យ៉ូប 21:7-21
យ៉ូប 21:7-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ហេតុអ្វីបានជាពួកមនុស្សអាក្រក់ មានជីវិតរស់នៅ មានអាយុវែង ហើយមានអំណាចកាន់តែខ្លាំង? ពូជពង្សរបស់គេបានរឹងមាំឡើងជាមួយគេ និងកូនចៅរបស់គេនៅចំពោះគេដែរ។ ក្នុងផ្ទះរបស់គេមានតែសេចក្ដីសុខ ឥតភ័យខ្លាចអ្វីឡើយ ហើយក៏គ្មានដំបងរបស់ព្រះប៉ះពាល់គេដែរ។ គោឈ្មោលរបស់គេជាន់មេឥតខាន គោញីក៏បង្កើតកូនឥតរលូតដែរ។ គេឲ្យកូនតូចៗរបស់គេ ចេញទៅដូចជាហ្វូងចៀម ហើយកូនធំៗក៏លោតកញ្ឆាត់កញ្ឆេងផង។ វារាល់គ្នាច្រៀងតាមចង្វាក់គែន និងស៊ុង ហើយក៏អរសប្បាយតាមសំឡេងខ្លុយ។ រាល់ថ្ងៃ គេចំណាយពេលដោយអ្វីៗ ដែលគេពេញចិត្ត ហើយគេក៏ចុះទៅស្ថាន ឃុំព្រលឹងមនុស្សស្លាប់ដោយស្រួល។ គេទូលដល់ព្រះថា "ចូរថយចេញពីយើងទៅ យើងមិនចូលចិត្តផ្លូវព្រះអង្គទេ។ តើព្រះដ៏មានគ្រប់ព្រះចេស្តា ជាអ្វី ដែលយើងត្រូវគោរព? ហើយបើយើងអធិស្ឋានដល់ព្រះអង្គ តើនឹងមានប្រយោជន៍អ្វី?" តើមិនមែនជាទ្រព្យសម្បត្តិរបស់គេ ដែលស្ដែងពីស្នាដៃរបស់គេទេឬ? គំនិតរបស់មនុស្សអាក្រក់ស្ថិតនៅឆ្ងាយពីខ្ញុំ។ តើប៉ុន្មានដងហើយ ដែលចង្កៀងរបស់មនុស្សអាក្រក់រលត់? តើប៉ុន្មានដងហើយ ដែលមានសេចក្ដីលំបាកកើតដល់គេ? តើប៉ុន្មានដងហើយ ដែលព្រះចែកសេចក្ដីវេទនា ដោយសេចក្ដីក្រោធរបស់ព្រះអង្គ? គឺជាច្រើនដង គេដូចជាចំបើងបណ្តោយខ្យល់ ហើយដូចជាអង្កាមដែលខ្យល់ព្យុះផាត់យកទៅ អ្នកថា ព្រះបានប្រមូលទុកអំពើទុច្ចរិត របស់មនុស្សសម្រាប់កូនចៅរបស់គេ តែសូមព្រះដាក់ទោសដល់ពួកគេនោះវិញ ដើម្បីឲ្យគេដឹងខ្លួន។ ត្រូវឲ្យភ្នែករបស់អ្នកនោះ ឃើញសេចក្ដីវិនាសរបស់ខ្លួន ព្រមទាំងផឹកស្រូបសេចក្ដីក្រោធរបស់ព្រះ ដ៏មានគ្រប់ព្រះចេស្តា ផង។ តើគេខ្វល់អ្វីដល់ពួកវង្សរបស់ខ្លួន ដែលនៅជំនាន់ក្រោយ បើកាលណាចំនួនខែនៃជីវិតគេ បានផុតទៅហើយនោះ?
យ៉ូប 21:7-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ហេតុអ្វីបានជាមនុស្សអាក្រក់រស់បានយូរ ហើយមានកម្លាំងកាន់តែរឹងប៉ឹងឡើងដូច្នេះ? កូនចៅរបស់គេក៏រឹងប៉ឹងជាមួយគេ ហើយពូជពង្សរបស់គេក៏ចម្រុងចម្រើន នៅចំពោះមុខគេដែរ។ ក្នុងផ្ទះរបស់គេមានតែសេចក្ដីសុខ គឺគ្មានការភ័យខ្លាចអ្វីឡើយ ព្រះជាម្ចាស់មិនដែលលើកដំបងវាយប្រហារ ពួកគេសោះ។ ហ្វូងគោរបស់គេបង្កើតកូនចៅច្រើនឡើង ឥតដែលមានខូចបង់អ្វីឡើយ។ កូនតូចៗរបស់ពួកគេរត់លេង មានគ្នាច្រើនដូចហ្វូងសត្វ ហើយកូនធំៗរបស់គេនាំគ្នារាំយ៉ាងសប្បាយ។ ពួកគេស្រែកច្រៀងតាមសំឡេងស្គរ និងពិណ ហើយសប្បាយរីករាយនឹងសំឡេងប៉ី។ រៀងរាល់ថ្ងៃ ពួកគេរស់នៅ ប្រកបដោយសុភមង្គល រួចចុះទៅស្ថានមនុស្សស្លាប់យ៉ាងស្រួល។ អ្នកទាំងនោះធ្លាប់ទូលព្រះជាម្ចាស់ថា “សូមយាងចេញឆ្ងាយពីយើងខ្ញុំទៅ យើងខ្ញុំមិនចង់ស្គាល់មាគ៌ារបស់ព្រះអង្គទេ។ តើព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុតជាអ្វី