យ៉ូប 14:7-12
យ៉ូប 14:7-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដ្បិតបើដើមឈើត្រូវកាប់រំលំទៅ នោះមានសង្ឃឹមថានឹងពន្លកឡើងទៀត ហើយថានឹងមិនខានមានមែកខ្ចីទៀតឡើយ។ ហើយទោះបើឫសក្រៀមទៅ ហើយគល់ងាប់នៅក្នុងដី គង់តែនឹងប៉ិចឡើង ដោយធុំក្លិនទឹក ព្រមទាំងបែកមែកដូចជាដើមថ្មីវិញ។ ឯមនុស្សវិញ គេស្លាប់ ហើយក៏ពុករលួយទៅ មនុស្សប្រគល់វិញ្ញាណទៅ តើគេនៅឯណា? ដូចជាទឹកបឹងដែលស្រក ហើយទឹកទន្លេក៏ហូរទៅ ហើយរីងស្ងួតយ៉ាងណា មនុស្សក៏ដេក ហើយមិនក្រោកឡើងយ៉ាងនោះដែរ រហូតដល់ផ្ទៃមេឃសូន្យបាត់ទៅ គេដេកលក់មិនភ្ញាក់ឡើងវិញឡើយ។
យ៉ូប 14:7-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ដើមឈើតែងតែមានសង្ឃឹមជានិច្ច ទោះបីគេកាប់វាចោល ក៏វានៅតែដុះឡើងវិញ គឺវាមិនខ្វះពន្លកចេញពីគល់ទេ។ ទោះបីឫសរបស់វាកាន់តែចាស់នៅក្នុងដី ទោះបីគល់របស់វាងាប់នៅក្នុងធូលីដីក្ដី នៅពេលមានទឹក វាក៏លូតលាស់ឡើងវិញ ហើយបែកមែកដូចកូនឈើមួយដែរ។ រីឯមនុស្សវិញគេបាត់បង់កម្លាំង ហើយស្លាប់ គេរលត់វិញ្ញាណ មិនដឹងជាទៅទីណាឡើយ។ ទឹកសមុទ្រអាចស្រកចុះ ហើយស្ទឹងក៏អាចរីងស្ងួតដែរ រីឯមនុស្សលោកវិញ កាលណាគេស្លាប់ហើយ គេមិនអាចក្រោកឡើងវិញបានទេ សូម្បីតែផ្ទៃមេឃរលាយ ក៏គេមិនភ្ញាក់ដែរ គឺគេនឹងដេកលក់ ឥតក្រោកឡើងវិញឡើយ។
យ៉ូប 14:7-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដ្បិតបើដើមឈើត្រូវកាប់រំលំទៅ នោះមានសង្ឃឹមថា នឹងពន្លកឡើងទៀត ហើយថា នឹងមិនខានមានមែកខ្ចីទៀតឡើយ ហើយទោះបើឫសក្រៀមទៅ ហើយគល់ងាប់នៅក្នុងដី គង់តែនឹងប៉ិចឡើង ដោយធុំក្លិនទឹក ព្រមទាំងបែកមែកដូចជាដើមថ្មីវិញ ឯមនុស្សវិញ គេស្លាប់ ហើយក៏ពុករលួយទៅ អើ មនុស្សប្រគល់វិញ្ញាណទៅ នោះតើគេនៅឯណា ឯទឹកភ្លៀងខានមកពីសមុទ្រ រួចស្ទឹងរីងស្ងួតទៅយ៉ាងណា នោះមនុស្សក៏ដេកទៅឥតក្រោកឡើងទៀតយ៉ាងនោះដែរ គេនឹងមិនភ្ញាក់ឡើងវិញ ឬអ្នកណាដាស់ឲ្យគេភ្ញាក់ពីដេកឡើងឡើយ ដរាបដល់ផ្ទៃមេឃសូន្យបាត់ទៅ។