យ៉ូប 20:1-29
យ៉ូប 20:1-29 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលនោះ សូផារ ជាសាសន៍ណាអាម៉ា ឆ្លើយឡើងថា៖ «គឺដោយហេតុនោះបានជាគំនិតខ្ញុំ បណ្ដាលឲ្យឆ្លើយ ដោយព្រោះសេចក្ដីរួសរាន់នៅក្នុងចិត្តខ្ញុំ។ ខ្ញុំបានឮសេចក្ដីបន្ទោសនោះ ដែលជាសេចក្ដីទំនាស់ចិត្តខ្ញុំ វិញ្ញាណនៃសេចក្ដីចេះដឹងរបស់ខ្ញុំ ក៏បណ្ដាលឲ្យខ្ញុំឆ្លើយឡើង។ តើអ្នកមិនបានដឹងសេចក្ដីនេះទេឬ ថាតាំងពីចាស់បុរាណមក គឺពីកាលព្រះបានដាក់មនុស្សឲ្យមាននៅផែនដី នោះជ័យជម្នះរបស់មនុស្សអាក្រក់ នៅមិនយូរប៉ុន្មាន ហើយសេចក្ដីរីករាយរបស់មនុស្សទមិឡល្មើស ក៏នៅតែមួយភ្លែតដែរ។ ទោះបើគេមានកម្ពស់ដល់ផ្ទៃមេឃ ហើយក្បាលគេលូតឡើងដល់ពពកក៏ដោយ គង់តែនឹងត្រូវវិនាសទៅជានិច្ច ដូចជាលាមករបស់ខ្លួនគេដែរ ឯពួកអ្នកដែលធ្លាប់ឃើញគេ នោះនឹងសួរថា "តើគេនៅឯណា?" គេនឹងហោះហើរទៅបាត់ដូចជាយល់សប្តិ ឥតមានអ្នកណាឃើញទៀតឡើយ គេនឹងត្រូវបណ្តេញទៅដូចជា ការស្រមើស្រមៃនៅពេលយប់។ នោះភ្នែកដែលធ្លាប់ឃើញគេ នឹងមិនឃើញគេទៀតទេ ហើយទីកន្លែងរបស់គេនឹងលែងឃើញគេដែរ។ កូនចៅគេនឹងសូមអង្វរដល់ពួកទាល់ក្រ ដៃរបស់ខ្លួនគេនឹងត្រូវប្រគល់ ទ្រព្យសម្បត្តិទៅវិញ។ ឆ្អឹងគេពេញកម្លាំងដោយសណ្ឋាននៅក្មេង ប៉ុន្តែ នឹងត្រូវដេកចុះ ទៅក្នុងធូលីដី ជាមួយខ្លួនគេដែរ។ ទោះបើសេចក្ដីអាក្រក់ មានរសផ្អែមនៅក្នុងមាត់គេ ទោះបើគេលាក់សេចក្ដីនោះនៅក្រោមអណ្ដាត ទោះបើលៃលកសំចៃទុក មិនចង់លេបចុះទៅ គឺបៀមទុកនៅតែក្នុងមាត់ក៏ដោយ គង់តែអាហារនៅក្នុងពោះគេបានប្រែ ទៅជាពិសនៃពស់ហនុមាននៅក្នុងខ្លួនគេដែរ។ គេបានលេបទ្រព្យសម្បត្តិចូលទៅ ហើយនឹងត្រូវក្អួតចេញមកវិញ ព្រះនឹងកម្ចាត់របស់ទាំងនោះ ចេញពីពោះគេ។ គេនឹងជញ្ជក់ពិសរបស់ពស់ហនុមាន ហើយនឹងស្លាប់ដោយសារអណ្ដាតពស់វែក គេនឹងលែងឃើញទឹកទន្លេ ទឹកឃ្មុំ និងទឹកដោះ ហូរដូចទឹកស្ទឹងទៀតហើយ។ អ្វីៗដែលគេខ្វល់ខ្វាយរកបាន នឹងត្រូវបាត់ទៅវិញ ហើយទំពាលេបមិនបានទេ កម្រៃដែលបានពីមុខរបរគេ នឹងមិនធ្វើឲ្យគេបានសប្បាយចិត្តឡើយ។ ព្រោះគេបានសង្កត់សង្កិន ឥតរមិលដល់ពួកទាល់ក្រ ក៏បានរឹបជាន់យកផ្ទះមួយ ដែលខ្លួនមិនបានសង់ផង។ មុខជានឹងគ្មានសេចក្ដីសុខនៅក្នុងចិត្តទេ ហើយនឹងទុករបស់ដែលគេពេញចិត្ត ឲ្យគង់នៅមិនបានឡើយ។ គ្មានសល់អ្វីដែលគេមិនបានត្របាក់លេប ចូលទៅនោះទេ ហេតុនោះ សេចក្ដីចម្រើនរបស់គេ នឹងមិននៅស្ថិតស្ថេរឡើយ។ ក្នុងកាលដែលកំពុងតែបរិបូរ នោះគេនឹងត្រូវខ្វះខាតវិញ អស់អ្នកដែលមានសេចក្ដីលំបាក នឹងមកសង្កត់លើគេ។ ព្រះនឹងបោះសេចក្ដីក្រោធយ៉ាងសហ័ស មកចម្អែតពោះគេ ហើយទម្លាក់សេចក្ដីក្រោធនោះមកលើគេ ទុកជាអាហារ។ គេនឹងរត់ចេញពីគ្រឿងដែក ហើយធ្នូលង្ហិននឹងបាញ់ទម្លុះខ្លួន។ គេនឹងដកព្រួញចេញពីខ្លួនមក មុខព្រួញដែលភ្លឺផ្លេកនឹងចេញពីពោះគេមក សេចក្ដីតក់ស្លុតនឹងកើតមានឡើងដល់គេ។ អស់ទាំងសេចក្ដីងងឹត បានមកបង្ខូចទ្រព្យសម្បត្តិគេ នឹងមានភ្លើងដែលឥតមនុស្សផ្លុំ បានឆេះបំផ្លាញគេ ព្រមទាំងបន្សុសទាំងអស់ ដែលនៅសល់ក្នុងទីលំនៅរបស់គេ។ ឯផ្ទៃមេឃក៏នឹងសម្ដែងពីអំពើទុច្ចរិតរបស់គេ ហើយទាំងផែនដី នឹងក្រោកឡើងទាស់នឹងគេដែរ ទ្រព្យសម្បត្តិនៅក្នុងផ្ទះរបស់គេ នឹងចាកចេញទៅ ទាំងអស់នឹងហូរបាត់ទៅ នៅថ្ងៃនៃសេចក្ដីក្រោធរបស់ព្រះ។ នេះជាចំណែករបស់មនុស្សអាក្រក់ ត្រូវទទួលពីព្រះ ជាមត៌ក ដែលព្រះចែកឲ្យដល់គេ»។
យ៉ូប 20:1-29 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកសូផារ ជាអ្នកស្រុក ណាអាម៉ា ពោលឡើងថា៖ «ការរិះគិតរបស់ខ្ញុំ ធ្វើឲ្យខ្ញុំទ្រាំមិនបាន គឺខ្ញុំត្រូវតែឆ្លើយតបនឹងលោកវិញ។ ពាក្យស្ដីបន្ទោសរបស់លោក ដូចជាបន្តុះបង្អាប់យើងខ្ញុំជ្រុលពេកហើយ ហេតុនេះ ខ្ញុំត្រូវតែយកគំនិតប្រាជ្ញារបស់ខ្ញុំ មកឆ្លើយតប។ លោកមិនជ្រាបទេឬថា តាំងពីបុរាណរៀងមក គឺចាប់ពីពេលដែលព្រះជាម្ចាស់ដាក់មនុស្ស នៅលើផែនដីនេះ មនុស្សអាក្រក់មានជ័យជម្នះតែមួយស្របក់ទេ ហើយមនុស្សទមិឡក៏មានអំណរមិនយូរដែរ។ ទោះបីគេមានកម្ពស់រហូតដល់មេឃ ហើយក្បាលរបស់គេទើសពពកក្ដី ក៏គេមុខជាវិនាសរហូតតទៅ ដូចលាមករបស់ខ្លួនដែរ។ អស់អ្នកដែលធ្លាប់ស្គាល់អ្នកនោះនឹងពោលថា “តើគាត់ទៅណាបាត់ហើយ?” គេនឹងរសាត់បាត់ទៅ ដូចការយល់សប្ដិ គ្មាននរណាឃើញគេទៀតឡើយ គេនឹងរលាយសូន្យទៅ ដូចសុបិននិមិត្តនៅពេលយប់។ អ្នកដែលធ្លាប់ឃើញគេ នឹងលែងឃើញគេទៀតហើយ នៅកន្លែងដែលគេធ្លាប់ស្នាក់អាស្រ័យ ក៏គ្មាននរណាឃើញគេទៀតដែរ។ គេនឹងប្រគល់ទ្រព្យសម្បត្តិដែលខ្លួនរឹបអូសបាន ទៅឲ្យម្ចាស់ដើមវិញ ហើយកូនចៅរបស់គេក៏ត្រូវសងប្រាក់ជនក្រីក្រ តទៅមុខទៀត។ រូបរាងកាយរបស់គេពោរពេញ ដោយកម្លាំងរបស់យុវវ័យ តែកម្លាំងនេះនឹងរលាយទៅជាធូលីដី ជាមួយគេដែរ។ ទោះបីអំពើអាក្រក់មានរសជាតិផ្អែម នៅក្នុងមាត់របស់គេ ទោះបីគេលាក់វានៅក្រោមអណ្ដាត ទោះបីគេខំរក្សាទុក ដោយមិនលេប គឺបៀមទុកនៅក្នុងមាត់ក្ដី គង់តែអាហារនោះរលាយ ក្លាយដូចជាពិសរបស់ពស់អាសិរពិស នៅក្នុងពោះរបស់គេ។ គេបានលេបទ្រព្យសម្បត្តិចូលទៅក្នុងពោះ តែគេនឹងក្អួតចេញមកវិញ គឺព្រះជាម្ចាស់នឹងហូតយកទ្រព្យសម្បត្តិនោះ ចេញពីពោះរបស់គេ។ គេជញ្ជក់ពិសរបស់ពស់អាសិរពិស គេនឹងត្រូវស្លាប់ដោយពស់វែកចឹក។ គេនឹងលែងឃើញទឹកឃ្មុំ និងទឹកដោះគោ ដ៏សម្បូណ៌ហូរហៀរ ដូចទឹកជ្រោះ ទឹកទន្លេទៀតហើយ។ អ្វីៗដែលគេខំស្វែងរកនោះនឹងបាត់បង់ទៅវិញ គឺគេមិនអាចរក្សាទុកឡើយ ហើយគេក៏មិនបានសប្បាយនឹងទ្រព្យសម្បត្តិ ដែលគេរកស៊ីបាននោះដែរ។ គេជិះជាន់ និងបោះបង់ចោលជនក្រីក្រ គេរឹបអូសយកផ្ទះដែលខ្លួនមិនបានសង់។ គេមានចិត្តលោភលន់មិនចេះស្កប់ តែគេមិនអាចរក្សាទុកនូវអ្វីៗ ដែលគេពេញចិត្តនោះបានឡើយ។ គេត្របាក់លេបអ្វីៗទាំងអស់ ឥតមានសល់ តែភាពចម្រុងចម្រើនរបស់គេ នឹងមិននៅស្ថិតស្ថេររហូតទេ។ ក្នុងពេលកំពុងតែសម្បូណ៌សប្បាយ នោះគេបែរជាខ្វះខាតវិញ ទុក្ខវេទនាទាំងអស់នឹងគ្របសង្កត់លើគេ។ នៅពេលដែលគេកំពុងតែបំពេញក្រពះ នោះព្រះជាម្ចាស់ស្រោចព្រះពិរោធដ៏ខ្លាំងក្លា របស់ព្រះអង្គទៅលើគេ ទុកជាអាហារ។ ប្រសិនបើគេរត់គេចពីអាវុធដែក