យ៉ូហាន 8:37-59

យ៉ូហាន 8:37-59 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ខ្ញុំ​ដឹង​ហើយ​ថា អ្នក​រាល់​គ្នា​ជា​ពូជ​លោក​អ័ប្រា‌ហាំ តែ​អ្នក​រាល់​គ្នា​រក​សម្លាប់​ខ្ញុំ ព្រោះ​ពាក្យ​ខ្ញុំ មិន​ស្ថិត​នៅ​ក្នុង​ចិត្ត​របស់​អ្នក​រាល់​គ្នា​ឡើយ។ ខ្ញុំ​និយាយ​តែ​សេចក្តី​ណា​ដែល​ខ្ញុំ​បាន​ឃើញ​ជាមួយ​ព្រះ‌វរបិតា​ខ្ញុំ តែ​អ្នក​រាល់​គ្នា​ធ្វើ​តែ​អ្វី​ដែល​អ្នក​រាល់​គ្នា​បាន​ឮ​ពី​ឪពុក​របស់​អ្នក​រាល់​គ្នា»។ គេ​ទូល​ព្រះ‌អង្គ​ថា៖ «ឪពុក​របស់​យើង គឺ​លោក​អ័ប្រា‌ហាំ»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «បើ​អ្នក​រាល់​គ្នា​ពិត​ជា​កូន​ចៅ​របស់​លោក​អ័ប្រា‌ហាំ​មែន អ្នក​រាល់​គ្នា​មុខ​ជា​ធ្វើ​តាម​លោក​មិន​ខាន តែ​ឥឡូវ​នេះ អ្នក​រាល់​គ្នា​រក​សម្លាប់​ខ្ញុំ ជា​មនុស្ស​ដែល​ប្រាប់​អ្នក​រាល់​គ្នា​ពី​សេចក្តី​ពិត ដែល​ខ្ញុំ​បាន​ឮ​ពី​ព្រះ។ លោក​អ័ប្រា‌ហាំ​មិន​បាន​ធ្វើ​ដូច្នេះ​ទេ។ អ្នក​រាល់​គ្នា​ពិត​ជា​ធ្វើ​តាម​ឪពុក​របស់​ខ្លួន​មែន»។ ដូច្នេះ គេ​ទូល​ថា៖ «យើង​រាល់​គ្នា​មិន​មែន​ជា​កូន​សហាយ​ទេ យើង​មាន​ព្រះ‌វរបិតា​តែ​មួយ គឺ​ជា​ព្រះ»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «បើ​ព្រះ​ជា​ព្រះ‌វរបិតា​របស់​អ្នក​រាល់​គ្នា​មែន នោះ​អ្នក​នឹង​ស្រឡាញ់​ខ្ញុំ ដ្បិត​ខ្ញុំ​ចេញ​ពី​ព្រះ​មក​ទី​នេះ។ ខ្ញុំ​មិន​បាន​មក​ដោយ​អាង​ខ្លួន​ខ្ញុំ​ទេ គឺ​ព្រះ‌អង្គ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក។ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​យល់​ពាក្យ​ដែល​ខ្ញុំ​និយាយ​ដូច្នេះ? គឺ​ដោយ​ព្រោះ​អ្នក​រាល់​គ្នា​ស្តាប់​ពាក្យ​របស់​ខ្ញុំ​មិន​បាន។ អ្នក​រាល់​គ្នា​មាន​អារក្ស‌សាតាំង​ជា​ឪពុក ហើយ​អ្នក​រាល់​គ្នា​ចូល​ចិត្ត​ធ្វើ​តាម​តណ្ហា ដែល​គាប់​ចិត្ត​ដល់​ឪពុក​របស់​អ្នក