យ៉ូហាន 8:12-47
យ៉ូហាន 8:12-47 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេស៊ូវមានព្រះបន្ទូលទៅគេម្តងទៀតថា៖ «ខ្ញុំជាពន្លឺបំភ្លឺពិភពលោក អ្នកណាដែលមកតាមខ្ញុំ អ្នកនោះមិនដើរក្នុងទីងងឹតឡើយ គឺនឹងមានពន្លឺនៃជីវិតវិញ»។ ពួកផារិស៊ីទូលថា៖ «អ្នកធ្វើបន្ទាល់ពីខ្លួនអ្នក ដូច្នេះ សេចក្តីបន្ទាល់របស់អ្នកមិនពិតទេ»។ ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា៖ «ទោះបីខ្ញុំធ្វើបន្ទាល់ពីខ្លួនខ្ញុំ គង់តែបន្ទាល់នោះពិតដែរ ព្រោះខ្ញុំដឹងថាខ្ញុំមកពីណា ហើយទៅណាផង តែអ្នករាល់គ្នាមិនដឹងជាខ្ញុំមកពីណា ឬទៅណាទេ។ អ្នករាល់គ្នាជំនុំជម្រះតាមសាច់ឈាម ខ្ញុំមិនជំនុំជម្រះអ្នកណាទេ។ តែបើខ្ញុំជំនុំជម្រះ នោះការជំនុំជម្រះរបស់ខ្ញុំគឺពិតត្រង់ ព្រោះខ្ញុំមិនធ្វើតែឯងទេ គឺមានព្រះវរបិតា ដែលចាត់ខ្ញុំឲ្យមក ព្រះអង្គគង់ជាមួយខ្ញុំ។ ក្នុងក្រឹត្យវិន័យរបស់អ្នករាល់គ្នា មានពាក្យចែងទុកមកថា បើបន្ទាល់របស់មនុស្សពីរនាក់ នោះពិតហើយ។ ដូច្នេះ ខ្ញុំនេះហើយដែលធ្វើបន្ទាល់ពីខ្លួនខ្ញុំ ហើយមានព្រះវរបិតាមួយ ដែលចាត់ខ្ញុំឲ្យមក ព្រះអង្គក៏ធ្វើបន្ទាល់ពីខ្ញុំដែរ»។ ដូច្នេះ គេទូលព្រះអង្គថា៖ «តើព្រះវរបិតាអ្នកនៅឯណា?» ព្រះយេស៊ូវឆ្លើយថា៖ «អ្នករាល់គ្នាមិនស្គាល់ខ្ញុំ ហើយក៏មិនស្គាល់ព្រះវរបិតាខ្ញុំដែរ ប្រសិនបើអ្នករាល់គ្នាបានស្គាល់ខ្ញុំ អ្នករាល់គ្នាមុខជានឹងស្គាល់ព្រះវរបិតាខ្ញុំមិនខាន»។ ព្រះយេស៊ូវមានព្រះបន្ទូលពាក្យទាំងនេះ នៅត្រង់កន្លែងហិបប្រាក់តង្វាយ កាលព្រះអង្គកំពុងបង្រៀននៅក្នុងព្រះវិហារ តែគ្មានអ្នកណាចាប់ព្រះអង្គទេ ព្រោះពេលកំណត់របស់ព្រះអង្គមិនទាន់មកដល់នៅឡើយ។ ព្រះយេស៊ូវមានព្រះបន្ទូលទៅគេម្តងទៀតថា៖ «ខ្ញុំនឹងចាកចេញទៅ ហើយអ្នករាល់គ្នានឹងរកខ្ញុំ ហើយនឹងស្លាប់ក្នុងអំពើបាបរបស់អ្នករាល់គ្នា ឯកន្លែងដែលខ្ញុំទៅ អ្នកមិនអាចទៅបានទេ»។ ពេលនោះ ពួកសាសន៍យូដានិយាយគ្នាថា៖ «តើអ្នកនេះនឹងសម្លាប់ខ្លួនឯងឬ បានជាពោលថា "កន្លែងដែលខ្ញុំទៅ អ្នករាល់គ្នាពុំអាចទៅបានដូច្នេះ"?» ព្រះអង្គមានព្រះបន្ទូលទៅពួកគេថា៖ «អ្នករាល់គ្នាមកពីស្ថានក្រោម ឯខ្ញុំវិញ ខ្ញុំមកពីស្ថានលើ។ អ្នករាល់គ្នាជារបស់លោកីយ៍នេះ ឯខ្ញុំវិញ ខ្ញុំមិនមែនជារបស់លោកីយ៍នេះទេ។ ហេតុនេះហើយបានជាខ្ញុំប្រាប់ថា អ្នករាល់គ្នានឹងស្លាប់ក្នុងអំពើបាបរបស់ខ្លួន ព្រោះបើមិនជឿថា ខ្ញុំនេះជាព្រះ អ្នករាល់គ្នានឹងស្លាប់ក្នុងអំពើបាបរបស់ខ្លួនពិតមែន»។ ពួកគេទូលសួរព្រះអង្គថា៖ «តើអ្នកជានរណា?» ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា៖ «គឺដូចជាខ្ញុំបានប្រាប់អ្នករាល់គ្នាពីដំបូងមកហើយ។ ខ្ញុំមានរឿងជាច្រើនដែលត្រូវនិយាយ ហើយជំនុំជម្រះអ្នករាល់គ្នា ប៉ុន្តែ ព្រះអង្គដែលចាត់ខ្ញុំឲ្យមក ព្រះអង្គជាសេចក្តីពិត ហើយអ្វីដែលខ្ញុំបានឮពីព្រះអង្គ ខ្ញុំក៏ប្រាប់ដល់មនុស្សលោកដែរ»។ ពួកគេមិនដឹងថា ព្រះអង្គមានព្រះបន្ទូលទៅគេអំពីព្រះវរបិតាទេ។ ដូច្នេះ ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «កាលណាអ្នករាល់គ្នាបានលើកកូនមនុស្សឡើង នោះទើបនឹងដឹងថា គឺខ្ញុំនេះហើយជាព្រះ ហើយថា ខ្ញុំមិនធ្វើអ្វីដោយអាងខ្លួនខ្ញុំទេ គឺខ្ញុំនិយាយសេចក្តីទាំងនេះ តាមតែព្រះវរបិតាបានបង្រៀនខ្ញុំវិញ។ ព្រះអង្គដែលចាត់ខ្ញុំឲ្យមក ទ្រង់គង់ជាមួយខ្ញុំ ព្រះអង្គមិនទុកឲ្យខ្ញុំនៅតែឯងទេ ព្រោះខ្ញុំតែងតែធ្វើការដែលគាប់ព្រះហឫទ័យព្រះអង្គជានិច្ច»។ ពេលព្រះអង្គកំពុងមានព្រះបន្ទូលពីសេចក្តីទាំងនេះ មានមនុស្សជាច្រើនបានជឿដល់ព្រះអង្គ។ ព្រះយេស៊ូវមានព្រះបន្ទូលទៅពួកសាសន៍យូដា ដែលជឿដល់ព្រះអង្គថា៖ «ប្រសិនបើអ្នករាល់គ្នានៅជាប់នឹងពាក្យរបស់ខ្ញុំ អ្នករាល់គ្នាជាសិស្សរបស់ខ្ញុំមែន អ្នករាល់គ្នានឹងស្គាល់សេចក្តីពិត ហើយសេចក្តីពិតនោះនឹងរំដោះអ្នករាល់គ្នាឲ្យបានរួច»។ គេទូលឆ្លើយថា៖ «យើងរាល់គ្នាជាពូជលោកអ័ប្រាហាំ មិនដែលធ្វើជាបាវបម្រើរបស់អ្នកណាឡើយ ម្តេចក៏អ្នកថា "អ្នករាល់គ្នានឹងបានរួច" ដូច្នេះ?» ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អស់អ្នកណាដែលប្រព្រឹត្តអំពើបាប គេជាបាវបម្រើរបស់អំពើបាបហើយ។ បាវបម្រើ គេមិននៅជាប់ក្នុងផ្ទះរហូតទេ តែកូនវិញ នៅជាប់រហូត។ ដូច្នេះ បើព្រះរាជបុត្រារំដោះអ្នករាល់គ្នាឲ្យបានរួច នោះអ្នករាល់គ្នានឹងបានរួចមែន។ ខ្ញុំដឹងហើយថា អ្នករាល់គ្នាជាពូជលោកអ័ប្រាហាំ តែអ្នករាល់គ្នារកសម្លាប់ខ្ញុំ ព្រោះពាក្យខ្ញុំ មិនស្ថិតនៅក្នុងចិត្តរបស់អ្នករាល់គ្នាឡើយ។ ខ្ញុំនិយាយតែសេចក្តីណាដែលខ្ញុំបានឃើញជាមួយព្រះវរបិតាខ្ញុំ តែអ្នករាល់គ្នាធ្វើតែអ្វីដែលអ្នករាល់គ្នាបានឮពីឪពុករបស់អ្នករាល់គ្នា»។ គេទូលព្រះអង្គថា៖ «ឪពុករបស់យើង គឺលោកអ័ប្រាហាំ»។ ព្រះយេស៊ូវមានព្រះបន្ទូលតបថា៖ «បើអ្នករាល់គ្នាពិតជាកូនចៅរបស់លោកអ័ប្រាហាំមែន អ្នករាល់គ្នាមុខជាធ្វើតាមលោកមិនខាន តែឥឡូវនេះ អ្នករាល់គ្នារកសម្លាប់ខ្ញុំ ជាមនុស្សដែលប្រាប់អ្នករាល់គ្នាពីសេចក្តីពិត ដែលខ្ញុំបានឮពីព្រះ។ លោកអ័ប្រាហាំមិនបានធ្វើដូច្នេះទេ។ អ្នករាល់គ្នាពិតជាធ្វើតាមឪពុករបស់ខ្លួនមែន»។ ដូច្នេះ គេទូលថា៖ «យើងរាល់គ្នាមិនមែនជាកូនសហាយទេ យើងមានព្រះវរបិតាតែមួយ គឺជាព្រះ»។ ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «បើព្រះជាព្រះវរបិតារបស់អ្នករាល់គ្នាមែន នោះអ្នកនឹងស្រឡាញ់ខ្ញុំ ដ្បិតខ្ញុំចេញពីព្រះមកទីនេះ។ ខ្ញុំមិនបានមកដោយអាងខ្លួនខ្ញុំទេ គឺព្រះអង្គបានចាត់ខ្ញុំឲ្យមក។ ហេតុអ្វីបានជាអ្នករាល់គ្នាមិនយល់ពាក្យដែលខ្ញុំនិយាយដូច្នេះ? គឺដោយព្រោះអ្នករាល់គ្នាស្តាប់ពាក្យរបស់ខ្ញុំមិនបាន។ អ្នករាល់គ្នាមានអារក្សសាតាំងជាឪពុក ហើយអ្នករាល់គ្នាចូលចិត្តធ្វើតាមតណ្ហា ដែលគាប់ចិត្តដល់ឪពុករបស់អ្នក វាជាអ្នកសម្លាប់គេតាំងពីដើមមក វាមិនឈរលើសេចក្តីពិតទេ ព្រោះគ្មានសេចក្តីពិតនៅក្នុងវាឡើយ កាលណាវាពោលពាក្យភូតភរ នោះដុះចេញពីចិត្តវាមក ដ្បិតវាជាអ្នកកុហក ហើយជាឪពុកនៃសេចក្តីកុហក។ ប៉ុន្តែ ព្រោះតែខ្ញុំនិយាយសេចក្តីពិត អ្នករាល់គ្នាមិនជឿខ្ញុំ។ ក្នុងចំណោមអ្នករាល់គ្នា តើមានអ្នកណាម្នាក់ អាចចោទប្រកាន់ខ្ញុំ ពីអំពើបាបបានឬទេ? តែបើខ្ញុំនិយាយសេចក្តីពិតវិញ ហេតុអ្វីបានជាអ្នករាល់គ្នាមិនជឿខ្ញុំ? អ្នកណាដែលកើតមកពីព្រះ តែងស្តាប់តាមព្រះបន្ទូលរបស់ព្រះ តែអ្នករាល់គ្នា មិនបានកើតមកពីព្រះទេ បានជាមិនស្តាប់តាមដូច្នេះ»។
យ៉ូហាន 8:12-47 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់បណ្ដាជនសាជាថ្មីថា៖ «ខ្ញុំជាពន្លឺបំភ្លឺពិភពលោក អ្នកណាមកតាមខ្ញុំ អ្នកនោះនឹងមិនដើរក្នុងសេចក្ដីងងឹតឡើយ គឺគេមានពន្លឺនាំគេទៅកាន់ជីវិត»។ ពួកខាងគណៈផារីស៊ី*ទូលព្រះអង្គថា៖ «លោកធ្វើជាបន្ទាល់ឲ្យខ្លួនលោកផ្ទាល់ សក្ខីភាពរបស់លោកមិនពិតទេ»។ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេថា៖ «ទោះបីខ្ញុំធ្វើជាបន្ទាល់ឲ្យខ្លួនខ្ញុំផ្ទាល់ក៏ដោយ ក៏សក្ខីភាពរបស់ខ្ញុំនៅតែពិតដែរ ដ្បិតខ្ញុំដឹងថា ខ្ញុំមកពីណា ហើយទៅណាផង។ រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាពុំដឹងថា ខ្ញុំមកពីណា ហើយទៅណាឡើយ។ អ្នករាល់គ្នាវិនិច្ឆ័យតាមរបៀបលោកីយ៍។ រីឯខ្ញុំវិញ ខ្ញុំមិនវិនិច្ឆ័យទោសនរណាទេ ប្រសិនបើខ្ញុំវិនិច្ឆ័យទោស ការវិនិច្ឆ័យរបស់ខ្ញុំក៏ស្របតាមសេចក្ដីពិតដែរ ព្រោះខ្ញុំមិនវិនិច្ឆ័យតែម្នាក់ខ្ញុំឡើយ គឺមានព្រះបិតាដែលបានចាត់ខ្ញុំឲ្យមកវិនិច្ឆ័យជាមួយខ្ញុំ។ ក្នុងវិន័យរបស់អ្នករាល់គ្នាមានចែងទុកមកថា បើមានពីរនាក់ធ្វើជាបន្ទាល់ ទើបសក្ខីភាពយកជាការបាន។ ខ្ញុំនេះហើយជាបន្ទាល់សម្រាប់ខ្លួនខ្ញុំផ្ទាល់ ហើយព្រះបិតាដែលបានចាត់ខ្ញុំឲ្យមក ក៏ធ្វើជាបន្ទាល់ឲ្យខ្ញុំដែរ»។ ពួកគេទូលសួរព្រះអង្គថា៖ «តើព្រះបិតារបស់លោកនៅឯណា?»។ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេថា៖ «អ្នករាល់គ្នាមិនស្គាល់ខ្ញុំ ហើយក៏មិនស្គាល់ព្រះបិតារបស់ខ្ញុំដែរ។ បើអ្នករាល់គ្នាស្គាល់ខ្ញុំ អ្នករាល់គ្នាមុខជាស្គាល់ព្រះបិតារបស់ខ្ញុំមិនខាន»។ ព្រះយេស៊ូមានព្រះបន្ទូលទាំងនេះ កាលព្រះអង្គបង្រៀនបណ្ដាជនក្នុងព្រះវិហារ* ត្រង់កន្លែងដាក់ហិបប្រាក់តង្វាយ ប៉ុន្តែ គ្មាននរណាចាប់ព្រះអង្គទេ ព្រោះពេលកំណត់របស់ព្រះអង្គមិនទាន់មកដល់នៅឡើយ។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេទៀតថា៖ «ខ្ញុំនឹងចាកចេញទៅ ហើយអ្នករាល់គ្នានឹងតាមរកខ្ញុំ តែអ្នករាល់គ្នានឹងត្រូវស្លាប់ ទាំងមានបាបជាប់ក្នុងខ្លួន។ ទីណាខ្ញុំទៅ ទីនោះអ្នករាល់គ្នាពុំអាចនឹងទៅឡើយ»។ ជនជាតិយូដានិយាយគ្នាថា៖ «តើលោកនឹងសម្លាប់ខ្លួនឬ បានជាលោកពោលថា“ទីណាខ្ញុំទៅ ទីនោះអ្នករាល់គ្នាពុំអាចនឹងទៅបាន”ដូច្នេះ?»។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «អ្នករាល់គ្នាមានកំណើតនៅស្ថាននេះ រីឯខ្ញុំវិញ ខ្ញុំមានកំណើតមកពីស្ថានលើ។ អ្នករាល់គ្នាមានកំណើតពីនិស្ស័យលោកីយ៍នេះ រីឯខ្ញុំវិញ ខ្ញុំពុំមែនមានកំណើតពីនិស្ស័យលោកីយ៍នេះឡើយ។ ហេតុនេះហើយបានជាខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នករាល់គ្នានឹងត្រូវស្លាប់ ទាំងមានបាបជាប់ក្នុងខ្លួន។ បើអ្នករាល់គ្នាមិនព្រមទទួលស្គាល់ឋានៈរបស់ខ្ញុំទេ អ្នករាល់គ្នានឹងត្រូវស្លាប់ ទាំងមានបាបជាប់ក្នុងខ្លួនជាមិនខាន»។ គេទូលសួរព្រះអង្គថា៖ «តើលោកមានឋានៈអ្វី?» ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំបានប្រាប់អ្នករាល់គ្នាតាំងពីដើមដំបូងមកម៉្លេះ។ ខ្ញុំមានសេចក្ដីជាច្រើនដែលត្រូវនិយាយអំពីអ្នករាល់គ្នា ព្រមទាំងវិនិច្ឆ័យទោសអ្នករាល់គ្នាផង។ ប៉ុន្តែ ព្រះអង្គដែលបានចាត់ខ្ញុំឲ្យមក ព្រះអង្គសម្តែងសេចក្ដីពិត ហើយអ្វីៗដែលខ្ញុំបានឮពីព្រះអង្គ ខ្ញុំក៏យកមកថ្លែងប្រាប់មនុស្សលោកដែរ»។ អ្នកទាំងនោះមិនយល់ថា