យ៉ូហាន 9:1-23
យ៉ូហាន 9:1-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលព្រះអង្គកំពុងយាងទៅ ទ្រង់ទតឃើញមនុស្សម្នាក់ដែលខ្វាក់ពីកំណើត។ ពួកសិស្សទូលសួរព្រះអង្គថា៖ «លោកគ្រូ តើអ្នកណាបានប្រព្រឹត្តអំពើបាប មនុស្សនេះ ឬឪពុកម្តាយរបស់គាត់ បានជាគាត់កើតមកខ្វាក់ដូច្នេះ?» ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា៖ «មិនមែនដោយព្រោះអ្នកនេះ ឬឪពុកម្តាយគាត់បានប្រព្រឹត្តអំពើបាបទេ គាត់កើតមកខ្វាក់ដូច្នេះ គឺដើម្បីឲ្យព្រះបានបង្ហាញកិច្ចការរបស់ព្រះនៅក្នុងគាត់វិញ។ យើងត្រូវតែធ្វើការរបស់ព្រះ ដែលចាត់ខ្ញុំឲ្យមក ទាន់នៅថ្ងៃនៅឡើយ ដ្បិតដល់ពេលយប់ គ្មានអ្នកណាអាចនឹងធ្វើការបានទេ។ កាលខ្ញុំកំពុងតែនៅក្នុងពិភពលោកនេះ ខ្ញុំជាពន្លឺបំភ្លឺពិភពលោក»។ ពេលព្រះអង្គមានព្រះបន្ទូលរួចហើយ ទ្រង់ក៏ស្តោះទៅលើដី ហើយយកទឹកព្រះឱស្ឋធ្វើជាភក់ ទៅលាបភ្នែកមនុស្សខ្វាក់នោះ ព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «ចូរទៅលាងក្នុងស្រះស៊ីឡោមទៅ» (ស៊ីឡោម មានន័យថា ចាត់ឲ្យទៅ)។ ដូច្នេះ គាត់ក៏ទៅលាង ហើយត្រឡប់មកវិញទាំងភ្នែកមើលឃើញ។ អ្នកជិតខាង និងអស់អ្នកដែលធ្លាប់ឃើញគាត់ពីមុនជាអ្នកសុំទាន នាំគ្នាសួរថា៖ «តើអ្នកនេះមែនទេ ដែលធ្លាប់តែអង្គុយសុំទានគេ?» ខ្លះថា៖ «គឺអ្នកហ្នឹងហើយ» ខ្លះទៀតថា៖ «ទេ អ្នកនេះគ្រាន់តែមានមុខមាត់ដូចគាត់»។ តែគាត់ឆ្លើយថា៖ «គឺខ្ញុំនេះហើយ»។ គេសួរគាត់ទៀតថា៖ «ធ្វើដូចម្តេចបានជាភ្នែកអ្នកភ្លឺដូច្នេះ?» គាត់ឆ្លើយថា៖ «មានបុរសម្នាក់ឈ្មោះ យេស៊ូវ បានធ្វើភក់មកលាបភ្នែកខ្ញុំ រួចប្រាប់ថា "ចូរទៅលាងក្នុងស្រះស៊ីឡោមទៅ" ខ្ញុំក៏ទៅលាង ហើយស្រាប់តែបានមើលឃើញភ្លាម»។ គេសួរគាត់ថា៖ «អ្នកនោះនៅឯណា?» គាត់ឆ្លើយថា៖ «ខ្ញុំមិនដឹងទេ»។ គេក៏នាំមនុស្សដែលខ្វាក់ពីមុននោះ ទៅជួបនឹងពួកផារិស៊ី។ ថ្ងៃដែលព្រះយេស៊ូវធ្វើភក់ប្រោសឲ្យគាត់ភ្លឺភ្នែកនោះ គឺជាថ្ងៃសប្ប័ទ។ ពួកផារិស៊ីក៏សួរគាត់ ពីការដែលបានភ្លឺភ្នែកដោយរបៀបណា គាត់ជម្រាបថា៖ «លោកយកភក់មកលាបភ្នែកខ្ញុំ រួចខ្ញុំទៅលាង ហើយក៏មើលឃើញ»។ ពួកផារិស៊ីខ្លះនិយាយថា៖ «មនុស្សនោះមិនមែនមកពីព្រះទេ ព្រោះមិនកាន់តាមថ្ងៃសប្ប័ទ»។ ខ្លះទៀតថា៖ «ធ្វើដូចម្តេចឲ្យមនុស្សមានបាប អាចធ្វើទីសម្គាល់យ៉ាងនេះបាន?» ពួកគេក៏បាក់បែកគ្នា។ គេក៏សួរមនុស្សខ្វាក់ម្តងទៀតថា៖ «តើអ្នកថា មនុស្សដែលធ្វើឲ្យភ្នែករបស់អ្នកបានភ្លឺនោះ ជានរណា?» គាត់ឆ្លើយថា៖ «លោកជាហោរា»។ ពួកសាសន៍យូដាមិនជឿថា គាត់ខ្វាក់ភ្នែក ហើយបានភ្លឺឡើងវិញទេ ទាល់តែហៅឪពុកម្តាយរបស់អ្នកដែលបានភ្លឺភ្នែកនោះមក ហើយសួរថា៖ «តើអ្នកនេះជាកូនរបស់អ្នក ដែលអ្នកថា បានកើតមកខ្វាក់នោះមែនឬ? ចុះឥឡូវនេះ ធ្វើដូចម្តេចបានជាគាត់ភ្លឺឡើងវិញ?» ឪពុកម្តាយគាត់ឆ្លើយថា៖ «យើងខ្ញុំដឹងថា នេះជាកូនយើងពិត ហើយពេលវាកើតមក ខ្វាក់មែន តែយើងខ្ញុំមិនដឹងថា វាបានភ្លឺដោយរបៀបណានោះទេ ក៏មិនដឹងថាអ្នកណាបានធ្វើឲ្យភ្លឺដែរ វាគ្រប់អាយុហើយ សូមសួរវាចុះ វានឹងប្រាប់ដោយខ្លួនឯង»។ ឪពុកម្តាយគាត់និយាយដូច្នេះ ព្រោះខ្លាចសាសន៍យូដា ដ្បិតពួកសាសន៍យូដាបានព្រមព្រៀងគ្នាហើយថា បើអ្នកណាប្រកាសថាព្រះយេស៊ូវជាព្រះគ្រីស្ទ ត្រូវកាត់អ្នកនោះចេញពីសាលាប្រជុំរបស់គេ។ ហេតុនោះបានជាឪពុកម្តាយគាត់និយាយថា៖ «វាគ្រប់អាយុហើយ សូមសួរវាចុះ»។
យ៉ូហាន 9:1-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះយេស៊ូយាងតាមផ្លូវ ព្រះអង្គទតឃើញមនុស្សម្នាក់ខ្វាក់តាំងពីកំណើត។ ពួកសិស្សទូលសួរព្រះអង្គថា៖ «ព្រះគ្រូ បុរសនេះកើតមកខ្វាក់ដូច្នេះ តើបណ្ដាលមកពីបាបរបស់នរណា? បាបរបស់គាត់ផ្ទាល់ ឬបាបរបស់ឪពុកម្ដាយគាត់?»