វា​ជា​អ្នក​សម្លាប់​គេ​តាំង​ពី​ដើម​មក វា​មិន​ឈរ​លើ​សេចក្តី​ពិត​ទេ ព្រោះ​គ្មាន​សេចក្តី​ពិត​នៅ​ក្នុង​វា​ឡើយ កាល​ណា​វា​ពោល​ពាក្យ​ភូត‌ភរ នោះ​ដុះ​ចេញ​ពី​ចិត្ត​វា​មក ដ្បិត​វា​ជា​អ្នក​កុហក ហើយ​ជា​ឪពុក​នៃ​សេចក្តី​កុហក។ ប៉ុន្តែ ព្រោះ​តែ​ខ្ញុំ​និយាយ​សេចក្តី​ពិត អ្នក​រាល់​គ្នា​មិន​ជឿ​ខ្ញុំ។ ក្នុង​ចំណោម​អ្នក​រាល់​គ្នា តើ​មាន​អ្នក​ណា​ម្នាក់ អាច​ចោទ​ប្រកាន់​ខ្ញុំ ពី​អំពើ​បាប​បាន​ឬ​ទេ? តែ​បើ​ខ្ញុំ​និយាយ​សេចក្តី​ពិត​វិញ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​ជឿ​ខ្ញុំ? អ្នក​ណា​ដែល​កើត​មក​ពី​ព្រះ តែង​ស្តាប់​តាម​ព្រះ‌បន្ទូល​របស់​ព្រះ តែ​អ្នក​រាល់​គ្នា មិន​បាន​កើត​មក​ពី​ព្រះ​ទេ បាន​ជា​មិន​ស្តាប់​តាម​ដូច្នេះ»។ ពួក​សាសន៍​យូដា​ទូល​ព្រះ‌អង្គ​ថា៖ «តើ​យើង​និយាយ​ត្រូវ​ទេ ថា​អ្នក​ជា​សាសន៍​សា‌ម៉ារី ហើយ​មាន​អារក្ស​ចូល?» ព្រះ‌យេស៊ូវ​ឆ្លើយ​ថា៖ «ខ្ញុំ​គ្មាន​អារក្ស​ចូល​ទេ ខ្ញុំ​គោរព​ព្រះ‌វរបិតា​ខ្ញុំ តែ​អ្នក​រាល់​គ្នា​ត្មះ‌តិះ‌ដៀល​ខ្ញុំ​វិញ។ ខ្ញុំ​មិន​មែន​រក​សិរី‌ល្អ​សម្រាប់​ខ្លួន​ខ្ញុំ​ទេ មាន​ព្រះ​មួយ​អង្គ​ដែល​រក​ឲ្យ​ខ្ញុំ​ហើយ ព្រះ‌អង្គ​ក៏​ជំនុំ‌ជម្រះ​ផង។ ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា បើ​អ្នក​ណា​កាន់​តាម​ពាក្យ​ខ្ញុំ អ្នក​នោះ​នឹង​មិន​ស្លាប់​ឡើយ»។ ពួក​សាសន៍​យូដា​ទូល​ព្រះ‌អង្គ​ថា៖ «ឥឡូវ​នេះ យើង​ដឹង​ប្រាកដ​ថា អ្នក​មាន​អារក្ស​ចូល​ពិត​មែន ព្រោះ​លោក​អ័ប្រា‌ហាំ និង​ពួក​ហោរា បាន​ស្លាប់​អស់​ហើយ តែ​អ្នក​ថា បើ​អ្នក​ណា​កាន់​តាម​ពាក្យ​របស់​អ្នក អ្នក​នោះ​មិន​ដែល​ភ្លក់​សេចក្តី​ស្លាប់​ទៅ​វិញ។ តើ​អ្នក​ធំ​ជាង​លោក​អ័ប្រា‌ហាំ ជា​បុព្វបុរស​របស់​យើង និង​ពួក​ហោរា ដែល​ស្លាប់​ទៅ​នោះ​ឬ? តើ​អ្នក​តាំង​ខ្លួន​ជា​អ្វី?» ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «ប្រសិន‌បើ​ខ្ញុំ​តម្កើង​ខ្លួន​ខ្ញុំ នោះ​សិរីល្អ​របស់​ខ្ញុំ​ឥត​ប្រយោជន៍ គឺ​ព្រះ‌វរបិតា​ខ្ញុំ​ទេ​តើ​ដែល​លើក​តម្កើង​ខ្ញុំ ព្រះ‌អង្គ​នោះ​ហើយ​ដែល​អ្នក​រាល់​គ្នា​ថា "ព្រះ‌អង្គ​ជា​ព្រះ​របស់​យើង"។ អ្នក​រាល់​គ្នា​មិន​ស្គាល់​ព្រះ‌អង្គ​ទេ តែ​ខ្ញុំ​ស្គាល់​ព្រះ‌អង្គ។ ប្រសិន‌បើ​ខ្ញុំ​និយាយថា ខ្ញុំ​មិន​ស្គាល់​ព្រះ‌អង្គ​ទេ នោះ​ខ្ញុំ​នឹង​ទៅ​ជា​អ្នក​កុហក​ដូច​អ្នក​រាល់​គ្នា​ដែរ។ ប៉ុន្តែ ខ្ញុំ​ស្គាល់​ព្រះ‌អង្គ ហើយ​កាន់​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ទៀត​ផង។ លោក​អ័ប្រា‌ហាំ ជា​បុព្វ‌បុរស​អ្នក​រាល់​គ្នា​ត្រេក​អរ ដោយ​ឃើញ​ខ្ញុំ​មក​ដល់ លោក​បាន​ឃើញ​មែន ហើយ​មាន​សេចក្តី​រីក‌រាយ​ជា​ខ្លាំង»។ ពួក​សាសន៍​យូដា​ទូល​ព្រះ‌អង្គ​ថា៖ «អាយុ​អ្នក​មិន​ទាន់​ដល់​ហាសិប​ឆ្នាំ​ផង តើ​អ្នក​បាន​ឃើញ​លោក​អ័ប្រា‌ហាំ​ដែរ​ឬ?» ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា មុន​លោក​អ័ប្រា‌ហាំ​កើត​មក មាន​ខ្ញុំ​រួច​ស្រេច​ទៅ​ហើយ»។ ដូច្នេះ គេ​រើស​ដុំថ្ម​បម្រុង​នឹង​គប់​ព្រះ‌អង្គ តែ​ព្រះ‌យេស៊ូវ​បំបាំង​អង្គ​ទ្រង់ ហើយ​យាង​កាត់​កណ្តាល​ពួក​គេ ចេញ​ពី​ព្រះ‌វិហារ​ផុត​ទៅ។

ចែក​រំលែក
អាន យ៉ូហាន 8

យ៉ូហាន 8:37-59 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ខ្ញុំ​ដឹង​ហើយ​ថា អ្នក​រាល់​គ្នា​ជា​កូន​ចៅ​របស់​លោក​អប្រាហាំ ប៉ុន្តែ អ្នក​រាល់​គ្នា​រក​សម្លាប់​ខ្ញុំ ព្រោះ​ពាក្យ​របស់​ខ្ញុំ​មិន​ស្ថិត​នៅ​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា​ឡើយ។ ខ្ញុំ​និយាយ​តែ​អំពី​អ្វីៗ​ដែល​ខ្ញុំ​បាន​ឃើញ​នៅ​ក្បែរ​ព្រះ‌បិតា រីឯ​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​ធ្វើ​តាម​សេចក្ដី​ណា​ដែល​អ្នក​រាល់​គ្នា​បាន​ឮ​ពី​ឪពុក​របស់​អ្នក​រាល់​គ្នា»។ គេ​ទូល​ព្រះអង្គ​ថា៖ «ឪពុក​របស់​យើង​គឺ​លោក​អប្រាហាំ»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​វិញ​ថា៖ «បើ​អ្នក​រាល់​គ្នា​ពិត​ជា​កូន​ចៅ​លោក​អប្រាហាំ​មែន អ្នក​រាល់​គ្នា​មុខ​ជា​ធ្វើ​កិច្ចការ ដូច​លោក​អប្រាហាំ​ធ្លាប់​ធ្វើ​នោះ​មិន​ខាន តែ​ឥឡូវ​នេះ អ្នក​រាល់​គ្នា​រក​សម្លាប់​ខ្ញុំ មក​ពី​ខ្ញុំ​និយាយ​សេចក្ដី​ពិត ដែល​ខ្ញុំ​បាន​ឮ​ពី​ព្រះ‌ជាម្ចាស់ លោក​អប្រាហាំ​មិន​បាន​ប្រព្រឹត្ត​ដូច្នេះ​ទេ។ អ្នក​រាល់​គ្នា​ធ្វើ​កិច្ចការ​ដែល​ឪពុក​អ្នក​រាល់​គ្នា​ប្រព្រឹត្ត»។ គេ​ទូល​ព្រះអង្គ​ថា៖ «យើង​ខ្ញុំ​ជា​កូន​ពេញ​ច្បាប់ យើង​មាន​ឪពុក​តែ​មួយ​គត់​គឺ​ព្រះ‌ជាម្ចាស់»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ប្រសិន​បើ​ព្រះ‌ជាម្ចាស់​ពិត​ជា​ឪពុក​អ្នក​រាល់​គ្នា​មែន ម៉្លេះ​សម​អ្នក​រាល់​គ្នា​ស្រឡាញ់​ខ្ញុំ​ពុំ‌ខាន ដ្បិត​ខ្ញុំ​ចេញ​ពី​ព្រះ‌ជាម្ចាស់​មក​ទី​នេះ។ ខ្ញុំ​មិន​មែន​មក​ដោយ​ចិត្ត​ឯង​ឡើយ គឺ​ព្រះ‌ជាម្ចាស់​បាន​ចាត់​ខ្ញុំ​ឲ្យ​មក។ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​យល់​ពាក្យ​ដែល​ខ្ញុំ​ថ្លែង​ប្រាប់​ដូច្នេះ? គឺ​មក​ពី​អ្នក​រាល់​គ្នា​មិន​អាច​ស្ដាប់​ពាក្យ​របស់​ខ្ញុំ​បាន។ អ្នក​រាល់​គ្នា​ជា​កូន​ចៅ​របស់​មារ​សា‌តាំង* ហើយ​អ្នក​រាល់​គ្នា​ចង់​ធ្វើ​តាម​ចំណង់​ចិត្ត​ឪពុក​អ្នក​រាល់​គ្នា។ តាំង​ពី​ដើម​រៀង​មក វា​បាន​សម្លាប់​មនុស្ស ហើយ​មិន​កាន់​តាម​សេចក្ដី​ពិត​ទេ ព្រោះ​គ្មាន​សេចក្ដី​ពិត​នៅ​ក្នុង​ខ្លួន​វា​សោះ។ ពេល​វា​និយាយ​កុហក នោះ​វា​និយាយ​ចេញ​ពី​គំនិត​វា​ផ្ទាល់ ព្រោះ​វា​ជា​មេ​កុហក ហើយ​ជា​ឪពុក​នៃ​អ្នក​កុហក។ រីឯ​ខ្ញុំ​វិញ ខ្ញុំ​និយាយ​សេចក្ដី​ពិត តែ​អ្នក​រាល់​គ្នា​មិន​ជឿ​ខ្ញុំ​ទេ។ ក្នុង​ចំណោម​អ្នក​រាល់​គ្នា តើ​នរណា​អាច​ចោទ​ប្រកាន់​ថា ខ្ញុំ​ប្រព្រឹត្ត​អំពើ​បាប​បាន? បើ​ខ្ញុំ​និយាយ​សេចក្ដី​ពិត ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​រាល់​គ្នា​មិន​ជឿ​ខ្ញុំ? អ្នក​ណា​កើត​មក​ពី​ព្រះ‌ជាម្ចាស់ អ្នក​នោះ​តែង​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះអង្គ។ រីឯ​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​មិន​មែន​កើត​មក​ពី​ព្រះ‌ជាម្ចាស់​ទេ បាន​ជា​អ្នក​រាល់​គ្នា​មិន​ស្ដាប់​ខ្ញុំ​ដូច្នេះ»។ ជន‌ជាតិ​យូដា​ទូល​ព្រះអង្គ​ថា៖ «យើង​និយាយ​ថា លោក​ជា​សាសន៍​សាម៉ារី ហើយ​ថា​មាន​អារក្ស​ចូល​លោក​នោះ​ត្រូវ​មែន!»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «គ្មាន​អារក្ស​ណា​ចូល​ខ្ញុំ​ឡើយ តែ​ខ្ញុំ​គោរព​ព្រះ‌បិតា​របស់​ខ្ញុំ ហើយ​អ្នក​រាល់​គ្នា​បែរ​ជា​បន្តុះ‌បង្អាប់​ខ្ញុំ​ទៅ​វិញ។ ខ្ញុំ​មិន​រក​សិរី‌រុងរឿង​សម្រាប់​ខ្លួន​ខ្ញុំ​ឡើយ គឺ​មាន​ម្នាក់​រក​ឲ្យ​ខ្ញុំ ហើយ​វិនិច្ឆ័យ​ទៀត​ផង។ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​ណា​កាន់​តាម​ពាក្យ​របស់​ខ្ញុំ អ្នក​នោះ​នឹង​មិន​ស្លាប់​សោះ​ឡើយ»។ ជន‌ជាតិ​យូដា​ទូល​ព្រះអង្គ​ថា៖ «ឥឡូវ​នេះ យើង​ដឹង​ច្បាស់​ហើយ​ថា លោក​ពិត​ជា​មាន​អារក្ស​ចូល​មែន។ លោក​អប្រាហាំ និង​ពួក​ព្យាការី*​បាន​ទទួល​មរណ‌ភាព​ទៅ​ហើយ រីឯ​លោក​វិញ លោក​ហ៊ាន​ពោល​ថា អ្នក​ណា​កាន់​តាម​ពាក្យ​លោក អ្នក​នោះ​មិន​ស្លាប់​សោះ​ឡើយ។ តើ​លោក​មាន​ឋានៈ​ធំ​ជាង​លោក​អប្រាហាំ​ជា​បុព្វបុរស​របស់​យើង ដែល​ទទួល​មរណ‌ភាព​ទៅ​ហើយ​នោះ​ឬ? រីឯ​ពួក​ព្យាការី​ក៏​ទទួល​មរណ‌ភាព​ទៅ​ដែរ។ ចុះ​លោក លោក​តាំង​ខ្លួន​ជា​អ្វី?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «បើ​ខ្ញុំ​លើក​តម្កើង​ខ្លួន​ខ្ញុំ សិរី‌រុងរឿង​របស់​ខ្ញុំ​គ្មាន​តម្លៃ​អ្វី​ទាល់​តែ​សោះ គឺ​ព្រះ‌បិតា​របស់​ខ្ញុំ​ទេ​តើ​ដែល​លើក​តម្កើង​ខ្ញុំ ព្រះអង្គ​នោះ​ហើយ​ដែល​អ្នក​រាល់​គ្នា​ថា​ជា “ព្រះ​របស់​យើង”។ អ្នក​រាល់​គ្នា​មិន​ស្គាល់​ព្រះអង្គ​ទេ រីឯ​ខ្ញុំ ខ្ញុំ​ស្គាល់​ព្រះអង្គ ប្រសិន​បើ​ខ្ញុំ​ថា ខ្ញុំ​មិន​ស្គាល់​ព្រះអង្គ​ទេ ខ្ញុំ​មុខ​ជា​និយាយ​កុហក​ដូច​អ្នក​រាល់​គ្នា​ដែរ។ ប៉ុន្តែ ខ្ញុំ​ស្គាល់​ព្រះអង្គ ហើយ​កាន់​តាម​ព្រះ‌បន្ទូល​របស់​ព្រះអង្គ​ថែម​ទៀត​ផង។ លោក​អប្រាហាំ​ជា​ឪពុក​របស់​អ្នក​រាល់​គ្នា​មាន​ចិត្ត​ត្រេក‌អរ​ពន់​ប្រមាណ ដោយ​សង្ឃឹម​ថា​នឹង​ឃើញ​ខ្ញុំ​មក​ដល់។ លោក​ក៏​បាន​ឃើញ​មែន ហើយ​ត្រេក‌អរ​សប្បាយ»។ ជន‌ជាតិ​យូដា​ពោល​ថា៖ «លោក​មាន​អាយុ​មិន​ទាន់​ទាំង​បាន​ហា‌សិប​ឆ្នាំ​ផង ម្ដេច​ក៏​ថា​បាន​ឃើញ​លោក​អប្រាហាំ​ដូច្នេះ?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា មុន​លោក​អប្រាហាំ​កើត​មក ខ្ញុំ​មាន​ជីវិត​រួច​ស្រេច​ទៅ​ហើយ»។ ពួក​គេ​ក៏​រើស​ដុំ​ថ្ម​បម្រុង​នឹង​គប់​សម្លាប់​ព្រះអង្គ ប៉ុន្តែ ព្រះ‌យេស៊ូ​ភៀស​ព្រះអង្គ​ចេញ​ពី​ព្រះ‌វិហារ*​បាត់​ទៅ។

ចែក​រំលែក
អាន យ៉ូហាន 8

យ៉ូហាន 8:37-59 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ខ្ញុំ​ដឹង​ហើយ​ថា អ្នក​រាល់​គ្នា​ជា​ពូជ​លោក​អ័ប្រា‌ហាំ ប៉ុន្តែ អ្នក​រាល់​គ្នា​រក​សំឡាប់​ខ្ញុំ ពី​ព្រោះ​ពាក្យ​ខ្ញុំ​គ្មាន​កន្លែង​ដក់​នៅ​ក្នុង​ចិត្ត​របស់​អ្នក​រាល់​គ្នា​ទេ ឯ​ខ្ញុំៗ​និយាយ​តែ​សេចក្ដី​ណា ដែល​ខ្ញុំ​បាន​ឃើញ​នៅ​ឯ​ព្រះវរ‌បិតា​ខ្ញុំ តែ​អ្នក​រាល់​គ្នា​ធ្វើ​តែ​ការ ដែល​បាន​ឃើញ​នៅ​ឯ​ឪពុក​របស់​អ្នក​រាល់​គ្នា​វិញ គេ​ទូល​ឆ្លើយ​ថា គឺ​លោក​អ័ប្រា‌ហាំ ជា​ឪពុក​នៃ​យើង​រាល់​គ្នា ព្រះ‌យេស៊ូវ​មាន​បន្ទូល​ថា បើ​អ្នក​រាល់​គ្នា​ជា​ពូជ​លោក​អ័ប្រា‌ហាំ​ពិត នោះ​នឹង​ធ្វើ​តាម​លោក​ជា​ប្រាកដ តែ​ឥឡូវ​នេះ អ្នក​រាល់​គ្នា​រក​ចង់​សំឡាប់​ខ្ញុំ​វិញ ជា​មនុស្ស​ដែល​យក​សេចក្ដី​ពិត ដែល​បាន​ឮ​ពី​ព្រះ មក​ប្រាប់​ដល់​អ្នក​រាល់​គ្នា លោក​អ័ប្រា‌ហាំ​មិន​បាន​ធ្វើ​ដូច្នោះ​ទេ អ្នក​រាល់​គ្នា​ធ្វើ​តាម​តែ​ឪពុក​របស់​ខ្លួន