យ៉ូប 22:1-30
យ៉ូប 22:1-30 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លោកអេលីផាស សាសន៍ថេម៉ាន ឆ្លើយឡើងថា៖ «តើមនុស្សមានប្រយោជន៍អ្វីសម្រាប់ព្រះ? ឯមនុស្សមានប្រាជ្ញា គេមានប្រយោជន៍ ចំពោះតែខ្លួនគេប៉ុណ្ណោះ។ បើអ្នកជាមនុស្សសុចរិត តើចម្រើនអំណរ ដល់ព្រះដ៏មានគ្រប់ព្រះចេស្តា ឬ? បើអ្នកកែផ្លូវអ្នកឲ្យត្រឹមត្រូវឡើង នោះតើជាកម្រៃដល់ព្រះអង្គឬ? តើដោយព្រោះតែអ្នកមានសេចក្ដី កោតខ្លាចដល់ព្រះ បានជាព្រះអង្គបន្ទោសអ្នក ហើយរួមចូលជាគូក្តីជាមួយអ្នកឬ? ឯអំពើអាក្រក់របស់អ្នក តើមិនមែនធំសម្បើមទេឬ? ហើយអំពើទុច្ចរិតរបស់អ្នកក៏មិនចេះអស់ដែរ។ ដ្បិតអ្នកបានបង្អត់ដល់បងប្អូនអ្នក ដោយឥតហេតុ ហើយបានដោះយកខោអាវ ពីមនុស្សកម្សត់ទុគ៌តផង។ អ្នកមិនបានឲ្យទឹកដល់មនុស្សហេវផឹកឡើយ ក៏បានបង្អត់អាហារដល់មនុស្សឃ្លានដែរ។ មនុស្សខ្លាំងពូកែបានជាម្ចាស់លើផែនដី មនុស្សមានបណ្ដាសក្តិ បានតាំងទីលំនៅនៅក្នុងស្រុក។ អ្នកបានបណ្តេញស្ត្រីមេម៉ាយ ឲ្យទៅដោយដៃទទេ ហើយអ្នកបានបំបាក់ដៃរបស់ក្មេងកំព្រា ។ ហេតុនោះបានជាមានអន្ទាក់នៅព័ទ្ធជុំវិញអ្នក ហើយមានសេចក្ដីស្ញែងខ្លាចភ្លាមៗ មកបំភ័យអ្នក ឬជាសេចក្ដីងងឹតឲ្យអ្នកមើលមិនឃើញ ឬជាទឹកជន់សាយមកគ្របលើអ្នកវិញ។ ឯព្រះ តើព្រះអង្គមិនគង់នៅជាន់ខ្ពស់ នៅស្ថានសួគ៌ទេឬ? ចូរមើលផ្កាយដ៏ខ្ពស់ទាំងប៉ុន្មាន ដែលជាខ្ពស់ដល់ណាទៅ អ្នកពោលថា "តើព្រះជ្រាបអ្វីខ្លះ? តើព្រះអង្គអាចទតទម្លុះសេចក្ដីងងឹត មកជំនុំជម្រះបានដែរឬ? មានពពកយ៉ាងក្រាស់នៅហ៊ុមព្រះអង្គជុំវិញ មិនឲ្យឃើញអ្វីឡើយ ហើយព្រះអង្គក៏យាងនៅតែលើផ្ទៃមេឃ"។ តើអ្នករក្សាទុកផ្លូវចាស់ ដែលមនុស្សអាក្រក់បានដើរហើយឬ? ជាពួកមនុស្សដែលត្រូវឆក់យកទៅមុនកំណត់ កន្លែងជ្រកកោនរបស់គេ បានហូរទៅបាត់ដូចជាទឹកជ្រោះ។ គេបានទូលដល់ព្រះថា "សូមយាងចេញពីយើងទៅ!" ហើយថា "តើព្រះដ៏មានគ្រប់ព្រះចេស្តា អាចធ្វើអ្វីដល់យើងបាន?" ប៉ុន្តែ គឺព្រះអង្គដែលបានបំពេញផ្ទះគេ ដោយអស់ទាំងរបស់ល្អផង តែសូមឲ្យគំនិតនៃមនុស្សអាក្រក់ នៅឆ្ងាយពីខ្ញុំទៅ។ ពួកមនុស្សសុចរិតក៏ឃើញ ហើយមានអំណរ ពួកមនុស្សផូរផង់នឹងសើចឡកឲ្យគេថា "ពួកអ្នកដែលបានលើកគ្នាទាស់នឹងយើង គេត្រូវសាបសូន្យហើយ ឯសំណល់របស់គេ នោះភ្លើងបានឆេះអស់ទៅ"។ ដូច្នេះ ចូរចុះសម្រុងជាមួយព្រះ ហើយមានសេចក្ដីមេត្រីនឹងព្រះអង្គចុះ យ៉ាងនោះនឹងបានជាប្រយោជន៍ដល់អ្នក។ ខ្ញុំសូមឲ្យអ្នកទទួលសេចក្ដីបង្រៀន ពីព្រះឧស្ឋរបស់ព្រះអង្គ ហើយប្រមូលទុកអស់ទាំងព្រះបន្ទូល នៃព្រះអង្គនៅក្នុងចិត្តចុះ។ បើអ្នកវិលត្រឡប់មកឯព្រះ ដ៏មានគ្រប់ព្រះចេស្តាវិញ នោះនឹងបានតាំងឡើងហើយ គឺបើអ្នកកម្ចាត់អំពើទុច្ចរិតឲ្យឆ្ងាយចេញ ពីទីលំនៅរបស់អ្នកទៅ ហើយបោះបង់ចោលទ្រព្យវិសេស របស់អ្នកទៅក្នុងធូលីដី ព្រមទាំងមាសពីស្រុកអូភារទៅក្នុងថ្ម នៅបាតជ្រោះទឹកផង នោះព្រះដ៏មានគ្រប់ព្រះចេស្តា ព្រះអង្គនឹងបានជាទ្រព្យវិសេស និងជាប្រាក់មានសាច់សុទ្ធដល់អ្នកហើយ ដ្បិតយ៉ាងនោះឯងនឹងបានពេញចិត្ត ដោយសារព្រះដ៏មានគ្រប់ព្រះចេស្តាវិញ ក៏នឹងអាចងើបមុខមើលចំទៅឯព្រះអង្គផង។ អ្នកនឹងអធិស្ឋានដល់ព្រះអង្គ ហើយព្រះអង្គនឹងទទួល យ៉ាងនោះឯងនឹងបានលាបំណន់របស់អ្នក។ កាលណាអ្នកសម្រេចធ្វើការអ្វី នោះនឹងបានសម្រេចដូចបំណង និងមានពន្លឺភ្លឺមកលើផ្លូវរបស់អ្នកដែរ។ កាលណាគេបន្ទាបទៅ នោះអ្នកនឹងនឹកថា មានការលើកឡើងវិញ ឯមនុស្សសុភាពព្រះអង្គនឹងជួយសង្គ្រោះ។ ព្រះអង្គនឹងជួយទាំងមនុស្ស ដែលមិនមែនឥតទោសឲ្យរួចផង អ្នកនោះនឹងបានរួច ដោយសារសេចក្ដីបរិសុទ្ធរបស់ដៃអ្នក»។
យ៉ូប 22:1-30 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកអេលីផាស ជាអ្នកស្រុកថេម៉ាន ពោលឡើងថា៖ «តើមនុស្សមានប្រយោជន៍អ្វី សម្រាប់ព្រះជាម្ចាស់? គ្មានទេ! មនុស្សដែលមានសុភនិច្ឆ័យ នាំមកនូវ ផលប្រយោជន៍សម្រាប់តែខ្លួនឯងប៉ុណ្ណោះ! បើលោកសុចរិត តើព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត សព្វព្រះហឫទ័យដែរឬ? បើលោករស់នៅដោយទៀងត្រង់ តើព្រះអង្គបានចំណេញអ្វី? តើព្រះអង្គស្ដីបន្ទោសលោក ហើយនាំលោកទៅវិនិច្ឆ័យទោស មកពីលោកគោរពប្រណិប័តន៍ព្រះអង្គឬ? ទេ គឺមកពីអំពើអាក្រក់ដ៏ធំរបស់លោក និងកំហុសដ៏ច្រើនឥតគណនារបស់លោក។ លោកបានយករបស់បញ្ចាំ ពីជនរួមជាតិរបស់លោកដោយឥតហេតុផល ហើយរឹបអូសយកសម្លៀកបំពាក់ពីគេ ទុកឲ្យនៅខ្លួនទទេ។ លោកពុំបានផ្ដល់ទឹកទៅឲ្យអ្នកស្រេក ហើយក៏ពុំបានផ្ដល់អាហារទៅ ឲ្យអ្នកឃ្លានដែរ។ លោកប្រើអំណាចធ្វើជាម្ចាស់ទឹកដី និងឲ្យបក្សពួករបស់លោកកាន់កាប់ទឹកដី។ លោកបណ្ដេញស្ត្រីមេម៉ាយឲ្យចេញទៅ ដោយដៃទទេ ហើយរឹបអូសយកអ្វីៗទាំងអស់ពីក្មេងកំព្រា។ ហេតុនេះហើយបានជាមានអន្ទាក់ ឡោមព័ទ្ធលោកគ្រប់ទិសទី មហន្តរាយធ្លាក់មកលើលោកយ៉ាងទាន់ហន់។ ភាពងងឹតគ្របពីលើលោក ធ្វើឲ្យលោកមើលអ្វីមិនឃើញ ទឹកក៏កំពុងតែជន់លិចលោកដែរ។ ព្រះជាម្ចាស់គង់នៅស្ថានដ៏ខ្ពស់បំផុត សូមមើលទៅផ្កាយមើល៍ តើខ្ពស់យ៉ាងណា! លោកបែរជាពោលថា “តើព្រះជាម្ចាស់ជ្រាបអ្វីខ្លះ តើព្រះអង្គទតពពកដ៏ងងឹតធ្លុះដែរឬ? ពេលព្រះអង្គយាងព័ទ្ធជុំវិញចក្រវាល មានពពកដ៏ក្រាស់បាំងព្រះអង្គ មិនឲ្យមើលឃើញអ្វីទាំងអស់”។ ហេតុអ្វីបានជាលោកចូលចិត្តដើរតាមផ្លូវចាស់ ជាផ្លូវដែលមនុស្សទុច្ចរិតធ្លាប់ដើរដូច្នេះ? អ្នកទាំងនោះអន្តរាយមុនពេលកំណត់ ទឹកជន់ហូរនាំយកគ្រឹះរបស់គេបាត់ទៅ។ ពួកគេទូលព្រះជាម្ចាស់ថា “សូមយាងចេញឆ្ងាយពីយើងខ្ញុំទៅ! ព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុតមិនអាច ធ្វើអ្វីយើងខ្ញុំបានឡើយ”។ ក៏ប៉ុន្តែ គឺព្រះអង្គហើយដែលប្រទានឲ្យ ពួកគេមានទ្រព្យសម្បត្តិពេញផ្ទះ។ ខ្ញុំមិនអាចទទួលយកដំបូន្មាន របស់មនុស្សអាក្រក់បានទេ។ មនុស្សសុចរិត និងមនុស្សស្លូតត្រង់ ឃើញមនុស្សអាក្រក់វិនាស គេនាំគ្នាសប្បាយរីករាយ និងសើចចំអកឲ្យថា: “អ្នកដែលធ្លាប់តែប្រឆាំងនឹងពួកយើង វិនាសសូន្យបាត់ទៅហើយ អ្វីៗដែលគេរកបានក៏ត្រូវភ្លើងឆេះអស់ដែរ”។ ដូច្នេះ សូមចុះសម្រុងជាមួយព្រះជាម្ចាស់ទៅ កុំចាត់ទុកព្រះអង្គជាបច្ចាមិត្តទៀតឡើយ នោះព្រះអង្គនឹងប្រទានពរលោក។ សូមទទួលយកដំបូន្មានរបស់ព្រះអង្គ ហើយរក្សាព្រះបន្ទូលព្រះអង្គទុកនៅក្នុងចិត្ត។ ប្រសិនបើលោកវិលមករក ព្រះដ៏មានឫទ្ធានុភាពដ៏ខ្ពង់ខ្ពស់បំផុត នោះព្រះអង្គនឹងលើកលោកឡើងវិញ។ សូមដកអំពើទុច្ចរិតចេញឆ្ងាយ ពីទីលំនៅរបស់លោក។ សូមយកដុំមាសរបស់លោកទៅបោះចោលក្នុងធូលីដី សូមយកមាសដ៏ល្អបំផុតទៅបោះចោល ក្នុងចំណោមដុំថ្មនៅតាមទឹកជ្រោះ នោះព្រះដ៏មានឫទ្ធានុភាពដ៏ខ្ពង់ខ្ពស់បំផុត នឹងទៅជាដុំមាស និងគំនរប្រាក់របស់លោក។ ព្រះដ៏មានឫទ្ធានុភាពដ៏ខ្ពង់ខ្ពស់បំផុត នឹងប្រទានឲ្យលោកមានអំណរសប្បាយ ហើយលោកងើបមុខសម្លឹងទៅរកព្រះអង្គ។ ពេលលោកទូលអង្វរព្រះអង្គ ព្រះអង្គនឹងឆ្លើយតបមកលោកវិញ ហើយលោកនឹងថ្វាយតង្វាយ តាមពាក្យដែលលោកបន់។ ពេលលោកសម្រេចចិត្តធ្វើការអ្វីមួយ ការនោះនឹងកើតជារូបរាងឡើង ផ្លូវដែលលោកដើរ តែងតែមានពន្លឺជានិច្ច។ ព្រះជាម្ចាស់ទម្លាក់មនុស្សមានអំនួត តែព្រះអង្គសង្គ្រោះមនុស្សទន់ទាប។ សូម្បីតែមនុស្សមានទោសក៏ព្រះអង្គរំដោះដែរ ដូច្នេះ ព្រះអង្គនឹងរំដោះលោក តាមអំពើដ៏បរិសុទ្ធដែលលោកប្រព្រឹត្ត»។
យ៉ូប 22:1-30 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះអេលីផាស សាសន៍ថេម៉ាន ក៏ឆ្លើយឡើងថា តើមនុស្សនឹងមានប្រយោជន៍ដល់ព្រះបានឬទេ ឯមនុស្សប្រាជ្ញ គេមានប្រយោជន៍ចំពោះតែខ្លួនគេប៉ុណ្ណោះ បើអ្នកជាមនុស្សសុចរិត នោះតើចំរើនសេចក្ដីអំណរដល់ព្រះដ៏មានគ្រប់ព្រះចេស្តាឬអី បើអ្នកកែផ្លូវអ្នកឲ្យត្រឹមត្រូវឡើង នោះតើជាកំរៃដល់ទ្រង់ឬ តើដោយព្រោះតែអ្នកមានសេចក្ដីកោតខ្លាចដល់ព្រះ បានជាទ្រង់បន្ទោសអ្នក ហើយរួមចូលជាគូក្តីជាមួយនឹងអ្នកឬ ឯអំពើអាក្រក់របស់អ្នក តើមិនមែនធំសំបើមវិញទេឬអី ហើយសេចក្ដីទុច្ចរិតរបស់អ្នកក៏មិនចេះអស់ដែរ ដ្បិតអ្នកបានបង្អត់ដល់បងប្អូនអ្នកដោយឥតហេតុ ហើយបានសំរាតយកពីមនុស្សកំសត់ទុគ៌តផង អ្នកមិនបានឲ្យទឹកដល់មនុស្សហេវផឹកឡើយ ក៏បានបង្អត់អាហារដល់មនុស្សឃ្លានដែរ មនុស្សខ្លាំងពូកែបានជាម្ចាស់លើផែនដី មនុស្សមានបណ្តាសក្តិបានតាំងទីលំនៅនៅក្នុងស្រុក អ្នកបានបណ្តេញស្រីមេម៉ាយឲ្យទៅដោយដៃទទេ ហើយបានបំបាក់ដៃនៃពួកកំព្រា ហេតុនោះបានជាមានអន្ទាក់នៅព័ទ្ធជុំវិញអ្នក ហើយមានសេចក្ដីស្ញែងខ្លាចភ្លាមៗមកបំភ័យអ្នក ឬជាសេចក្ដីងងឹតឲ្យអ្នកមើលមិនឃើញ ឬជាទឹកជន់សាយមកគ្របលើអ្នកវិញ។ ឯព្រះ តើទ្រង់មិនគង់នៅជាន់ខ្ពស់ នៅស្ថានសួគ៌ទេឬអី ចូរមើលផ្កាយដ៏ខ្ពស់ទាំងប៉ុន្មាន