យ៉ូហាន 9:1-12
យ៉ូហាន 9:1-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលព្រះអង្គកំពុងយាងទៅ ទ្រង់ទតឃើញមនុស្សម្នាក់ដែលខ្វាក់ពីកំណើត។ ពួកសិស្សទូលសួរព្រះអង្គថា៖ «លោកគ្រូ តើអ្នកណាបានប្រព្រឹត្តអំពើបាប មនុស្សនេះ ឬឪពុកម្តាយរបស់គាត់ បានជាគាត់កើតមកខ្វាក់ដូច្នេះ?» ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា៖ «មិនមែនដោយព្រោះអ្នកនេះ ឬឪពុកម្តាយគាត់បានប្រព្រឹត្តអំពើបាបទេ គាត់កើតមកខ្វាក់ដូច្នេះ គឺដើម្បីឲ្យព្រះបានបង្ហាញកិច្ចការរបស់ព្រះនៅក្នុងគាត់វិញ។ យើងត្រូវតែធ្វើការរបស់ព្រះ ដែលចាត់ខ្ញុំឲ្យមក ទាន់នៅថ្ងៃនៅឡើយ ដ្បិតដល់ពេលយប់ គ្មានអ្នកណាអាចនឹងធ្វើការបានទេ។ កាលខ្ញុំកំពុងតែនៅក្នុងពិភពលោកនេះ ខ្ញុំជាពន្លឺបំភ្លឺពិភពលោក»។ ពេលព្រះអង្គមានព្រះបន្ទូលរួចហើយ ទ្រង់ក៏ស្តោះទៅលើដី ហើយយកទឹកព្រះឱស្ឋធ្វើជាភក់ ទៅលាបភ្នែកមនុស្សខ្វាក់នោះ ព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «ចូរទៅលាងក្នុងស្រះស៊ីឡោមទៅ» (ស៊ីឡោម មានន័យថា ចាត់ឲ្យទៅ)។ ដូច្នេះ គាត់ក៏ទៅលាង ហើយត្រឡប់មកវិញទាំងភ្នែកមើលឃើញ។ អ្នកជិតខាង និងអស់អ្នកដែលធ្លាប់ឃើញគាត់ពីមុនជាអ្នកសុំទាន នាំគ្នាសួរថា៖ «តើអ្នកនេះមែនទេ ដែលធ្លាប់តែអង្គុយសុំទានគេ?» ខ្លះថា៖ «គឺអ្នកហ្នឹងហើយ» ខ្លះទៀតថា៖ «ទេ អ្នកនេះគ្រាន់តែមានមុខមាត់ដូចគាត់»។ តែគាត់ឆ្លើយថា៖ «គឺខ្ញុំនេះហើយ»។ គេសួរគាត់ទៀតថា៖ «ធ្វើដូចម្តេចបានជាភ្នែកអ្នកភ្លឺដូច្នេះ?» គាត់ឆ្លើយថា៖ «មានបុរសម្នាក់ឈ្មោះ យេស៊ូវ បានធ្វើភក់មកលាបភ្នែកខ្ញុំ រួចប្រាប់ថា "ចូរទៅលាងក្នុងស្រះស៊ីឡោមទៅ" ខ្ញុំក៏ទៅលាង ហើយស្រាប់តែបានមើលឃើញភ្លាម»។ គេសួរគាត់ថា៖ «អ្នកនោះនៅឯណា?» គាត់ឆ្លើយថា៖ «ខ្ញុំមិនដឹងទេ»។
យ៉ូហាន 9:1-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះយេស៊ូយាងតាមផ្លូវ ព្រះអង្គទតឃើញមនុស្សម្នាក់ខ្វាក់តាំងពីកំណើត។ ពួកសិស្សទូលសួរព្រះអង្គថា៖ «ព្រះគ្រូ បុរសនេះកើតមកខ្វាក់ដូច្នេះ តើបណ្ដាលមកពីបាបរបស់នរណា? បាបរបស់គាត់ផ្ទាល់ ឬបាបរបស់ឪពុកម្ដាយគាត់?»។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «គាត់ខ្វាក់ មិនមែនមកពីបាបរបស់ឪពុកម្ដាយគាត់ ឬបាបរបស់គាត់ទេ គាត់ខ្វាក់ដូច្នេះ ដើម្បីឲ្យព្រះជាម្ចាស់បង្ហាញកិច្ចការរបស់ព្រះអង្គនៅក្នុងគាត់។ យើងត្រូវធ្វើកិច្ចការរបស់ព្រះអង្គដែលបានចាត់ខ្ញុំឲ្យមក ទាន់នៅភ្លឺនៅឡើយ ដ្បិតដល់ពេលយប់ គ្មាននរណាអាចធ្វើការឡើយ។ ពេលខ្ញុំស្ថិតនៅក្នុងពិភពលោកនេះ ខ្ញុំជាពន្លឺបំភ្លឺពិភពលោក»។ កាលព្រះអង្គមានព្រះបន្ទូលដូច្នេះហើយ ព្រះអង្គស្ដោះទឹកព្រះឱស្ឋទៅលើដី ធ្វើភក់លាបភ្នែកមនុស្សខ្វាក់នោះ រួចព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «សុំអញ្ជើញទៅលុបមុខនៅស្រះស៊ីឡោមចុះ»(ពាក្យ“ស៊ីឡោម”នេះមានន័យថា អ្នកដែលគេចាត់ឲ្យទៅ)។ គាត់ក៏ចេញទៅលុបមុខ ពេលត្រឡប់មកវិញ គាត់មើលឃើញ។ អ្នកជិតខាង និងអស់អ្នកដែលធ្លាប់ឃើញគាត់សុំទានកាលពីមុន នាំគ្នាពោលថា៖ «បុរសនេះជាអ្នកដែលតែងអង្គុយសុំទានទេតើ!»។ អ្នកខ្លះពោលថា៖ «គាត់មែន!»។ ខ្លះទៀតថា៖ «មិនមែនទេ អ្នកនេះមានមុខដូចគាត់!»។ រីឯបុរសនោះវិញ គាត់ពោលថា៖ «គឺខ្ញុំហ្នឹងហើយ!»។ គេក៏នាំគ្នាសួរគាត់ថា៖ «ម្ដេចបានជាភ្នែកអ្នកភ្លឺដូច្នេះ?»។ គាត់ឆ្លើយថា៖ «មានលោកម្នាក់ឈ្មោះយេស៊ូ បានធ្វើភក់យកមកលាបភ្នែកខ្ញុំ ហើយប្រាប់ខ្ញុំថា “សុំអញ្ជើញទៅលុបមុខនៅស្រះស៊ីឡោមចុះ!” ខ្ញុំក៏ទៅលុបមុខ ហើយខ្ញុំមើលឃើញ»។ គេសួរគាត់ថា៖ «លោកនោះនៅឯណា?»។ គាត់ឆ្លើយថា៖ «ខ្ញុំមិនដឹងទេ!»។
យ៉ូហាន 9:1-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
លុះទ្រង់យាងហួសទៅ ក៏ទតឃើញមនុស្សម្នាក់ដែលខ្វាក់ពីកំណើត ពួកសិស្សទូលសួរទ្រង់ថា លោកគ្រូ តើអ្នកណាបានធ្វើបាប មនុស្សនេះ ឬឪពុកម្តាយរបស់គាត់ បានជាគាត់កើតមកខ្វាក់ដូច្នេះ ព្រះយេស៊ូវមានបន្ទូលឆ្លើយថា មិនមែនដោយព្រោះអ្នកនេះ ឬឪពុកម្តាយគាត់បានធ្វើបាបទេ គឺដើម្បីឲ្យការរបស់ព្រះ បានសំដែងមក ក្នុងខ្លួនគាត់វិញ កំពុងដែលថ្ងៃនៅភ្លឺនៅឡើយ នោះត្រូវតែខ្ញុំធ្វើការរបស់ព្រះ ដែលចាត់ឲ្យខ្ញុំមក ដ្បិតយប់ដល់មក នោះគ្មានអ្នកណាអាចនឹងធ្វើការបានទេ កាលខ្ញុំកំពុងតែនៅក្នុងលោកីយនៅឡើយ នោះខ្ញុំជាពន្លឺនៃលោកីយ លុះមានបន្ទូលសេចក្ដីទាំងនោះរួចហើយ ទ្រង់ក៏ស្តោះដាក់នៅដី ហើយយកទឹកព្រះឱស្ឋទ្រង់ធ្វើជាភក់ ទៅលាបភ្នែកនៃមនុស្សខ្វាក់នោះ រួចមានបន្ទូលទៅគាត់ថា ចូរទៅលាងក្នុងស្រះស៊ីឡោមទៅ (ស៊ីឡោម គឺស្រាយថា ចាត់ឲ្យទៅ) ដូច្នេះ គាត់ក៏ទៅលាង ហើយត្រឡប់មកវិញ ទាំងមើលឃើញ នោះពួកអ្នកជិតខាង នឹងពួកអ្នកដែលពីដើមបានឃើញថា គាត់ជាអ្នកសុំទាន គេនិយាយថា អ្នកនេះទេតើ ដែលធ្លាប់តែអង្គុយសុំទានគេ ខ្លះថា គឺអ្នកហ្នឹងហើយ ខ្លះទៀតថា គាត់ដូចជាអ្នកនោះទេ តែគាត់ឆ្លើយថា គឺខ្ញុំនេះឯង គេសួរថា ធ្វើដូចម្តេចបានជាភ្នែកឯងបានភ្លឺដូច្នេះ គាត់ឆ្លើយថា មានម្នាក់ឈ្មោះ យេស៊ូវ បានធ្វើភក់មកលាបភ្នែកខ្ញុំ រួចប្រាប់ឲ្យទៅលាងនៅស្រះស៊ីឡោម ខ្ញុំក៏ទៅលាង ហើយបានភ្លឺឡើង គេសួរទៀតថា អ្នកនោះនៅឯណា គាត់ឆ្លើយថា ខ្ញុំមិនដឹងទេ។