាន​អ្នក​ណា​ឃើញ​ខ្ញុំ​ទេ" គេ​ក៏បិទ​មុខចេញ​ទៅ។ នៅ​ពេល​ងងឹត​គេ​គាស់​ទម្លុះ​ផ្ទះ​ចូល តែ​នៅ​ពេល​ថ្ងៃ គេ​លាក់​ខ្លួន គេ​មិន​ដែល​ស្គាល់​ពន្លឺ​ឡើយ។ គេ​ខ្លាច​ពេល​ព្រឹក​ដូច​ជា​ម្លប់ នៃ​សេចក្ដី​ស្លាប់​ដល់​ពួក​គេ ដ្បិត​គេ​ជា​មិត្ត​ជិត​ស្និទ្ធ​នឹង​ម្លប់ នៃ​សេចក្ដី​ស្លាប់​នោះ​ហើយ។ គេ​អណ្តែត​លើ​ទឹក​ទៅ​បាត់​យ៉ាង​ឆាប់ ឯ​ចំណែក​របស់​គេ​នៅ​ផែនដី មាន​តែ​បណ្ដាសា​ទេ គេ​មិន​ដែល​បែរ​ទៅ ចូល​តាម​ផ្លូវ​ចម្ការ​ទំពាំង‌បាយ‌ជូរ​ឡើយ។ បែប​ដូច​ជា​ទឹក​ពី​ហិមៈ​រីង​ហួត​ទៅ ដោយ​រាំង‌ស្ងួត និង​ក្តៅ​យ៉ាង​ណា នោះ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ក៏​ស្រូប​មនុស្ស​មាន​បាប​ទៅ​យ៉ាង​នោះ​ដែរ។ ផ្ទៃ​ម្តាយ​នឹង​ភ្លេច​អ្នក​នោះ​ទៅ ហើយ​ដង្កូវ​នឹង​ចោះ​គេ​យ៉ាង​ឆ្ងាញ់ គ្មាន​អ្នក​ណា​នឹក​ចាំ​ពី​គេទៀត​ទេ យ៉ាង​នោះ​អំពើ​ទុច្ចរិត​នឹង​ត្រូវ​កាច់​ផ្តាច់ ដូច​ជា​ដើម​ឈើ។ គេ​ធ្វើ​បាប ស្ត្រី​អារ​ដែល​មិន​បង្កើត​កូន ហើយ​គ្មាន​ចិត្ត​មេត្តា​ដល់​ស្ត្រី​មេម៉ាយ​ឡើយ។ ឯ​ព្រះ​ធ្វើ​ឲ្យ​ពួក​ធំៗ​ទាំង​នោះ​មាន​អាយុ​វែង ដោយ‌សារ​ព្រះ‌ចេស្តា​របស់​ព្រះ‌អង្គ ចំណែក​ពួក​អ្នក​ដែល​គ្មាន​សង្ឃឹម​ក្នុង​ជីវិត​នេះ គេ​បាន​ឡើង​ជា​ធំ។ ព្រះ‌អង្គ​ប្រទាន​ឲ្យ​គេ​បាន​សេចក្ដី​សុខ ហើយ​គេ​ពឹង​ពាក់​លើ​សេចក្ដី​នោះ តែ​ព្រះ‌នេត្រ​របស់​ព្រះ‌អង្គ ទត​ឃើញ​អស់​ទាំង​ផ្លូវ​របស់​គេ គេ​បាន​ឡើង​ជា​ធំ ក្នុង​ពេល​តែ​មួយ​ភ្លែត​ទេ គេ​នឹង​ត្រូវស្វិត​ក្រៀម ហើយ​ហោះហើរ ទៅ​ដូច​ជា​មនុស្ស​ដទៃ​ទាំង​អស់ គេ​ត្រូវ​កាត់​ចេញ​ដូច​ជា​គួរ​ស្រូវ។ បើ​មិន​មែន​ដូច្នោះ​ទេ នោះ​តើ​អ្នក​ណា​នឹង​ហ៊ាន​ថា​ខ្ញុំ​កុហក ហើយ​ធ្វើ​ឲ្យ​សម្ដី​ខ្ញុំ​នេះ ឥត​ខ្លឹម‌សារ​បាន»។

ចែក​រំលែក
អាន យ៉ូប 24

