យ៉ូប 14:1-22

យ៉ូប 14:1-22 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

មនុស្ស​ដែល​កើត​ពី​ស្រី​មក សុទ្ធ​តែ​មាន​អាយុ​ខ្លី​ទាំង​អស់ ហើយ​ក៏​មាន​សេចក្ដី​លំបាក​ជា‌និច្ច គេ​ចេញ​មក​ដូច​ជា​ផ្កា រួច​ត្រូវ​កាត់​ដាច់​ទៅ គេ​រួញ​ថយ​បាត់​ទៅ ដូច​ជា​ស្រមោល ឥត​នៅ​ស្ថិត‌ស្ថេរ​ឡើយ។ តើ​ព្រះ‌អង្គ​បើក​ព្រះ‌នេត្រ​ទត​មក​លើ​មនុស្ស បែប​យ៉ាង​ទូល‌បង្គំ​នេះ និង​កោះ​នាំ​ទូល‌បង្គំ​ទៅ​ជា​គូ​ក្តី​នឹង​ព្រះ‌អង្គ​ឬ? តើ​អ្នក​ណា​អាច​នឹង​ដក​យក​របស់​ស្អាត ចេញ​ពី​របស់​ស្មោក‌គ្រោក​បាន? គ្មាន​អ្នក​ណា​ធ្វើ​បាន​ឡើយ។ បើ​ថ្ងៃ​អាយុ​របស់​មនុស្ស​នោះ​បាន​កំណត់​ស្រេច ហើយ​ចំនួន​ខែ​នៃ​ជីវិត​របស់​គេ បាន​កត់​នៅ​នឹង​ព្រះ‌អង្គ បើ​ព្រះ‌អង្គ​បាន​តម្រូវ​ព្រំ​ខណ្ខ​របស់​គេ មិន​ឲ្យ​គេ​រំលង​ហួស​ឡើយ សូម​បែរ​ព្រះ‌ភក្ត្រ​ចេញ​ពី​គេ​ទៅ ដើម្បី​ឲ្យ​គេ​បាន​រីក​រាយ​នឹង​ថ្ងៃ​របស់​ខ្លួន ដូច​ជាកូន​ឈ្នួល​ផង។ ដ្បិត​បើ​ដើម​ឈើ​ត្រូវ​កាប់​រំលំ​ទៅ នោះ​មាន​សង្ឃឹម​ថា​នឹង​ពន្លក​ឡើង​ទៀត ហើយ​ថា​នឹង​មិន​ខាន​មាន​មែក​ខ្ចី​ទៀត​ឡើយ។ ហើយ​ទោះ​បើ​ឫស​ក្រៀម​ទៅ ហើយ​គល់​ងាប់​នៅ​ក្នុង​ដី គង់​តែ​នឹង​ប៉ិច​ឡើង ដោយ​ធុំ​ក្លិន​ទឹក ព្រម​ទាំង​បែក​មែក​ដូច​ជា​ដើម​ថ្មី​វិញ។ ឯ​មនុស្ស​វិញ គេ​ស្លាប់ ហើយ​ក៏​ពុក​រលួយ​ទៅ មនុស្ស​ប្រគល់​វិញ្ញាណ​ទៅ តើ​គេ​នៅ​ឯ​ណា? ដូច​ជា​ទឹក​បឹង​ដែល​ស្រក ហើយ​ទឹក​ទន្លេ​ក៏​ហូរ​ទៅ ហើយ​រីង​ស្ងួត​យ៉ាង​ណា មនុស្ស​ក៏​ដេក ហើយមិន​ក្រោក​ឡើង​យ៉ាង​នោះ​ដែរ រហូត​ដល់​ផ្ទៃ​មេឃ​សូន្យ​បាត់​ទៅ គេ​ដេក​លក់​មិន​ភ្ញាក់ឡើង​វិញឡើយ។ ឱ​បើ​ព្រះ‌អង្គ​លាក់​ទូល‌បង្គំ នៅ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ទុក​ទូល‌បង្គំ​នៅ​ទី​ស្ងាត់​កំបាំង​ដរាប​ដល់ សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ​កន្លង​បាត់​ទៅ ហើយ​តម្រូវ​ឲ្យ​មាន​ពេល​កំណត់​ដល់​ទូល‌បង្គំ ហើយ​នឹក​ចាំ​ពី​ទូល‌បង្គំ​ផង។ បើ​មនុស្ស​ស្លាប់​ទៅ តើ​នឹង​មាន​ជីវិត រស់​ឡើង​វិញ​ម្ដង​ទៀត​ឬ? បើ​មាន ទូល‌បង្គំ​នឹង​រង់‌ចាំ​អស់​រវាង សង្គ្រាម​វេទនា​របស់​ទូល‌បង្គំ ដរាប​ដល់​កំណត់​ដែល​ទូល‌បង្គំ បាន​រអិល​ចេញ​ទៅ។ ព្រះ‌អង្គ​នឹង​ហៅ ហើយ​ទូល‌បង្គំ​នឹង​ទូល​តប ព្រះ‌អង្គ​នឹង​មាន​បំណង​ព្រះ‌ហឫ‌ទ័យ ដល់​ស្នា​ដៃ​ដែល​ព្រះ‌អង្គ​បាន​ធ្វើ។ ដ្បិត​យ៉ាង​នោះ ព្រះ‌អង្គ​នឹង​មិន​រាប់ អស់​ទាំង​ជំហាន​របស់​ទូល‌បង្គំ​ទេ ហើយ​ក៏​មិន​ត្រួត​មើល​អស់​ទាំង​អំពើ​បាប របស់​ទូល‌បង្គំ​ដែរ។ អំពើ​រំលង​របស់​ទូល‌បង្គំ​បាន​ខ្ចប់​បិទ​ត្រា​ទុក ហើយ​ព្រះ‌អង្គ​បិទ​ភ្ជាប់​អំពើ​អាក្រក់ របស់​ទូល‌បង្គំ​ផង។ ឯ​ភ្នំ​ដែល​រលុះ​បាក់​ចុះ នោះ​ត្រូវ​ខ្ទេច‌ខ្ទី ហើយ​ថ្ម​ត្រូវ​ខ្ចាត់​ចេញ​ពី​កន្លែង​ទៅ ឯ​ទឹក​ក៏​ហូរ​បន្សឹក​ថ្ម ហើយ​ជំនន់​ក៏​ហូរ​ចម្រោះ​ដី គឺ​យ៉ាង​នោះ​ដែល​ព្រះ‌អង្គ​បំផ្លាញ សេចក្ដី​សង្ឃឹម​របស់​មនុស្ស​ទៅ ព្រះ‌អង្គ​កំរាប​គេ​ជា​ដរាប រួច​គេ​បាត់​ទៅ ព្រះ‌អង្គ​បំផ្លាស់​បំប្រែ​ភាព​របស់​គេ ហើយ​កម្ចាត់​គេ​ទៅ។ កូន​ចៅ​របស់​គេ​មាន​កិត្តិ‌យស តែ​គេ​មិន​ដឹង​ទេ វា​ត្រូវ​បន្ទាប​ចុះ តែ​គេ​មិន​សម្គាល់​ដឹង​អ្វី​សោះ។ គេ​ដឹង​តែឈឺចាប់លើ​ខ្លួន​គេ ហើយ​មាន​សេចក្ដី​ទុក្ខ​ព្រួយ​តែ​ក្នុង​ចិត្ត​ខ្លួន​ឯង»។

ចែក​រំលែក
អាន យ៉ូប 14

យ៉ូប 14:1-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

មនុស្ស​ដែល​កើត​ពី​ស្ត្រី រមែង​មាន​អាយុ​ខ្លី ហើយ​មាន​ពោរ‌ពេញ​ដោយ​ទុក្ខ​កង្វល់។ គេ​លូត​ឡើង​ដូច​ផ្កា ហើយ​ត្រូវ​កាត់​ចោល គេ​វិនាស​បាត់​ទៅ​ដូច​ស្រមោល គឺ​មិន​នៅ​ស្ថិត‌ស្ថេរ​ឡើយ។ ក៏​ប៉ុន្តែ ព្រះអង្គ​ទត​មើល​មក មនុស្ស​លោក​ដូច​ទូលបង្គំ​នេះ ហើយ​ព្រះអង្គ​នាំ​ទូលបង្គំ​យក​ទៅ​កាត់​ក្ដី! គ្មាន​នរណា​ម្នាក់​អាច​យក​អ្វី​ដ៏​បរិសុទ្ធ ចេញ​ពី​មនុស្ស​មិន​បរិសុទ្ធ​បាន​ឡើយ។ ព្រះអង្គ​កំណត់​ចំនួន​ថ្ងៃ​នៃ​អាយុ​ជីវិត​របស់​គេ និង​ចំនួន​ខែ​ដែល​គេ​ត្រូវ​រស់ ព្រះអង្គ​កំណត់​ចុង​បញ្ចប់​ឲ្យ​គេ ដែល​គេ​ពុំ​អាច​ឆ្លង​ផុត​ជា​ដាច់​ខាត។ សូម​ព្រះអង្គ​ងាក​ព្រះ‌ភ័ក្ត្រ​ចេញ​ពី​មនុស្ស​ទៅ ដើម្បី​ឲ្យ​គេ​បាន​សម្រាក ហើយ​ឲ្យ​គេ​បាន​សប្បាយ​ដូច​កម្មករ ទទួល​ប្រាក់​ឈ្នួល​ប្រចាំ​ថ្ងៃ​របស់​ខ្លួន។ ដើម​ឈើ​តែងតែ​មាន​សង្ឃឹម​ជានិច្ច ទោះ​បី​គេ​កាប់​វា​ចោល ក៏​វា​នៅ​តែ​ដុះ​ឡើង​វិញ គឺ​វា​មិន​ខ្វះ​ពន្លក​ចេញ​ពី​គល់​ទេ។ ទោះ​បី​ឫស​របស់​វា​កាន់​តែ​ចាស់​នៅ​ក្នុង​ដី ទោះ​បី​គល់​របស់​វា​ងាប់​នៅ​ក្នុង​ធូលី​ដី​ក្ដី នៅ​ពេល​មាន​ទឹក វា​ក៏​លូត​លាស់​ឡើង​វិញ ហើយ​បែក​មែក​ដូច​កូន​ឈើ​មួយ​ដែរ។ រីឯ​មនុស្ស​វិញ​គេ​បាត់​បង់​កម្លាំង ហើយ​ស្លាប់ គេ​រលត់​វិញ្ញាណ មិន​ដឹង​ជា​ទៅ​ទី​ណា​ឡើយ។ ទឹក​សមុទ្រ​អាច​ស្រក​ចុះ ហើយ​ស្ទឹង​ក៏​អាច​រីង​ស្ងួត​ដែរ រីឯ​មនុស្ស​លោក​វិញ កាល​ណា​គេ​ស្លាប់​ហើយ គេ​មិន​អាច​ក្រោក​ឡើង​វិញ​បាន​ទេ សូម្បី​តែ​ផ្ទៃ​មេឃ​រលាយ ក៏​គេ​មិន​ភ្ញាក់​ដែរ គឺ​គេ​នឹង​ដេក​លក់ ឥត​ក្រោក​ឡើង​វិញ​ឡើយ។ សូម​ព្រះអង្គ​មេត្តា​ឲ្យ​ទូលបង្គំ​ជ្រក នៅ​ក្នុង​ស្ថាន​មនុស្ស​ស្លាប់ សូម​លាក់​ទូលបង្គំ​នៅ​ទី​នោះ រហូត​ដល់​ព្រះអង្គ​ស្ងប់​ព្រះ‌ពិរោធ ហើយ​សូម​កំណត់​ពេល​មួយ ដែល​ព្រះអង្គ​នឹក​ចាំ​ពី​ទូលបង្គំ​ឡើង​វិញ។ ប្រសិន​បើ​មនុស្ស​ដែល​ស្លាប់​ទៅ​ហើយ អាច​រស់​ឡើង​វិញ​បាន នោះ​ទូលបង្គំ​នឹង​នៅ​រង់‌ចាំ​គ្រប់​ពេល​វេលា រហូត​ដល់​ចុង​បញ្ចប់​នៃ​ជីវិត​ដ៏​វេទនា​នេះ។ ពេល​នោះ ព្រះអង្គ​ហៅ​ទូលបង្គំ ទូលបង្គំ​នឹង​ឆ្លើយ​ទៅ​ព្រះអង្គ​វិញ ហើយ​ព្រះអង្គ​មុខ​ជា​រីក‌រាយ​នឹង​ទូលបង្គំ ដែល​ជា​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះអង្គ។ នៅ​ពេល​នោះ ព្រះអង្គ​មើល​ថែ​ទាំ​ជំហាន របស់​ទូលបង្គំ ហើយ​មិន​គិត‌គូរ​ពី​អំពើ​បាប​របស់​ទូលបង្គំ​ទេ។ ព្រះអង្គ​នឹង​បំភ្លេច​ចោល​នូវ​កំហុស​របស់​ទូលបង្គំ ហើយ​គ្រប​បាំង​អំពើ​ទុច្ចរិត​របស់​ទូលបង្គំ។ ក៏​ប៉ុន្តែ ភ្នំ​ត្រូវ​រង្គើ រួច​រលំ រីឯ​ផ្ទាំង​សិលា​កក្រើក​ចេញ​ពី​កន្លែង​របស់​វា ទឹក​ធ្វើ​ឲ្យ​ថ្ម​សឹក ហើយ​ទឹក​ហូរ​នាំ​យក​ដី​ទៅ​យ៉ាង​ណា ព្រះអង្គ​ក៏​ធ្វើ​ឲ្យ​សេចក្ដី​សង្ឃឹម របស់​មនុស្ស​លោក រលាយ​យ៉ាង​នោះ​ដែរ។ ព្រះអង្គ​មាន​ប្រៀប​លើ​គេ​ជានិច្ច រួច​ធ្វើ​ឲ្យ​គេ​ក៏​វិនាស​សូន្យ​ទៅ ព្រះអង្គ​បំផ្លាស់​បំប្រែ​ផ្ទៃ​មុខ​របស់​គេ ហើយ​ដេញ​គេ​ទៅ​ឆ្ងាយ​ពី​ព្រះអង្គ។ កូន​ចៅ​របស់​គេ​ទទួល​កិត្តិយស គេ​ពុំ​ដឹង កូន​ចៅ​របស់​គេ​បាត់​បង់​កិត្តិយស ក៏​គេ​មិន​ឃើញ​ដែរ គឺ​គេ​ដឹង​តែ​ពី​ការ​ឈឺ​ចាប់​នៅ​ក្នុង​រូប​កាយ ហើយ​រង​ទុក្ខ​នៅ​ក្នុង​ចិត្ត​តែ​ម្នាក់​ឯង»។

