យ៉ូប 17:1-16

យ៉ូប 17:1-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

វិញ្ញាណ​ខ្ញុំខ្ទេច​ខ្ទាំ​អស់​ហើយ អាយុ​របស់​ខ្ញុំ​ចេះ​តែកន្លង​ទៅ ផ្នូរ​ក៏​រង់‌ចាំ​ខ្ញុំ។ នៅ​ជុំ​វិញ​ខ្ញុំ​មាន​សុទ្ធ​តែ​មនុស្ស​ឡក‌ឡឺយ ហើយ​ភ្នែក​ខ្ញុំ​ត្រូវ​មើល​សេចក្ដី​ចាក់​រុក របស់​គេ​ជា‌និច្ច។ សូម​ព្រះ‌អង្គ​ប្រោស​មេត្តា ធានា​ឲ្យ​ទូល‌បង្គំ ចំពោះ​ព្រះ‌អង្គ​ផង បើ​ពុំ​នោះ តើ​មាន​អ្នក​ណា​នឹង​ចាប់​ដៃ យល់​ព្រម​នឹង​ទូល‌បង្គំ​បាន? ដ្បិត​ព្រះ‌អង្គ​បាន​បង្ខាំង​ចិត្ត​គេ​ចេញ​ពី​យោបល់ ហេតុ​នោះ ព្រះ‌អង្គ​នឹង​មិន​តម្កើង​គេ​ឡើយ។ គេ​លួង​លោម​មិត្ត​សម្លាញ់​ខ្លួន ឲ្យ​តែ​បាន​ទ្រព្យ​សម្បត្តិ ហើយ​ភ្នែក​របស់​កូន​គេ​កាន់​តែ​ងងឹត។ ប៉ុន្តែ ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ទៅ​ជា​សេចក្ដី​ប្រៀប‌ធៀប ដល់​មនុស្ស ហើយ​គេ​ស្តោះ​ដាក់​ចំ​មុខ​ខ្ញុំ។ ភ្នែក​ខ្ញុំ​ក៏​ស្រវាំង ដោយ​សេចក្ដី​ទុក្ខ​ព្រួយ ហើយ​អវយវៈ​រូប​កាយ​ខ្ញុំ​ទាំង​អស់ ទុក​ដូច​ជា​ស្រមោល​ទទេ។ មនុស្ស​ទៀង​ត្រង់​នឹង​មាន​សេចក្ដី​អស្ចារ្យ ពី​ដំណើរ​នេះ ហើយ​មនុស្ស​ផូរ‌ផង់ គេ​នឹង​លើក​គ្នា ទាស់​នឹង​មនុស្ស​ទមិឡ​ល្មើស។ ចំណែក​អ្នក​សុចរិត គេ​នឹង​ព្យាយាម​ក្នុង​ផ្លូវ​គេ ហើយ​អ្នក​ណា​ដែល​មាន​ដៃ​ស្អាត អ្នក​នោះ​នឹង​មាន​កម្លាំង​កាន់​តែ​ខ្លាំង​ឡើង។ ចំណែក​អ្នក​រាល់​គ្នា សូម​អញ្ជើញ​មក​វិញ តែ​ក្នុង​ពួក​អ្នក​រាល់​គ្នា ខ្ញុំ​មិន​ឃើញ​អ្នក​ណា​មួយ ដែល​មាន​ប្រាជ្ញា​ឡើយ។ អស់​ទាំង​ថ្ងៃ​អាយុ​ខ្ញុំ​បាន​កន្លង​ហួស​ទៅ គម្រោង​ការ​របស់​ខ្ញុំ​ត្រូវ​រលាយ គឺ​អស់​ទាំង​បំណង​របស់​ខ្ញុំ​បាន​កាត់​ផ្តាច់​ហើយ។ គេ​ថា "ធ្វើ​ឲ្យ​យប់​ទៅ​ជា​ថ្ងៃ ពន្លឺ​នៅ​ក្បែរ​ងងឹត​ដែរ"។ បើ​កាល​ណា​ខ្ញុំ​សង្ឃឹម​នឹង​ឲ្យ​បាន ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ទុក​ជា​ទី​លំនៅ​ខ្ញុំ បើ​ខ្ញុំ​ក្រាល​កន្ទេល​ដេក​របស់​ខ្ញុំ​នៅ​ស្ថាន​ងងឹត បើ​ខ្ញុំ​ពោល​ដល់​ផ្នូរ​ថា "ឯង​ជា​ឪពុក​ខ្ញុំ" ហើយ​ពោល​ទៅ​ដង្កូវ​ថា "ឯង​ជា​ម្តាយ ឬ​ជា​បង‌ប្អូន​ស្រី​របស់​ខ្ញុំ" តើ​សេចក្ដី​សង្ឃឹម​របស់​ខ្ញុំ​នៅ​ឯ​ណា? តើ​មាន​អ្នក​ណា​ឃើញ​សេចក្ដី​សង្ឃឹម​របស់​ខ្ញុំទេ? តើ​វា​នឹង​ចុះ​ទៅ​ឯ​ទ្វារ នៃ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់? តើ​យើង​នឹង​ចុះ​ទៅ​ជា‌មួយ​គ្នា ចូល​ក្នុង​ធូលី​ដីឬ?»។

