យ៉ូប 1:6-12
យ៉ូប 1:6-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
មានថ្ងៃមួយ ពេលដែលពួកកូនព្រះ បានទៅគាល់នៅចំពោះព្រះយេហូវ៉ា ហើយអារក្សសាតាំង ក៏មកនៅក្នុងចំណោមគេដែរ។ ព្រះយេហូវ៉ាមានព្រះបន្ទូលសួរសាតាំងថា៖ «តើឯងមកពីណា?» សាតាំងទូលឆ្លើយថា៖ «មកពីដើរចុះឡើងទៅមកនៅផែនដី»។ រួចព្រះយេហូវ៉ាសួរសាតាំងថា៖ «តើឯងបានសង្កេតមើលយ៉ូប ជាអ្នកបម្រើរបស់យើងឬទេ? ដ្បិតគ្មានអ្នកណាមួយនៅផែនដីដូចគាត់ឡើយ ជាអ្នកដែលគ្រប់លក្ខណ៍ហើយទៀងត្រង់ ក៏កោតខ្លាចដល់ព្រះ ហើយចៀសចេញពីសេចក្ដីអាក្រក់ផង»។ សាតាំងទូលឆ្លើយដល់ព្រះយេហូវ៉ាថា៖ «ដែលយ៉ូបកោតខ្លាចដល់ព្រះអង្គ តើឥតមានប្រយោជន៍ទេឬ? តើព្រះអង្គមិនបានធ្វើរបងព័ទ្ធជុំវិញ ព្រមទាំងគ្រួ និងរបស់ដែលគាត់មានទាំងប៉ុន្មានផងទេឬ ព្រះអង្គបានប្រទានពរដល់ការដែលដៃគាត់ធ្វើ ទ្រព្យសម្បត្តិគាត់ក៏បានចម្រើនឡើងនៅលើផែនដី ដូច្នេះ ចូរព្រះអង្គគ្រាន់តែលូកព្រះហស្ត ទៅពាល់របស់គាត់ទាំងប៉ុន្មានចុះ នោះគាត់នឹងប្រមាថដល់ព្រះអង្គ នៅចំពោះព្រះភក្ត្រ»។ ព្រះយេហូវ៉ាមានព្រះបន្ទូលតបថា៖ «មើល៍! យើងប្រគល់របស់ដែលគាត់មានទាំងប៉ុន្មាន ទៅក្នុងអំណាចឯងហើយ កុំឲ្យតែដាក់ដៃលើខ្លួនគាត់ឡើយ» ដូច្នេះ សាតាំងក៏ចេញពីព្រះយេហូវ៉ាទៅ។
យ៉ូប 1:6-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ថ្ងៃមួយ ពពួកទេវតារបស់ព្រះអម្ចាស់ នាំគ្នាចូលទៅគាល់ព្រះអង្គ មារ*សាតាំងក៏ស្ថិតនៅក្នុងចំណោមទេវតាទាំងនោះដែរ។ ព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់មារសាតាំងថា៖ «តើអ្នកទើបនឹងមកពីណា?»។ មារសាតាំងទូលព្រះអម្ចាស់វិញថា៖ «ទូលបង្គំទើបនឹងដើរកម្សាន្តនៅលើផែនដី»។ ព្រះអម្ចាស់សួរមារសាតាំងថា៖ «តើអ្នកសង្កេតឃើញយ៉ូប ជាអ្នកបម្រើរបស់យើងឬទេ? នៅលើផែនដី គ្មាននរណាម្នាក់ដូចយ៉ូបឡើយ គេជាមនុស្សទៀងត្រង់ និងសុចរិត គេគោរពកោតខ្លាចយើង ហើយចៀសវាងប្រព្រឹត្តអំពើអាក្រក់»។ មារសាតាំងទូលព្រះអម្ចាស់វិញថា៖ «តើយ៉ូបពិតជាគោរពកោតខ្លាចព្រះអង្គដោយសុទ្ធចិត្តមែនឬ? តាមពិត គាត់គោរពព្រះអង្គដូច្នេះ មកពីព្រះអង្គការពារគាត់ និងផ្ទះសំបែងរបស់គាត់ ព្រមទាំងអ្វីៗដែលគាត់មាន។ ព្រះអង្គប្រទានពរឲ្យគាត់បានចម្រើនក្នុងកិច្ចការដែលគាត់ធ្វើ ហើយក៏ប្រទានឲ្យហ្វូងសត្វរបស់គាត់ កើនចំនួនច្រើនពាសពេញស្រុកដែរ។ ប្រសិនបើព្រះអង្គបំផ្លាញអ្វីៗទាំងអស់ដែលគាត់មាន នោះគាត់មុខជាប្រមាថព្រះអង្គមិនខាន»។ ព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់មារសាតាំងថា៖ «អ្វីៗដែលយ៉ូបមាន ស្ថិតនៅក្នុងអំណាចរបស់អ្នកស្រាប់ហើយ ប៉ុន្តែ កុំប៉ះពាល់រូបគាត់ផ្ទាល់ឲ្យសោះ»។ ពេលនោះ មារសាតាំងក៏ចាកចេញពីព្រះអម្ចាស់ទៅ។
យ៉ូប 1:6-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រីឯមានកាល១ថ្ងៃ ដែលពួកកូនព្រះបានទៅគាល់នៅចំពោះព្រះយេហូវ៉ា ហើយអារក្សសាតាំងក៏មកនៅក្នុងចំណោមគេដែរ នោះព្រះយេហូវ៉ាទ្រង់មានបន្ទូលសួរសាតាំងថា ឯងមកពីណា សាតាំងទូលឆ្លើយថា មកពីដើរចុះឡើងទៅមកនៅផែនដី រួចព្រះយេហូវ៉ាទ្រង់សួរសាតាំងថា ឯងបានសង្កេតមើលយ៉ូប ជាអ្នកបំរើអញឬទេ ដ្បិតគ្មានអ្នកណាមួយ នៅផែនដីឲ្យដូចគាត់ឡើយ ជាអ្នកដែលគ្រប់លក្ខណ៍ហើយទៀងត្រង់ ក៏កោតខ្លាចដល់ព្រះ ហើយចៀសចេញពីសេចក្ដីអាក្រក់ផង សាតាំងទូលឆ្លើយដល់ព្រះយេហូវ៉ាថា ដែលយ៉ូបកោតខ្លាចដល់ព្រះអង្គ តើឥតមានប្រយោជន៍ទេឬ តើទ្រង់មិនបានធ្វើរបងព័ទ្ធជុំវិញ ព្រមទាំងគ្រួ នឹងរបស់ដែលគាត់មានទាំងប៉ុន្មានផងទេឬអី ទ្រង់បានប្រទានពរ ដល់ការដែលដៃគាត់ធ្វើ ទ្រព្យសម្បត្តិគាត់ក៏បានចំរើនឡើងនៅលើផែនដី ដូច្នេះ ចូរទ្រង់គ្រាន់តែលូកព្រះហស្ត ទៅពាល់របស់ផងគាត់ទាំងប៉ុន្មានចុះ នោះគាត់នឹងប្រមាថដល់ទ្រង់ នៅចំពោះព្រះភក្ត្រ ព្រះយេហូវ៉ាទ្រង់មានបន្ទូលតបថា មើល អញប្រគល់របស់ដែលគាត់មានទាំងប៉ុន្មាន ទៅក្នុងអំណាចឯងហើយ កុំឲ្យតែដាក់ដៃលើខ្លួនគាត់ឡើយ ដូច្នេះ សាតាំងក៏ចេញពីចំពោះព្រះយេហូវ៉ាទៅ។