យ៉ូហាន 9:6-12
យ៉ូហាន 9:6-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលព្រះអង្គមានព្រះបន្ទូលរួចហើយ ទ្រង់ក៏ស្តោះទៅលើដី ហើយយកទឹកព្រះឱស្ឋធ្វើជាភក់ ទៅលាបភ្នែកមនុស្សខ្វាក់នោះ ព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «ចូរទៅលាងក្នុងស្រះស៊ីឡោមទៅ» (ស៊ីឡោម មានន័យថា ចាត់ឲ្យទៅ)។ ដូច្នេះ គាត់ក៏ទៅលាង ហើយត្រឡប់មកវិញទាំងភ្នែកមើលឃើញ។ អ្នកជិតខាង និងអស់អ្នកដែលធ្លាប់ឃើញគាត់ពីមុនជាអ្នកសុំទាន នាំគ្នាសួរថា៖ «តើអ្នកនេះមែនទេ ដែលធ្លាប់តែអង្គុយសុំទានគេ?» ខ្លះថា៖ «គឺអ្នកហ្នឹងហើយ» ខ្លះទៀតថា៖ «ទេ អ្នកនេះគ្រាន់តែមានមុខមាត់ដូចគាត់»។ តែគាត់ឆ្លើយថា៖ «គឺខ្ញុំនេះហើយ»។ គេសួរគាត់ទៀតថា៖ «ធ្វើដូចម្តេចបានជាភ្នែកអ្នកភ្លឺដូច្នេះ?» គាត់ឆ្លើយថា៖ «មានបុរសម្នាក់ឈ្មោះ យេស៊ូវ បានធ្វើភក់មកលាបភ្នែកខ្ញុំ រួចប្រាប់ថា "ចូរទៅលាងក្នុងស្រះស៊ីឡោមទៅ" ខ្ញុំក៏ទៅលាង ហើយស្រាប់តែបានមើលឃើញភ្លាម»។ គេសួរគាត់ថា៖ «អ្នកនោះនៅឯណា?» គាត់ឆ្លើយថា៖ «ខ្ញុំមិនដឹងទេ»។
យ៉ូហាន 9:6-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កាលព្រះអង្គមានព្រះបន្ទូលដូច្នេះហើយ ព្រះអង្គស្ដោះទឹកព្រះឱស្ឋទៅលើដី ធ្វើភក់លាបភ្នែកមនុស្សខ្វាក់នោះ រួចព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «សុំអញ្ជើញទៅលុបមុខនៅស្រះស៊ីឡោមចុះ»(ពាក្យ“ស៊ីឡោម”នេះមានន័យថា អ្នកដែលគេចាត់ឲ្យទៅ)។ គាត់ក៏ចេញទៅលុបមុខ ពេលត្រឡប់មកវិញ គាត់មើលឃើញ។ អ្នកជិតខាង និងអស់អ្នកដែលធ្លាប់ឃើញគាត់សុំទានកាលពីមុន នាំគ្នាពោលថា៖ «បុរសនេះជាអ្នកដែលតែងអង្គុយសុំទានទេតើ!»។ អ្នកខ្លះពោលថា៖ «គាត់មែន!»។ ខ្លះទៀតថា៖ «មិនមែនទេ អ្នកនេះមានមុខដូចគាត់!»។ រីឯបុរសនោះវិញ គាត់ពោលថា៖ «គឺខ្ញុំហ្នឹងហើយ!»។ គេក៏នាំគ្នាសួរគាត់ថា៖ «ម្ដេចបានជាភ្នែកអ្នកភ្លឺដូច្នេះ?»។ គាត់ឆ្លើយថា៖ «មានលោកម្នាក់ឈ្មោះយេស៊ូ បានធ្វើភក់យកមកលាបភ្នែកខ្ញុំ ហើយប្រាប់ខ្ញុំថា “សុំអញ្ជើញទៅលុបមុខនៅស្រះស៊ីឡោមចុះ!” ខ្ញុំក៏ទៅលុបមុខ ហើយខ្ញុំមើលឃើញ»។ គេសួរគាត់ថា៖ «លោកនោះនៅឯណា?»។ គាត់ឆ្លើយថា៖ «ខ្ញុំមិនដឹងទេ!»។
យ៉ូហាន 9:6-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
លុះមានបន្ទូលសេចក្ដីទាំងនោះរួចហើយ ទ្រង់ក៏ស្តោះដាក់នៅដី ហើយយកទឹកព្រះឱស្ឋទ្រង់ធ្វើជាភក់ ទៅលាបភ្នែកនៃមនុស្សខ្វាក់នោះ រួចមានបន្ទូលទៅគាត់ថា ចូរទៅលាងក្នុងស្រះស៊ីឡោមទៅ (ស៊ីឡោម គឺស្រាយថា ចាត់ឲ្យទៅ) ដូច្នេះ គាត់ក៏ទៅលាង ហើយត្រឡប់មកវិញ ទាំងមើលឃើញ នោះពួកអ្នកជិតខាង នឹងពួកអ្នកដែលពីដើមបានឃើញថា គាត់ជាអ្នកសុំទាន គេនិយាយថា អ្នកនេះទេតើ ដែលធ្លាប់តែអង្គុយសុំទានគេ ខ្លះថា គឺអ្នកហ្នឹងហើយ ខ្លះទៀតថា គាត់ដូចជាអ្នកនោះទេ តែគាត់ឆ្លើយថា គឺខ្ញុំនេះឯង គេសួរថា ធ្វើដូចម្តេចបានជាភ្នែកឯងបានភ្លឺដូច្នេះ គាត់ឆ្លើយថា មានម្នាក់ឈ្មោះ យេស៊ូវ បានធ្វើភក់មកលាបភ្នែកខ្ញុំ រួចប្រាប់ឲ្យទៅលាងនៅស្រះស៊ីឡោម ខ្ញុំក៏ទៅលាង ហើយបានភ្លឺឡើង គេសួរទៀតថា អ្នកនោះនៅឯណា គាត់ឆ្លើយថា ខ្ញុំមិនដឹងទេ។