ដូច្នេះ គេ​ទូល​ថា យើង​រាល់​គ្នា​មិន​មែន​ជា​កូន​សហាយ​ទេ យើង​មាន​ព្រះវរ‌បិតា​តែ​១ គឺ​ជា​ព្រះ ព្រះ‌យេស៊ូវ​មាន​បន្ទូល​ថា បើ​ព្រះ​ជា​ព្រះវរ‌បិតា​នៃ​អ្នក​រាល់​គ្នា​មែន នោះ​អ្នក​នឹង​បាន​ស្រឡាញ់​ខ្ញុំ ដ្បិត​ខ្ញុំ​ចេញ​ពី​ព្រះ​មក ហើយ​ក៏​មក​ដល់ មិន​មែន​មក​ដោយ​អាង​ខ្លួន​ខ្ញុំ​ទេ គឺ​ព្រះ‌អង្គ​បាន​ចាត់​ឲ្យ​ខ្ញុំ​មក​ទេ​តើ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​យល់​សំដី​ខ្ញុំ គឺ​មក​តែ​ពី​ស្តាប់​ពាក្យ​ខ្ញុំ​មិន​បាន​ប៉ុណ្ណោះ អ្នក​រាល់​គ្នា​មាន​អារក្ស‌សាតាំង​ជា​ឪពុក ហើយ​អ្នក​រាល់​គ្នា​ចូល​ចិត្ត​ធ្វើ​តាម​តណ្ហា ដែល​គាប់​ចិត្ត​ដល់​ឪពុក​របស់​អ្នក វា​ជា​អ្នក​សំឡាប់​គេ​តាំង​ពី​ដើម​មក វា​មិន​បាន​នៅ​ជាប់​ក្នុង​សេចក្ដី​ពិត ព្រោះ​គ្មាន​សេចក្ដី​ពិត​នៅ​ក្នុង​វា​ទេ កាល​ណា​វា​ពោល​ពាក្យ​ភូត‌ភរ នោះ​ដុះ​ចេញ​អំពី​ចិត្ត​វា​មក ដ្បិត​វា​ជា​អ្នក​កំភូត ហើយ​ជា​ឪពុក​នៃ​សេចក្ដី​នោះ​ឯង ដោយ​ព្រោះ​តែ​ខ្ញុំ​និយាយ​សេចក្ដី​ពិត បាន​ជា​អ្នក​រាល់​គ្នា​មិន​ជឿ​ខ្ញុំ តើ​មាន​ពួក​អ្នក​រាល់​គ្នា​ណា​មួយ​ចាប់​ប្រកាន់​ខ្ញុំ ពី​អំពើ​បាប​បាន​ឬ​ទេ តែ​បើ​ខ្ញុំ​និយាយ​សេចក្ដី​ពិត​វិញ ហេតុ​អ្វី​បាន​ជា​មិន​ជឿ​ដល់​ខ្ញុំ​សោះ អ្នក​ណា​ដែល​កើត​អំពី​ព្រះ នោះ​ក៏​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ​ដែរ ឯ​អ្នក​រាល់​គ្នា មិន​បាន​កើត​មក​ពី​ព្រះ​ទេ បាន​ជា​មិន​ស្តាប់​តាម​ដូច្នេះ។ នោះ​ពួក​សាសន៍​យូដា​ទូល​ទ្រង់​ថា តើ​យើង​មិន​និយាយ​ត្រូវ​ថា អ្នក​ជា​សាសន៍​សាម៉ារី ហើយ​មាន​អារក្ស​ចូល​ទេ​ឬ​អី ព្រះ‌យេស៊ូវ​ទ្រង់​ឆ្លើយ​ថា ខ្ញុំ​គ្មាន​អារក្ស​ចូល​ទេ ខ្ញុំ​គោរព​ប្រតិ‌បត្តិ​ចំពោះ​ព្រះវរ‌បិតា​ខ្ញុំ តែ​អ្នក​រាល់​គ្នា​ត្មះ‌តិះដៀល​ខ្ញុំ​វិញ ឯ​ខ្ញុំ មិន​មែន​រក​កិត្តិសព្ទ​ចំពោះ​ខ្លួន​ទេ មាន​ព្រះ​១​អង្គ​ដែល​រក​ឲ្យ​ខ្ញុំ​វិញ ហើយ​ទ្រង់​ក៏​ជំនុំ‌ជំរះ​ផង ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា បើ​អ្នក​ណា​កាន់​តាម​ពាក្យ​ខ្ញុំ អ្នក​នោះ​មិន​ត្រូវ​ឃើញ​សេចក្ដី​ស្លាប់ នៅ​អស់‌កល្ប​រៀង​ទៅ ដូច្នេះ ពួក​សាសន៍​យូដា​ទូល​ថា ឥឡូវ​នេះ យើង​ដឹង​ជា​ប្រាកដ​ថា អ្នក​មាន​អារក្ស​ចូល​ពិត​មែន ព្រោះ​លោក​អ័ប្រា‌ហាំ នឹង​ពួក​ហោរា បាន​ស្លាប់​អស់​ហើយ តែ​អ្នក​ថា បើ​អ្នក​ណា​កាន់​តាម​ពាក្យ​អ្នក នោះ​មិន​ដែល​ភ្លក់​សេចក្ដី​ស្លាប់ នៅ​អស់‌កល្ប​រៀង​ទៅ​វិញ តើ​អ្នក​ធំ​ជាង​លោក​អ័ប្រា‌ហាំ ជា​ឰយុកោ​យើង នឹង​ពួក​ហោរា ដែល​ស្លាប់​ទៅ​ហើយ​នោះ​ឬ​អី តើ​អ្នក​តាំង​ខ្លួន​ធ្វើ​ជា​អ្វី ព្រះ‌យេស៊ូវ​មាន​បន្ទូល​ឆ្លើយ​ថា បើ​សិន​ជា​ខ្ញុំ​ដំកើង​ខ្លួន​ខ្ញុំ នោះ​កិត្តិសព្ទ​របស់​ខ្ញុំ​ឥត​មាន​ប្រយោជន៍​ទេ គឺ​ព្រះវរ‌បិតា​ខ្ញុំ​ទេ​តើ ទ្រង់​លើក​ដំកើង​ខ្ញុំ ដែល​អ្នក​រាល់​គ្នា​ថា ទ្រង់​ជា​ព្រះ​នៃ​អ្នក តែ​អ្នក​រាល់​គ្នា​មិន​ស្គាល់​ទ្រង់​ទេ ឯ​ខ្ញុំៗ​ស្គាល់​ទ្រង់ បើ​ខ្ញុំ​ថា​មិន​ស្គាល់​ទ្រង់​វិញ នោះ​ខ្ញុំ​នឹង​ទៅ​ជា​អ្នក​ភូត‌ភរ​ដូច​អ្នក​រាល់​គ្នា​ដែរ ប៉ុន្តែ​ខ្ញុំ​ស្គាល់​ទ្រង់​ពិត ហើយ​ក៏​កាន់​តាម​ព្រះ‌បន្ទូល​ទ្រង់​ផង លោក​អ័ប្រា‌ហាំ ជា​ឰយុកោ​អ្នក​រាល់​គ្នា លោក​បាន​ត្រេក‌អរ​ដោយ​ឃើញ​គ្រា​ខ្ញុំ លោក​ក៏​បាន​ឃើញ​មែន ហើយ​មាន​សេចក្ដី​រីក‌រាយ ដូច្នេះ ពួក​សាសន៍​យូដា​ទូល​ទ្រង់​ថា អាយុ​អ្នក​មិន​ទាន់​ដល់​៥០​ឆ្នាំ​ផង ហើយ​អ្នក​ថា បាន​ឃើញ​លោក​អ័ប្រា‌ហាំ​ដែរ​ឬ ព្រះ‌យេស៊ូវ​ទ្រង់​មាន​បន្ទូល​តប​ថា ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា មុន​ដែល​លោក​អ័ប្រា‌ហាំ​កើត​មក នោះ​មាន​ខ្ញុំ​ហើយ ដូច្នេះ គេ​រើស​ថ្ម​នឹង​ចោល​ព្រះ‌យេស៊ូវ តែ​ទ្រង់​បាន​បំបាំង​ដល់​គេ រួច​យាង​កាត់​កណ្តាល​ពួក​គេ ចេញ​ពី​ព្រះ‌វិហារ​ផុត​ទៅ។

ចែក​រំលែក
អាន យ៉ូហាន 8