យ៉ូប 11:1-20
យ៉ូប 11:1-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលនោះ សូផារ ជាសាសន៍ណាអាម៉ា ឆ្លើយឡើងថា៖ «ដែលមានពាក្យសម្ដីជាច្រើនដល់ម៉្លេះ តើមិនគួរឆ្លើយតទេឬ? តើគួររាប់មនុស្សហៃនិយាយទុកជាសុចរិតឬ? តើពាក្យអំនួតរបស់អ្នក នឹងធ្វើឲ្យមនុស្សនៅស្ងៀមបានឬ? កាលណាអ្នកឡកឡឺយយ៉ាងនេះ តើមិនត្រូវមានគេធ្វើឲ្យអ្នកខ្មាសដែរឬ? ដ្បិតអ្នកនិយាយថា "គោលលទ្ធិរបស់ខ្ញុំស្អាតបរិសុទ្ធ ខ្ញុំស្អាតស្អំនៅចំពោះព្រះនេត្ររបស់ព្រះ "។ ឱបើព្រះនឹងមានព្រះបន្ទូលមក ហើយបើកព្រះរឹមទាស់នឹងអ្នក ដើម្បីនឹងបង្ហាញឲ្យអ្នកស្គាល់ សេចក្ដីអាថ៌កំបាំងនៃប្រាជ្ញា នោះអ្នកនឹងឃើញថា ខ្លឹមនៃសេចក្ដីនឹងយល់បានច្រើនយ៉ាង ដូច្នេះ ចូរដឹងថា ព្រះយកទោសស្រាលជាង សេចក្ដីដែលសំណំនឹងអំពើទុច្ចរិតរបស់អ្នកវិញ។ តើអ្នកអាចស្វែងយល់ ពីសេចក្ដីជ្រាលជ្រៅរបស់ព្រះបានឬ? តើអាចស្វែងយល់ពីដែនកំណត់របស់ព្រះ ដ៏មានគ្រប់ព្រះចេស្តា បានឬ? សេចក្ដីនោះខ្ពស់ជាងស្ថានសួគ៌ ទៅទៀត តើអ្នកអាចនឹងធ្វើយ៉ាងណា? ក៏ជ្រៅជាងស្ថានឃុំព្រលឹងមនុស្សស្លាប់ ផង ធ្វើដូចម្តេចឲ្យអ្នកដឹងបាន? បើវាស់ នោះក៏វែងជាងផែនដី ហើយធំជាងសមុទ្រទៅទៀត។ បើព្រះអង្គយាងកាត់ទៅ ហើយកោះឃុំអ្នកណា ព្រមទាំងហៅប្រជុំជំនុំជម្រះ តើអ្នកណាអាចនឹងឃាត់ព្រះអង្គបាន? ដ្បិតព្រះអង្គស្គាល់មនុស្សកំភូត ព្រះអង្គក៏ឃើញអំពើទុច្ចរិត ឥតចាំពិចារណាផង មនុស្សល្ងីល្ងើនឹងមិនមានយោបល់សោះ លុះត្រាតែសត្វលាព្រៃកើតមកជាមនុស្ស។ បើអ្នកតាំងចិត្តត្រឹមត្រូវឡើង ហើយប្រវាដៃទៅឯព្រះអង្គ ព្រមទាំងបោះបង់សេចក្ដីអាក្រក់ ដែលនៅដៃអ្នកចេញ ហើយមិនឲ្យមានអំពើទុច្ចរិតណា នៅក្នុងទីលំនៅរបស់អ្នកឡើយ។ ប្រាកដជាអ្នកនឹងងើបមុខឡើង ឥតមានប្រឡាក់អ្វីសោះ អ្នកនឹងបានមាំមួនឥតភ័យខ្លាចអ្វីឡើយ។ ដ្បិតអ្នកនឹងភ្លេចសេចក្ដីវេទនារបស់អ្នកទៅ អ្នកនឹងនឹកចាំពីសេចក្ដីនោះ ដូចជាចាំពីទឹកដែលហូរបាត់ហើយ។ ជីវិតនៃអ្នកនឹងបានត្រចះថ្លាជាងពេលថ្ងៃត្រង់ ប្រសិនបើមានសេចក្ដីងងឹតខ្លះ នោះនឹងបានដូចជាពេលព្រឹកព្រាងឡើងវិញ។ អ្នកនឹងបានសាន្តត្រាណ ដោយព្រោះមានទីសង្ឃឹម អ្នកនឹងមានអ្នកការពារជុំវិញ ហើយសម្រាកដោយសុខសាន្ត។ អ្នកនឹងដេកដោយឥតមានអ្នកណា បំភ័យអ្នកឡើយ ហើយមនុស្សជាច្រើននឹងមកអង្វរដល់អ្នក។ ប៉ុន្តែ ភ្នែករបស់ពួកមនុស្សអាក្រក់វិញ នឹងត្រូវងងឹតទៅ គេនឹងរកទីពឹងគ្មាន ហើយសេចក្ដីសង្ឃឹមរបស់គេ នឹងបានជាសេចក្ដីស្លាប់នោះ»។
