យ៉ូហាន 9:1-5
យ៉ូហាន 9:1-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលព្រះអង្គកំពុងយាងទៅ ទ្រង់ទតឃើញមនុស្សម្នាក់ដែលខ្វាក់ពីកំណើត។ ពួកសិស្សទូលសួរព្រះអង្គថា៖ «លោកគ្រូ តើអ្នកណាបានប្រព្រឹត្តអំពើបាប មនុស្សនេះ ឬឪពុកម្តាយរបស់គាត់ បានជាគាត់កើតមកខ្វាក់ដូច្នេះ?» ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា៖ «មិនមែនដោយព្រោះអ្នកនេះ ឬឪពុកម្តាយគាត់បានប្រព្រឹត្តអំពើបាបទេ គាត់កើតមកខ្វាក់ដូច្នេះ គឺដើម្បីឲ្យព្រះបានបង្ហាញកិច្ចការរបស់ព្រះនៅក្នុងគាត់វិញ។ យើងត្រូវតែធ្វើការរបស់ព្រះ ដែលចាត់ខ្ញុំឲ្យមក ទាន់នៅថ្ងៃនៅឡើយ ដ្បិតដល់ពេលយប់ គ្មានអ្នកណាអាចនឹងធ្វើការបានទេ។ កាលខ្ញុំកំពុងតែនៅក្នុងពិភពលោកនេះ ខ្ញុំជាពន្លឺបំភ្លឺពិភពលោក»។
យ៉ូហាន 9:1-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះយេស៊ូយាងតាមផ្លូវ ព្រះអង្គទតឃើញមនុស្សម្នាក់ខ្វាក់តាំងពីកំណើត។ ពួកសិស្សទូលសួរព្រះអង្គថា៖ «ព្រះគ្រូ បុរសនេះកើតមកខ្វាក់ដូច្នេះ តើបណ្ដាលមកពីបាបរបស់នរណា? បាបរបស់គាត់ផ្ទាល់ ឬបាបរបស់ឪពុកម្ដាយគាត់?»។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «គាត់ខ្វាក់ មិនមែនមកពីបាបរបស់ឪពុកម្ដាយគាត់ ឬបាបរបស់គាត់ទេ គាត់ខ្វាក់ដូច្នេះ ដើម្បីឲ្យព្រះជាម្ចាស់បង្ហាញកិច្ចការរបស់ព្រះអង្គនៅក្នុងគាត់។ យើងត្រូវធ្វើកិច្ចការរបស់ព្រះអង្គដែលបានចាត់ខ្ញុំឲ្យមក ទាន់នៅភ្លឺនៅឡើយ ដ្បិតដល់ពេលយប់ គ្មាននរណាអាចធ្វើការឡើយ។ ពេលខ្ញុំស្ថិតនៅក្នុងពិភពលោកនេះ ខ្ញុំជាពន្លឺបំភ្លឺពិភពលោក»។
យ៉ូហាន 9:1-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
លុះទ្រង់យាងហួសទៅ ក៏ទតឃើញមនុស្សម្នាក់ដែលខ្វាក់ពីកំណើត ពួកសិស្សទូលសួរទ្រង់ថា លោកគ្រូ តើអ្នកណាបានធ្វើបាប មនុស្សនេះ ឬឪពុកម្តាយរបស់គាត់ បានជាគាត់កើតមកខ្វាក់ដូច្នេះ ព្រះយេស៊ូវមានបន្ទូលឆ្លើយថា មិនមែនដោយព្រោះអ្នកនេះ ឬឪពុកម្តាយគាត់បានធ្វើបាបទេ គឺដើម្បីឲ្យការរបស់ព្រះ បានសំដែងមក ក្នុងខ្លួនគាត់វិញ កំពុងដែលថ្ងៃនៅភ្លឺនៅឡើយ នោះត្រូវតែខ្ញុំធ្វើការរបស់ព្រះ ដែលចាត់ឲ្យខ្ញុំមក ដ្បិតយប់ដល់មក នោះគ្មានអ្នកណាអាចនឹងធ្វើការបានទេ កាលខ្ញុំកំពុងតែនៅក្នុងលោកីយនៅឡើយ នោះខ្ញុំជាពន្លឺនៃលោកីយ