យ៉ូប 1:13-20

យ៉ូប 1:13-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

មាន​មួយ​ថ្ងៃ កាល​ពួក​កូន​ប្រុស​កូន​ស្រី​របស់​លោក​កំពុង​តែ​បរិ‌ភោគ ហើយ​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ នៅ​ឯ​ផ្ទះ​បង​ច្បង នោះ​គាប់​ចួន​ជា​មាន​ម្នាក់​នាំ​ដំណឹង​មក​ជម្រាប​លោក​យ៉ូប​ថា៖ «កំពុង​ដែល​គោ​នៅ​ភ្ជួរ ហើយ​ហ្វូង​លា​រក​ស៊ី​ជិត​ខាង នោះ​ស្រាប់​តែ​ពួក​សាសន៍​សេបា មក​ប្លន់​ពង្រត់​យក​ទៅ ក៏​បាន​កាប់​សម្លាប់​ពួក​បាវ​ព្រាវ ដោយ​មុខ​ដាវ មាន​តែ​ខ្ញុំ​មួយ​ទេ ដែល​បាន​រត់​រួច មក​ជម្រាប​លោក»។ កាល​អ្នក​នោះ​កំពុង​និយាយ​នៅ​ឡើយ នោះ​មាន​ម្នាក់​ទៀត​មក​ជម្រាប​ថា៖ «ភ្លើង​របស់​ព្រះ​បាន​ធ្លាក់​ពី​លើ​មេឃ​មក​បញ្ឆេះ​ហ្វូង​ចៀម និង​ពួក​បាវ​ព្រាវ​អស់​ទៅ​ហើយ មាន​តែ​ខ្ញុំ​មួយ​ទេ ដែល​រួច​មក​ជម្រាប​លោក»។ កាល​អ្នក​នោះ​កំពុង​និយាយ​នៅ​ឡើយ ក៏​មាន​ម្នាក់​ទៀត​មក​ជម្រាប​ថា៖ «ពួក​សាសន៍​ខាល់ដេ បាន​ចែក​គ្នា​ជា​បី​កង លុក​ចូល​មក​ប្លន់​ពង្រត់​យក​អូដ្ឋ​ទាំង​ប៉ុន្មាន​ទៅ ហើយ​គេ​កាប់​សម្លាប់​ពួក​បាវ‌ព្រាវ​ដោយ​មុខ​ដាវ មាន​តែ​ខ្ញុំ​មួយ​ទេ ដែល​រត់​រួច​មក​ជម្រាប​លោក»។ កាល​អ្នក​នោះ​កំពុង​និយាយ​នៅ​ឡើយ នោះ​មាន​ម្នាក់​ទៀត​មក​ជម្រាប​ថា៖ «ពួក​កូន​ប្រុស​កូន​ស្រី​របស់​លោក​កំពុង​តែ​បរិ‌ភោគ នៅ​ក្នុង​ផ្ទះ​បង​ច្បង ស្រាប់​តែ​មាន​ខ្យល់​គំហុក​ជា​ខ្លាំង​បក់​មក​ពី​ទី​រហោ‌ស្ថាន បោក​ប្រមុម​ផ្ទះ​ទាំង​បួន​ជ្រុង រំលំ​ទៅ​លើកូន​លោក​ស្លាប់​អស់​ទៅ​ហើយ មាន​តែ​ខ្ញុំ​មួយ​ទេ ដែល​រួច ដើម្បី​មក​ជម្រាប​លោក»។ នោះ​លោក​យ៉ូប​ក៏​ក្រោក​ឡើង​ហែក​អាវ​ខ្លួន ហើយ​កោរ​សក់ រួច​ផ្តួល​ខ្លួន​ក្រាប​ចុះ​ដល់​ដី​ថ្វាយ​បង្គំ

ចែក​រំលែក
អាន យ៉ូប 1

យ៉ូប 1:13-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ថ្ងៃ​មួយ ពេល​កូន​ប្រុស​កូន​ស្រី​របស់​លោក​យ៉ូប​កំពុង​តែ​ជប់‌លៀង​នៅ​ផ្ទះ​កូន​ច្បង នោះ​មាន​អ្នក​បម្រើ​ម្នាក់​មក​ជម្រាប​លោក​ថា៖ «យើង​ខ្ញុំ​កំពុង​តែ​ភ្ជួរ​ស្រែ​ជា​មួយ​គោ ហើយ​ហ្វូង​លា​ក៏​កំពុង​តែ​ស៊ី​ស្មៅ​នៅ​ក្បែរ​នោះ ស្រាប់​តែ​មាន​ជន‌ជាតិ​សេបា មក​វាយ​ពួក​យើង ប្លន់​យក​ហ្វូង​សត្វ​របស់​លោក​ម្ចាស់​អស់។ ពួក​គេ​បាន​សម្លាប់​អ្នក​បម្រើ​ឯ​ទៀតៗ​របស់​លោក​ម្ចាស់ គឺ​មាន​តែ​ខ្ញុំ​ប្របាទ​ម្នាក់​ប៉ុណ្ណោះ​ដែល​បាន​រួច​ជីវិត ហើយ​នាំ​ដំណឹង​នេះ​មក​ជម្រាប​លោក​ម្ចាស់»។ ពេល​អ្នក​នោះ​កំពុង​តែ​និយាយ​នៅ​ឡើយ ស្រាប់​តែ​អ្នក​បម្រើ​ម្នាក់​ទៀត​មក​ដល់ ជម្រាប​លោក​ថា៖ «មាន​រន្ទះ​បាញ់​ពី​លើ​មេឃ ឆេះ​ហ្វូង​ចៀម​របស់​លោក​ម្ចាស់ ហើយ​អ្នក​បម្រើ​ឯ​ទៀតៗ​ក៏​ស្លាប់​អស់​ដែរ។ មាន​តែ​ខ្ញុំ​ប្របាទ​ម្នាក់​ប៉ុណ្ណោះ​ដែល​បាន​រួច​ជីវិត នាំ​ដំណឹង​នេះ​មក​ជម្រាប​លោក​ម្ចាស់»។ អ្នក​នោះ​និយាយ​មិន​ទាន់​ផុត​ពី​មាត់​ផង ស្រាប់​តែ​មាន​អ្នក​បម្រើ​ម្នាក់​ទៀត​មក​ដល់ ជម្រាប​លោក​ថា៖ «មាន​ជន‌ជាតិ​ខាល់ដេ លើក​គ្នា​មក​ជា​បី​ក្រុម ហើយ​ប្លន់​យក​ហ្វូង​អូដ្ឋ និង​សម្លាប់​អ្នក​បម្រើ​ឯ​ទៀតៗ​របស់​លោក​ម្ចាស់ គឺ​មាន​តែ​ខ្ញុំ​ប្របាទ​ម្នាក់​ប៉ុណ្ណោះ​ដែល​បាន​រួច​ជីវិត ហើយ​នាំ​ដំណឹង​នេះ​មក​ជម្រាប​លោក​ម្ចាស់»។ អ្នក​នោះ​កំពុង​និយាយ​នៅ​ឡើយ ស្រាប់​តែ​មាន​អ្នក​បម្រើ​ម្នាក់​ទៀត​មក​ដល់ ជម្រាប​លោក​ថា៖ «កូន​ប្រុស កូន​ស្រី​របស់​លោក​ម្ចាស់ កំពុង​ជប់‌លៀង​នៅ​ផ្ទះ​កូន​ច្បង ស្រាប់​តែ​មាន​ខ្យល់​ព្យុះ​បក់​មក​ពី​វាល​រហោ‌ស្ថាន ប៉ះ​នឹង​ជ្រុង​ផ្ទះ​ទាំង​បួន ផ្ទះ​ក៏​រលំ​សង្កត់​យុវជន​ទាំង​នោះ ស្លាប់​អស់​ហើយ។ មាន​តែ​ខ្ញុំ​ប្របាទ​ម្នាក់​ប៉ុណ្ណោះ​ដែល​នៅ​រស់ ហើយ​នាំ​ដំណឹង​នេះ​មក​ជម្រាប​លោក​ម្ចាស់»។ ពេល​នោះ លោក​យ៉ូប​ក្រោក​ឡើង ហែក​អាវ​ធំ​របស់​លោក ហើយ​កោរ​សក់។ បន្ទាប់​មក លោក​ផ្ដួល​ខ្លួន​ដល់​ដី ក្រាប​ថ្វាយ‌បង្គំ

ចែក​រំលែក
អាន យ៉ូប 1

យ៉ូប 1:13-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

មាន​១​ថ្ងៃ កាល​ពួក​កូន​ប្រុស​កូន​ស្រី​របស់​លោក​កំពុង​តែ​បរិភោគ ហើយ​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ នៅ​ឯ​ផ្ទះ​បង​ច្បង នោះ​គាប់​ចួន​ជា​មាន​ម្នាក់​នាំ​ដំណឹង​មក​ជំរាប​យ៉ូប​ថា កំពុង​ដែល​គោ​នៅ​ភ្ជួរ ហើយ​ហ្វូង​លា​រក​ស៊ី​ជិត​ខាង នោះ​ស្រាប់​តែ​ពួក​សាសន៍​សេបា មក​ប្លន់​ពង្រត់​យក​ទៅ ក៏​បាន​កាប់​សំឡាប់​ពួក​បាវ​ព្រាវ ដោយ​មុខ​ដាវ មាន​តែ​ខ្ញុំ​១​ទេ ដែល​បាន​រត់​រួច​មក​ជំរាប​លោក កាល​អ្នក​នោះ​កំពុង​និយាយ​នៅ​ឡើយ នោះ​មាន​ម្នាក់​ទៀត​មក​ជំរាប​ថា ភ្លើង​របស់​ព្រះ​បាន​ធ្លាក់​ពី​លើ​មេឃ​មក​បញ្ឆេះ​ហ្វូង​ចៀម នឹង​ពួក​បាវ​ព្រាវ​អស់​ទៅ​ហើយ មាន​តែ​ខ្ញុំ​១​ទេ ដែល​រួច​មក​ជំរាប​លោក កាល​អ្នក​នោះ​កំពុង​និយាយ​នៅ​ឡើយ ក៏​មាន​ម្នាក់​ទៀត​មក​ជំរាប​ថា ពួក​សាសន៍​ខាល់ដេបាន​ចែក​គ្នា​ជា​៣​កង លុក​ចូល​មក​ប្លន់​ពង្រត់​យក​អូដ្ឋ​ទាំង​ប៉ុន្មាន​ទៅ ហើយ​គេ​កាប់​សំឡាប់​ពួក​បាវ‌ព្រាវ​ដោយ​មុខ​ដាវ មាន​តែ​ខ្ញុំ​១​ទេ ដែល​រត់​រួច​មក​ជំរាប​លោក កាល​អ្នក​នោះ​កំពុង​និយាយ​នៅ​ឡើយ នោះ​មាន​ម្នាក់​ទៀត​មក​ជំរាប​ថា ពួក​កូន​ប្រុស​កូន​ស្រី​របស់​លោក​កំពុង​តែ​បរិភោគ នៅ​ក្នុង​ផ្ទះ​បង​ច្បង ស្រាប់​តែ​មាន​ខ្យល់​គំហុក​ជា​ខ្លាំង​បក់​មក​ពី​ទី​រហោ‌ស្ថាន បោក​ប្រមុំ​ផ្ទះ​ទាំង​៤​ជ្រុង រំលំ​ទៅ​លើ​កូន​លោក​ស្លាប់​អស់​ទៅ​ហើយ មាន​តែ​ខ្ញុំ​១​ទេ ដែល​រួច ដើម្បី​មក​ជំរាប​លោក។ នោះ​យ៉ូប​ក៏​ក្រោក​ឡើង​ហែក​អាវ​ខ្លួន ហើយ​កោរ​សក់ រួច​ផ្តួល​ខ្លួន​ក្រាប​ចុះ​ដល់​ដី​ថ្វាយ‌បង្គំ

ចែក​រំលែក
អាន យ៉ូប 1