យ៉ូប 11:1-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកសូផារ ជាអ្នកស្រុកណាអាម៉ា ឆ្លើយឡើងថា៖ «តើយើងគួរនៅស្ងៀម មិនឆ្លើយតបនឹងពាក្យពេចន៍ដ៏ច្រើននេះឬ? សម្ដីរបស់អ្នកពូកែវោហារ មិនមែនធ្វើឲ្យខ្លួនបានសុចរិតទេ។ ពាក្យព្រោកប្រាជ្ញរបស់លោក មិនអាចធ្វើឲ្យមនុស្សម្នានៅស្ងៀមឡើយ។ បើលោកមើលងាយគេ គេក៏ធ្វើឲ្យលោកអាម៉ាស់មុខវិញដែរ។ លោកមានប្រសាសន៍ថា: “អ្វីៗដែលទូលបង្គំនិយាយសុទ្ធតែត្រឹមត្រូវ ទូលបង្គំជាមនុស្សបរិសុទ្ធ ដូចព្រះអង្គជ្រាបស្រាប់ហើយ”។ ខ្ញុំបន់ឲ្យតែព្រះជាម្ចាស់មានព្រះបន្ទូល គឺសូមព្រះអង្គមានព្រះបន្ទូលមកកាន់លោក ផ្ទាល់តែម្ដង។ សូមព្រះអង្គថ្លែងប្រាប់លោកពីអាថ៌កំបាំង នៃព្រះប្រាជ្ញាញាណរបស់ព្រះអង្គ ដែលខ្ពស់លើសការយល់ដឹងរបស់មនុស្ស ពេលនោះ លោកនឹងដឹងថា ព្រះជាម្ចាស់បំភ្លេចចោលនូវកំហុសមួយផ្នែក របស់លោក។ តើលោកអាចស្វែងយល់ជម្រៅព្រះហឫទ័យ របស់ព្រះជាម្ចាស់ ឬស្គាល់លក្ខណៈដ៏ប្រសើរឥតខ្ចោះ នៃព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុតបានឬទេ? លក្ខណៈដ៏ប្រសើរឥតខ្ចោះនេះ ខ្ពស់លើសផ្ទៃមេឃ ហើយជ្រៅជាងស្ថានមនុស្សស្លាប់ទៅទៀត ដែលលោកមិនអាចធ្វើ ឬយល់បានឡើយ។ លក្ខណៈដ៏ប្រសើរឥតខ្ចោះនេះធំជាងផែនដី ហើយទូលាយជាងសមុទ្រទៅទៀត។ បើព្រះអង្គយាងមកចាប់អ្នកមានទោស នាំទៅតុលាការ តើនរណាអាចជំទាស់នឹងព្រះអង្គបាន? ព្រះជាម្ចាស់ស្គាល់មនុស្សឥតបានការយ៉ាងច្បាស់ ព្រះអង្គទតឃើញអំពើទុច្ចរិតរបស់គេ ដោយមិនបាច់ពិចារណាវែងឆ្ងាយ។ មនុស្សល្ងីល្ងើប្រែទៅជាមានប្រាជ្ញា លុះត្រាណាតែសេះដុះស្នែង។ ចំណែកឯលោកវិញ ប្រសិនបើលោកបែរចិត្តរកព្រះជាម្ចាស់ ហើយលើកដៃអង្វរករព្រះអង្គ ប្រសិនបើលោកបោះបង់ចោលអំពើអាក្រក់ ដែលលោកប្រព្រឹត្ត ហើយដកអំពើទុច្ចរិតចេញពីលំនៅរបស់លោក នោះលោកនឹងអាចងើបមុខឡើងវិញបាន ព្រោះលោកគ្មានកំហុសទៀតទេ លោកនឹងបានរឹងប៉ឹង ឥតភ័យខ្លាចអ្វីឡើយ។ លោកនឹងភ្លេចអស់នូវទុក្ខកង្វល់ ដូចទឹកដែលហូរបាត់ទៅ គឺលោកនឹងមិននឹកចាំទៀតទេ។ ជីវិតរបស់លោកនឹងបានភ្លឺជាងពន្លឺព្រះអាទិត្យ នៅពេលថ្ងៃត្រង់ទៅទៀត ហើយភាពងងឹតប្រៀបដូចជាពេលអរុណរះ។ លោកនឹងមិនបារម្ភអ្វីសោះឡើយ ព្រោះលោកមានសង្ឃឹម។ លោកលែងអាម៉ាស់ ហើយលោកនឹងសម្រាន្ដយ៉ាងសុខស្រួល។ ពេលលោកសម្រាក គ្មាននរណាមករំខានលោកឡើយ។ មនុស្សជាច្រើននឹងកោតសរសើរលោក។ ចំណែកឯមនុស្សអាក្រក់វិញ ភ្នែករបស់ពួកគេនឹងងងឹតទៅៗ ពួកគេរកទីពឹងពុំបានឡើយ ពួកគេមានសង្ឃឹមតែមួយ គឺការផុតដង្ហើម»។
