យ៉ូប 19:1-29

យ៉ូប 19:1-29 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​នោះ លោក​យ៉ូប​ឆ្លើយ​ថា៖ «តើ​អ្នក​រាល់​គ្នា​ធ្វើ​ទុក្ខ​ដល់​ព្រលឹង​ខ្ញុំ ហើយ​ជាន់​ឈ្លី‌ខ្ញុំ​ដោយ​ពាក្យ​សម្ដី ដល់​កាល​ណា​ទៀត? មាន​ដប់​ដង​ហើយ ដែល​អ្នក​រាល់​គ្នា​បាន​ដៀល‌ត្មះ​ខ្ញុំ តើ​អ្នក​រាល់​គ្នា​មិន​ខ្មាស​ទេឬ ដែល​ធ្វើ​បាប​ខ្ញុំ? ប្រសិន‌បើ​ខ្ញុំ​បាន​ធ្វើ​ខុស​មែន កំហុស​នោះ​នៅ​ជាប់​តែ​ខ្លួន​ខ្ញុំ​ទេ។ ប្រសិន‌បើ​អ្នក​រាល់​គ្នា​ចង់តម្កើង​ខ្លួន ដោយ​ធ្វើ​ទាស់​នឹង​ខ្ញុំ ហើយ​ជជែក​យក​ខុស​ត្រូវ ពី​សេចក្ដី​អាម៉ាស់​ខ្មាស​របស់​ខ្ញុំ ត្រូវ​ដឹង​ថា គឺ​ព្រះ​ដែល​បាន​ផ្តួល​ខ្ញុំ ហើយ​បាន​ព័ទ្ធ​ខ្ញុំ​ជុំ‌វិញ​ដោយ​មង​របស់​ព្រះ‌អង្គ។ ទោះ​បើ​ពេល​ដែល​ខ្ញុំ​ស្រែក​ថា "គេ​ធ្វើ​បាប​ខ្ញុំ​ហើយ" គ្មាន​អ្នកឆ្លើយ​សោះ ខ្ញុំ​ស្រែក​យ៉ាង​ខ្លាំង តែ​គ្មាន​អ្នក​រក​យុត្តិ‌ធម៌ឲ្យ​ខ្ញុំ​ឡើយ។ ព្រះ‌អង្គ​បាន​ធ្វើ​របង​រាំង​ផ្លូវ​ខ្ញុំ មិន​ឲ្យ​ទៅ​ណា​បាន ក៏​បាន​ធ្វើ​ឲ្យ​ផ្លូវ​ច្រក​របស់​ខ្ញុំ​ប្រែជា​ងងឹត។ ព្រះ‌អង្គ​បាន​ដោះ​កេរ្តិ៍​ឈ្មោះ​ខ្ញុំ​ចេញ ព្រម​ទាំង​ចាប់​យក​មកុដ​ចេញ​ពី​ក្បាល​ខ្ញុំ​ផង។ ព្រះ‌អង្គ​បាន​បំផ្លាញ​ខ្ញុំ​គ្រប់​ទិស ហើយ​ខ្ញុំ​កំពុង​តែ​វិនាស​ទៅ ឯ​សេចក្ដី​សង្ឃឹម​របស់​ខ្ញុំ ព្រះ‌អង្គ​បាន​រំលើង ដូច​ជា​ដើម​ឈើ ព្រះ‌អង្គ​បាន​បង្កាត់​សេចក្ដី​ក្រោធ របស់​ព្រះ‌អង្គ​ទាស់​នឹង​ខ្ញុំ ក៏​រាប់​ខ្ញុំ ទុក​ដូច​ជា​សត្រូវ​នឹង​ព្រះ‌អង្គ។ ពល​ទ័ព​របស់​ព្រះ‌អង្គ​ចូល​មក​ព្រមៗ​គ្នា ហើយ​លើក​ផ្លូវ​ឡើង​មក​ទាស់​នឹង​ខ្ញុំ ក៏​បោះ​ទ័ព​ព័ទ្ធ​ជុំ‌វិញ​ទី​លំនៅ​របស់​ខ្ញុំ​ដែរ។ ព្រះ‌អង្គ​បាន​ញែក​ពួក​បង‌ប្អូន​ខ្ញុំ​ចេញ​ឆ្ងាយ​ពី​ខ្ញុំ ហើយ​ពួក​អ្នក​ដែល​ខ្ញុំ​ស្គាល់ ក៏​ត្រឡប់​ទៅ​ជា​អ្នក​ដទៃ​ទាំង​អស់។ ញាតិ​សន្តាន​ខ្ញុំ​បាន​ទុក​ខ្ញុំ​ចោល ហើយ​មិត្ត​សម្លាញ់​ដែល​ជិត‌ស្និទ្ធ ក៏​ភ្លេច​ខ្ញុំ​អស់​ហើយ ភ្ញៀវ​នៅ​ក្នុង​ផ្ទះ​ខ្ញុំបានភ្លេច​ខ្ញុំហើយ ពួក​ស្រីបម្រើ​ក៏​ទុក​ខ្ញុំ​ដូច​ជា​អ្នក​ដទៃ ខ្ញុំ​ដូច​ជា​អ្នក​ដែល​គេ​មិន​ធ្លាប់​ស្គាល់។ ខ្ញុំ​ហៅ​អ្នក​បម្រើ​ខ្ញុំ តែ​វា​មិន​ឆ្លើយ​សោះ ទោះ​បើ​ខ្ញុំ​សូម​អង្វរ​យ៉ាង​ណា​ក៏​ដោយ។ ខ្យល់​មាត់​របស់​ខ្ញុំ​ជា​ទី​ស្អប់​ខ្ពើម​ដល់​ប្រពន្ធ​ខ្ញុំ ហើយ​សេចក្ដី​អង្វរ​របស់​ខ្ញុំ​ជា​ទី​ខ្ពើម​ដល់​បង‌ប្អូន​ពោះ​មួយ​នឹង​ខ្ញុំ​ដែរ។ ទោះ​ទាំង​កូន​ក្មេង​ក៏​មើល‌ងាយ​ដល់​ខ្ញុំ បើ​កាល​ណា​ខ្ញុំ​ក្រោក​ឡើង នោះ​វា​និយាយ​បង្កាច់​ខ្ញុំ។ ពួក​មិត្ត​សម្លាញ់​ជិត‌ស្និទ្ធ​ក៏​ខ្ពើម​ឆ្អើម​ខ្ញុំ ហើយ​ទាំង​ពួក​អ្នក​ដែល​ខ្ញុំ​បាន​ស្រឡាញ់​ថ្នម ក៏​ប្រែ​ជា​ទាស់​នឹង​ខ្ញុំ​វិញ។ ខ្ញុំ​នៅ​តែ​ស្បែក និង​ឆ្អឹង ហើយ​បាន​រស់ ដោយ​សារ​តែ​ស្បែក និង​ធ្មេញ​ប៉ុណ្ណោះ។ ឱ​អ្នក​រាល់​គ្នា ជា​សម្លាញ់​ខ្ញុំ​អើយ សូម​អាណិត​ខ្ញុំ សូម​អាណិត​ខ្ញុំ​ផង ដ្បិត​ព្រះ‌ហស្ត​នៃ​ព្រះ​បាន​ពាល់​ខ្ញុំ​ហើយ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា ដេញ​តាម​ខ្ញុំ​ដូច​ជា​ព្រះ​ដែរ ហើយ​មិន​ទាន់​ឆ្អែត​នឹង​សាច់​ខ្ញុំ​ទៀត? ឱ​ប្រសិន‌បើ​ពាក្យ​ខ្ញុំ​បាន​សរសេរ​ចុះ ឱ​បើ​បាន​កត់​ទុក​ក្នុង​សៀវភៅ​ទៅ​អេះ គឺ​បាន​ឆ្លាក់​នៅ​នឹង​ថ្ម​ដោយ​ដែក​ឆ្លាក់ ហើយ​នឹង​សំណ​ទុក​ជា​រៀង​រាប​ត​ទៅ ប៉ុន្តែ ខ្ញុំ​ដឹង​ថា ព្រះ​ដែល​លោះ​ខ្ញុំ ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់​នៅ ហើយនៅ​ទី​បំផុត ព្រះ‌អង្គ​នឹង​ឈរ​នៅ​លើ​ផែនដី ហើយ​ក្រោយ​ពី​សម្បក​កាយ​ខ្ញុំ​រលាយ​ទៅ នោះ​សាច់​ឈាម​ខ្ញុំ​នឹង​ឃើញ​ព្រះ ដែល​ខ្ញុំ គឺ​ខ្លួន​ខ្ញុំ​នេះ នឹង​ឃើញ​ដោយ​ខ្លួន​ខ្ញុំ មិន​មែន​អ្នក​ណា​ទៀត គឺ​ភ្នែក​ខ្ញុំ​នឹង​ឃើញ ចិត្ត​ខ្ញុំ​ក៏​ហេវ​ទៅ​នៅ​ក្នុង​ខ្លួន ដោយ​រង់‌ចាំ​ពេល​នោះ ដូច្នេះ បើ​អ្នក​រាល់​គ្នា​ពោល​ថា "ចាំ​មើល​យើង​នឹង​ធ្វើ​ទុក្ខ​វា​យ៉ាង​ណា" ហើយ​ឃើញ​ថា ដើម​ហេតុ​នោះ​គឺ​មក​ពី​ខ្ញុំ យ៉ាង​នោះ​ត្រូវ​ខ្លាច​ចំពោះ​ដាវ​ហើយ ដ្បិត​សេចក្ដី​ក្តៅ​ក្រហាយ នឹង​នាំ​ឲ្យ​មាន​ទោស​ដោយ​ដាវ​នោះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដឹង​ថា មាន​សេចក្ដី​យុត្តិ‌ធម៌​ដែរ»។

ចែក​រំលែក
អាន យ៉ូប 19

យ៉ូប 19:1-29 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​យ៉ូប​ឆ្លើយ​វិញ​ថា៖ «តើ​អស់​លោក​ធ្វើ​ឲ្យ ខ្ញុំ​កើត​ទុក្ខ​គ្រាំ‌គ្រា ហើយ​កម្ទេច​ខ្ញុំ ដោយ​ពាក្យ​សម្ដី​ដូច្នេះ​ដល់​កាល​ណា​ទៀត? អស់​លោក​ផ្ចាញ់‌ផ្ចាល​ខ្ញុំ​ដប់​ដង​ទៅ​ហើយ តើ​អស់​លោក​មិន​ចេះ​ខ្មាស ដោយ​ធ្វើ​បាប​ខ្ញុំ​បែប​នេះ​ទេ​ឬ? ប្រសិន​បើ​ខ្ញុំ​បាន​ធ្វើ​ខុស​មែន​នោះ កំហុស​នេះ​ទាក់ទង​នឹង​ខ្ញុំ​តែ​ប៉ុណ្ណោះ។ ប្រសិន​បើ​អស់​លោក​បន្តុះ‌បង្អាប់​ខ្ញុំ ដើម្បី​លើក​តម្កើង​ខ្លួន​ឯង ហើយ​យក​ទុក្ខ​វេទនា​របស់​ខ្ញុំ មក​ធ្វើ​ជា​ភស្ដុតាង​ចោទ​ថា​ខ្ញុំ​មាន​ទោស នោះ​តោង​ដឹង​ថា​ព្រះ‌ជាម្ចាស់​ទេ​តើ ដែល​ដាក់​កំហុស​នេះ​មក​លើ​ខ្ញុំ ព្រះអង្គ​បោះ​សំណាញ់​របស់​ព្រះអង្គ​មក​លើ​ខ្ញុំ។ ប្រសិន​បើ​ខ្ញុំ​ស្រែក​ហៅ​គេ​ជួយ ក៏​គ្មាន​នរណា​ឆ្លើយ ប្រសិន​បើ​ខ្ញុំ​ស្រែក​រក​យុត្តិធម៌ ក៏​គ្មាន​នរណា​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ​ដែរ។ ព្រះអង្គ​ឃាំង​ផ្លូវ​ខ្ញុំ​មិន​ឲ្យ​ទៅ​មុខ​រួច ព្រះអង្គ​ធ្វើ​ឲ្យ​ផ្លូវ​របស់​ខ្ញុំ​ប្រែ​ជា​ងងឹត។ ព្រះអង្គ​ដក​កិត្តិយស​ចេញ​ពី​ខ្ញុំ ព្រះអង្គ​យក​មកុដ​ចេញ​ពី​ក្បាល​របស់​ខ្ញុំ។ ព្រះអង្គ​ប្រហារ​ខ្ញុំ​ពី​គ្រប់​ទិស‌ទី ធ្វើ​ឲ្យ​ខ្ញុំ​វិនាស ព្រះអង្គ​រម្លើង​សេចក្ដី​សង្ឃឹម​របស់​ខ្ញុំ ដូច​គេ​រម្លើង​ដើម​ឈើ។ ព្រះ‌ពិរោធ​របស់​ព្រះអង្គ​ឆាប‌ឆេះ​មក​លើ​ខ្ញុំ ព្រះអង្គ​ចាត់​ទុក​ខ្ញុំ​ដូច​ជា​បច្ចា‌មិត្ត។ កង‌ទ័ព​របស់​ព្រះអង្គ​លើក​គ្នា​មក​វាយ​លុក​ខ្ញុំ ពួក​គេ​បោះ​ទ័ព​ព័ទ្ធ​ជុំ‌វិញ​លំ‌នៅ​ខ្ញុំ។ ព្រះអង្គ​ធ្វើ​ឲ្យ​បងប្អូន​ខ្ញុំ​ចេញ​ទៅ​ឆ្ងាយ​ពី​ខ្ញុំ អស់​អ្នក​ដែល​ធ្លាប់​ស្គាល់​ខ្ញុំ បាន​ក្លាយ​ជា​អ្នក​ដទៃ​ទៅ​វិញ។ សាច់‌ញាតិ​របស់​ខ្ញុំ​នាំ​គ្នា​បោះ​បង់​ចោល​ខ្ញុំ អ្នក​ជិត​ស្និទ្ធ​នឹង​ខ្ញុំ បាន​បំភ្លេច​ខ្ញុំ។ ភ្ញៀវ​របស់​ខ្ញុំ ព្រម​ទាំង​ស្រី​បម្រើ​របស់​ខ្ញុំ បាន​ចាត់​ទុក​ខ្ញុំ​ដូច​ជា​អ្នក​ដទៃ គេ​មើល​មក​ខ្ញុំ​ដូច​មនុស្ស​ដែល​មិន​ធ្លាប់​ស្គាល់។ ខ្ញុំ​ស្រែក​ហៅ​អ្នក​បម្រើ​របស់​ខ្ញុំ តែ​គេ​មិន​ឆ្លើយ​តប​វិញ​ទេ ទោះ​បី​ខ្ញុំ​ទទូច​អង្វរ​ហៅ​យ៉ាង​ណា​ក៏​ដោយ។ ដង្ហើម​របស់​ខ្ញុំ​ជះ​ក្លិន​អសោច ធ្វើ​ឲ្យ​ប្រពន្ធ​របស់​ខ្ញុំ​ទ្រាំ​មិន​បាន បងប្អូន​បង្កើត​របស់​ខ្ញុំ​ក៏​ខ្ពើម​ខ្ញុំ​ដែរ។ សូម្បី​តែ​ក្មេង‌ក្មាង ក៏​មើល‌ងាយ​ខ្ញុំ ពេល​ខ្ញុំ​ងើប​ឈរ​ឡើង នោះ​ពួក​វា​នាំ​គ្នា​និយាយ​ឡក‌ឡឺយ​ដាក់​ខ្ញុំ។ អស់​អ្នក​ដែល​ជិត​ស្និទ្ធ​នឹង​ខ្ញុំ នាំ​គ្នា​ស្អប់​ខ្ពើម​ខ្ញុំ អស់​អ្នក​ដែល​ខ្ញុំ​ស្រឡាញ់​បែរ​ជា​នាំ​គ្នា ប្រឆាំង​នឹង​ខ្ញុំ។ ខ្ញុំ​នៅ​សល់​តែ​ស្បែក និង​ឆ្អឹង ហើយ​វិះ‌តែ​នឹង​ស្លាប់​ទៀត​ផង។ មិត្ត‌ភក្ដិ​របស់​ខ្ញុំ​អើយ សូម​អាណិត​មេត្តា​ខ្ញុំ សូម​អាណិត​មេត្តា​ខ្ញុំ​ផង! ដ្បិត​ព្រះ‌ជាម្ចាស់​យក​ព្រះ‌ហស្ដ​វាយ​ខ្ញុំ។ ហេតុ​អ្វី​បាន​ជា​អស់​លោក​ដេញ​តាម​ខ្ញុំ ដូច​ព្រះ‌ជាម្ចាស់​យ៉ាង​នេះ អស់​លោក​ធ្វើ​ទុក្ខ​ខ្ញុំ​ប៉ុណ្ណឹង​ហើយ​មិន​ល្មម​ទេ​ឬ? សូម​ឲ្យ​ពាក្យ‌ពេចន៍​របស់​ខ្ញុំ​បាន​សរសេរ​ទុក គឺ​ចារ​ទុក​នៅ​ក្នុង​ក្រាំង​មួយ! សូម​ឲ្យ​គេ​ចារឹក​ពាក្យ​នេះ ដោយ​ដែក​ឆ្លាក់ និង​សំណ ទុក​នៅ​លើ​ផ្ទាំង​ថ្ម​រហូត​ត​ទៅ។ ប៉ុន្តែ ខ្ញុំ​ដឹង​ថា​ព្រះ​ដែល​លោះ​ខ្ញុំ ទ្រង់​មាន​ព្រះ‌ជន្ម​គង់​នៅ ព្រះអង្គ​នឹង​ក្រោក​ឈរ​ឡើង​ក្រោយ​គេ​បង្អស់ នៅ​លើ​ផែនដី។ ក្រោយ​ពេល​រូប​កាយ​របស់​ខ្ញុំ​រលាយ​បាត់​ទៅ នោះ​ខ្ញុំ​ផ្ទាល់​នឹង​ឃើញ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់ ខ្ញុំ​នឹង​ឃើញ​ព្រះអង្គ​ផ្ទាល់​នឹង​ភ្នែក គឺ​ព្រះអង្គ​ដែល​ខ្ញុំ​ធ្លាប់​ស្គាល់ ចិត្ត​ខ្ញុំ​រំជួល​រង់‌ចាំ​ពេល​នោះ។ អស់​លោក​ពោល​ថា “យើង​មិន​បាន​តាម​ធ្វើ​បាប​គាត់​ទេ ទុក្ខ​ទោស​របស់​គាត់​បណ្ដាល​មក​ពី ខ្លួន​គាត់​ផ្ទាល់​ទេ​តើ!” ចូរ​ខ្លាច​មុខ​ដាវ​ទៅ ដ្បិត​ការ​ចោទ​ប្រកាន់​របស់​អស់​លោក តែងតែ​ទទួល​ទោស​ដ៏​សាហាវ​បែប​នេះ​ឯង។ ពេល​នោះ អស់​លោក​មុខ​ជា​ដឹង​ថា ព្រះ‌ជាម្ចាស់​នឹង​វិនិច្ឆ័យ​ទោស​មនុស្ស»។

ចែក​រំលែក
អាន យ៉ូប 19

យ៉ូប 19:1-29 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នោះ​យ៉ូប​ក៏​ឆ្លើយ​ឡើង​ថា អ្នក​រាល់​គ្នា​នឹង​ធ្វើ​ទុក្ខ​ដល់​ព្រលឹង​ខ្ញុំ ហើយ​ឈ្លី‌ឈ្លក់​ខ្ញុំ​ដោយ​ពាក្យ​សំដី​ដល់​កាល​ណា​ទៀត មាន​ទាំង​១០​ដង​នេះ​ហើយ ដែល​អ្នក​រាល់​គ្នា​បាន​ដៀល‌ត្មះ​ខ្ញុំ ព្រម​ទាំង​បញ្ឈឺ​ចិត្ត​ខ្ញុំ​ដោយ​ឥត​ខ្មាស បើ​សិន​ជា​ខ្ញុំ​បាន​ធ្វើ​ខុស​មែន សេចក្ដី​កំហុស​នោះ​ក៏​នៅ​ជាប់​តែ​នឹង​ខ្លួន​ខ្ញុំ​ទេ បើ​សិន​ជា​អ្នក​រាល់​គ្នា​ចង់​ធ្វើ​ធំ​លើ​ខ្ញុំ ហើយ​ជជែក​យក​ខុស​ត្រូវ​ពី​សេចក្ដី​អាម៉ាស់​ខ្មាស​របស់​ខ្ញុំ​នេះ នោះ​ត្រូវ​ដឹង​ថា គឺ​ព្រះ​ដែល​បាន​ផ្តួល​ខ្ញុំ ហើយ​បាន​ព័ទ្ធ​ខ្ញុំ​ជុំវិញ​ដោយ​មង​របស់​ទ្រង់។ មើល ខ្ញុំ​ស្រែក​ឡើង​ថា ខ្ញុំ​ត្រូវ​គេ​ធ្វើ​អាក្រក់​ហើយ តែ​គ្មាន​អ្នក​ណា​ឮ​សោះ ខ្ញុំ​ស្រែក​ឲ្យ​គេ​ជួយ តែ​គ្មាន​សេចក្ដី​យុត្តិ‌ធម៌​ឡើយ ទ្រង់​បាន​ធ្វើ​របង​រាំង​ផ្លូវ​ខ្ញុំ មិន​ឲ្យ​ទៅ​ណា​បាន ក៏​បាន​ធ្វើ​ឲ្យ​ផ្លូវ​ច្រក​របស់​ខ្ញុំ​ងងឹត​ទៅ ទ្រង់​បាន​ដោះ​កេរ្តិ៍​ឈ្មោះ​ខ្ញុំ​ចេញ ព្រម​ទាំង​ចាប់​យក​មកុដ​ពី​ក្បាល​ខ្ញុំ​ចេញ​ផង ទ្រង់​បាន​បំផ្លាញ​ខ្ញុំ​ពី​គ្រប់​ទិស ហើយ​ខ្ញុំ​កំពុង​តែ​ទៅ​បាត់ ឯ​សេចក្ដី​សង្ឃឹម​របស់​ខ្ញុំ នោះ​ទ្រង់​បាន​រំលើង​ចេញ ដូច​ជា​ដើម​ឈើ ទ្រង់​បាន​បង្កាត់​សេចក្ដី​ក្រោធ​របស់​ទ្រង់​ទាស់​នឹង​ខ្ញុំ ក៏​រាប់​ខ្ញុំ ទុក​ដូច​ជា​សត្រូវ​នឹង​ទ្រង់ ពល​ទ័ព​របស់​ទ្រង់​ចូល​មក​ព្រមៗ​គ្នា ហើយ​លើក​ថ្នល់​មក​ទាស់​នឹង​ខ្ញុំ ក៏​បោះ​ទ័ព​ព័ទ្ធ​ជុំវិញ​ទី​លំនៅ​របស់​ខ្ញុំ​ដែរ។ ទ្រង់​បាន​ញែក​ពួក​បង​ប្អូន​ខ្ញុំ​ចេញ​ឆ្ងាយ​ពី​ខ្ញុំ ហើយ​ពួក​អ្នក​ដែល​ខ្ញុំ​ស្គាល់ ក៏​ត្រឡប់​ទៅ​ជា​អ្នក​ដទៃ​ទាំង​អស់ ញាតិ​សន្តាន​ខ្ញុំ​បាន​ទុក​ខ្ញុំ​ចោល ហើយ​មិត្រ​សំឡាញ់​ដែល​ជិត‌ស្និទ្ធ ក៏​ភ្លេច​ខ្ញុំ​អស់​ហើយ ទាំង​ពួក​អ្នក​នៅ​ផ្ទះ​ខ្ញុំ នឹង​បាវ​ស្រី ក៏​ទុក​ខ្ញុំ​ដូច​ជា​អ្នក​ដទៃ ខ្ញុំ​ដូច​ជា​អ្នក​កន្ទៀត​ដល់​ភ្នែក​គេ ខ្ញុំ​ហៅ​អ្នក​បំរើ​ខ្ញុំ តែ​វា​មិន​ឆ្លើយ​សោះ ទោះ​បើ​ខ្ញុំ​សូម​អង្វរ​វា​ផង ខ្យល់​មាត់​របស់​ខ្ញុំ​ជា​ទី​ស្អប់​ខ្ពើម​ដល់​ប្រពន្ធ​ខ្ញុំ ហើយ​សេចក្ដី​អង្វរ​របស់​ខ្ញុំ​ជា​ទី​ខ្ពើម​ដល់​បង​ប្អូន​ពោះ​១​នឹង​ខ្ញុំ​ដែរ ទោះ​ទាំង​កូន​ក្មេង​ក៏​មើល‌ងាយ​ដល់​ខ្ញុំ បើ​កាល​ណា​ខ្ញុំ​ក្រោក​ឡើង