។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «គាត់ខ្វាក់ មិនមែនមកពីបាបរបស់ឪពុកម្ដាយគាត់ ឬបាបរបស់គាត់ទេ គាត់ខ្វាក់ដូច្នេះ ដើម្បីឲ្យព្រះជាម្ចាស់បង្ហាញកិច្ចការរបស់ព្រះអង្គនៅក្នុងគាត់។ យើងត្រូវធ្វើកិច្ចការរបស់ព្រះអង្គដែលបានចាត់ខ្ញុំឲ្យមក ទាន់នៅភ្លឺនៅឡើយ ដ្បិតដល់ពេលយប់ គ្មាននរណាអាចធ្វើការឡើយ។ ពេលខ្ញុំស្ថិតនៅក្នុងពិភពលោកនេះ ខ្ញុំជាពន្លឺបំភ្លឺពិភពលោក»។ កាលព្រះអង្គមានព្រះបន្ទូលដូច្នេះហើយ ព្រះអង្គស្ដោះទឹកព្រះឱស្ឋទៅលើដី ធ្វើភក់លាបភ្នែកមនុស្សខ្វាក់នោះ រួចព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «សុំអញ្ជើញទៅលុបមុខនៅស្រះស៊ីឡោមចុះ»(ពាក្យ“ស៊ីឡោម”នេះមានន័យថា អ្នកដែលគេចាត់ឲ្យទៅ)។ គាត់ក៏ចេញទៅលុបមុខ ពេលត្រឡប់មកវិញ គាត់មើលឃើញ។ អ្នកជិតខាង និងអស់អ្នកដែលធ្លាប់ឃើញគាត់សុំទានកាលពីមុន នាំគ្នាពោលថា៖ «បុរសនេះជាអ្នកដែលតែងអង្គុយសុំទានទេតើ!»។ អ្នកខ្លះពោលថា៖ «គាត់មែន!»។ ខ្លះទៀតថា៖ «មិនមែនទេ អ្នកនេះមានមុខដូចគាត់!»។ រីឯបុរសនោះវិញ គាត់ពោលថា៖ «គឺខ្ញុំហ្នឹងហើយ!»។ គេក៏នាំគ្នាសួរគាត់ថា៖ «ម្ដេចបានជាភ្នែកអ្នកភ្លឺដូច្នេះ?»។ គាត់ឆ្លើយថា៖ «មានលោកម្នាក់ឈ្មោះយេស៊ូ បានធ្វើភក់យកមកលាបភ្នែកខ្ញុំ ហើយប្រាប់ខ្ញុំថា “សុំអញ្ជើញទៅលុបមុខនៅស្រះស៊ីឡោមចុះ!” ខ្ញុំក៏ទៅលុបមុខ ហើយខ្ញុំមើលឃើញ»។ គេសួរគាត់ថា៖ «លោកនោះនៅឯណា?»។ គាត់ឆ្លើយថា៖ «ខ្ញុំមិនដឹងទេ!»។ គេនាំអ្នកដែលខ្វាក់ពីមុននោះទៅជួបពួកខាងគណៈផារីស៊ី*។ ថ្ងៃដែលព្រះយេស៊ូធ្វើភក់ និងប្រោសអ្នកខ្វាក់ឲ្យភ្លឺនោះជាថ្ងៃសប្ប័ទ ហេតុនេះហើយបានជាពួកខាងគណៈផារីស៊ីនាំគ្នាសួរម្ដងទៀត អំពីហេតុការណ៍ដែលធ្វើឲ្យភ្នែកគាត់ភ្លឺ។ គាត់ឆ្លើយថា៖ «លោកបានយកភក់ដាក់ពីលើភ្នែកខ្ញុំ ខ្ញុំទៅលុបមុខ ហើយក៏មើលឃើញ»។ ពួកខាងគណៈផារីស៊ីខ្លះពោលថា៖ «អ្នកនោះមិនមែនមកពីព្រះជាម្ចាស់ទេ ដ្បិតគាត់ពុំគោរពក្រឹត្យវិន័យ*សម្រាប់ថ្ងៃឈប់សម្រាក»។ ខ្លះទៀតពោលថា៖ «តើមនុស្សបាបអាចធ្វើទីសម្គាល់ដូចម្ដេចបាន?»ពួកគេក៏បាក់បែកគ្នា។ គេសួរអ្នកដែលខ្វាក់ពីមុននោះម្ដងទៀតថា៖ «ចុះអ្នកវិញ តើអ្នកថា លោកដែលធ្វើឲ្យអ្នកភ្លឺនោះជានរណា?»