យ៉ូហាន 8:7-11
យ៉ូហាន 8:7-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដោយព្រោះគេចេះតែសួរ ព្រះអង្គក៏ងើបឡើង មានព្រះបន្ទូលទៅគេថា៖ «អ្នកណាដែលគ្មានបាបសោះ សុំឲ្យអ្នកនោះយកដុំថ្មគប់នាងមុនគេចុះ»។ បន្ទាប់មក ព្រះអង្គឱនចុះ ហើយសរសេរលើដីម្តងទៀត។ ពេលគេបានឮពាក្យទាំងនោះ ហើយមនសិការរបស់គេ បានចោទប្រកាន់ទោសខ្លួន គេក៏ថយចេញទៅម្នាក់ម្តងៗ ចាប់តាំងពីមនុស្សចាស់ជាងគេ រហូតដល់អ្នកក្រោយបង្អស់ នៅសល់តែព្រះយេស៊ូវ និងស្ត្រីនោះ ដែលនៅចំពោះព្រះអង្គប៉ុណ្ណោះ។ ព្រះយេស៊ូវងើបឡើង ហើយមានព្រះបន្ទូលថា៖ «នាងអើយ តើពួកគេទៅណាអស់ហើយ? គ្មានអ្នកណាដាក់ទោសនាងទេឬ?» នាងទូលឆ្លើយថា៖ «គ្មានទេ លោកម្ចាស់»។ ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «ខ្ញុំក៏មិនដាក់ទោសនាងដែរ អញ្ជើញទៅចុះ តែចាប់ពីពេលនេះទៅ កុំធ្វើបាបទៀត»។
យ៉ូហាន 8:7-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ដោយពួកគេចេះតែសួរព្រះអង្គខ្លាំងពេក ព្រះអង្គងើបព្រះភ័ក្ត្រឡើង មានព្រះបន្ទូលទៅគេថា៖ «ក្នុងចំណោមអ្នករាល់គ្នា សុំឲ្យអ្នកដែលគ្មានបាបសោះយកដុំថ្មគប់នាងមុនគេទៅ!»។ បន្ទាប់មក ព្រះអង្គឈ្ងោកព្រះភ័ក្ត្រចុះ ហើយគូសវាសលើដីសាជាថ្មី។ ពួកគេបានឮព្រះបន្ទូលរបស់ព្រះអង្គដូច្នេះ ក៏នាំគ្នាដកខ្លួនថយម្នាក់ម្ដងៗ ចាប់ផ្ដើមពីអ្នកមានវ័យចាស់ជាងគេទៅ នៅសល់តែព្រះយេស៊ូ និងស្ត្រីនោះប៉ុណ្ណោះ។ ពេលនោះ ព្រះយេស៊ូងើបព្រះភ័ក្ត្រឡើង មានព្រះបន្ទូលទៅនាងថា៖ «នាងអើយ ពួកគេទៅណាអស់ហើយ គ្មាននរណាដាក់ទោសនាងទេឬ?»។ នាងទូលព្រះអង្គថា៖ «គ្មានទេលោកម្ចាស់!»។ ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖ «ខ្ញុំក៏មិនដាក់ទោសនាងដែរ សុំអញ្ជើញទៅចុះ តែពីពេលនេះតទៅ កុំប្រព្រឹត្តអំពើបាបទៀតឡើយ»។]
យ៉ូហាន 8:7-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
តែដោយព្រោះគេចេះតែសួរ បានជាទ្រង់ងើបឡើង មានបន្ទូលថា អ្នកណាដែលគ្មានបាបសោះ ចូរឲ្យអ្នកនោះចោលនាងនឹងថ្មជាមុនគេចុះ រួចទ្រង់ក៏ឱនសរសេរនៅដីម្តងទៀត កាលបានឮពាក្យទាំងនោះ ហើយបញ្ញាចិត្តគេបានចោទប្រកាន់ទោសខ្លួន នោះគេក៏ថយចេញទៅម្នាក់ម្តងៗ ចាប់តាំងពីមនុស្សចាស់ជាងគេ ដរាបដល់អ្នកក្រោយបង្អស់ សល់នៅតែព្រះយេស៊ូវ នឹងស្ត្រីនោះ ដែលនៅចំពោះទ្រង់ប៉ុណ្ណោះ ព្រះយេស៊ូវងើបឡើងវិញ ឃើញតែស្ត្រីនោះ ក៏មានបន្ទូលទៅថា នាងអើយ ពួកដែលចោទប្រកាន់នាង តើនៅឯណា គ្មានអ្នកណាកាត់ទោសនាងទេឬអី នាងទូលឆ្លើយថា គ្មានទេ លោកម្ចាស់ រួចព្រះយេស៊ូវមានបន្ទូលទៅថា ខ្ញុំក៏មិនកាត់ទោសនាងដែរ អញ្ជើញទៅចុះ តែកុំធ្វើបាបទៀតឡើយ។