យ៉ូហាន 8:21-36

យ៉ូហាន 8:21-36 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ម្តង​ទៀត​ថា៖ «ខ្ញុំ​នឹង​ចាក​ចេញ​ទៅ ហើយ​អ្នក​រាល់​គ្នា​នឹង​រក​ខ្ញុំ ហើយ​នឹង​ស្លាប់​ក្នុង​អំពើ​បាប​របស់​អ្នក​រាល់​គ្នា ឯ​កន្លែង​ដែល​ខ្ញុំ​ទៅ អ្នក​មិន​អាច​ទៅ​បាន​ទេ»។ ពេល​នោះ ពួក​សាសន៍​យូដា​និយាយ​គ្នា​ថា៖ «តើ​អ្នក​នេះ​នឹង​សម្លាប់​ខ្លួន​ឯង​ឬ បាន​ជា​ពោល​ថា "កន្លែង​ដែល​ខ្ញុំ​ទៅ អ្នក​រាល់​គ្នា​ពុំ​អាច​ទៅ​បាន​ដូច្នេះ"?» ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​គេ​ថា៖ «អ្នក​រាល់​គ្នា​មក​ពី​ស្ថាន​ក្រោម ឯ​ខ្ញុំ​វិញ ខ្ញុំ​មក​ពី​ស្ថាន​លើ។ អ្នក​រាល់​គ្នា​ជា​របស់​លោកីយ៍​នេះ ឯ​ខ្ញុំ​វិញ ខ្ញុំ​មិន​មែន​ជា​របស់​លោកីយ៍​នេះ​ទេ។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ប្រាប់​ថា អ្នក​រាល់​គ្នា​នឹង​ស្លាប់​ក្នុង​អំពើ​បាប​របស់​ខ្លួន ព្រោះ​បើ​មិន​ជឿ​ថា ខ្ញុំ​នេះ​ជា​ព្រះ អ្នក​រាល់​គ្នា​នឹង​ស្លាប់​ក្នុង​អំពើ​បាប​របស់​ខ្លួន​ពិត​មែន»។ ពួក​គេ​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «តើ​អ្នក​ជា​នរណា?» ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «គឺ​ដូច​ជា​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ពី​ដំបូង​មក​ហើយ។ ខ្ញុំ​មាន​រឿង​ជា​ច្រើន​ដែល​ត្រូវ​និយាយ ហើយ​ជំនុំ‌ជម្រះ​អ្នក​រាល់​គ្នា ប៉ុន្តែ ព្រះ‌អង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យ​មក ព្រះ‌អង្គ​ជា​សេចក្តី​ពិត ហើយ​អ្វី​ដែល​ខ្ញុំ​បាន​ឮ​ពី​ព្រះ‌អង្គ ខ្ញុំ​ក៏​ប្រាប់​ដល់​មនុស្ស​លោក​ដែរ»។ ពួក​គេ​មិន​ដឹង​ថា ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​អំពី​ព្រះ‌វរបិតា​ទេ។ ដូច្នេះ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា៖ «កាល​ណា​អ្នក​រាល់​គ្នា​បាន​លើក​កូន​មនុស្ស​ឡើង នោះ​ទើប​នឹង​ដឹង​ថា គឺ​ខ្ញុំ​នេះ​ហើយ​ជា​ព្រះ ហើយ​ថា ខ្ញុំ​មិន​ធ្វើ​អ្វី​ដោយ​អាង​ខ្លួន​ខ្ញុំ​ទេ គឺ​ខ្ញុំ​និយាយ​សេចក្តី​ទាំង​នេះ តាម​តែ​ព្រះ‌វរបិតា​បាន​បង្រៀន​ខ្ញុំ​វិញ។ ព្រះ‌អង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យ​មក ទ្រង់​គង់​ជា​មួយ​ខ្ញុំ ព្រះ‌អង្គ​មិន​ទុក​ឲ្យ​ខ្ញុំ​នៅ​តែ​ឯង​ទេ ព្រោះ​ខ្ញុំ​តែង​តែ​ធ្វើ​ការ​ដែល​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អង្គ​ជា‌និច្ច»។ ពេល​ព្រះ‌អង្គ​កំពុង​មាន​ព្រះ‌បន្ទូល​ពី​សេចក្តី​ទាំង​នេះ មាន​មនុស្ស​ជា​ច្រើន​បាន​ជឿ​ដល់​ព្រះ‌អង្គ។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សាសន៍​យូដា ដែល​ជឿ​ដល់​ព្រះ‌អង្គ​ថា៖ «ប្រសិន‌បើ​អ្នក​រាល់​គ្នា​នៅ​ជាប់​នឹង​ពាក្យ​របស់​ខ្ញុំ អ្នក​រាល់​គ្នា​ជា​សិស្ស​របស់​ខ្ញុំ​មែន អ្នក​រាល់​គ្នា​នឹង​ស្គាល់​សេចក្តី​ពិត ហើយ​សេចក្តី​ពិត​នោះ​នឹង​រំដោះ​អ្នក​រាល់​គ្នា​ឲ្យ​បាន​រួច»។ គេ​ទូល​ឆ្លើយ​ថា៖ «យើង​រាល់​គ្នា​ជា​ពូជ​លោក​អ័ប្រា‌ហាំ មិន​ដែល​ធ្វើ​ជា​បាវ​បម្រើ​របស់​អ្នក​ណា​ឡើយ ម្តេច​ក៏​អ្នក​ថា "អ្នក​រាល់​គ្នា​នឹង​បាន​រួច" ដូច្នេះ?» ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា៖ «ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អស់​អ្នក​ណា​ដែល​ប្រព្រឹត្ត​អំពើ​បាប គេ​ជា​បាវ​បម្រើ​របស់​អំពើ​បាប​ហើយ។ បាវ​បម្រើ គេ​មិន​នៅ​ជាប់​ក្នុង​ផ្ទះ​រហូត​ទេ តែ​កូន​វិញ នៅ​ជាប់​រហូត។ ដូច្នេះ បើ​ព្រះ‌រាជ‌បុត្រា​រំដោះ​អ្នក​រាល់​គ្នា​ឲ្យ​បាន​រួច នោះ​អ្នក​រាល់​គ្នា​នឹង​បាន​រួច​មែន។

ចែក​រំលែក
អាន យ៉ូហាន 8

យ៉ូហាន 8:21-36 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ទៀត​ថា៖ «ខ្ញុំ​នឹង​ចាក​ចេញ​ទៅ ហើយ​អ្នក​រាល់​គ្នា​នឹង​តាម​រក​ខ្ញុំ តែ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​ស្លាប់ ទាំង​មាន​បាប​ជាប់​ក្នុង​ខ្លួន។ ទី​ណា​ខ្ញុំ​ទៅ ទី​នោះ​អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​ទៅ​ឡើយ»។ ជន‌ជាតិ​យូដា​និយាយ​គ្នា​ថា៖ «តើ​លោក​នឹង​សម្លាប់​ខ្លួន​ឬ បាន​ជា​លោក​ពោល​ថា“ទី​ណា​ខ្ញុំ​ទៅ ទី​នោះ​អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​ទៅ​បាន”​ដូច្នេះ?»