យ៉ូប 1:4-5
យ៉ូប 1:4-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កូនប្រុសៗរបស់លោក គេតែងតែជប់លៀងនៅផ្ទះគេរៀងៗខ្លួនតាមវេន គេក៏បានអញ្ជើញប្អូនស្រីៗរបស់គេទាំងបីនាក់ ឲ្យមកបរិភោគជាមួយគ្នាដែរ។ ក្រោយពេលជប់លៀង លោកយ៉ូបតែងតែប្រាប់គេឲ្យទៅញែកខ្លួនជាបរិសុទ្ធ រួចក្រោកឡើងពីព្រលឹមស្រាង ថ្វាយតង្វាយដុតតាមចំនួនកូនទាំងប៉ុន្មាន ដោយពោលថា៖ «ក្រែងកូនរបស់ខ្ញុំបានធ្វើបាប ហើយមានចិត្តលះចោលព្រះយ៉ាងណា»។ លោកតែងតែធ្វើដូច្នេះជាដរាប។
យ៉ូប 1:4-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កូនប្រុសៗរបស់លោកតែងតែទៅជប់លៀងនៅផ្ទះរបស់ពួកគេ តាមវេនរៀងៗខ្លួន ហើយក៏អញ្ជើញបងប្អូនស្រីៗទាំងបីនាក់ទៅចូលរួមដែរ។ ក្រោយពេលជប់លៀង លោកយ៉ូបតែងតែហៅកូនៗរបស់លោក មកធ្វើពិធីជម្រះកាយឲ្យបានវិសុទ្ធ*។ លោកក្រោកពីព្រលឹម ថ្វាយតង្វាយដុតទាំងមូល សម្រាប់កូននីមួយៗ ដ្បិតលោកខ្លាចក្រែងកូនរបស់លោកប្រព្រឹត្តអំពើបាប ហើយប្រមាថព្រះជាម្ចាស់នៅក្នុងចិត្តរបស់ខ្លួន។ លោកយ៉ូបតែងតែប្រព្រឹត្តបែបនេះជានិច្ច។
យ៉ូប 1:4-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯកូនប្រុសៗរបស់លោក គេតែងជប់លៀងគ្នា នៅផ្ទះគេរៀងខ្លួនតាមវេន គេក៏ចាត់ឲ្យទៅហៅប្អូនស្រីគេទាំង៣នាក់ ឲ្យមកបរិភោគជាមួយគ្នា លុះកាលបានជប់លៀងគ្នារួចហើយ នោះយ៉ូបក៏ចាត់ទៅញែកគេចេញជាបរិសុទ្ធ រួចក្រោកឡើងពីព្រលឹមស្រាង ថ្វាយដង្វាយដុតតាមចំនួនកូនទាំងប៉ុន្មាន ដោយនឹកថា ក្រែងកូនអញបានធ្វើបាប ហើយមានចិត្តលះចោលព្រះយ៉ាងណា លោកតែងតែធ្វើដូច្នេះជាដរាប។