ព្រះអង្គកំពុងតែមានព្រះបន្ទូលអំពីព្រះបិតាប្រាប់គេឡើយ។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេទៀតថា៖ «កាលណាអ្នករាល់គ្នាលើកបុត្រមនុស្សឡើង អ្នករាល់គ្នាមុខជានឹងស្គាល់ឋានៈរបស់ខ្ញុំពុំខាន ហើយអ្នករាល់គ្នានឹងដឹងថា ខ្ញុំមិនធ្វើការអ្វីមួយ ដោយសំអាងលើខ្លួនខ្ញុំផ្ទាល់ឡើយ គឺខ្ញុំថ្លែងតែសេចក្ដីណាដែលព្រះបិតាមានព្រះបន្ទូលប្រាប់មកខ្ញុំប៉ុណ្ណោះ។ ព្រះអង្គដែលចាត់ខ្ញុំឲ្យមក ព្រះអង្គគង់នៅជាមួយខ្ញុំ ព្រះអង្គមិនចោលខ្ញុំឲ្យនៅតែម្នាក់ឯងឡើយ ដ្បិតខ្ញុំតែងប្រព្រឹត្តកិច្ចការណា ដែលគាប់ព្រះហឫទ័យព្រះអង្គជានិច្ច»។ ពេលព្រះយេស៊ូមានព្រះបន្ទូលដូច្នេះ មានមនុស្សជាច្រើនជឿលើព្រះអង្គ។ ពេលនោះ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ជនជាតិយូដា ដែលបានជឿលើព្រះអង្គថា៖ «ប្រសិនបើអ្នករាល់គ្នាស្ថិតនៅជាប់នឹងពាក្យរបស់ខ្ញុំ អ្នករាល់គ្នាពិតជាសិស្សរបស់ខ្ញុំមែន។ អ្នករាល់គ្នានឹងស្គាល់សេចក្ដីពិត ហើយសេចក្ដីពិតនឹងរំដោះអ្នករាល់គ្នាឲ្យមានសេរីភាព»។ គេនាំគ្នាទូលព្រះអង្គថា៖ «យើងខ្ញុំជាកូនចៅលោកអប្រាហាំ! យើងខ្ញុំមិនដែលធ្វើខ្ញុំបម្រើអ្នកណាឡើយ ម្ដេចក៏លោកគ្រូថា “អ្នករាល់គ្នានឹងមានសេរីភាព”ដូច្នេះ?»។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាប្រព្រឹត្តអំពើបាប អ្នកនោះជាខ្ញុំបម្រើរបស់អំពើបាប។ ធម្មតា ខ្ញុំបម្រើមិនដែលស្ថិតនៅក្នុងផ្ទះរបស់ម្ចាស់ជាប់រហូតទេ មានតែកូនរបស់ម្ចាស់ប៉ុណ្ណោះដែលស្ថិតនៅក្នុងផ្ទះជាប់រហូតតទៅ។ ប្រសិនបើព្រះបុត្រារំដោះអ្នករាល់គ្នា អ្នករាល់គ្នាពិតជាមានសេរីភាព។ ខ្ញុំដឹងហើយថា អ្នករាល់គ្នាជាកូនចៅរបស់លោកអប្រាហាំ ប៉ុន្តែ អ្នករាល់គ្នារកសម្លាប់ខ្ញុំ ព្រោះពាក្យរបស់ខ្ញុំមិនស្ថិតនៅក្នុងចិត្តអ្នករាល់គ្នាឡើយ។ ខ្ញុំនិយាយតែអំពីអ្វីៗដែលខ្ញុំបានឃើញនៅក្បែរព្រះបិតា រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាធ្វើតាមសេចក្ដីណាដែលអ្នករាល់គ្នាបានឮពីឪពុករបស់អ្នករាល់គ្នា»។ គេទូលព្រះអង្គថា៖ «ឪពុករបស់យើងគឺលោកអប្រាហាំ»។ ព្រះយេស៊ូមានព្រះបន្ទូលតបវិញថា៖ «បើអ្នករាល់គ្នាពិតជាកូនចៅលោកអប្រាហាំមែន អ្នករាល់គ្នាមុខជាធ្វើកិច្ចការ ដូចលោកអប្រាហាំធ្លាប់ធ្វើនោះមិនខាន តែឥឡូវនេះ អ្នករាល់គ្នារកសម្លាប់ខ្ញុំ មកពីខ្ញុំនិយាយសេចក្ដីពិត ដែលខ្ញុំបានឮពីព្រះជាម្ចាស់ លោកអប្រាហាំមិនបានប្រព្រឹត្តដូច្នេះទេ។ អ្នករាល់គ្នាធ្វើកិច្ចការដែលឪពុកអ្នករាល់គ្នាប្រព្រឹត្ត»។ គេទូលព្រះអង្គថា៖ «យើងខ្ញុំជាកូនពេញច្បាប់ យើងមានឪពុកតែមួយគត់គឺព្រះជាម្ចាស់»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ប្រសិនបើព្រះជាម្ចាស់ពិតជាឪពុកអ្នករាល់គ្នាមែន ម៉្លេះសមអ្នករាល់គ្នាស្រឡាញ់ខ្ញុំពុំខាន ដ្បិតខ្ញុំចេញពីព្រះជាម្ចាស់មកទីនេះ។ ខ្ញុំមិនមែនមកដោយចិត្តឯងឡើយ គឺព្រះជាម្ចាស់បានចាត់ខ្ញុំឲ្យមក។ ហេតុអ្វីបានជាអ្នករាល់គ្នាមិនយល់ពាក្យដែលខ្ញុំថ្លែងប្រាប់ដូច្នេះ? គឺមកពីអ្នករាល់គ្នាមិនអាចស្ដាប់ពាក្យរបស់ខ្ញុំបាន។ អ្នករាល់គ្នាជាកូនចៅរបស់មារសាតាំង* ហើយអ្នករាល់គ្នាចង់ធ្វើតាមចំណង់ចិត្តឪពុកអ្នករាល់គ្នា។ តាំងពីដើមរៀងមក វាបានសម្លាប់មនុស្ស ហើយមិនកាន់តាមសេចក្ដីពិតទេ ព្រោះគ្មានសេចក្ដីពិតនៅក្នុងខ្លួនវាសោះ។ ពេលវានិយាយកុហក នោះវានិយាយចេញពីគំនិតវាផ្ទាល់ ព្រោះវាជាមេកុហក ហើយជាឪពុកនៃអ្នកកុហក។ រីឯខ្ញុំវិញ ខ្ញុំនិយាយសេចក្ដីពិត តែអ្នករាល់គ្នាមិនជឿខ្ញុំទេ។ ក្នុងចំណោមអ្នករាល់គ្នា តើនរណាអាចចោទប្រកាន់ថា ខ្ញុំប្រព្រឹត្តអំពើបាបបាន? បើខ្ញុំនិយាយសេចក្ដីពិត ហេតុដូចម្ដេចបានជាអ្នករាល់គ្នាមិនជឿខ្ញុំ? អ្នកណាកើតមកពីព្រះជាម្ចាស់ អ្នកនោះតែងស្ដាប់ព្រះបន្ទូលរបស់ព្រះអង្គ។ រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាមិនមែនកើតមកពីព្រះជាម្ចាស់ទេ បានជាអ្នករាល់គ្នាមិនស្ដាប់ខ្ញុំដូច្នេះ»។
យ៉ូហាន 8:12-47 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេស៊ូវទ្រង់មានបន្ទូលទៅគេម្តងទៀតថា ខ្ញុំជាពន្លឺលោកីយ អ្នកណាដែលតាមខ្ញុំ នោះមិនដែលដើរក្នុងសេចក្ដីងងឹតឡើយ គឺនឹងមានពន្លឺនៃជីវិតវិញ នោះពួកផារិស៊ីទូលថា អ្នកធ្វើបន្ទាល់ពីខ្លួនអ្នក ដូច្នេះ សេចក្ដីបន្ទាល់របស់អ្នកមិនពិតទេ ព្រះយេស៊ូវមានបន្ទូលឆ្លើយថា ទោះបីខ្ញុំធ្វើបន្ទាល់ពីខ្លួនខ្ញុំ គង់តែសេចក្ដីបន្ទាល់នោះក៏ពិតដែរ ព្រោះខ្ញុំដឹងជាខ្ញុំមកពីណា ហើយទៅឯណាផង តែអ្នករាល់គ្នាមិនដឹងជាខ្ញុំមកពីណា ឬទៅឯណាទេ អ្នករាល់គ្នាជំនុំជំរះតាមសាច់ឈាម ឯខ្ញុំមិនជំនុំជំរះអ្នកណាទេ តែបើខ្ញុំជំនុំជំរះដែរ នោះសេចក្ដីជំនុំជំរះរបស់ខ្ញុំជាពិតវិញ ពីព្រោះខ្ញុំមិននៅតែឯងទេ គឺមានព្រះវរបិតា ដែលចាត់ឲ្យខ្ញុំមក ទ្រង់គង់ជាមួយផង ហើយក្នុងក្រិត្យវិន័យរបស់អ្នករាល់គ្នា ក៏មានពាក្យចែងទុកមកថា សេចក្ដីបន្ទាល់របស់មនុស្ស២នាក់ នោះពិតហើយ ដូច្នេះ មានខ្ញុំនេះ១ ដែលធ្វើបន្ទាល់ពីខ្លួនខ្ញុំ ហើយមានព្រះវរបិតា១ដែលចាត់ឲ្យខ្ញុំមក ទ្រង់ក៏ធ្វើបន្ទាល់ពីខ្ញុំដែរ នោះគេទូលសួរថា តើព្រះវរបិតាអ្នកនៅឯណា ព្រះយេស៊ូវទ្រង់ឆ្លើយថា អ្នករាល់គ្នាមិនស្គាល់ខ្ញុំ ឬព្រះវរបិតាខ្ញុំទេ បើសិនជាអ្នករាល់គ្នាបានស្គាល់ខ្ញុំ នោះនឹងស្គាល់ដល់ព្រះវរបិតាខ្ញុំដែរ ព្រះយេស៊ូវទ្រង់មានបន្ទូលពាក្យទាំងនេះនៅត្រង់ឃ្លាំង កំពុងដែលទ្រង់បង្រៀន នៅក្នុងព្រះវិហារ តែគ្មានអ្នកណាចាប់ទ្រង់ទេ ព្រោះកំណត់របស់ទ្រង់មិនទាន់ដល់នៅឡើយ។ ព្រះយេស៊ូវមានបន្ទូលទៅគេម្តងទៀតថា ខ្ញុំនឹងទៅបាត់ ឯកន្លែងដែលខ្ញុំទៅ នោះអ្នករាល់គ្នាពុំអាចនឹងទៅបានទេ អ្នករាល់គ្នានឹងរកខ្ញុំ ហើយនឹងស្លាប់ក្នុងអំពើបាបរបស់អ្នករាល់គ្នាវិញ ពួកសាសន៍យូដាក៏និយាយគ្នាថា តើអ្នកនេះនឹងសំឡាប់ខ្លួនឯងឬអី បានជាថា កន្លែងដែលខ្ញុំទៅ នោះអ្នករាល់គ្នាពុំអាចនឹងទៅបានទេ ទ្រង់មានបន្ទូលថា អ្នករាល់គ្នាមកពីស្ថានក្រោម ឯខ្ញុំៗមកពីស្ថានលើវិញ អ្នករាល់គ្នាកើតពីលោកីយនេះ តែខ្ញុំមិនកើតពីលោកីយនេះទេ ហេតុនោះបានជាខ្ញុំប្រាប់ថា អ្នករាល់គ្នានឹងស្លាប់ក្នុងអំពើបាបរបស់ខ្លួន ពីព្រោះបើមិនជឿថា ខ្ញុំនេះជាព្រះ នោះអ្នករាល់គ្នានឹងស្លាប់ក្នុងអំពើបាបរបស់ខ្លួនពិតមែន ដូច្នេះ គេទូលសួរទ្រង់ថា តើអ្នកជាអ្វី ព្រះយេស៊ូវមានបន្ទូលឆ្លើយថា គឺដូចជាខ្ញុំបានប្រាប់អ្នករាល់គ្នា ពីដើមរៀងមកនោះឯង ខ្ញុំមានសេចក្ដីជាច្រើនដែលត្រូវនិយាយ ហើយជំនុំជំរះពីដំណើរអ្នករាល់គ្នា ប៉ុន្តែព្រះអង្គដែលចាត់ឲ្យខ្ញុំមក ទ្រង់ពិតប្រាកដ ហើយសេចក្ដីអ្វីដែលខ្ញុំបានឮពីទ្រង់ នោះខ្ញុំក៏ប្រាប់ដល់មនុស្សលោកដែរ តែគេមិនដឹងជាទ្រង់មានបន្ទូលនឹងគេ ពីព្រះវរបិតាទេ ដូច្នេះ ព្រះយេស៊ូវមានបន្ទូលថា កាលណាអ្នករាល់គ្នាបានលើកកូនមនុស្សឡើង នោះទើបនឹងដឹងថា គឺខ្ញុំនេះហើយជាព្រះ ហើយថា ខ្ញុំមិនធ្វើការអ្វីដោយអាងខ្លួនខ្ញុំ គឺខ្ញុំនិយាយសេចក្ដីទាំងនេះ តាមដែលព្រះវរបិតាបានបង្រៀនខ្ញុំវិញ ព្រះអង្គនោះ ដែលចាត់ឲ្យខ្ញុំមក ក៏គង់ជាមួយនឹងខ្ញុំ ទ្រង់មិនទុកឲ្យខ្ញុំនៅតែឯងទេ ពីព្រោះខ្ញុំចេះតែធ្វើការ ដែលគាប់ដល់ព្រះហឫទ័យទ្រង់ជាដរាប កំពុងដែលទ្រង់មានបន្ទូលសេចក្ដីទាំងនេះ នោះមានមនុស្សជាច្រើនបានជឿដល់ទ្រង់។ នោះព្រះយេស៊ូវមានបន្ទូល ទៅពួកសាសន៍យូដាដែលជឿដល់ទ្រង់ថា បើអ្នករាល់គ្នានៅជាប់ក្នុងពាក្យខ្ញុំ នោះអ្នករាល់គ្នាជាសិស្សខ្ញុំមែន អ្នករាល់គ្នានឹងស្គាល់សេចក្ដីពិត ហើយសេចក្ដីពិតនោះនឹងប្រោសឲ្យអ្នករាល់គ្នាបានរួច