យ៉ូហាន 9:13-16
យ៉ូហាន 9:13-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
គេក៏នាំមនុស្សដែលខ្វាក់ពីមុននោះ ទៅជួបនឹងពួកផារិស៊ី។ ថ្ងៃដែលព្រះយេស៊ូវធ្វើភក់ប្រោសឲ្យគាត់ភ្លឺភ្នែកនោះ គឺជាថ្ងៃសប្ប័ទ។ ពួកផារិស៊ីក៏សួរគាត់ ពីការដែលបានភ្លឺភ្នែកដោយរបៀបណា គាត់ជម្រាបថា៖ «លោកយកភក់មកលាបភ្នែកខ្ញុំ រួចខ្ញុំទៅលាង ហើយក៏មើលឃើញ»។ ពួកផារិស៊ីខ្លះនិយាយថា៖ «មនុស្សនោះមិនមែនមកពីព្រះទេ ព្រោះមិនកាន់តាមថ្ងៃសប្ប័ទ»។ ខ្លះទៀតថា៖ «ធ្វើដូចម្តេចឲ្យមនុស្សមានបាប អាចធ្វើទីសម្គាល់យ៉ាងនេះបាន?» ពួកគេក៏បាក់បែកគ្នា។
យ៉ូហាន 9:13-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
គេនាំអ្នកដែលខ្វាក់ពីមុននោះទៅជួបពួកខាងគណៈផារីស៊ី*។ ថ្ងៃដែលព្រះយេស៊ូធ្វើភក់ និងប្រោសអ្នកខ្វាក់ឲ្យភ្លឺនោះជាថ្ងៃសប្ប័ទ ហេតុនេះហើយបានជាពួកខាងគណៈផារីស៊ីនាំគ្នាសួរម្ដងទៀត អំពីហេតុការណ៍ដែលធ្វើឲ្យភ្នែកគាត់ភ្លឺ។ គាត់ឆ្លើយថា៖ «លោកបានយកភក់ដាក់ពីលើភ្នែកខ្ញុំ ខ្ញុំទៅលុបមុខ ហើយក៏មើលឃើញ»។ ពួកខាងគណៈផារីស៊ីខ្លះពោលថា៖ «អ្នកនោះមិនមែនមកពីព្រះជាម្ចាស់ទេ ដ្បិតគាត់ពុំគោរពក្រឹត្យវិន័យ*សម្រាប់ថ្ងៃឈប់សម្រាក»។ ខ្លះទៀតពោលថា៖ «តើមនុស្សបាបអាចធ្វើទីសម្គាល់ដូចម្ដេចបាន?»ពួកគេក៏បាក់បែកគ្នា។
យ៉ូហាន 9:13-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គេក៏នាំមនុស្សដែលពីដើមខ្វាក់នោះ ទៅឯពួកផារិស៊ី រីឯថ្ងៃដែលព្រះយេស៊ូវទ្រង់ធ្វើភក់ ប្រោសឲ្យគាត់ភ្លឺភ្នែកនោះ គឺជាថ្ងៃឈប់សំរាក ដូច្នេះ ពួកផារិស៊ីក៏សួរគាត់ ពីដំណើរដែលបានភ្លឺភ្នែក ជាយ៉ាងដូចម្តេចដែរ នោះគាត់ជំរាបថា លោកយកភក់មកលាបភ្នែកខ្ញុំ រួចខ្ញុំទៅលាង ហើយក៏មើលឃើញ ដូច្នេះ ពួកផារិស៊ីខ្លះនិយាយថា មនុស្សនោះមិនមែនមកពីព្រះទេ ព្រោះមិនកាន់ថ្ងៃឈប់សំរាកសោះ ខ្លះទៀតថា ធ្វើដូចម្តេចឲ្យមនុស្សមានបាបអាចធ្វើទីសំគាល់យ៉ាងនេះបាន នោះក៏កើតបាក់បែកគ្នា