ចែក​រំលែក
អាន យ៉ូប 17

យ៉ូប 17:1-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ដង្ហើម​របស់​ខ្ញុំ​ចង់​ផុត អាយុ​ជីវិត​របស់​ខ្ញុំ​ជិត​រលត់ ហើយ​ផ្នូរ​ក៏​នៅ​រង់‌ចាំ​ខ្ញុំ។ ជន​មើល‌ងាយ​ស្ថិត​នៅ​ជុំ‌វិញ​ខ្ញុំ ពាក្យ​ចំអក​របស់​ពួក​គេ​ធ្វើ​ឲ្យ​ខ្ញុំ ដេក​មិន​លក់។ ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​ការពារ​ទូលបង្គំ​ផង ដ្បិត​ក្រៅ​ពី​ព្រះអង្គ គ្មាន​នរណា​ផ្សេង ហ៊ាន​ធានា​រ៉ាប់​រង​ទូលបង្គំ​ទេ។ ព្រះអង្គ​បាន​ខ្ទប់​ចិត្ត​របស់​ពួក​គេ មិន​ឲ្យ​ស្វែង​យល់ ដូច្នេះ សូម​កុំ​ឲ្យ​ពួក​គេ​ឈ្នះ​ឡើយ។ ពួក​គេ​ជា​មនុស្ស​ដែល​ហៅ​មិត្ត‌ភក្ដិ មក​ចែក​ទ្រព្យ​សម្បត្តិ តែ​មិន​ទុក​ឲ្យ​កូន​ចៅ​ទទួល​ចំណែក​ទេ។ ព្រះ‌ជាម្ចាស់​ធ្វើ​ឲ្យ​ប្រជា‌ជន​ទាំង‌ឡាយ យក​រឿង​ខ្ញុំ​ទៅ​និយាយ​លេង​សើច ពួក​គេ​ស្ដោះ​ទឹក​មាត់​ដាក់​មុខ​ខ្ញុំ។ ភ្នែក​របស់​ខ្ញុំ​ប្រែ​ជា​ស្រវាំង ព្រោះ​តែ​ទុក្ខ​ព្រួយ រូប​កាយ​របស់​ខ្ញុំ​នៅ​សល់​តែ​ស្បែក និង​ឆ្អឹង។ មនុស្ស​ទៀង​ត្រង់​នាំ​គ្នា​ស្រឡាំង‌កាំង ហើយ​មនុស្ស​ស្លូត​ត្រង់​ចាត់​ទុក​ខ្ញុំ​ជា មនុស្ស​ទមិឡ។ មនុស្ស​សុចរិត​នៅ​ប្រកាន់​ជំហរ​របស់​ខ្លួន ត​ទៅ​មុខ​ទៀត ហើយ​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​បរិសុទ្ធ កាន់​តែ​ប្រព្រឹត្ត​អំពើ​បរិសុទ្ធ​ថែម​ទៀត។ ចំណែក​ឯ​អស់​លោក សូម​អញ្ជើញ​មក​វិញ ហើយ​ថ្លែង​សា​ជា​ថ្មី​ចុះ ខ្ញុំ​មុខ​ជា​ឃើញ​ថា ក្នុង​ចំណោម​អស់​លោក គ្មាន​អ្នក​ប្រាជ្ញ​សោះ​ឡើយ។ អាយុ​ជីវិត​ខ្ញុំ​ដល់​ទី​បញ្ចប់ គម្រោង‌ការ​ផ្សេងៗ​របស់​ខ្ញុំ​រលាយ​សូន្យ សេចក្ដី​ប៉ង‌ប្រាថ្នា​របស់​ខ្ញុំ​ក៏​ផុត​រលត់​ដែរ។ មិត្ត‌ភក្ដិ​របស់​ខ្ញុំ​នាំ​គ្នា​អះ‌អាង​ថា​យប់​ជា​ថ្ងៃ ហើយ​ពេល​ងងឹត​ចូល​មក​ដល់ ពួក​គេ​ពោល​ថា ជិត​ភ្លឺ​ហើយ។ ក៏​ប៉ុន្តែ សេចក្ដី​សង្ឃឹម​តែ​មួយ​របស់​ខ្ញុំ គឺ​ស្ថាន​មច្ចុរាជ ខ្ញុំ​រៀបចំ​ដំណេក​របស់​ខ្ញុំ​ក្នុង​ភាព​ងងឹត។ ខ្ញុំ​ហៅ​រណ្ដៅ​ថា​ជា​ឪពុក​របស់​ខ្ញុំ ហៅ​ដង្កូវ​ថា​ជា​ម្ដាយ និង​បង​ស្រី​របស់​ខ្ញុំ។ តើ​សេចក្ដី​សង្ឃឹម​របស់​ខ្ញុំ​នៅ​ឯ​ណា? មាន​នរណា​ឃើញ​សេចក្ដី​សង្ឃឹម​របស់​ខ្ញុំ​ឬ​ទេ? សេចក្ដី​សង្ឃឹម​នឹង​ចុះ​ទៅ​កាន់​ស្ថាន​មនុស្ស​ស្លាប់ ហើយ​ស្ថិត​នៅ​ក្នុង​ធូលី​ដី​ជា​មួយ​ខ្ញុំ»។

ចែក​រំលែក
អាន យ៉ូប 17

យ៉ូប 17:1-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ជីវិត​ខ្ញុំ​ស្បើយ​អស់​ហើយ ថ្ងៃ​អាយុ​ខ្ញុំ​ក៏​ផុត​ទៅ ផ្នូរ​ក៏​រង់‌ចាំ​ខ្ញុំ នៅ​ជា​មួយ​នឹង​ខ្ញុំ​មាន​សុទ្ធ​តែ​ជា​មនុស្ស​ឡក‌ឡឺយ ហើយ​ភ្នែក​ខ្ញុំ​ត្រូវ​មើល​សេចក្ដី​ចាក់‌រុក​របស់​គេ​ជានិច្ច។ សូម​ទ្រង់​ប្រោស​មេត្តា ធានា​ឲ្យ​ទូលបង្គំ​ចំពោះ​ព្រះ‌អង្គ​ទ្រង់​ផង បើ​ពុំ​នោះ តើ​មាន​អ្នក​ណា​នឹង​ចាប់​ដៃ​យល់​ព្រម​នឹង​ទូលបង្គំ​បាន ដ្បិត​ទ្រង់​បាន​បង្ខាំង​ចិត្ត​គេ​ចេញ​ពី​យោបល់ ហេតុ​នោះទ្រង់​នឹង​មិន​ដំកើង​គេ​ឡើង​ឡើយ គេ​លួង‌លោម​មិត្រ​សំឡាញ់​ខ្លួន​ឲ្យ​តែ​បាន​របឹប ហើយ​កូន​ចៅ​គេ​កាន់​តែ​ងងឹត​ភ្នែក​ទៅ។ ប៉ុន្តែទ្រង់​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ទៅ​ជា​សេចក្ដី​ប្រៀប‌ធៀប​ដល់​មនុស្ស​ទួទៅ ហើយ​គេ​ស្តោះ​ដាក់​ចំ​មុខ​ខ្ញុំ ភ្នែក​ខ្ញុំ​ក៏​ស្រវាំង ដោយ​សេចក្ដី​ទុក្ខ​ព្រួយ ហើយ​អវយវៈ​រូប‌កាយ​ខ្ញុំ​ទាំង​អស់​ទុក​ដូច​ជា​ស្រមោល​ទទេ មនុស្ស​ទៀង​ត្រង់​នឹង​មាន​សេចក្ដី​អស្ចារ្យ​ពី​ដំណើរ​នេះ ហើយ​មនុស្ស​ផូរ‌ផង់ គេ​នឹង​លើក​គ្នា​ទាស់​នឹង​មនុស្ស​ទមិល​ល្មើស ចំណែក​អ្នក​សុចរិត គេ​នឹង​ព្យាយាម​ក្នុង​ផ្លូវ​គេ ហើយ​អ្នក​ណា​ដែល​មាន​ដៃ​ស្អាត អ្នក​នោះ​នឹង​មាន​កំឡាំង​កាន់​តែ​ខ្លាំង​ឡើង ត្រង់​ឯ​អ្នក​រាល់​គ្នា អញ្ជើញ​មក​វិញ អើ សូម​មក​ចុះ តែ​ក្នុង​ពួក​អ្នក​រាល់​គ្នា ខ្ញុំ​មិន​ឃើញ​អ្នក​ណា​មួយ​ដែល​មាន​ប្រាជ្ញា​ឡើយ អស់​ទាំង​ថ្ងៃ​នៃ​អាយុ​ខ្ញុំ​បាន​កន្លង​ហួស​ទៅ ឯ​សេចក្ដី​តាំង​ចិត្ត​របស់​ខ្ញុំ គឺ​អស់​ទាំង​បំណង​របស់​ខ្ញុំ​បាន​កាត់​ផ្តាច់​ហើយ ក៏​ធ្វើ​ឲ្យ​យប់​ដូច​ជា​ថ្ងៃ​វិញ ឯ​ពន្លឺ​ក៏​ប្រហែល​គ្នា​នឹង​ងងឹត​ដែរ បើ​កាល​ណា​ខ្ញុំ​សង្ឃឹម​នឹង​ឲ្យ​បាន​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ទុក​ជា​ទី​លំនៅ​ខ្ញុំ បើ​ខ្ញុំ​ក្រាល​កន្ទេល​ដេក​របស់​ខ្ញុំ​នៅ​ស្ថាន​ងងឹត បើ​ខ្ញុំ​ពោល​ដល់​ផ្នូរ​ថា ឯង​ជា​ឪពុក​អញ ហើយ​ដល់​ដង្កូវ​ថា ឯង​ជា​ម្តាយ ឬ​ជា​បង​ប្អូន​ស្រី​អញ យ៉ាង​នោះ​តើ​មាន​សេចក្ដី​សង្ឃឹម​ឯ​ណា ចំណែក​ឯ​សេចក្ដី​សង្ឃឹម​របស់​ខ្ញុំ តើ​អ្នក​ណា​នឹង​ឃើញ​បាន នោះ​នឹង​ចុះ​ទៅ​ឯ​ទ្វារ​នៃ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ក្នុង​កាល​ដែល​យើង​បាន​សំរាក​ជា​មួយ​គ្នា​ក្នុង​ធូលី​ដី។

ចែក​រំលែក
អាន យ៉ូប 17