គេទូលឆ្លើយថា យើងរាល់គ្នាជាពូជលោកអ័ប្រាហាំ ក៏មិនដែលធ្វើជាបាវបំរើរបស់អ្នកណាឡើយ ម្តេចក៏អ្នកថា យើងនឹងបានរួចដូច្នេះ ព្រះយេស៊ូវមានបន្ទូលតបថា ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អស់អ្នកណាដែលប្រព្រឹត្តអំពើបាប នោះជាបាវបំរើរបស់អំពើបាបនោះហើយ រីឯបាវបំរើ គេមិននៅជាប់ក្នុងផ្ទះជាដរាបទេ តែព្រះរាជបុត្រា ទ្រង់នៅជាប់អស់កល្បជានិច្ចវិញ ដូច្នេះ បើព្រះរាជបុត្រាប្រោសឲ្យអ្នករាល់គ្នាបានរួច នោះនឹងបានរួចជាពិត ខ្ញុំដឹងហើយថា អ្នករាល់គ្នាជាពូជលោកអ័ប្រាហាំ ប៉ុន្តែ អ្នករាល់គ្នារកសំឡាប់ខ្ញុំ ពីព្រោះពាក្យខ្ញុំគ្មានកន្លែងដក់នៅក្នុងចិត្តរបស់អ្នករាល់គ្នាទេ ឯខ្ញុំៗនិយាយតែសេចក្ដីណា ដែលខ្ញុំបានឃើញនៅឯព្រះវរបិតាខ្ញុំ តែអ្នករាល់គ្នាធ្វើតែការ ដែលបានឃើញនៅឯឪពុករបស់អ្នករាល់គ្នាវិញ គេទូលឆ្លើយថា គឺលោកអ័ប្រាហាំ ជាឪពុកនៃយើងរាល់គ្នា ព្រះយេស៊ូវមានបន្ទូលថា បើអ្នករាល់គ្នាជាពូជលោកអ័ប្រាហាំពិត នោះនឹងធ្វើតាមលោកជាប្រាកដ តែឥឡូវនេះ អ្នករាល់គ្នារកចង់សំឡាប់ខ្ញុំវិញ ជាមនុស្សដែលយកសេចក្ដីពិត ដែលបានឮពីព្រះ មកប្រាប់ដល់អ្នករាល់គ្នា លោកអ័ប្រាហាំមិនបានធ្វើដូច្នោះទេ អ្នករាល់គ្នាធ្វើតាមតែឪពុករបស់ខ្លួន ដូច្នេះ គេទូលថា យើងរាល់គ្នាមិនមែនជាកូនសហាយទេ យើងមានព្រះវរបិតាតែ១ គឺជាព្រះ ព្រះយេស៊ូវមានបន្ទូលថា បើព្រះជាព្រះវរបិតានៃអ្នករាល់គ្នាមែន នោះអ្នកនឹងបានស្រឡាញ់ខ្ញុំ ដ្បិតខ្ញុំចេញពីព្រះមក ហើយក៏មកដល់ មិនមែនមកដោយអាងខ្លួនខ្ញុំទេ គឺព្រះអង្គបានចាត់ឲ្យខ្ញុំមកទេតើ ហេតុអ្វីបានជាអ្នករាល់គ្នាមិនយល់សំដីខ្ញុំ គឺមកតែពីស្តាប់ពាក្យខ្ញុំមិនបានប៉ុណ្ណោះ អ្នករាល់គ្នាមានអារក្សសាតាំងជាឪពុក ហើយអ្នករាល់គ្នាចូលចិត្តធ្វើតាមតណ្ហា ដែលគាប់ចិត្តដល់ឪពុករបស់អ្នក វាជាអ្នកសំឡាប់គេតាំងពីដើមមក វាមិនបាននៅជាប់ក្នុងសេចក្ដីពិត ព្រោះគ្មានសេចក្ដីពិតនៅក្នុងវាទេ កាលណាវាពោលពាក្យភូតភរ នោះដុះចេញអំពីចិត្តវាមក ដ្បិតវាជាអ្នកកំភូត ហើយជាឪពុកនៃសេចក្ដីនោះឯង ដោយព្រោះតែខ្ញុំនិយាយសេចក្ដីពិត បានជាអ្នករាល់គ្នាមិនជឿខ្ញុំ តើមានពួកអ្នករាល់គ្នាណាមួយចាប់ប្រកាន់ខ្ញុំ ពីអំពើបាបបានឬទេ តែបើខ្ញុំនិយាយសេចក្ដីពិតវិញ ហេតុអ្វីបានជាមិនជឿដល់ខ្ញុំសោះ អ្នកណាដែលកើតអំពីព្រះ នោះក៏ស្តាប់តាមព្រះបន្ទូលនៃព្រះដែរ ឯអ្នករាល់គ្នា មិនបានកើតមកពីព្រះទេ បានជាមិនស្តាប់តាមដូច្នេះ។