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​មាន​កំណើត​នៅ​ស្ថាន​នេះ រីឯ​ខ្ញុំ​វិញ ខ្ញុំ​មាន​កំណើត​មក​ពី​ស្ថាន​លើ។ អ្នក​រាល់​គ្នា​មាន​កំណើត​ពី​និស្ស័យ​លោកីយ៍​នេះ រីឯ​ខ្ញុំ​វិញ ខ្ញុំ​ពុំ​មែន​មាន​កំណើត​ពី​និស្ស័យ​លោកីយ៍​នេះ​ឡើយ។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​រាល់​គ្នា​នឹង​ត្រូវ​ស្លាប់ ទាំង​មាន​បាប​ជាប់​ក្នុង​ខ្លួន។ បើ​អ្នក​រាល់​គ្នា​មិន​ព្រម​ទទួល​ស្គាល់​ឋានៈ​របស់​ខ្ញុំទេ អ្នក​រាល់​គ្នា​នឹង​ត្រូវ​ស្លាប់ ទាំង​មាន​បាប​ជាប់​ក្នុង​ខ្លួន​ជា​មិន​ខាន»។ គេ​ទូល​សួរ​ព្រះអង្គ​ថា៖ «តើ​លោក​មាន​ឋានៈ​អ្វី?» ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​តាំង​ពី​ដើម​ដំបូង​មក​ម៉្លេះ។ ខ្ញុំ​មាន​សេចក្ដី​ជា​ច្រើន​ដែល​ត្រូវ​និយាយ​អំពី​អ្នក​រាល់​គ្នា ព្រម​ទាំង​វិនិច្ឆ័យ​ទោស​អ្នក​រាល់​គ្នា​ផង។ ប៉ុន្តែ ព្រះអង្គ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ព្រះអង្គ​សម្តែង​សេចក្ដី​ពិត ហើយ​អ្វីៗ​ដែល​ខ្ញុំ​បាន​ឮ​ពី​ព្រះអង្គ ខ្ញុំ​ក៏​យក​មក​ថ្លែង​ប្រាប់​មនុស្ស​លោក​ដែរ»។ អ្នក​ទាំង​នោះ​មិន​យល់​ថា ព្រះអង្គ​កំពុង​តែ​មាន​ព្រះ‌បន្ទូល​អំពី​ព្រះ‌បិតា​ប្រាប់​គេ​ឡើយ។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ទៀត​ថា៖ «កាល​ណា​អ្នក​រាល់​គ្នា​លើក​បុត្រ​មនុស្ស​ឡើង អ្នក​រាល់​គ្នា​មុខ​ជា​នឹង​ស្គាល់​ឋានៈ​របស់​ខ្ញុំពុំ‌ខាន ហើយ​អ្នក​រាល់​គ្នា​នឹង​ដឹង​ថា ខ្ញុំ​មិន​ធ្វើ​ការ​អ្វី​មួយ ដោយ​សំអាង​លើ​ខ្លួន​ខ្ញុំ​ផ្ទាល់​ឡើយ គឺ​ខ្ញុំ​ថ្លែង​តែ​សេចក្ដី​ណា​ដែល​ព្រះ‌បិតា​មាន​ព្រះ‌បន្ទូល​ប្រាប់​មក​ខ្ញុំ​ប៉ុណ្ណោះ។ ព្រះអង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យ​មក ព្រះអង្គ​គង់​នៅ​ជា​មួយ​ខ្ញុំ ព្រះអង្គ​មិន​ចោល​ខ្ញុំ​ឲ្យ​នៅ​តែ​ម្នាក់​ឯង​ឡើយ ដ្បិត​ខ្ញុំ​តែង​ប្រព្រឹត្ត​កិច្ចការ​ណា ដែល​គាប់​ព្រះ‌ហឫទ័យ​ព្រះអង្គ​ជានិច្ច»។ ពេល​ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ដូច្នេះ មាន​មនុស្ស​ជា​ច្រើន​ជឿ​លើ​ព្រះអង្គ។ ពេល​នោះ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ជន‌ជាតិ​យូដា ដែល​បាន​ជឿ​លើ​ព្រះអង្គ​ថា៖ «ប្រសិន​បើ​អ្នក​រាល់​គ្នា​ស្ថិត​នៅ​ជាប់​នឹង​ពាក្យ​របស់​ខ្ញុំ អ្នក​រាល់​គ្នា​ពិត​ជា​សិស្ស​របស់​ខ្ញុំ​មែន។ អ្នក​រាល់​គ្នា​នឹង​ស្គាល់​សេចក្ដី​ពិត ហើយ​សេចក្ដី​ពិត​នឹង​រំដោះ​អ្នក​រាល់​គ្នា​ឲ្យ​មាន​សេរី‌ភាព»។ គេ​នាំ​គ្នា​ទូល​ព្រះអង្គ​ថា៖ «យើង​ខ្ញុំ​ជា​កូន​ចៅ​លោក​អប្រាហាំ! យើង​ខ្ញុំ​មិន​ដែល​ធ្វើ​ខ្ញុំ​បម្រើ​អ្នក​ណា​ឡើយ ម្ដេច​ក៏​លោក​គ្រូ​ថា “អ្នក​រាល់​គ្នា​នឹង​មាន​សេរី‌ភាព”​ដូច្នេះ?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​ណា​ប្រព្រឹត្ត​អំពើ​បាប អ្នក​នោះ​ជា​ខ្ញុំ​បម្រើ​របស់​អំពើ​បាប។ ធម្មតា ខ្ញុំ​បម្រើ​មិន​ដែល​ស្ថិត​នៅ​ក្នុង​ផ្ទះ​របស់​ម្ចាស់​ជាប់​រហូត​ទេ មាន​តែ​កូន​របស់​ម្ចាស់​ប៉ុណ្ណោះ​ដែល​ស្ថិត​នៅ​ក្នុង​ផ្ទះ​ជាប់​រហូត​ត​ទៅ។ ប្រសិន​បើ​ព្រះ‌បុត្រា​រំដោះ​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​ពិត​ជា​មាន​សេរី‌ភាព។

ចែក​រំលែក
អាន យ៉ូហាន 8

យ៉ូហាន 8:21-36 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​គេ​ម្តង​ទៀត​ថា ខ្ញុំ​នឹង​ទៅ​បាត់ ឯ​កន្លែង​ដែល​ខ្ញុំ​ទៅ នោះ​អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​ទៅ​បាន​ទេ អ្នក​រាល់​គ្នា​នឹង​រក​ខ្ញុំ ហើយ​នឹង​ស្លាប់​ក្នុង​អំពើ​បាប​របស់​អ្នក​រាល់​គ្នា​វិញ ពួក​សាសន៍​យូដា​ក៏​និយាយ​គ្នា​ថា តើ​អ្នក​នេះ​នឹង​សំឡាប់​ខ្លួន​ឯង​ឬ​អី បាន​ជា​ថា កន្លែង​ដែល​ខ្ញុំ​ទៅ នោះ​អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​ទៅ​បាន​ទេ ទ្រង់​មាន​បន្ទូល​ថា អ្នក​រាល់​គ្នា​មក​ពី​ស្ថាន​ក្រោម ឯ​ខ្ញុំៗ​មក​ពី​ស្ថាន​លើ​វិញ អ្នក​រាល់​គ្នា​កើត​ពី​លោកីយ​នេះ តែ​ខ្ញុំ​មិន​កើត​ពី​លោកីយ​នេះ​ទេ ហេតុ​នោះ​បាន​ជា​ខ្ញុំ​ប្រាប់​ថា អ្នក​រាល់​គ្នា​នឹង​ស្លាប់​ក្នុង​អំពើ​បាប​របស់​ខ្លួន ពី​ព្រោះ​បើ​មិន​ជឿ​ថា ខ្ញុំ​នេះ​ជា​ព្រះ នោះ​អ្នក​រាល់​គ្នា​នឹង​ស្លាប់​ក្នុង​អំពើ​បាប​របស់​ខ្លួន​ពិត​មែន ដូច្នេះ គេ​ទូល​សួរ​ទ្រង់​ថា តើ​អ្នក​ជា​អ្វី