យ៉ូប 16:1-22
យ៉ូប 16:1-22 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នោះលោកយ៉ូបឆ្លើយឡើងថា៖ «ខ្ញុំបានឮសេចក្ដីយ៉ាងនោះជាច្រើនហើយ អ្នករាល់គ្នាសុទ្ធតែជាអ្នកកម្សាន្តចិត្ត ដែលនាំឲ្យល្វើយវិញ។ តើពាក្យជាអសារឥតការទាំងនេះចប់ត្រឹមណា? តើមានអ្វីបណ្ដាលអ្នករាល់គ្នាឲ្យតបមកដូច្នេះ? ខ្ញុំក៏និយាយដូចជាអ្នករាល់គ្នាបានដែរ ប្រសិនបើព្រលឹងរបស់អ្នករាល់គ្នា ជួបនឹងស្ថានការដូចខ្ញុំ នោះខ្ញុំនឹងរកពាក្យមកទាស់នឹងអ្នករាល់គ្នា ព្រមទាំងគ្រវីក្បាលដាក់អ្នករាល់គ្នាដែរ។ ប៉ុន្តែ ខ្ញុំនឹងបញ្ចេញពាក្យចម្រើនកម្លាំង ដល់អ្នករាល់គ្នាវិញ ហើយបបូរមាត់ខ្ញុំនឹងរកបន្ធូរទុក្ខ របស់អ្នករាល់គ្នា។ តែឥឡូវនេះ ទោះបើខ្ញុំនិយាយ ក៏សេចក្ដីទុក្ខព្រួយរបស់ខ្ញុំមិនថយចេញពីខ្ញុំដែរ ហើយបើនៅស្ងៀម តើវាចេញពីខ្ញុំយ៉ាងណាទៅ? ប្រាកដមែន ព្រះបានធ្វើឲ្យខ្ញុំល្វើយទៅ ព្រះអង្គបានធ្វើឲ្យក្រុមគ្រួសាររបស់ខ្ញុំ វិនាសអស់ហើយ។ ព្រះអង្គបានធ្វើឲ្យខ្ញុំនៅសល់តែស្បែក និងឆ្អឹង ដែលជាទីបន្ទាល់មួយទាស់នឹងខ្ញុំ ហើយអាការៈស្គមស្គាំងរបស់ខ្ញុំ ក៏ទាស់នឹងខ្ញុំដែរ គឺវាក្រោកឡើងធ្វើបន្ទាល់នៅមុខខ្ញុំ។ ព្រះបានហែកហួរខ្ញុំ ដោយសេចក្ដីក្រោធ របស់ព្រះអង្គ ព្រមទាំងស្អប់ខ្ញុំផង ព្រះអង្គសង្កៀតធ្មេញដាក់ខ្ញុំ ខ្មាំងសត្រូវរបស់ខ្ញុំ បានសំលៀងភ្នែកទាស់នឹងខ្ញុំ។ ពួកគេបានហាមាត់គំរាមខ្ញុំ គេបានទះកំផ្លៀងបង្អៀនខ្ញុំ ហើយប្រមូលគ្នាទាស់នឹងខ្ញុំ។ ព្រះបានប្រគល់ខ្ញុំទៅឯអាទមិឡល្មើស ហើយបានបោះបង់ចោលខ្ញុំ ទៅក្នុងកណ្ដាប់ដៃនៃមេកំណាច។ ពីដើមខ្ញុំមានសេចក្ដីសុខ តែព្រះអង្គបានបំបាក់បំបែកខ្ញុំ ព្រះអង្គបានចាប់កញ្ចឹងកខ្ញុំ ទាំងបោកខ្ញុំកម្ទេចផង ព្រះអង្គបានបញ្ឈរខ្ញុំឡើង ទុកជាផ្ទាំងស៊ីបរបស់ព្រះអង្គ។ ពួកពលធ្នូរបស់ព្រះអង្គឡោមព័ទ្ធខ្ញុំ ព្រះអង្គពុះចិត្តថ្លើមខ្ញុំជាពីរឥតត្រាប្រណីឡើយ ទាំងចាក់ទឹកប្រមាត់ខ្ញុំចុះដល់ដី។ ព្រះអង្គចាក់ទម្លុះខ្ញុំម្ដងហើយម្ដងទៀត ព្រះអង្គក៏រត់ចូលមកលើខ្ញុំ ដូចជាមនុស្សខ្លាំងពូកែ។ ខ្ញុំបានដេរសំពត់ធ្មៃភ្ជាប់លើស្បែកខ្ញុំ ហើយបានដាក់អំណាចខ្ញុំចុះក្នុងធូលីដី។ ខ្ញុំយំឡើងហើមភ្នែក ហើយភ្នែកខ្ញុំត្រូវរូងខ្មៅ។ ទោះយ៉ាងណា ក៏គ្មានសេចក្ដីអយុត្តិធម៌ នៅក្នុងដៃខ្ញុំ ហើយសេចក្ដីអធិស្ឋានខ្ញុំគឺបរិសុទ្ធ។ ឱ ផែនដីអើយ កុំគ្របបាំងឈាមខ្ញុំឡើយ ហើយកុំឲ្យសម្រែករបស់ខ្ញុំ ឈប់ឈរនៅកន្លែងណាឡើយ។ ឥឡូវនេះ មើលចុះ ទីបន្ទាល់របស់ខ្ញុំនៅលើស្ថានសួគ៌ ហើយសាក្សីរបស់ខ្ញុំនៅលើស្ថានដ៏ខ្ពស់។ ឯពួកមិត្តរបស់ខ្ញុំ គេឡកឡឺយដាក់ខ្ញុំ ខ្ញុំស្រក់ទឹកភ្នែកនៅចំពោះព្រះ ខ្ញុំត្រូវការមនុស្សម្នាក់ ធ្វើជាអ្នកកណ្ដាល រវាងមនុស្ស និងព្រះ ដូចជាមនុស្សម្នាក់ ដែលសម្រុះសម្រួល រវាងមិត្តសម្លាញ់របស់ខ្លួន។ ដ្បិតនៅមិនយូឆ្នាំទេ ពេលកំណត់នឹងមកដល់ នោះខ្ញុំនឹងទៅតាមផ្លូវ ដែលមិនត្រឡប់មកវិញឡើយ។
យ៉ូប 16:1-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកយ៉ូបឆ្លើយវិញថា៖ «សេចក្ដីបែបនេះ ខ្ញុំធ្លាប់ឮ ជាច្រើនលើកច្រើនសាមកហើយ។ អស់លោកមកជួយសម្រាលទុក្ខ តែបែរជានាំឲ្យអំពល់ទុក្ខទៅវិញ! តើអស់លោកនិយាយឥតបានការដូច្នេះ ដល់អង្កាល់ទើបចប់? តើមានអ្វីធ្វើឲ្យអស់លោកពុះកញ្ជ្រោល បានជាអស់លោកឆ្លើយដូច្នេះ? ចំពោះខ្ញុំវិញ ខ្ញុំក៏អាចនិយាយដូច អស់លោកបានដែរ គឺប្រសិនបើអស់លោករងទុក្ខដូចខ្ញុំ ខ្ញុំនឹងរៀបរៀងពាក្យពេចន៍ប្រឆាំងអស់លោក ខ្ញុំនឹងគ្រវីក្បាលដាក់អស់លោក។ ខ្ញុំនឹងនិយាយលើកទឹកចិត្តអស់លោក ខ្ញុំនឹងរកពាក្យមកថ្លែង ដើម្បីបន្ធូរការឈឺចាប់របស់អស់លោក។ រីឯខ្ញុំវិញ ទោះបីខ្ញុំនិយាយ ក៏ការឈឺចាប់របស់ខ្ញុំមិនបានធូរស្បើយ បើខ្ញុំមិននិយាយ ក៏ការឈឺចាប់មិនចាកចេញឆ្ងាយពីខ្ញុំដែរ។ ឥឡូវនេះ ព្រះជាម្ចាស់ធ្វើឲ្យខ្ញុំបាក់កម្លាំង… ព្រះអង្គបានធ្វើឲ្យគ្រួសារទូលបង្គំ វិនាសទាំងស្រុង។ ព្រះអង្គឲ្យទូលបង្គំនៅសល់តែ ស្បែក និងឆ្អឹង ដែលជាភស្តុតាងឲ្យគេចោទប្រកាន់ថា ទូលបង្គំមានកំហុស។ ព្រះពិរោធរបស់ព្រះអង្គប្រហារខ្ញុំ ដូចសត្វសាហាវហែកសាច់ខ្ញុំ បញ្ចេញចង្កូមដាក់ខ្ញុំ ព្រះអង្គសម្លក់សម្លឹងមកខ្ញុំ ដូចបច្ចាមិត្ត។ មនុស្សម្នាបើកមាត់យ៉ាងធំ ដើម្បីពោលពាក្យប្រឆាំងនឹងខ្ញុំ ពួកគេបន្ទាបបន្ថោកខ្ញុំ ទះកំផ្លៀងខ្ញុំ ហើយព្រួតគ្នាទាស់នឹងខ្ញុំ។ ព្រះជាម្ចាស់ប្រគល់ខ្ញុំទៅឲ្យ ក្មេងក្មាងមើលងាយ ព្រះអង្គប្រគល់ខ្ញុំទៅក្នុងកណ្ដាប់ដៃ របស់មនុស្សពាល។ ពេលខ្ញុំកំពុងតែរស់នៅយ៉ាងសុខសាន្ត ព្រះអង្គមកអង្រួនខ្ញុំឲ្យវឹកវរ ព្រះអង្គចាប់កញ្ចឹងកខ្ញុំ ហើយបោកខ្ញុំឲ្យដួល ព្រះអង្គចាត់ទុកខ្ញុំដូចជាផ្ទាំងស៊ីប។ ព្រះអង្គបាញ់ព្រួញមកលើខ្ញុំ ពីគ្រប់ទិសទី ព្រះអង្គទម្លុះខ្ញុំត្រង់ចង្កេះ ដោយឥតមេត្តា ព្រះអង្គធ្វើឲ្យប្រមាត់ខ្ញុំធ្លាយចេញមកលើដី។ ព្រះអង្គចាក់ទម្លុះខ្ញុំផ្ទួនៗគ្នា ព្រះអង្គសម្រុកមកលើខ្ញុំដូចទាហានចូលច្បាំង។ ខ្ញុំបានដេរបាវយកមកស្លៀក ខ្ញុំជាន់ឈ្លីកិត្តិយសរបស់ខ្ញុំក្នុងធូលីដី។ ខ្ញុំយំសោករហូតដល់ហើមភ្នែក ភ្នែករបស់ខ្ញុំក៏ខូងយ៉ាងជ្រៅដែរ។ ប៉ុន្តែ ខ្ញុំពុំបានប្រព្រឹត្តអំពើឃោរឃៅទេ ហើយពាក្យអធិស្ឋានរបស់ខ្ញុំ នៅតែបរិសុទ្ធដដែល។ ឱផែនដីអើយ សូមកុំលាក់ឈាមរបស់ខ្ញុំឡើយ ហើយក៏កុំឲ្យមានអ្វីមកខ្ទប់ សម្រែករបស់ខ្ញុំដែរ។ ពេលនេះ សាក្សីរបស់ខ្ញុំស្ថិតនៅស្ថានបរមសុខ អ្នកឆ្លើយការពារខ្ញុំ ស្ថិតនៅស្ថានដ៏ខ្ពស់បំផុត។ មិត្តភក្ដិរបស់ខ្ញុំនាំគ្នាចំអកដាក់ខ្ញុំ ខ្ញុំស្រែកអង្វរព្រះជាម្ចាស់ ទាំងបង្ហូរទឹកភ្នែក។ សូមឲ្យសាក្សីរបស់ខ្ញុំបានធ្វើជា អាជ្ញាកណ្ដាលរវាងព្រះជាម្ចាស់ និងខ្ញុំ ដូចគេធ្លាប់ធ្វើជាអាជ្ញាកណ្ដាលរវាង មនុស្ស និងមនុស្ស។ អាយុជីវិតរបស់ខ្ញុំមកដល់ទីបញ្ចប់ហើយ ខ្ញុំនឹងធ្វើដំណើរទៅតាមផ្លូវមួយ ដែលពុំអាចវិលត្រឡប់មកវិញបានទេ។
យ៉ូប 16:1-22 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះយ៉ូបក៏ឆ្លើយឡើងថា ខ្ញុំបានឮសេចក្ដីយ៉ាងនោះជាច្រើនហើយ អ្នករាល់គ្នាសុទ្ធតែជាអ្នកកំសាន្តចិត្ត ដែលនាំឲ្យល្វើយវិញ តើពាក្យជាអសារឥតការទាំងនេះនឹងចប់ចុះត្រឹមណា តើមានអ្វីបណ្តាលឲ្យអ្នករាល់គ្នាតបមកដូច្នេះ ខ្ញុំក៏និយាយដូចជាអ្នករាល់គ្នាបានដែរ បើសិនជាព្រលឹងនៃអ្នករាល់គ្នា នៅក្នុងសណ្ឋាននៃព្រលឹងខ្ញុំ នោះខ្ញុំនឹងប្រមុំពាក្យមកទាស់នឹងអ្នករាល់គ្នា ព្រមទាំងគ្រវីក្បាលនឹងអ្នកបានដែរ ប៉ុន្តែខ្ញុំនឹងបញ្ចេញពាក្យចំរើនកំឡាំងដល់អ្នករាល់គ្នាវិញ ហើយបបូរមាត់ខ្ញុំនឹងរកបន្ធូរទុក្ខរបស់អ្នករាល់គ្នាដែរ។ តែឥឡូវនេះ ទោះបើខ្ញុំនិយាយទៅ គង់តែសេចក្ដីទុក្ខព្រួយរបស់ខ្ញុំមិនអន់ថយដែរ ហើយបើស្ងៀមនៅ នោះតើខ្ញុំបានធូរយ៉ាងណា ព្រះទ្រង់បានធ្វើឲ្យខ្ញុំល្វើយទៅ ឱព្រះអង្គអើយ ទ្រង់បានបំភាំងពួកមិត្ររបស់ទូលបង្គំទាំងអស់ហើយ ក៏បានធ្វើឲ្យទូលបង្គំជ្រួញសាច់ នោះជាទីបន្ទាល់១ ហើយអាការៈស្គាំងស្គមរបស់ទូលបង្គំ ក៏ឡើងធ្វើបន្ទាល់នៅមុខទូលបង្គំទៀត ព្រះទ្រង់បានហែកហួរខ្ញុំ ដោយសេចក្ដីកំហឹងរបស់ទ្រង់ ព្រមទាំងស្អប់ខ្ញុំផង ទ្រង់សង្កៀតធ្មេញដាក់ខ្ញុំ ខ្មាំងសត្រូវរបស់ខ្ញុំបានសំលៀងភ្នែកទាស់នឹងខ្ញុំ ពួកគេបានហាមាត់គំរាមខ្ញុំ គេបានទះកំផ្លៀងបង្អៀនខ្ញុំ ហើយប្រមូលគ្នាទាស់នឹងខ្ញុំ ព្រះទ្រង់បានប្រគល់ខ្ញុំទៅឯអាទមិលល្មើស ហើយបានបោះបង់ចោលខ្ញុំទៅក្នុងកណ្តាប់ដៃនៃមេកំណាច ពីដើមខ្ញុំមានសេចក្ដីសុខ តែទ្រង់បានបំបាក់បំបែកខ្ញុំ អើ ទ្រង់បានចាប់កញ្ចឹងកខ្ញុំ ទាំងបោកខ្ញុំកំទេចផង ក៏បានបញ្ឈរខ្ញុំឡើងទុកជាទីវង់របស់ទ្រង់ ពួកពលធ្នូរបស់ទ្រង់ឡោមព័ទ្ធខ្ញុំ ទ្រង់ពុះចិត្តថ្លើមខ្ញុំជា២ឥតត្រាប្រណីឡើយ ទាំងចាក់ទឹកប្រមាត់ខ្ញុំចុះដល់ដី ទ្រង់ទំលាយខ្ញុំជាចន្លោះខ្ជាន់ៗ ក៏រត់ចូលមកលើខ្ញុំ ដូចជាមនុស្សខ្លាំងពូកែ ខ្ញុំបានដេរសំពត់ធ្មៃភ្ជាប់លើសាច់ខ្ញុំ ហើយបានដាក់អំណាចខ្ញុំចុះក្នុងធូលីដី មុខខ្ញុំក្រហមដោយយំ ហើយមានម្លប់នៃសេចក្ដីស្លាប់នៅត្របកភ្នែកខ្ញុំ ទោះបើខ្ញុំគ្មានសេចក្ដីអយុត្តិធម៌នៅក្នុងដៃ ហើយសេចក្ដីអធិស្ឋានខ្ញុំជាបរិសុទ្ធក៏ដោយ។ ផែនដីអើយ កុំគ្របបាំងឈាមខ្ញុំឡើយ ហើយកុំឲ្យសំរែករបស់ខ្ញុំ បានឈប់ឈរ នៅកន្លែងណាឡើយ ឥឡូវនេះ មើលចុះ ទីបន្ទាល់របស់ខ្ញុំនៅលើស្ថានសួគ៌ហើយ សាក្សីរបស់ខ្ញុំនៅលើស្ថានដ៏ខ្ពស់ ឯពួកមិត្ររបស់ខ្ញុំគេឡកឡឺយឲ្យខ្ញុំ តែខ្ញុំស្រក់ទឹកភ្នែកនៅចំពោះព្រះវិញ ព្រមទាំងសូមឲ្យទ្រង់ធ្វើជាអ្នកកណ្តាលនៃមនុស្ស នឹងព្រះ ហើយកណ្តាលមនុស្សជាតិ១ នឹងអ្នកជិតខាងខ្លួនផង ដ្បិតកាលណាកំណត់ឆ្នាំតែបន្តិចនេះ បានមកដល់ហើយ នោះខ្ញុំនឹងទៅតាមផ្លូវដែលមិនត្រឡប់មកវិញឡើយ។