បានជាយើងត្រូវបម្រើព្រះអង្គ តើយើងទូលអង្វរព្រះអង្គបានប្រយោជន៍អ្វី?” អ្នកទាំងនោះស្មានថាសុភមង្គលស្ថិតនៅ ក្នុងកណ្ដាប់ដៃរបស់ខ្លួន។ ហេតុអ្វីបានជាខ្ញុំមិនអាចទទួលយកដំបូន្មាន របស់មនុស្សអាក្រក់? ដ្បិតជាច្រើនដង ចង្កៀងរបស់មនុស្សអាក្រក់ តែងតែរលត់ ទុក្ខវេទនាតែងតែធ្លាក់មកលើពួកគេ ព្រះជាម្ចាស់ដាក់ទោសពួកគេ ស្របតាមព្រះពិរោធរបស់ព្រះអង្គ។ ពួកគេប្រៀបដូចជាចំបើងប៉ើងតាមខ្យល់ និងដូចអង្កាមដែលត្រូវខ្យល់ផាត់បាត់ទៅ។ អស់លោកពោលថា “ព្រះជាម្ចាស់នឹងដាក់ទោសកូនចៅ ព្រោះតែអំពើអាក្រក់ដែលឪពុកប្រព្រឹត្ត” ក៏ប៉ុន្តែ សូមព្រះអង្គដាក់ទោស មនុស្សអាក្រក់វិញ ដើម្បីឲ្យគេដឹងខ្លួន។ សូមឲ្យគេឃើញទុក្ខវេទនារបស់ខ្លួន គឺសូមឲ្យខ្លួនគេផ្ទាល់រងនូវព្រះពិរោធ របស់ព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត។ កាលណាចំនួនខែដែលគេត្រូវរស់ ឈានដល់ទីបញ្ចប់ហើយ គេមិនអាចអំពល់ពីអនាគតនៃក្រុមគ្រួសារ របស់ខ្លួនបានទេ។
យ៉ូប 21:7-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គឺថា ហេតុអ្វីបានជាពួកមនុស្សអាក្រក់មានជីវិតរស់នៅ អាយុក៏វែង អើ គេក៏ឡើងជាមានអំណាចយ៉ាងធំផង ពូជពង្សរបស់គេក៏បានតាំងឡើងជាមួយ នៅភ្នែកគេ ហើយកូនចៅគេនៅចំពោះគេដែរ ទីលំនៅគេនៅជាសុខឥតភ័យខ្លាច ហើយដំបងនៃព្រះមិនដែលប៉ះពាល់គេឡើយ គោឈ្មោលរបស់គេវាជាន់មេឥតខាន គោញីក៏សំរាលកូនឥតរលូតដែរ គេឲ្យកូនតូចៗរបស់គេចេញទៅដូចជាហ្វូងចៀម ហើយកូនធំៗក៏លោតកញ្ឆាត់កញ្ឆេងផង វារាល់គ្នាច្រៀងតាមចង្វាក់គែននឹងស៊ុង ហើយក៏អរសប្បាយតាមសំឡេងខ្លុយ រាល់តែថ្ងៃគេតែងបង្អស់ពេលទៅ ដោយអ្វីៗដែលគេពេញចិត្ត ហើយក្នុង១រំពេច គេចុះទៅឯស្ថានឃុំព្រលឹងមនុស្សស្លាប់ គេទូលដល់ព្រះថា ចូរថយចេញពីយើងទៅ ពីព្រោះយើងមិនចូលចិត្តស្គាល់ផ្លូវទ្រង់ទេ តើព្រះដ៏មានគ្រប់ព្រះចេស្តាជាអ្វី ដែលយើងត្រូវគោរពដល់ទ្រង់ ហើយបើយើងអធិស្ឋានដល់ទ្រង់ តើនឹងមានប្រយោជន៍អ្វី ដូច្នេះ ធ្វើដូចម្តេចទៅ គឺសេចក្ដីចំរើនរបស់គេមិនស្រេចនៅដៃគេទេ ឱសូមឲ្យគំនិតនៃពួកមនុស្សអាក្រក់បាននៅឆ្ងាយពីខ្ញុំទៅ។ សេចក្ដីនេះក៏កើតឡើងជាញឹកញយដែរទេតើ គឺចង្កៀងនៃមនុស្សអាក្រក់រលត់ទៅ ក៏មានសេចក្ដីលំបាកកើតដល់គេ ដ្បិតព្រះទ្រង់ចែកសេចក្ដីវេទនា ដោយសេចក្ដីក្រោធរបស់ទ្រង់ដែរ គឺជាច្រើនដង គេដូចជាចំបើងបណ្តោយខ្យល់ ហើយដូចជាអង្កាមដែលខ្យល់ព្យុះផាត់យកទៅ មនុស្សថា ព្រះទ្រង់ប្រមូលទុកសេចក្ដីទុច្ចរិតរបស់មនុស្ស សំរាប់កូនចៅតទៅ តែត្រូវឲ្យទ្រង់ដាក់ទោសដល់ខ្លួនអ្នកនោះវិញ ឲ្យគេបានដឹងផង ត្រូវឲ្យភ្នែករបស់អ្នកនោះឯងឃើញសេចក្ដីវិនាសរបស់ខ្លួន ព្រមទាំងផឹកស្រូបសេចក្ដីក្រោធ របស់ព្រះដ៏មានគ្រប់ព្រះចេស្តាផង ដ្បិតកាលណាចំនួនអស់ទាំងខែនៃជីវិតគេបានផុតទៅហើយ នោះតើគេនឹងរវល់អ្វីដល់ពួកវង្សខ្លួនដែលនៅខាងក្រោយ