យ៉ូប 2:1-8
យ៉ូប 2:1-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
មានថ្ងៃមួយ ពេលដែលពួកកូនព្រះ បានទៅគាល់ព្រះយេហូវ៉ា ហើយសាតាំង ក៏នៅក្នុងចំណោមនោះ ដើម្បីគាល់ព្រះយេហូវ៉ាដែរ។ ព្រះយេហូវ៉ាមានព្រះបន្ទូលសួរសាតាំងថា៖ «តើឯងមកពីណា?» សាតាំងទូលឆ្លើយថា៖ «មកពីដើរចុះឡើងទៅមកនៅផែនដី»។ ព្រះយេហូវ៉ាមានព្រះបន្ទូលទៅសាតាំងថា៖ «តើឯងបានសង្កេតមើលយ៉ូប ជាអ្នកបម្រើរបស់យើងឬទេ? គ្មានអ្នកណាម្នាក់នៅផែនដីដូចគាត់ឡើយ ជាអ្នកដែលគ្រប់លក្ខណ៍ ហើយទៀតត្រង់ ក៏កោតខ្លាចដល់ព្រះ ចៀសចេញពីសេចក្ដីអាក្រក់ផង មួយទៀត ទោះបើឯងបណ្ដាលឲ្យយើងទាស់នឹងគាត់ ដើម្បីនឹងបំផ្លាញគាត់ ដោយឥតហេតុក៏ដោយ គង់តែគាត់នៅរក្សាលក្ខណៈដដែល»។ សាតាំងទូលតបថា៖ «ស្បែកឲ្យធួននឹងស្បែកចុះ មនុស្សសុខចិត្តលះបង់ទាំងអស់ចោល ដើម្បីឲ្យបានជីវិតគង់នៅ ប៉ុន្តែ បើព្រះអង្គគ្រាន់តែលូកព្រះហស្តទៅពាល់ដល់ឆ្អឹង និងសាច់គាត់ នោះគាត់នឹងប្រមាថដល់ព្រះអង្គ នៅចំពោះព្រះភក្ត្ររបស់ព្រះអង្គមិនខាន»។ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «មើល៍! យើងប្រគល់គាត់ទៅក្នុងអំណាចឯងហើយ ចូរប្រណីដល់តែជីវិតគាត់ប៉ុណ្ណោះ»។ ដូច្នេះ សាតាំងក៏ចេញពីព្រះយេហូវ៉ាទៅ ហើយធ្វើឲ្យលោកយ៉ូបកើតដំបៅដ៏អាក្រក់ ចាប់តាំងពីបាតជើងរហូតដល់ក្រយៅក្បាល។ លោកយកអំបែងឆ្នាំងសម្រាប់កោសខ្លួន ទៅអង្គុយនៅក្នុងផេះ។
យ៉ូប 2:1-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ថ្ងៃមួយ ពួកទេវតា*នាំគ្នាចូលមកគាល់ព្រះអម្ចាស់ ហើយមារសាតាំងក៏មកគាល់ព្រះអង្គជាមួយពួកគេដែរ។ ព្រះអម្ចាស់មានព្រះបន្ទូលទៅមារសាតាំងថា៖ «តើអ្នកមកពីណា?»។ សាតាំងទូលព្រះអង្គថា៖ «ទូលបង្គំទើបនឹងដើរកម្សាន្តជុំវិញផែនដី»។ ព្រះអម្ចាស់មានព្រះបន្ទូលទៅមារសាតាំងថា៖ «តើអ្នកសង្កេតឃើញយ៉ូប ជាអ្នកបម្រើរបស់យើងឬទេ? នៅលើផែនដីនេះ គ្មាននរណាម្នាក់ដូចយ៉ូបឡើយ គេជាមនុស្សទៀងត្រង់ និងសុចរិត គេគោរពកោតខ្លាចយើង ហើយចៀសវាងប្រព្រឹត្តអំពើអាក្រក់។ យ៉ូបនៅតែទៀងត្រង់ជានិច្ច អ្នកចង់ឲ្យយើងបំផ្លាញគេ ដោយឥតហេតុផល»។ មារសាតាំងទូលព្រះអម្ចាស់ថា៖ «ស្បែកសងស្បែក! មនុស្សសុខចិត្តប្រគល់អ្វីៗទាំងអស់ដែលខ្លួនមាន ដើម្បីឲ្យរួចជីវិត។ សូមព្រះអង្គធ្វើឲ្យរូបកាយគាត់ឈឺចាប់មើល៍ នោះគាត់មុខជាដាក់បណ្ដាសាព្រះអង្គមិនខាន»។ ព្រះអម្ចាស់មានព្រះបន្ទូលទៅមារសាតាំងថា៖ «យ៉ូបស្ថិតនៅក្នុងកណ្ដាប់ដៃរបស់អ្នកស្រាប់ហើយ តែធ្វើយ៉ាងណាក៏ដោយ កុំប៉ះពាល់ដល់ជីវិតគេឲ្យសោះ»។ ពេលនោះ មារសាតាំងចាកចេញពីព្រះអម្ចាស់ទៅ ហើយធ្វើឲ្យលោកយ៉ូបកើតដំបៅរីកពេញខ្លួន គឺចាប់ពីក្បាលរហូតដល់ចុងជើង។ លោកយ៉ូបអង្គុយនៅក្នុងផេះ ហើយយកអំបែងឆ្នាំងមកកោសខ្លួន។
យ៉ូប 2:1-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រួចមក មានកាល១ថ្ងៃទៀត ដែលពួកកូនព្រះបានទៅគាល់នៅចំពោះព្រះយេហូវ៉ា ហើយសាតាំងក៏នៅក្នុងចំណោមនោះ ដើម្បីគាល់ព្រះយេហូវ៉ាដែរ ព្រះយេហូវ៉ាទ្រង់មានបន្ទូលសួរសាតាំងថា ឯងមកពីណា សាតាំងទូលឆ្លើយថា មកពីដើរចុះឡើងទៅមកនៅផែនដី រួចព្រះយេហូវ៉ាទ្រង់សួរថា ឯងបានសង្កេតមើលយ៉ូប ជាអ្នកបំរើអញឬទេ ដ្បិតគ្មានអ្នកណាមួយនៅផែនដីឲ្យដូចគាត់ឡើយ ជាអ្នកដែលគ្រប់លក្ខណ៍ ហើយទៀងត្រង់ ក៏កោតខ្លាចដល់ព្រះ ហើយចៀសចេញពីសេចក្ដីអាក្រក់ផង មួយទៀត ទោះបើឯងបណ្តាលឲ្យអញទាស់នឹងគាត់ ដើម្បីនឹងបំផ្លាញចេញ ដោយឥតហេតុក៏ដោយ គង់តែគាត់នៅរក្សាលក្ខណៈខ្លួនដដែល សាតាំងទូលតបថា ស្បែកឲ្យធួននឹងស្បែកចុះ មនុស្សនឹងសុខចិត្តលះបង់ទាំងអស់ចោល ដើម្បីឲ្យបានជីវិតគង់នៅ ចូរទ្រង់គ្រាន់តែលូកព្រះហស្តទៅពាល់ដល់ឆ្អឹង នឹងសាច់គាត់ចុះ នោះគាត់នឹងប្រមាថដល់ទ្រង់ នៅចំពោះព្រះភក្ត្រ ព្រះយេហូវ៉ាមានបន្ទូលថា មើល អញប្រគល់គាត់ទៅក្នុងអំណាចឯងទៀត ចូរប្រណីដល់តែជីវិតគាត់ប៉ុណ្ណោះ។ ដូច្នេះ សាតាំងក៏ចេញពីចំពោះព្រះយេហូវ៉ា ទៅវាយយ៉ូបឲ្យកើតដំបៅដ៏អាក្រក់ ចាប់តាំងពីបាតជើងរហូតដល់ក្រយៅក្បាល នោះលោកយកអំបែងឆ្នាំងសំរាប់កោសខ្លួន ទៅអង្គុយនៅក្នុងផេះ