នោះ​វា​និយាយ​បង្កាច់​ខ្ញុំ ពួក​មិត្រ​សំឡាញ់​ជិត‌ស្និទ្ធ​ក៏​ខ្ពើម​ឆ្អើម​ខ្ញុំ ហើយ​ទាំង​ពួក​អ្នក​ដែល​ខ្ញុំ​បាន​ស្រឡាញ់​ថ្នម ក៏​ប្រែ​ជា​ទាស់​នឹង​ខ្ញុំ​វិញ ឆ្អឹង​ខ្ញុំ​នៅ​ជាប់​នឹង​ស្បែក ហើយ​នឹង​សាច់​ខ្ញុំ ខ្ញុំ​រួច​បាន​តែ​ជីវិត​ប៉ុណ្ណោះ ឱ​អ្នក​រាល់​គ្នា ជា​សំឡាញ់​ខ្ញុំ​អើយ សូម​អាណិត​ខ្ញុំ សូម​អាណិត​ខ្ញុំ​ផង ដ្បិត​ព្រះ‌ហស្ត​នៃ​ព្រះ​បាន​ពាល់​ខ្ញុំ​ហើយ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ដេញ​តាម​ខ្ញុំ​ដូច​ជា​ព្រះ​ដែរ ហើយ​មិន​ទាន់​ឆ្អែត​នឹង​សាច់​ខ្ញុំ​ទៀត ឱ​បើ​សិន​ជា​ពាក្យ​ខ្ញុំ​បាន​សរសេរ​ចុះ ឱ​បើ​បាន​កត់​ទុក​ក្នុង​សៀវភៅ​ទៅ​អេះ គឺ​បាន​ឆ្លាក់​នៅ​នឹង​ថ្ម​ដោយ​ដែក​ឆ្លាក់ ហើយ​នឹង​សំណ​ទុក​ជា​រៀង​រាប​ត​ទៅ ប៉ុន្តែឯ​ខ្ញុំៗ​ដឹង​ថា អ្នក​ដែល​លោះ​ខ្ញុំ​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​នៅ ហើយ​ដល់​ជាន់​ក្រោយ ទ្រង់​នឹង​មក​ឈរ​នៅ​លើ​ផែនដី ហើយ​ក្រោយ​ដែល​សំបក​កាយ​ខ្ញុំ​នេះ​ត្រូវ​រលាយ​ទៅ គឺ​ក្រៅ​ពី​រាង​កាយ​នោះ​ខ្ញុំ​នឹង​បាន​ឃើញ​ព្រះ ដែល​ខ្ញុំ គឺ​ខ្លួន​ខ្ញុំ​នេះ នឹង​ឃើញ​ដោយ​ខ្លួន​ខ្ញុំ មិន​មែន​អ្នក​ណា​ទៀត គឺ​ភ្នែក​ខ្លួន​ខ្ញុំ​នឹង​បាន​ឃើញ​ទ្រង់ ចិត្ត​ខ្ញុំ​ក៏​ហេវ​ទៅ​នៅ​ក្នុង​ខ្លួន ដោយ​រង់‌ចាំ​ពេល​នោះ ដូច្នេះ បើ​អ្នក​រាល់​គ្នា​ពោល​ថា ចាំ​មើល​យើង​នឹង​ធ្វើ​ទុក្ខ​វា​យ៉ាង​ណា ដោយ​យល់​ឃើញ​ថា ដើម​ហេតុ​នៃ​សេចក្ដី​នេះ​នៅ​ក្នុង​ខ្លួន​ខ្ញុំ យ៉ាង​នោះ​ត្រូវ​ឲ្យ​ខ្លាច​ចំពោះ​ដាវ​ចុះ ដ្បិត​សេចក្ដី​ក្តៅ​ក្រហាយ​នឹង​នាំ​ឲ្យ​មាន​ទោស​ដោយ​ដាវ​នោះ​ឯង ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដឹង​ថា មាន​សេចក្ដី​យុត្តិ‌ធម៌​ដែរ។

ចែក​រំលែក
អាន យ៉ូប 19