យ៉ូប 1:13-22 - Compare All Versions
យ៉ូប 1:13-22 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
ថ្ងៃមួយ ពេលកូនប្រុសកូនស្រីរបស់លោកយ៉ូបកំពុងតែជប់លៀងនៅផ្ទះកូនច្បង នោះមានអ្នកបម្រើម្នាក់មកជម្រាបលោកថា៖ «យើងខ្ញុំកំពុងតែភ្ជួរស្រែជាមួយគោ ហើយហ្វូងលាក៏កំពុងតែស៊ីស្មៅនៅក្បែរនោះ ស្រាប់តែមានជនជាតិសេបា មកវាយពួកយើង ប្លន់យកហ្វូងសត្វរបស់លោកម្ចាស់អស់។ ពួកគេបានសម្លាប់អ្នកបម្រើឯទៀតៗរបស់លោកម្ចាស់ គឺមានតែខ្ញុំប្របាទម្នាក់ប៉ុណ្ណោះដែលបានរួចជីវិត ហើយនាំដំណឹងនេះមកជម្រាបលោកម្ចាស់»។ ពេលអ្នកនោះកំពុងតែនិយាយនៅឡើយ ស្រាប់តែអ្នកបម្រើម្នាក់ទៀតមកដល់ ជម្រាបលោកថា៖ «មានរន្ទះបាញ់ពីលើមេឃ ឆេះហ្វូងចៀមរបស់លោកម្ចាស់ ហើយអ្នកបម្រើឯទៀតៗក៏ស្លាប់អស់ដែរ។ មានតែខ្ញុំប្របាទម្នាក់ប៉ុណ្ណោះដែលបានរួចជីវិត នាំដំណឹងនេះមកជម្រាបលោកម្ចាស់»។ អ្នកនោះនិយាយមិនទាន់ផុតពីមាត់ផង ស្រាប់តែមានអ្នកបម្រើម្នាក់ទៀតមកដល់ ជម្រាបលោកថា៖ «មានជនជាតិខាល់ដេ លើកគ្នាមកជាបីក្រុម ហើយប្លន់យកហ្វូងអូដ្ឋ និងសម្លាប់អ្នកបម្រើឯទៀតៗរបស់លោកម្ចាស់ គឺមានតែខ្ញុំប្របាទម្នាក់ប៉ុណ្ណោះដែលបានរួចជីវិត ហើយនាំដំណឹងនេះមកជម្រាបលោកម្ចាស់»។ អ្នកនោះកំពុងនិយាយនៅឡើយ ស្រាប់តែមានអ្នកបម្រើម្នាក់ទៀតមកដល់ ជម្រាបលោកថា៖ «កូនប្រុស កូនស្រីរបស់លោកម្ចាស់ កំពុងជប់លៀងនៅផ្ទះកូនច្បង ស្រាប់តែមានខ្យល់ព្យុះបក់មកពីវាលរហោស្ថាន ប៉ះនឹងជ្រុងផ្ទះទាំងបួន ផ្ទះក៏រលំសង្កត់យុវជនទាំងនោះ ស្លាប់អស់ហើយ។ មានតែខ្ញុំប្របាទម្នាក់ប៉ុណ្ណោះដែលនៅរស់ ហើយនាំដំណឹងនេះមកជម្រាបលោកម្ចាស់»។ ពេលនោះ លោកយ៉ូបក្រោកឡើង ហែកអាវធំរបស់លោក ហើយកោរសក់។ បន្ទាប់មក លោកផ្ដួលខ្លួនដល់ដី ក្រាបថ្វាយបង្គំ ទាំងពោលថា៖ «ខ្ញុំបានចាកចេញពីផ្ទៃម្ដាយមកខ្លួនទទេ ខ្ញុំក៏នឹងវិលត្រឡប់ទៅវិញខ្លួនទទេដែរ។ ព្រះអម្ចាស់ប្រទានអ្វីៗមកខ្ញុំ ហើយព្រះអង្គក៏ដកយកពីខ្ញុំវិញដែរ។ សូមលើកតម្កើងព្រះនាមព្រះអម្ចាស់»។ ក្នុងស្ថានភាពទាំងនេះ លោកយ៉ូបពុំបានប្រព្រឹត្តអំពើបាប ឬពោលពាក្យចោទប្រកាន់ព្រះជាម្ចាស់ដែរ។
យ៉ូប 1:13-22 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
មាន១ថ្ងៃ កាលពួកកូនប្រុសកូនស្រីរបស់លោកកំពុងតែបរិភោគ ហើយផឹកស្រាទំពាំងបាយជូរ នៅឯផ្ទះបងច្បង នោះគាប់ចួនជាមានម្នាក់នាំដំណឹងមកជំរាបយ៉ូបថា កំពុងដែលគោនៅភ្ជួរ ហើយហ្វូងលារកស៊ីជិតខាង នោះស្រាប់តែពួកសាសន៍សេបា មកប្លន់ពង្រត់យកទៅ ក៏បានកាប់សំឡាប់ពួកបាវព្រាវ ដោយមុខដាវ មានតែខ្ញុំ១ទេ ដែលបានរត់រួចមកជំរាបលោក កាលអ្នកនោះកំពុងនិយាយនៅឡើយ នោះមានម្នាក់ទៀតមកជំរាបថា ភ្លើងរបស់ព្រះបានធ្លាក់ពីលើមេឃមកបញ្ឆេះហ្វូងចៀម នឹងពួកបាវព្រាវអស់ទៅហើយ មានតែខ្ញុំ១ទេ ដែលរួចមកជំរាបលោក កាលអ្នកនោះកំពុងនិយាយនៅឡើយ ក៏មានម្នាក់ទៀតមកជំរាបថា ពួកសាសន៍ខាល់ដេបានចែកគ្នាជា៣កង លុកចូលមកប្លន់ពង្រត់យកអូដ្ឋទាំងប៉ុន្មានទៅ ហើយគេកាប់សំឡាប់ពួកបាវព្រាវដោយមុខដាវ មានតែខ្ញុំ១ទេ ដែលរត់រួចមកជំរាបលោក កាលអ្នកនោះកំពុងនិយាយនៅឡើយ នោះមានម្នាក់ទៀតមកជំរាបថា ពួកកូនប្រុសកូនស្រីរបស់លោកកំពុងតែបរិភោគ នៅក្នុងផ្ទះបងច្បង ស្រាប់តែមានខ្យល់គំហុកជាខ្លាំងបក់មកពីទីរហោស្ថាន បោកប្រមុំផ្ទះទាំង៤ជ្រុង រំលំទៅលើកូនលោកស្លាប់អស់ទៅហើយ មានតែខ្ញុំ១ទេ ដែលរួច ដើម្បីមកជំរាបលោក។ នោះយ៉ូបក៏ក្រោកឡើងហែកអាវខ្លួន ហើយកោរសក់ រួចផ្តួលខ្លួនក្រាបចុះដល់ដីថ្វាយបង្គំ ដោយពាក្យថា ទូលបង្គំបានចេញពីផ្ទៃម្តាយមកដោយខ្លួនទទេ ហើយនឹងត្រឡប់ទៅវិញដោយទទេដែរ ព្រះយេហូវ៉ាទ្រង់បានប្រទានមក ហើយទ្រង់ក៏បានដកយកទៅវិញ សូមឲ្យព្រះនាមព្រះយេហូវ៉ាបានព្រះពរចុះ ក្នុងគ្រប់សេចក្ដីទាំងនោះយ៉ូបមិនបានធ្វើបាបឡើយ ក៏មិនបានប្រកាន់ទោសដល់ព្រះដែរ។
យ៉ូប 1:13-22 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
មានមួយថ្ងៃ កាលពួកកូនប្រុសកូនស្រីរបស់លោកកំពុងតែបរិភោគ ហើយផឹកស្រាទំពាំងបាយជូរ នៅឯផ្ទះបងច្បង នោះគាប់ចួនជាមានម្នាក់នាំដំណឹងមកជម្រាបលោកយ៉ូបថា៖ «កំពុងដែលគោនៅភ្ជួរ ហើយហ្វូងលារកស៊ីជិតខាង នោះស្រាប់តែពួកសាសន៍សេបា មកប្លន់ពង្រត់យកទៅ ក៏បានកាប់សម្លាប់ពួកបាវព្រាវ ដោយមុខដាវ មានតែខ្ញុំមួយទេ ដែលបានរត់រួច មកជម្រាបលោក»។ កាលអ្នកនោះកំពុងនិយាយនៅឡើយ នោះមានម្នាក់ទៀតមកជម្រាបថា៖ «ភ្លើងរបស់ព្រះបានធ្លាក់ពីលើមេឃមកបញ្ឆេះហ្វូងចៀម និងពួកបាវព្រាវអស់ទៅហើយ មានតែខ្ញុំមួយទេ ដែលរួចមកជម្រាបលោក»។ កាលអ្នកនោះកំពុងនិយាយនៅឡើយ ក៏មានម្នាក់ទៀតមកជម្រាបថា៖ «ពួកសាសន៍ខាល់ដេ បានចែកគ្នាជាបីកង លុកចូលមកប្លន់ពង្រត់យកអូដ្ឋទាំងប៉ុន្មានទៅ ហើយគេកាប់សម្លាប់ពួកបាវព្រាវដោយមុខដាវ មានតែខ្ញុំមួយទេ ដែលរត់រួចមកជម្រាបលោក»។ កាលអ្នកនោះកំពុងនិយាយនៅឡើយ នោះមានម្នាក់ទៀតមកជម្រាបថា៖ «ពួកកូនប្រុសកូនស្រីរបស់លោកកំពុងតែបរិភោគ នៅក្នុងផ្ទះបងច្បង ស្រាប់តែមានខ្យល់គំហុកជាខ្លាំងបក់មកពីទីរហោស្ថាន បោកប្រមុមផ្ទះទាំងបួនជ្រុង រំលំទៅលើកូនលោកស្លាប់អស់ទៅហើយ មានតែខ្ញុំមួយទេ ដែលរួច ដើម្បីមកជម្រាបលោក»។ នោះលោកយ៉ូបក៏ក្រោកឡើងហែកអាវខ្លួន ហើយកោរសក់ រួចផ្តួលខ្លួនក្រាបចុះដល់ដីថ្វាយបង្គំ ដោយពោលថា៖ «ទូលបង្គំបានចេញពីផ្ទៃម្តាយមកដោយខ្លួនទទេ ហើយនឹងត្រឡប់ទៅវិញដោយទទេដែរ ព្រះយេហូវ៉ាបានប្រទានមក ហើយព្រះអង្គក៏បានដកយកទៅវិញ សូមឲ្យព្រះនាមព្រះយេហូវ៉ាបានព្រះពរចុះ»។ ក្នុងគ្រប់សេចក្ដីទាំងនោះ លោកយ៉ូបមិនបានធ្វើបាបឡើយ ក៏មិនបានប្រកាន់ទោសដល់ព្រះដែរ។