យ៉ូប 24:1-25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ហេតុ​អ្វី​បាន​ជា​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុត មិន​កំណត់​ពេល​សម្រាប់​វិនិច្ឆ័យ​ទោស​មនុស្ស ហេតុ​អ្វី​បាន​ជា​អស់​អ្នក​ដែល​ស្គាល់​ព្រះអង្គ មិន​ឃើញ​ព្រះអង្គ​រក​យុត្តិធម៌​ឲ្យ? មនុស្ស​តែងតែ​លួច​បង្ខិត​បង្គោល​របង គេ​លួច​សត្វ​របស់​អ្នក​ដទៃ​យក​ទៅ​ទុក ក្នុង​ក្រោល​របស់​ខ្លួន។ គេ​ជំរិត​យក​លា​របស់​ក្មេង​កំព្រា គេ​រឹប​អូស​យក​គោ​របស់​ស្ត្រី​មេម៉ាយ ទុក​ជា​របស់​បញ្ចាំ។ គេ​ដេញ​ជន​ក្រីក្រ​ឲ្យ​ចេញ​ពី​ផ្លូវ ហើយ​បង្ខំ​ជន​ទុគ៌ត​នៅ​ក្នុង​ស្រុក ឲ្យ​រត់​ពួន​ទាំង​អស់​គ្នា។ ជន​ក្រីក្រ​ទាំង​នោះ​ចេញ​ទៅ​រក​អាហារ មក​ចិញ្ចឹម​កូន​ចៅ​របស់​ខ្លួន ដូច​សត្វ​លា​ព្រៃ នៅ​វាល​រហោ‌ស្ថាន។ ពួក​គេ​ទៅ​រើស​កួរ​ស្រូវ​ដែល​ជ្រុះ​នៅ​តាម​ស្រែ និង​បេះ​ផ្លែ​ទំពាំង‌បាយជូរ​ដែល​នៅ​សេស‌សល់ ក្នុង​ចម្ការ​របស់​មនុស្ស​អាក្រក់។ នៅ​ពេល​យប់ ពួក​គេ​ដេក​ខ្លួន​ទទេ គ្មាន​សម្លៀក‌បំពាក់ គ្មាន​ភួយ​ដណ្ដប់​នៅ​ពេល​រងា។ រូប​កាយ​របស់​ពួក​គេ​ទទឹក​ជោក​ទៅ​ដោយ ភ្លៀង​ដែល​ធ្លាក់​នៅ​តាម​ភ្នំ ហើយ​ពួក​គេ​គ្មាន​អ្វី​ជា​ជម្រក ក្រៅ​ពី​ដេក​ឱប​ផ្ទាំង​ថ្ម​នោះ​ឡើយ។ មាន​អ្នក​ខ្លះ​ទៀត ចាប់​កូន​ក្មេង​កំព្រា ផ្ដាច់​ចេញ​ពី​ដោះ​ម្ដាយ ហើយ​យក​កូន​របស់​ជន​ក្រីក្រ ទុក​ជា​របស់​បញ្ចាំ។ ជន​ក្រីក្រ​ទាំង​នោះ​ដើរ​ខ្លួន​ទទេ គ្មាន​សម្លៀក‌បំពាក់​បិទ‌បាំង​កាយ ហើយ​ត្រូវ​គេ​បង្ខំ​ឲ្យ​លី​ស្រូវ តែ​គ្មាន​អ្វី​បរិភោគ។ ពួក​គេ​ចម្រាញ់​ប្រេង​អូលីវ និង​បញ្ជាន់​ផ្លែ​ទំពាំង‌បាយជូរ​ឲ្យ​អ្នក​ដទៃ តែ​ខ្លួន​ឯង​ផ្ទាល់​គ្មាន​អ្វី​ផឹក។ អ្នក​របួស និង​អ្នក​ជិត​ស្លាប់​នាំ​គ្នា​ថ្ងូរ ស្រែក​អង្វរ​ព្រះ‌ជាម្ចាស់​ពី​ទីក្រុង ប៉ុន្តែ ព្រះអង្គ​ធ្វើ​ព្រងើយ មិន​ដាក់​ទោស​អ្នក ដែល​ប្រព្រឹត្ត​អំពើ​ដ៏​អាក្រក់​ទាំង​នេះ​ឡើយ។ មាន​អ្នក​ខ្លះ​ទៀត​បះ‌បោរ​ប្រឆាំង​នឹង​ពន្លឺ ពួក​គេ​មិន​ស្គាល់​ផ្លូវ​របស់​ពន្លឺ​ទេ ហើយ​ក៏​មិន​ដើរ​នៅ​ក្នុង​មាគ៌ា​នៃ​ពន្លឺ​ដែរ។ ឃាតករ​ក្រោក​ឡើង​ពី​ព្រលឹម