ចែក​រំលែក
អាន យ៉ូប 14

យ៉ូប 14:1-22 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

មនុស្ស​ដែល​កើត​ពី​ស្រី​មក សុទ្ធ​តែ​មាន​អាយុ​ខ្លី​ទាំង​អស់ ហើយ​ក៏​មាន​សេចក្ដី​លំបាក​ជានិច្ច​ផង គេ​ចេញ​មក​ដូច​ជា​ផ្កា រួច​ត្រូវ​កាត់​ដាច់​ទៅ គេ​រួញ​ថយ​បាត់​ទៅ ដូច​ជា​ស្រមោល ឥត​នៅ​ស្ថិត‌ស្ថេរ​ឡើយ តើ​ទ្រង់​បើក​ព្រះ‌នេត្រ​ទត​មក​លើ​មនុស្ស​បែប​យ៉ាង​ទូលបង្គំ​នេះ នឹង​កោះ​នាំ​ទូលបង្គំ​ទៅ​ជា​គូ​ក្តី​នឹង​ទ្រង់​ឬ តើ​អ្នក​ណា​អាច​នឹង​ដក​យក​របស់​ស្អាត​ចេញ​ពី​របស់​ស្មោក‌គ្រោក​បាន គ្មាន​អ្នក​ណា​ធ្វើ​បាន​ឡើយ បើ​ថ្ងៃ​អាយុ​របស់​មនុស្ស​នោះ​បាន​កំណត់​ស្រេច ហើយ​ចំនួន​អស់​ទាំង​ខែ​នៃ​ជីវិត​របស់​គេ​បាន​កត់​នៅ​នឹង​ទ្រង់ បើ​ទ្រង់​បាន​ដំរូវ​ព្រំ​ខណ្ឌ​របស់​គេ មិន​ឲ្យ​គេ​រំលង​ហួស​ឡើយ នោះ​សូម​ទ្រង់​បែរ​ព្រះ‌ភក្ត្រ​ចេញ​ពី​គេ​ទៅ ដើម្បី​ឲ្យ​គេ​បាន​ឈប់​សំរាក​ចុះ គឺ​បែរ​ចេញ​ដរាប​ដល់​គេ​បាន​សំរេច​ពេល​កំណត់ ដូច​ជា​ជើង​ឈ្នួល ដ្បិត​បើ​ដើម​ឈើ​ត្រូវ​កាប់​រំលំ​ទៅ នោះ​មាន​សង្ឃឹម​ថា នឹង​ពន្លក​ឡើង​ទៀត ហើយ​ថា នឹង​មិន​ខាន​មាន​មែក​ខ្ចី​ទៀត​ឡើយ ហើយ​ទោះ​បើ​ឫស​ក្រៀម​ទៅ ហើយ​គល់​ងាប់​នៅ​ក្នុង​ដី គង់​តែ​នឹង​ប៉ិច​ឡើង ដោយ​ធុំ​ក្លិន​ទឹក ព្រម​ទាំង​បែក​មែក​ដូច​ជា​ដើម​ថ្មី​វិញ ឯ​មនុស្ស​វិញ គេ​ស្លាប់ ហើយ​ក៏​ពុក‌រលួយ​ទៅ អើ មនុស្ស​ប្រគល់​វិញ្ញាណ​ទៅ នោះ​តើ​គេ​នៅ​ឯ​ណា ឯ​ទឹក​ភ្លៀង​ខាន​មក​ពី​សមុទ្រ រួច​ស្ទឹង​រីង​ស្ងួត​ទៅ​យ៉ាង​ណា នោះ​មនុស្ស​ក៏​ដេក​ទៅ​ឥត​ក្រោក​ឡើង​ទៀត​យ៉ាង​នោះ​ដែរ គេ​នឹង​មិន​ភ្ញាក់​ឡើង​វិញ ឬ​អ្នក​ណា​ដាស់​ឲ្យ​គេ​ភ្ញាក់​ពី​ដេក​ឡើង​ឡើយ ដរាប​ដល់​ផ្ទៃ​មេឃ​សូន្យ​បាត់​ទៅ។ ឱ​បើ​ទ្រង់​នឹង​លាក់​ទូលបង្គំ នៅ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ទៅ​អេះ ហើយ​ទុក​ទូលបង្គំ​នៅ​ទី​ស្ងាត់​កំបាំង​ដរាប​ដល់​សេចក្ដី​ក្រោធ​របស់​ទ្រង់ កន្លង​បាត់​ទៅ ហើយ​ដំរូវ​ឲ្យ​មាន​ពេល​កំណត់​ដល់​ទូលបង្គំ រួច​នឹក​ចាំ​ពី​ទូលបង្គំ​ផង បើ​មនុស្ស​ស្លាប់​ទៅ តើ​នឹង​មាន​ជីវិត​រស់​ឡើង​ទៀត​ឬ បើ​មាន នោះ​ទូលបង្គំ​នឹង​រង់‌ចាំ​អស់​រវាង​សង្គ្រាម​វេទនា​របស់​ទូលបង្គំ ដរាប​ដល់​កំណត់​ដែល​ទូលបង្គំ​បាន​រឥល​ចេញ​ទៅ នោះ​ទ្រង់​នឹង​ហៅ ហើយ​ទូលបង្គំ​នឹង​ទូល​តប ហើយ​ទ្រង់​នឹង​មាន​បំណង​ព្រះ‌ហឫទ័យ​ដល់​ស្នាដៃ​ដែល​ទ្រង់​បាន​ធ្វើ តែ​សព្វ​ថ្ងៃ​នេះ ទ្រង់​រាប់​អស់​ទាំង​ជំហាន​ទូលបង្គំ​វិញ តើ​ទ្រង់​មិន​ត្រួត​មើល​អស់​ទាំង​អំពើ​បាប​របស់​ទូលបង្គំ​ផង​ទេ​ឬ​អី សេចក្ដី​រំលង​របស់​ទូលបង្គំ​បាន​ខ្ចប់​បិទ​ត្រា​ទុក ហើយ​ទ្រង់​បិទ​ភ្ជាប់​អំពើ​អាក្រក់​របស់​ទូលបង្គំ​ផង។ ឯ​ភ្នំ​ដែល​រលុះ​បាក់​ចុះ នោះ​ត្រូវ​ខ្ទេច‌ខ្ទី ហើយ​ថ្ម​ត្រូវ​ខ្ចាត់​ចេញ​ពី​កន្លែង​ទៅ ឯ​ទឹក​ក៏​ហូរ​បន្សឹក​ថ្ម ហើយ​ជំនន់​ក៏​ហូរ​ចំរោះ​ដី គឺ​យ៉ាង​នោះ​ដែល​ទ្រង់​បំផ្លាញ​សេចក្ដី​សង្ឃឹម​របស់​មនុស្ស​ទៅ ទ្រង់​កំរាប​គេ​ជា​ដរាប រួច​គេ​បាត់​ទៅ ទ្រង់​បំផ្លាស់​បំប្រែ​ភាព​របស់​គេ ហើយ​កំចាត់​គេ​ទៅ កូន​ចៅ​របស់​គេ​មាន​កិត្តិយស​ឡើង តែ​គេ​មិន​ដឹង​ទេ វា​ត្រូវ​បន្ទាប​ចុះ តែ​គេ​មិន​សំគាល់​ដឹង​អ្វី​សោះ គេ​ដឹង​ឈឺ​តែ​ចំពោះ​ខ្លួន​គេ ហើយ​មាន​សេចក្ដី​ទុក្ខ​ព្រួយ​តែ​ចំពោះ​ចិត្ត​ខ្លួន​ប៉ុណ្ណោះ។

ចែក​រំលែក
អាន យ៉ូប 14