ដែលជាខ្ពស់ដល់ណាទៅ អ្នកពោលថា តើព្រះទ្រង់ជ្រាបអ្វីខ្លះ តើទ្រង់អាចទតទំលុះសេចក្ដីងងឹតមកជំនុំជំរះបានដែរឬ មានពពកយ៉ាងក្រាស់នៅហុំទ្រង់ជុំវិញ មិនឲ្យឃើញអ្វីឡើយ ហើយទ្រង់ក៏យាងនៅតែលើផ្ទៃមេឃ តើអ្នករក្សាទុកផ្លូវចាស់ ដែលមនុស្សអាក្រក់បានដើរហើយឬអី ជាពួកមនុស្សដែលត្រូវឆក់យកទៅមុនកំណត់ ដែលទីពឹងគេ បានហូរទៅបាត់ដូចជាទឹកជ្រោះ គេបានទូលដល់ព្រះថា ចូរថយចេញពីយើងទៅ ហើយថា តើព្រះដ៏មានគ្រប់ព្រះចេស្តា ទ្រង់អាចនឹងប្រោសដល់យើងយ៉ាងណាបាន ប៉ុន្តែគឺទ្រង់ដែលបានបំពេញផ្ទះគេ ដោយអស់ទាំងរបស់ល្អផង តែសូមឲ្យគំនិតនៃមនុស្សអាក្រក់នៅឆ្ងាយពីខ្ញុំទៅ ពួកមនុស្សសុចរិតក៏ឃើញ ហើយមានសេចក្ដីអំណរ ពួកមនុស្សផូរផង់នឹងសើចឡកឲ្យគេថា ពួកអ្នកដែលបានលើកគ្នាទាស់នឹងយើង គេត្រូវសាបសូន្យហើយ ឯសំណល់របស់គេ នោះភ្លើងបានឆេះអស់ទៅ។ ដូច្នេះ ចូរអ្នកផ្គាប់ផ្គុនទ្រង់ ហើយមានសេចក្ដីមេត្រីនឹងទ្រង់ចុះ នោះនឹងបានចំរើនប្រយោជន៍ដល់ខ្លួន ខ្ញុំសូមឲ្យអ្នកទទួលសេចក្ដីបង្រៀនពីព្រះឱស្ឋទ្រង់ ហើយប្រមូលទុកអស់ទាំងព្រះបន្ទូលនៃទ្រង់នៅក្នុងចិត្តចុះ បើអ្នកវិលត្រឡប់មកឯព្រះដ៏មានគ្រប់ព្រះចេស្តាវិញ នោះនឹងបានតាំងឡើងហើយ គឺបើអ្នកកំចាត់សេចក្ដីទុច្ចរិតឲ្យឆ្ងាយចេញពីទីលំនៅរបស់អ្នកទៅ ហើយបោះបង់ចោលទ្រព្យវិសេសរបស់អ្នកទៅក្នុងធូលីដី ព្រមទាំងមាសពីស្រុកអូភារទៅក្នុងថ្មនៅបាតជ្រោះទឹកផង នោះព្រះដ៏មានគ្រប់ព្រះចេស្តា ទ្រង់នឹងបានជាទ្រព្យវិសេស នឹងជាប្រាក់មានសាច់សុទ្ធដល់អ្នកហើយ ដ្បិតយ៉ាងនោះអ្នកនឹងបានពេញចិត្ត ដោយសារព្រះដ៏មានគ្រប់ព្រះចេស្តាវិញ ក៏នឹងអាចងើបមុខមើលចំទៅឯទ្រង់ផង អ្នកនឹងអធិស្ឋានដល់ទ្រង់ ហើយទ្រង់នឹងទទួល យ៉ាងនោះអ្នកនឹងបានលាបំណន់របស់អ្នក កាលណាអ្នកសំរេចនឹងធ្វើការអ្វី នោះនឹងបានសំរេចដូចបំណង នឹងមានពន្លឺភ្លឺមកលើផ្លូវរបស់អ្នកដែរ កាលណាគេបន្ទាបទៅ នោះអ្នកនឹងនឹកថា មានការលើកឡើងវិញ ឯមនុស្សសុភាពទ្រង់នឹងជួយសង្គ្រោះ ទ្រង់នឹងជួយទាំងមនុស្សដែលមិនមែនឥតទោសឲ្យរួចផង អើ អ្នកនោះនឹងបានរួចដោយសារសេចក្ដីបរិសុទ្ធរបស់ដៃអ្នក។