គេ​សម្លាប់​ជន​ក្រីក្រ និង​ជន​ទុគ៌ត នៅ​ពេល​យប់ គេ​ធ្វើ​ជា​ចោរ​ប្លន់។ មនុស្ស​ផិត​ក្បត់​រង់‌ចាំ​មើល​ពេល​ថ្ងៃ​លិច ពួក​គេ​យក​ក្រណាត់​បិទ​មុខ កុំ​ឲ្យ​នរណា​មើល​ស្គាល់។ នៅ​ពេល​ងងឹត ពួក​គេ​ចូល​ប្លន់​ផ្ទះ​នានា នៅ​ពេល​ថ្ងៃ ពួក​គេ​លាក់​ខ្លួន គឺ​ពួក​គេ​មិន​ស្គាល់​ពន្លឺ​សោះ​ឡើយ។ ពួក​គេ​ខ្លាច​ពន្លឺ​នៅ​ពេល​ព្រឹក ដូច​ខ្លាច​មច្ចុរាជ ហើយ​ចូល​ចិត្ត​តែ​ភាព​ងងឹត​អន្ធការ។ អស់​លោក​ពោល​ថា “មនុស្ស​អាក្រក់ មុខ​ជា​ត្រូវ​ទឹក​ហូរ​នាំ​យក​បាត់​ទៅ ដី​ជា​ចំណែក​មត៌ក​របស់​គេ​ទទួល​បណ្ដាសា ហើយ​គេ​មិន​ចូល​ទៅ​ក្នុង​ចម្ការ ទំពាំង‌បាយជូរ​ទៀត​ទេ។ ការ​រាំង​ស្ងួត និង​កម្ដៅ ធ្វើ​ឲ្យ​ទឹក​កក​រលាយ​យ៉ាង​ណា ស្ថាន​មនុស្ស​ស្លាប់​ក៏​នឹង​ធ្វើ​ឲ្យ​មនុស្ស​បាប រលាយ​សូន្យ​យ៉ាង​នោះ​ដែរ។ ម្ដាយ​បង្កើត​របស់​គេ​នឹង​ភ្លេច​គេ ដង្កូវ​នឹង​ស៊ី​សព​គេ ទុក​ជា​អាហារ​យ៉ាង​ឆ្ងាញ់ គ្មាន​នរណា​នឹក​ដល់​គេ​ទៀត​ទេ។ អំពើ​អាក្រក់​នឹង​ត្រូវ​គេ​កាប់​រំលំ​ដូច​ដើម​ឈើ!”។ ពួក​គេ​ធ្វើ​បាប​ស្ត្រី​អារ ហើយ​គ្មាន​ចិត្ត​មេត្តា​ដល់​ស្ត្រី​មេម៉ាយ​ទេ។ ប៉ុន្តែ ព្រះ‌ជាម្ចាស់​ប្រកប​ដោយ​ព្រះ‌ចេស្ដា ដក​មនុស្ស​មាន​អំណាច​ចេញ ពេល​ព្រះអង្គ​ក្រោក​ឡើង ពួក​គេ​គ្មាន​សង្ឃឹម​ថា នឹង​រស់​ត​ទៅ​ទៀត​បាន​ឡើយ។ ព្រះអង្គ​បណ្ដោយ​ឲ្យ​ពួក​គេ​ស្មាន​ថា ខ្លួន​រស់​នៅ​យ៉ាង​សុខ‌សាន្ត ប៉ុន្តែ ព្រះអង្គ​ទត​មើល​អំពើ ដែល​ពួក​គេ​ប្រព្រឹត្ត​ជានិច្ច។ ពួក​គេ​បាន​ថ្កើង​ឡើង​តែ​មួយ‌ភ្លែត រួច​ហើយ​វិនាស​បាត់​ទៅ ពួក​គេ​ដូច​ជា​ផ្កា​ដែល​ធ្លាក់​ចុះ​ពី​ទង ហើយ​ស្លោក​អស់​ទៅ និង​ដូច​កួរ​ស្រូវ​ដែល​គេ​ផ្ដាច់​ចេញ​ពី​ដើម។ បើ​ពាក្យ​របស់​ខ្ញុំ​មិន​ពិត​ទេ សូម​តវ៉ា និង​បង្ហាញ​ថា ខ្ញុំ​ពិត​ជា​និយាយ​ខុស​មែន»។

ចែក​រំលែក
អាន យ៉ូប 24

យ៉ូប 24:1-25 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