យ៉ូប 11:1-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះសូផារ សាសន៍ន៉ាអាម៉ា ក៏ឆ្លើយឡើងថា ដែលមានពាក្យសំដីជាច្រើនដល់ម៉្លេះ តើមិនគួរឆ្លើយតទេឬអី តើគួររាប់មនុស្សហៃនិយាយទុកជាសុចរិតឬ តើពាក្យអំនួតរបស់អ្នកនឹងធ្វើឲ្យមនុស្សនៅស្ងៀមបានឬ កាលណាអ្នកឡកឡឺយយ៉ាងនេះ តើមិនត្រូវឲ្យមានគេធ្វើឲ្យអ្នកខ្មាសដែរទេឬ ដ្បិតអ្នកថា គោលលទ្ធិរបស់អ្នកជាស្អាតសុទ្ធ ឥតខុសឆ្គងនៅចំពោះព្រះនេត្រនៃព្រះ ឱបើព្រះនឹងមានបន្ទូលមក ហើយបើកព្រះរឹមទាស់នឹងអ្នក ដើម្បីនឹងបង្ហាញឲ្យអ្នកស្គាល់សេចក្ដីអាថ៌កំបាំងនៃប្រាជ្ញាទៅអេះ នោះអ្នកនឹងឃើញថា ខ្លឹមនៃសេចក្ដីនឹងយល់បានច្រើនយ៉ាង ដូច្នេះ ចូរដឹងថា ព្រះទ្រង់យកទោសស្រាលជាងសេចក្ដីដែលសំណំនឹងអំពើទុច្ចរិតរបស់អ្នកវិញ។ បើអ្នកខំស្វែងរក តើអាចនឹងស្គាល់សភាពនៃព្រះបាន ឬយល់ដល់សេចក្ដីគ្រប់លក្ខណ៍របស់ព្រះដ៏មានគ្រប់ព្រះចេស្តាបានដែរឬ នោះខ្ពស់ជាងស្ថានសួគ៌ទៅទៀត តើអ្នកអាចនឹងធ្វើយ៉ាងណាបាន ក៏ជ្រៅជាងស្ថានឃុំព្រលឹងមនុស្សស្លាប់ផង ធ្វើដូចម្តេចឲ្យអ្នកយល់បាន បើនឹងវាស់ នោះក៏វែងជាងផែនដី ហើយធំជាងសមុទ្រទៅទៀត បើទ្រង់យាងកាត់ទៅ ហើយកោះឃុំអ្នកណា ព្រមទាំងហៅប្រជុំជំនុំជំរះ នោះតើអ្នកណាអាចនឹងឃាត់ទ្រង់បាន ដ្បិតទ្រង់ស្គាល់មនុស្សកំភូត ទ្រង់ក៏ឃើញសេចក្ដីទុច្ចរិត ឥតចាំពិចារណាផង មនុស្សមោឃគេឥតមានយោបល់សោះ អើ មនុស្សសុទ្ធតែកើតមកដូចជាកូនលាព្រៃ។ បើអ្នកតាំងចិត្តត្រឹមត្រូវឡើង ហើយប្រវាដៃទៅឯទ្រង់ ព្រមទាំងបោះបង់សេចក្ដីអាក្រក់ដែលនៅដៃអ្នកចេញ ហើយមិនឲ្យមានសេចក្ដីទុច្ចរិតណានៅក្នុងទីលំនៅរបស់អ្នកឡើយ នោះប្រាកដជាអ្នកនឹងងើបមុខឡើងឥតមានប្រឡាក់អ្វីសោះ អើ អ្នកនឹងបានមាំមួនឥតភ័យខ្លាចអ្វីផង ដ្បិតអ្នកនឹងភ្លេចសេចក្ដីវេទនារបស់អ្នកទៅ រួចអ្នកនឹងនឹកចាំពីសេចក្ដីនោះ ដូចជាចាំពីទឹកដែលហូរបាត់ហើយ នោះជីវិតនៃអ្នកនឹងបានត្រចះថ្លាជាងពេលថ្ងៃត្រង់ បើសិនជាមានសេចក្ដីងងឹតខ្លះ នោះនឹងបានដូចជាពេលព្រឹកព្រាងឡើងវិញ អ្នកនឹងបានសាន្តត្រាណ ដោយព្រោះមានទីសង្ឃឹម អើ អ្នកនឹងស្វែងរកជុំវិញ រួចនឹងដេកសំរាកទៅដោយសុខសាន្ត អ្នកនឹងដេកទៅឥតមានអ្នកណាបំភ័យអ្នកឡើយ ហើយមនុស្សជាច្រើននឹងមកអង្វរដល់អ្នក ឯភ្នែកនៃពួកមនុស្សអាក្រក់វិញ នោះនឹងត្រូវងងឹតទៅ គេនឹងរកទីពឹងគ្មាន ហើយសេចក្ដីសង្ឃឹមរបស់គេនឹងបានជាសេចក្ដីស្លាប់នោះឯង។