ព្រះ‌យេស៊ូវ​មាន​បន្ទូល​ឆ្លើយ​ថា គឺ​ដូច​ជា​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា ពី​ដើម​រៀង​មក​នោះ​ឯង ខ្ញុំ​មាន​សេចក្ដី​ជា​ច្រើន​ដែល​ត្រូវ​និយាយ ហើយ​ជំនុំ‌ជំរះ​ពី​ដំណើរ​អ្នក​រាល់​គ្នា ប៉ុន្តែ​ព្រះ‌អង្គ​ដែល​ចាត់​ឲ្យ​ខ្ញុំ​មក ទ្រង់​ពិត​ប្រាកដ ហើយ​សេចក្ដី​អ្វី​ដែល​ខ្ញុំ​បាន​ឮ​ពី​ទ្រង់ នោះ​ខ្ញុំ​ក៏​ប្រាប់​ដល់​មនុស្ស​លោក​ដែរ តែ​គេ​មិន​ដឹង​ជា​ទ្រង់​មាន​បន្ទូល​នឹង​គេ ពី​ព្រះវរ‌បិតា​ទេ ដូច្នេះ ព្រះ‌យេស៊ូវ​មាន​បន្ទូល​ថា កាល​ណា​អ្នក​រាល់​គ្នា​បាន​លើក​កូន​មនុស្ស​ឡើង នោះ​ទើប​នឹង​ដឹង​ថា គឺ​ខ្ញុំ​នេះ​ហើយ​ជា​ព្រះ ហើយ​ថា ខ្ញុំ​មិន​ធ្វើ​ការ​អ្វី​ដោយ​អាង​ខ្លួន​ខ្ញុំ គឺ​ខ្ញុំ​និយាយ​សេចក្ដី​ទាំង​នេះ តាម​ដែល​ព្រះវរ‌បិតា​បាន​បង្រៀន​ខ្ញុំ​វិញ ព្រះ‌អង្គ​នោះ ដែល​ចាត់​ឲ្យ​ខ្ញុំ​មក ក៏​គង់​ជា​មួយ​នឹង​ខ្ញុំ ទ្រង់​មិន​ទុក​ឲ្យ​ខ្ញុំ​នៅ​តែ​ឯង​ទេ ពី​ព្រោះ​ខ្ញុំ​ចេះ​តែ​ធ្វើ​ការ ដែល​គាប់​ដល់​ព្រះ‌ហឫទ័យ​ទ្រង់​ជា​ដរាប កំពុង​ដែល​ទ្រង់​មាន​បន្ទូល​សេចក្ដី​ទាំង​នេះ នោះ​មាន​មនុស្ស​ជា​ច្រើន​បាន​ជឿ​ដល់​ទ្រង់។ នោះ​ព្រះ‌យេស៊ូវ​មាន​បន្ទូល ទៅ​ពួក​សាសន៍​យូដា​ដែល​ជឿ​ដល់​ទ្រង់​ថា បើ​អ្នក​រាល់​គ្នា​នៅ​ជាប់​ក្នុង​ពាក្យ​ខ្ញុំ នោះ​អ្នក​រាល់​គ្នា​ជា​សិស្ស​ខ្ញុំ​មែន អ្នក​រាល់​គ្នា​នឹង​ស្គាល់​សេចក្ដី​ពិត ហើយ​សេចក្ដី​ពិត​នោះ​នឹង​ប្រោស​ឲ្យ​អ្នក​រាល់​គ្នា​បាន​រួច គេ​ទូល​ឆ្លើយ​ថា យើង​រាល់​គ្នា​ជា​ពូជ​លោក​អ័ប្រា‌ហាំ ក៏​មិន​ដែល​ធ្វើ​ជា​បាវ​បំរើ​របស់​អ្នក​ណា​ឡើយ ម្តេច​ក៏​អ្នក​ថា យើង​នឹង​បាន​រួច​ដូច្នេះ ព្រះ‌យេស៊ូវ​មាន​បន្ទូល​តប​ថា ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អស់​អ្នក​ណា​ដែល​ប្រព្រឹត្ត​អំពើ​បាប នោះ​ជា​បាវ​បំរើ​របស់​អំពើ​បាប​នោះ​ហើយ រីឯ​បាវ​បំរើ គេ​មិន​នៅ​ជាប់​ក្នុង​ផ្ទះ​ជា​ដរាប​ទេ តែ​ព្រះ‌រាជ‌បុត្រា ទ្រង់​នៅ​ជាប់​អស់​‌កល្ប​ជានិច្ច​វិញ ដូច្នេះ បើ​ព្រះ‌រាជ‌បុត្រា​ប្រោស​ឲ្យ​អ្នក​រាល់​គ្នា​បាន​រួច នោះ​នឹង​បាន​រួច​ជា​ពិត

ចែក​រំលែក
អាន យ៉ូហាន 8