អស់​ទាំង​ពេល​វេលា មិន​បាន​លាក់​នឹង​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា​ទេ ចុះ​ហេតុ​អ្វី​បាន​ជា​អស់​ពួក​អ្នក​ដែល​ស្គាល់​ទ្រង់ មិន​ដែល​ឃើញ​ថ្ងៃ​របស់​ទ្រង់​ខ្លះ មាន​ពួក​មនុស្ស​ដែល​បន្ថយ​គោល​ចារឹក គេ​រឹប​ជាន់​យក​ហ្វូង​ចៀម​ទៅ​ចិញ្ចឹម​វិញ គេ​ពង្រត់​សត្វ​លា​របស់​ពួក​កំព្រា​ទៅ​បាត់ គេ​ទទួល​បញ្ចាំ​យក​គោ​របស់​ស្រី​មេម៉ាយ គេ​បង្ខំ​មនុស្ស​កំសត់​ឲ្យ​ចៀស​ពី​ផ្លូវ​ចេញ ពួក​អ្នក​ក្រីក្រ​នៅ​ផែនដី ក៏​គេច​ពួន​ទាំង​អស់​គ្នា មើល អ្នក​ទាំង​អស់​នោះ​ប្រៀប​ដូច​ជា​លា​ព្រៃ​នៅ​ទី​រហោ‌ស្ថាន គេ​ចេញ​ទៅ​ឯ​ការ​របស់​គេ ហើយ​ខំ​ខ្មី‌ឃ្មាត​រក​របឹប គេ​បាន​អាហារ​សំរាប់​ខ្លួន​គេ នឹង​ពួក​កូន​ចៅ​គេ អំពី​ទី​រហោ‌ស្ថាន​នោះ​មក គេ​ច្រូត​សំណល់​ស្រូវ​ដែល​សល់​នៅ​ក្នុង​ស្រែ ក៏​បេះ​សន្សំ​ផល​ទំពាំង‌បាយ‌ជូរ​របស់​មនុស្ស​អាក្រក់​នោះ គេ​ដេក​នៅ​ខ្លួន​ទទេ​១​យប់​ទាល់​ភ្លឺ ឥត​មាន​អ្វី​ដណ្តប់​ខ្លួន​នៅ​ពេល​រងា គេ​ត្រូវ​ហាល​ភ្លៀង​ដែល​មក​ពី​ភ្នំ ក៏​អែប​នឹង​ថ្មដា ដោយ​ឥត​មាន​ទី​ជ្រក​ឡើយ មាន​មនុស្ស​ដែល​កន្ត្រាក់​យក​កូន​កំព្រា​ឪពុក ចេញ​ពី​ដោះ​ម្តាយ ហើយ​ទទួល​បញ្ចាំ​ទុក​ទាំង​សំលៀក‌បំពាក់​របស់​ពួក​អ្នក​ក្រីក្រ​ផង ជា​ពួក​ដែល​ត្រូវ​ដើរ​សាត់‌ព្រាត់​នៅ​ខ្លួន​ទទេ ឥត​មាន​អ្វី​ពាក់​សោះ ហើយ​ដោយ​ព្រោះ​ឃ្លាន បាន​ជា​ត្រូវ​រែក​ជញ្ជូន​កណ្តាប់​ស្រូវ គេ​ត្រូវ​ចំរាញ់​ធ្វើ​ប្រេង​នៅ​ខាង​ក្នុង​របង​នៃ​មនុស្ស​ទាំង​នោះ ព្រម​ទាំង​ជាន់​ធុង​ទំពាំង‌បាយ‌ជូរ ដោយ​រង​សំរេក មាន​ឮ​មនុស្ស​ថ្ងូរ​ពី​ក្នុង​ទី​ក្រុង ហើយ​ព្រលឹង​នៃ​មនុស្ស​ដែល​ត្រូវ​របួស​ក៏​ស្រែក​ឡើង ប៉ុន្តែព្រះ‌ទ្រង់​មិន​យក​ព្រះ‌ហឫទ័យ​ទុក​ដាក់​នឹង​ការ​អាក្រក់​នោះ​ឡើយ។ ពួក​នេះ​ជា​ពួក​អ្នក​ដែល​មិន​ព្រម​ទទួល​ពន្លឺ គេ​មិន​ស្គាល់​អស់​ទាំង​ផ្លូវ​នោះ ឬ​កាន់​ខ្ជាប់​តាម​ផ្លូវ​ច្រក​នៃ​ពន្លឺ​នោះ​ឡើយ មនុស្ស​ឃាត‌កម្ម​គេ​ក្រោក​ពី​ព្រលឹម​ស្រាង