។ គាត់ឆ្លើយថា៖ «លោកពិតជាព្យាការី*មែន!»។ ប៉ុន្តែ ជនជាតិយូដានៅតែមិនជឿថា កាលពីមុនបុរសនេះខ្វាក់ ហើយឥឡូវបានមើលឃើញនោះឡើយ ទាល់តែហៅឪពុកម្ដាយគាត់មកសួរសិន។ គេសួរទៅឪពុកម្ដាយគាត់ថា៖ «អ្នកនេះពិតជាកូនរបស់អ្នកដែលអ្នកថាខ្វាក់ពីកំណើតមែនឬ ចុះឥឡូវម្ដេចក៏ភ្នែកគាត់ភ្លឺ?»។ ឪពុកម្ដាយគាត់ឆ្លើយថា៖ «យើងខ្ញុំដឹងថាវាពិតជាកូនរបស់យើងខ្ញុំមែន ហើយកើតមកខ្វាក់!។ ត្រង់ឯភ្នែកវាបានភ្លឺដោយហេតុយ៉ាងណាៗនោះ យើងខ្ញុំមិនដឹងទេ ហើយនរណាបានធ្វើឲ្យភ្នែកវាភ្លឺនោះ ក៏យើងមិនដឹងដែរ!។ សូមអស់លោកសួរវាទៅ វាធំហើយ វាឆ្លើយខ្លួនឯងបាន»។ ឪពុកម្ដាយគាត់និយាយដូច្នេះមកពីខ្លាចជនជាតិយូដា ព្រោះជនជាតិយូដារួមគំនិតគ្នា បណ្ដេញអស់អ្នកដែលទទួលស្គាល់ថាព្រះយេស៊ូជាព្រះគ្រិស្ត* ចេញពីសាលាប្រជុំ*របស់គេ។ ហេតុនេះហើយបានជាគាត់ពោលថា “វាធំហើយ សូមសួរវាទៅ!”។
យ៉ូហាន 9:1-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
លុះទ្រង់យាងហួសទៅ ក៏ទតឃើញមនុស្សម្នាក់ដែលខ្វាក់ពីកំណើត ពួកសិស្សទូលសួរទ្រង់ថា លោកគ្រូ តើអ្នកណាបានធ្វើបាប មនុស្សនេះ ឬឪពុកម្តាយរបស់គាត់ បានជាគាត់កើតមកខ្វាក់ដូច្នេះ ព្រះយេស៊ូវមានបន្ទូលឆ្លើយថា មិនមែនដោយព្រោះអ្នកនេះ ឬឪពុកម្តាយគាត់បានធ្វើបាបទេ គឺដើម្បីឲ្យការរបស់ព្រះ បានសំដែងមក ក្នុងខ្លួនគាត់វិញ កំពុងដែលថ្ងៃនៅភ្លឺនៅឡើយ នោះត្រូវតែខ្ញុំធ្វើការរបស់ព្រះ ដែលចាត់ឲ្យខ្ញុំមក ដ្បិតយប់ដល់មក នោះគ្មានអ្នកណាអាចនឹងធ្វើការបានទេ កាលខ្ញុំកំពុងតែនៅក្នុងលោកីយនៅឡើយ នោះខ្ញុំជាពន្លឺនៃលោកីយ លុះមានបន្ទូលសេចក្ដីទាំងនោះរួចហើយ ទ្រង់ក៏ស្តោះដាក់នៅដី ហើយយកទឹកព្រះឱស្ឋទ្រង់ធ្វើជាភក់ ទៅលាបភ្នែកនៃមនុស្សខ្វាក់នោះ រួចមានបន្ទូលទៅគាត់ថា ចូរទៅលាងក្នុងស្រះស៊ីឡោមទៅ (ស៊ីឡោម គឺស្រាយថា ចាត់ឲ្យទៅ) ដូច្នេះ គាត់ក៏ទៅលាង ហើយត្រឡប់មកវិញ ទាំងមើលឃើញ នោះពួកអ្នកជិតខាង នឹងពួកអ្នកដែលពីដើមបានឃើញថា គាត់ជាអ្នកសុំទាន គេនិយាយថា អ្នកនេះទេតើ ដែលធ្លាប់តែអង្គុយសុំទានគេ ខ្លះថា គឺអ្នកហ្នឹងហើយ ខ្លះទៀតថា គាត់ដូចជាអ្នកនោះទេ តែគាត់ឆ្លើយថា គឺខ្ញុំនេះឯង គេសួរថា ធ្វើដូចម្តេចបានជាភ្នែកឯងបានភ្លឺដូច្នេះ គាត់ឆ្លើយថា មានម្នាក់ឈ្មោះ យេស៊ូវ បានធ្វើភក់មកលាបភ្នែកខ្ញុំ រួចប្រាប់ឲ្យទៅលាងនៅស្រះស៊ីឡោម ខ្ញុំក៏ទៅលាង ហើយបានភ្លឺឡើង គេសួរទៀតថា អ្នកនោះនៅឯណា គាត់ឆ្លើយថា ខ្ញុំមិនដឹងទេ។ គេក៏នាំមនុស្សដែលពីដើមខ្វាក់នោះ ទៅឯពួកផារិស៊ី រីឯថ្ងៃដែលព្រះយេស៊ូវទ្រង់ធ្វើភក់ ប្រោសឲ្យគាត់ភ្លឺភ្នែកនោះ គឺជាថ្ងៃឈប់សំរាក ដូច្នេះ ពួកផារិស៊ីក៏សួរគាត់ ពីដំណើរដែលបានភ្លឺភ្នែក ជាយ៉ាងដូចម្តេចដែរ នោះគាត់ជំរាបថា លោកយកភក់មកលាបភ្នែកខ្ញុំ រួចខ្ញុំទៅលាង ហើយក៏មើលឃើញ ដូច្នេះ ពួកផារិស៊ីខ្លះនិយាយថា មនុស្សនោះមិនមែនមកពីព្រះទេ ព្រោះមិនកាន់ថ្ងៃឈប់សំរាកសោះ ខ្លះទៀតថា ធ្វើដូចម្តេចឲ្យមនុស្សមានបាបអាចធ្វើទីសំគាល់យ៉ាងនេះបាន នោះក៏កើតបាក់បែកគ្នា រួចគេសួរមនុស្សខ្វាក់ម្តងទៀតថា តើឯងថាដូចម្តេច ពីដំណើរអ្នកដែលធ្វើឲ្យភ្នែកឯងភ្លឺនោះ គាត់ឆ្លើយថា លោកជាហោរា តែពួកសាសន៍យូដាមិនជឿថា គាត់ខ្វាក់ភ្នែក ហើយបានភ្លឺឡើងវិញទេ ទាល់តែបានហៅឪពុកម្តាយរបស់អ្នក ដែលបានភ្លឺភ្នែកនោះមក សួរថា តើអ្នកនេះជាកូនរបស់អ្នក ដែលអ្នកថា បានកើតមកខ្វាក់នោះឬអី ចុះឥឡូវនេះ ធ្វើដូចម្តេចបានជាវាភ្លឺឡើងវិញ ឪពុកម្តាយគាត់ឆ្លើយថា យើងខ្ញុំដឹងថា នេះជាកូនយើងខ្ញុំពិត ហើយថា វាកើតមកខ្វាក់មែន តែឥឡូវនេះ ដែលវាភ្លឺជាយ៉ាងដូចម្តេច នោះយើងខ្ញុំមិនដឹងទេ ក៏មិនដឹងជាអ្នកណាបានធ្វើឲ្យភ្លឺផងដែរ វាពេញអាយុហើយ សូមសួរវាចុះ វានឹងជំរាបពីដំណើរខ្លួនវា ឪពុកម្តាយគាត់និយាយដូច្នេះ ព្រោះខ្លាចសាសន៍យូដា ដ្បិតពួកសាសន៍យូដាបានព្រមព្រៀងគ្នាហើយ ថាបើអ្នកណានឹងទទួលទ្រង់ទុកជាព្រះគ្រីស្ទ នោះត្រូវកាត់ពីពួកជំនុំគេចេញ ហេតុនោះបានជាឪពុកម្តាយគាត់និយាយថា វាពេញអាយុហើយ សូមសួរវាចុះ។