យ៉ូប 22:21-27
យ៉ូប 22:21-27 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ ចូរចុះសម្រុងជាមួយព្រះ ហើយមានសេចក្ដីមេត្រីនឹងព្រះអង្គចុះ យ៉ាងនោះនឹងបានជាប្រយោជន៍ដល់អ្នក។ ខ្ញុំសូមឲ្យអ្នកទទួលសេចក្ដីបង្រៀន ពីព្រះឧស្ឋរបស់ព្រះអង្គ ហើយប្រមូលទុកអស់ទាំងព្រះបន្ទូល នៃព្រះអង្គនៅក្នុងចិត្តចុះ។ បើអ្នកវិលត្រឡប់មកឯព្រះ ដ៏មានគ្រប់ព្រះចេស្តាវិញ នោះនឹងបានតាំងឡើងហើយ គឺបើអ្នកកម្ចាត់អំពើទុច្ចរិតឲ្យឆ្ងាយចេញ ពីទីលំនៅរបស់អ្នកទៅ ហើយបោះបង់ចោលទ្រព្យវិសេស របស់អ្នកទៅក្នុងធូលីដី ព្រមទាំងមាសពីស្រុកអូភារទៅក្នុងថ្ម នៅបាតជ្រោះទឹកផង នោះព្រះដ៏មានគ្រប់ព្រះចេស្តា ព្រះអង្គនឹងបានជាទ្រព្យវិសេស និងជាប្រាក់មានសាច់សុទ្ធដល់អ្នកហើយ ដ្បិតយ៉ាងនោះឯងនឹងបានពេញចិត្ត ដោយសារព្រះដ៏មានគ្រប់ព្រះចេស្តាវិញ ក៏នឹងអាចងើបមុខមើលចំទៅឯព្រះអង្គផង។ អ្នកនឹងអធិស្ឋានដល់ព្រះអង្គ ហើយព្រះអង្គនឹងទទួល យ៉ាងនោះឯងនឹងបានលាបំណន់របស់អ្នក។
យ៉ូប 22:21-27 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ដូច្នេះ សូមចុះសម្រុងជាមួយព្រះជាម្ចាស់ទៅ កុំចាត់ទុកព្រះអង្គជាបច្ចាមិត្តទៀតឡើយ នោះព្រះអង្គនឹងប្រទានពរលោក។ សូមទទួលយកដំបូន្មានរបស់ព្រះអង្គ ហើយរក្សាព្រះបន្ទូលព្រះអង្គទុកនៅក្នុងចិត្ត។ ប្រសិនបើលោកវិលមករក ព្រះដ៏មានឫទ្ធានុភាពដ៏ខ្ពង់ខ្ពស់បំផុត នោះព្រះអង្គនឹងលើកលោកឡើងវិញ។ សូមដកអំពើទុច្ចរិតចេញឆ្ងាយ ពីទីលំនៅរបស់លោក។ សូមយកដុំមាសរបស់លោកទៅបោះចោលក្នុងធូលីដី សូមយកមាសដ៏ល្អបំផុតទៅបោះចោល ក្នុងចំណោមដុំថ្មនៅតាមទឹកជ្រោះ នោះព្រះដ៏មានឫទ្ធានុភាពដ៏ខ្ពង់ខ្ពស់បំផុត នឹងទៅជាដុំមាស និងគំនរប្រាក់របស់លោក។ ព្រះដ៏មានឫទ្ធានុភាពដ៏ខ្ពង់ខ្ពស់បំផុត នឹងប្រទានឲ្យលោកមានអំណរសប្បាយ ហើយលោកងើបមុខសម្លឹងទៅរកព្រះអង្គ។ ពេលលោកទូលអង្វរព្រះអង្គ ព្រះអង្គនឹងឆ្លើយតបមកលោកវិញ ហើយលោកនឹងថ្វាយតង្វាយ តាមពាក្យដែលលោកបន់។
យ៉ូប 22:21-27 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ ចូរអ្នកផ្គាប់ផ្គុនទ្រង់ ហើយមានសេចក្ដីមេត្រីនឹងទ្រង់ចុះ នោះនឹងបានចំរើនប្រយោជន៍ដល់ខ្លួន ខ្ញុំសូមឲ្យអ្នកទទួលសេចក្ដីបង្រៀនពីព្រះឱស្ឋទ្រង់ ហើយប្រមូលទុកអស់ទាំងព្រះបន្ទូលនៃទ្រង់នៅក្នុងចិត្តចុះ បើអ្នកវិលត្រឡប់មកឯព្រះដ៏មានគ្រប់ព្រះចេស្តាវិញ នោះនឹងបានតាំងឡើងហើយ គឺបើអ្នកកំចាត់សេចក្ដីទុច្ចរិតឲ្យឆ្ងាយចេញពីទីលំនៅរបស់អ្នកទៅ ហើយបោះបង់ចោលទ្រព្យវិសេសរបស់អ្នកទៅក្នុងធូលីដី ព្រមទាំងមាសពីស្រុកអូភារទៅក្នុងថ្មនៅបាតជ្រោះទឹកផង នោះព្រះដ៏មានគ្រប់ព្រះចេស្តា ទ្រង់នឹងបានជាទ្រព្យវិសេស នឹងជាប្រាក់មានសាច់សុទ្ធដល់អ្នកហើយ ដ្បិតយ៉ាងនោះអ្នកនឹងបានពេញចិត្ត ដោយសារព្រះដ៏មានគ្រប់ព្រះចេស្តាវិញ ក៏នឹងអាចងើបមុខមើលចំទៅឯទ្រង់ផង អ្នកនឹងអធិស្ឋានដល់ទ្រង់ ហើយទ្រង់នឹងទទួល យ៉ាងនោះអ្នកនឹងបានលាបំណន់របស់អ្នក