ក៏​សំឡាប់​មនុស្ស​ក្រីក្រនឹង​មនុស្ស​កំសត់​ទុគ៌ត ហើយ​នៅ​ពេល​យប់​គេ​ធ្វើ​ជា​ចោរ​វិញ ភ្នែក​របស់​មនុស្ស​កំផិត​ក៏​រង់‌ចាំ​ពេល​ព្រលប់ ដោយ​នឹក​ថា គ្មាន​អ្នក​ណា​ឃើញ​អញ​ទេ គេ​ក៏​គ្រលុំ​ក្បាល​ទៅ នៅ​ពេល​ងងឹត​គេ​គាស់​ទំលុះ​ផ្ទះ​ចូល ហើយ​នៅ​វេលា​ថ្ងៃ​គេ​ពួន​លាក់​ខ្លួន ឥត​ដែល​ស្គាល់​ពន្លឺ​ឡើយ ពេល​ព្រឹក​ទុក​ដូច​ជា​ម្លប់​នៃ​សេចក្ដី​ស្លាប់​ដល់​ពួក​ទាំង​នោះ ដ្បិត​គេ​ស្គាល់​សេចក្ដី​ស្ញែង​ខ្លាច​របស់​ម្លប់​នៃ​សេចក្ដី​ស្លាប់​នោះ​ហើយ។ គេ​អណ្តែត​លើ​ទឹក​ទៅ​បាត់​យ៉ាង​ឆាប់ ឯ​ចំណែក​របស់​គេ​នៅ​ផែនដី នោះ​មាន​តែ​សេចក្ដី​បណ្តាសា​ទេ គេ​មិន​ដែល​បែរ​ទៅ ចូល​តាម​ផ្លូវ​ចំការ​ទំពាំង‌បាយ‌ជូរ​ឡើយ បែប​ដូច​ជា​ទឹក​ពី​ហិមៈ​រីង​ហួត​ទៅ ដោយ​រាំង‌រឹះ ហើយ​ក្តៅ​យ៉ាង​ណា នោះ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ក៏​ស្រូប​មនុស្ស​មាន​បាប​ទៅ​យ៉ាង​នោះ​ដែរ ផ្ទៃ​ម្តាយ​នឹង​ភ្លេច​អ្នក​នោះ​ទៅ ហើយ​ដង្កូវ​នឹង​ចុះ​គេ​ដោយ​ឆ្ងាញ់ នឹង​គ្មាន​អ្នក​ណា​នឹក​ចាំ​ពី​គេ​ត​ទៅ យ៉ាង​នោះ​សេចក្ដី​ទុច្ចរិត​នឹង​ត្រូវ​កាច់​ផ្តាច់​ចេញ ដូច​ជា​ដើម​ឈើ។ គេ​ចិញ្ចឹម​ស្រី​អារ​ដែល​មិន​បង្កើត​កូន តែ​ឥត​មេត្តា​ដល់​ស្រី​មេម៉ាយ​ឡើយ ឯ​ព្រះ‌ទ្រង់​ធ្វើ​ឲ្យ​ពួក​ធំៗ​ទាំង​នោះ​មាន​អាយុ​វែង ដោយ‌សារ​ព្រះ‌ចេស្តា​ទ្រង់ ចំណែក​ពួក​អ្នក​ដែល​គ្មាន​សង្ឃឹម​ក្នុង​ជីវិត​នេះ គេ​បាន​ឡើង​ជា​ធំ ទ្រង់​ប្រទាន​ឲ្យ​គេ​បាន​សេចក្ដី​សុខ ហើយ​គេ​ពឹង​ពាក់​លើ​សេចក្ដី​នោះ តែ​ព្រះ‌នេត្រ​ទ្រង់​ទត​ឃើញ​អស់​ទាំង​ផ្លូវ​របស់​គេ គេ​បាន​ឡើង​ជា​ធំ ប៉ុន្តែក្នុង​ពេល​តែ​១​ភ្លែត​ទេ គេ​នឹង​បាត់​ទៅ អើ គេ​ត្រូវ​ធ្លាក់​ចុះ ហើយ​សែង​យក​ទៅ​ដូច​ជា​មនុស្ស​ដទៃ​ទាំង​អស់ គេ​ត្រូវ​កាត់​ចេញ​ដូច​ជា​គួរ​ស្រូវ​តែ​ម្តង បើ​មិន​មែន​ដូច្នោះ​ទេ នោះ​តើ​អ្នក​ណា​នឹង​ហ៊ាន​ថា ខ្ញុំ​កុហក ហើយ​ធ្វើ​ឲ្យ​សំដី​ខ្ញុំ​នេះ ឥត​ខ្លឹម‌សារ​បាន។

ចែក​រំលែក
អាន យ៉ូប 24