នោះធ្នូលង្ហិននឹងបាញ់ព្រួញទៅទម្លុះគេ ប្រសិនបើគេដកព្រួញចេញពីខ្លួន នោះមុខដាវដ៏មុតនឹងចាក់ទម្លុះ រហូតដល់ថ្លើមរបស់គេ។ ការភ័យតក់ស្លុតនឹងកើតមានដល់គេ។ ទ្រព្យសម្បត្តិរបស់គេនឹងវិនាសបាត់ ក្នុងភាពងងឹតអន្ធការ ភ្លើងដែលគ្មាននរណាបញ្ឆេះ នឹងមកបំផ្លាញគេ អ្វីៗដែលនៅសេសសល់ក្នុងផ្ទះរបស់គេ ក៏ឆេះអស់ដែរ។ ផ្ទៃមេឃលាតត្រដាងកំហុសរបស់គេ ផែនដីក្រោកឡើងប្រឆាំងនឹងគេ។ នៅថ្ងៃដែលព្រះជាម្ចាស់សម្តែងព្រះពិរោធ ទ្រព្យសម្បត្តិនៅក្នុងផ្ទះរបស់គេ នឹងត្រូវអ្នកដទៃរឹបអូសយកទៅអស់។ នេះជាចំណែកមត៌កដែលព្រះជាម្ចាស់ បម្រុងទុកសម្រាប់មនុស្សអាក្រក់»។
យ៉ូប 20:1-29 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះសូផារ ជាសាសន៍ន៉ាអាម៉ា ក៏ឆ្លើយឡើងថា គឺដោយហេតុនោះបានជាគំនិតខ្ញុំបណ្តាលឲ្យឆ្លើយ ដោយព្រោះសេចក្ដីរួសរាន់នៅក្នុងចិត្តខ្ញុំ ខ្ញុំបានឮសេចក្ដីបន្ទោសនោះ ដែលជាសេចក្ដីទំនាស់ចិត្តខ្ញុំ វិញ្ញាណនៃសេចក្ដីចេះដឹងរបស់ខ្ញុំក៏បណ្តាលឲ្យខ្ញុំឆ្លើយឡើង តើអ្នកមិនបានដឹងសេចក្ដីនេះទេឬអី ថាតាំងពីចាស់បុរាណមក គឺពីកាលព្រះបានដាក់មនុស្សឲ្យមាននៅផែនដី នោះការជ័យជំនះរបស់មនុស្សអាក្រក់នៅមិនយូរប៉ុន្មាន ហើយសេចក្ដីរីករាយរបស់មនុស្សទមិលល្មើសក៏នៅតែ១ភ្លែតទេ ទោះបើគេមានកំពស់ដល់ផ្ទៃមេឃ ហើយក្បាលគេលូតឡើងដល់ពពកក៏ដោយ គង់តែនឹងត្រូវវិនាសទៅជានិច្ច ដូចជាលាមករបស់ខ្លួនគេដែរ ឯពួកអ្នកដែលធ្លាប់ឃើញគេ នោះនឹងសួរថា តើគេនៅឯណា គេនឹងហោះហើរទៅបាត់ដូចជាសប្តិ ឥតមានអ្នកណាឃើញទៀតឡើយ អើ នឹងត្រូវបណ្តេញទៅដូចជាការជាក់ស្តែងនៅពេលយប់ផង នោះភ្នែកដែលធ្លាប់ឃើញគេ នឹងមិនឃើញគេទៀតទេ ហើយទីកន្លែងរបស់គេនឹងលែងឃើញគេដែរ កូនចៅគេនឹងសូមអង្វរដល់ពួកទាល់ក្រ ដៃរបស់ខ្លួនគេនឹងត្រូវប្រគល់ទ្រព្យសម្បត្តិទៅវិញ ឆ្អឹងគេពេញកំឡាំងដោយសណ្ឋាននៅក្មេង ប៉ុន្តែនឹងត្រូវដេកចុះ ទៅក្នុងធូលីដី ជាមួយនឹងខ្លួនគេដែរ។ ទោះបើសេចក្ដីអាក្រក់មានរសផ្អែមនៅក្នុងមាត់គេ ទោះបើគេលាក់សេចក្ដីនោះនៅក្រោមអណ្តាត ទោះបើលៃលកសំចៃទុក មិនចង់លេបចុះទៅ គឺបៀមទុកនៅតែក្នុងមាត់វិញក៏ដោយ គង់តែអាហារនៅក្នុងពោះគេបានប្រែក្លាយទៅ ឲ្យបានជាពិសនៃពស់ហនុមាននៅក្នុងខ្លួនគេដែរ គេបានលេបទ្រព្យសម្បត្តិចូលទៅ ហើយនឹងត្រូវក្អួតចេញមកវិញ ព្រះទ្រង់នឹងកំចាត់របស់ទាំងនោះចេញពីពោះគេ គេនឹងជញ្ជក់ពិសរបស់ពស់ហនុមាន ហើយនឹងស្លាប់ដោយសារអណ្តាតពស់វែក គេនឹងលែងមើលទឹកឃ្មុំដែលហូរដូចទឹកទន្លេ នឹងទឹកដោះដែលហូរដូចទឹកស្ទឹងទៀត អ្វីៗដែលគេខ្វល់ខ្វាយរកបាន នោះនឹងត្រូវប្រគល់ទៅវិញ ឥតទំពាលេបបានទេ គេនឹងប្រគល់ទៅវិញតាមចំនួន ឥតដែលបានសប្បាយចិត្តដោយសាររបស់ទាំងនោះឡើយ ពីព្រោះគេបានសង្កត់សង្កិន ឥតរមិលដល់ពួកទាល់ក្រ ក៏បានរឹបជាន់យកផ្ទះ១ដែលខ្លួនមិនបានសង់ផង។ មុខជាគេនឹងគ្មានសេចក្ដីសុខក្នុងចិត្តទេ ហើយនឹងទុករបស់ដែលគេពេញចិត្ត ឲ្យគង់នៅមិនបានឡើយ គ្មានសល់អ្វី ដែលគេមិនបានត្របាក់លេបចូលទៅនោះទេ ហេតុនោះសេចក្ដីចំរើនរបស់គេនឹងមិននៅស្ថិតស្ថេរឡើយ កាលណាដល់កំពូលនៃសេចក្ដីបរិបូរ នោះគេនឹងត្រូវខ្វះខាតវិញ ដៃនៃអស់អ្នកដែលមានសេចក្ដីលំបាកនឹងមកលើគេ ព្រះទ្រង់នឹងបោះសេចក្ដីក្រោធដ៏សហ័ស មកសំរាប់ចំអែតពោះគេ ហើយនឹងទំលាក់មកលើគេ ទុកសំរាប់ជាអាហារ គេនឹងរត់ចេញពីគ្រឿងដែក ហើយធ្នូលង្ហិននឹងបាញ់ទំលុះខ្លួន គេនឹងដកព្រួញចេញពីខ្លួនមក អើ មុខព្រួញដែលភ្លឺផ្លេកនឹងចេញពីពោះគេមក នោះសេចក្ដីតក់ស្លុតនឹងកើតឡើងដល់គេ អស់ទាំងសេចក្ដីងងឹតបានមកបំរុងនឹងបង្ខូចទ្រព្យសម្បត្តិគេ នឹងមានភ្លើងដែលឥតមនុស្សផ្លុំបានឆេះបំផ្លាញគេ ព្រមទាំងបន្សុសទាំងអស់ដែលសល់នៅក្នុងទីលំនៅគេផង ឯផ្ទៃមេឃក៏នឹងសំដែងពីសេចក្ដីទុច្ចរិតរបស់គេ ហើយទាំងផែនដីនឹងក្រោកឡើងទាស់នឹងគេដែរ ផលចំរើននៃពួកគ្រួគេនឹងចាកចេញទៅ ទាំងអស់នឹងហូរទៅបាត់នៅថ្ងៃនៃសេចក្ដីក្រោធរបស់ទ្រង់ នេះហើយជាចំណែកដែលមនុស្សអាក្រក់ត្រូវទទួលអំពីព្រះ ជាមរដកដែលព្រះទ្រង់ចែកឲ្យដល់គេ។