យ៉ូហាន 8:1-8
យ៉ូហាន 8:1-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប៉ុន្ដែ ព្រះយេស៊ូវយាងទៅភ្នំដើមអូលីវវិញ។ លុះព្រលឹមឡើង ព្រះអង្គយាងទៅព្រះវិហារម្តងទៀត ហើយប្រជាជននាំគ្នាមកជួបព្រះអង្គ ព្រះអង្គក៏គង់ចុះបង្រៀនគេ។ ពួកអាចារ្យ និងពួកផារិស៊ី នាំស្ត្រីម្នាក់ ដែលបានទាន់នៅពេលរួមសហាយស្មន់មក ហើយដាក់នាងឲ្យឈរនៅកណ្តាលជំនុំ ពួកគេទូលព្រះអង្គថា៖ «លោកគ្រូ ស្ត្រីនេះគេចាប់បាន ក្នុងពេលកំពុងសហាយស្មន់។ ក្នុងក្រឹត្យវិន័យ លោកម៉ូសេបានបង្គាប់ឲ្យយើងគប់ដុំថ្មសម្លាប់ស្ត្រីបែបនេះ ដូច្នេះ តើលោកគិតដូចម្ដេច?» គេទូលដូច្នោះ ដើម្បីល្បងលព្រះអង្គទេ ប្រយោជន៍ឲ្យបានរករឿងចោទប្រកាន់ព្រះអង្គប៉ុណ្ណោះ។ ព្រះយេស៊ូវឱនចុះ ហើយសរសេរលើដី ដោយព្រះអង្គុលីរបស់ព្រះអង្គ។ ដោយព្រោះគេចេះតែសួរ ព្រះអង្គក៏ងើបឡើង មានព្រះបន្ទូលទៅគេថា៖ «អ្នកណាដែលគ្មានបាបសោះ សុំឲ្យអ្នកនោះយកដុំថ្មគប់នាងមុនគេចុះ»។ បន្ទាប់មក ព្រះអង្គឱនចុះ ហើយសរសេរលើដីម្តងទៀត។
យ៉ូហាន 8:1-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះយេស៊ូយាងទៅភ្នំដើមអូលីវ លុះព្រលឹមឡើង ព្រះអង្គវិលត្រឡប់ទៅព្រះវិហារជាថ្មីម្ដងទៀត ប្រជាជនទាំងមូលនាំគ្នាមកគាល់ព្រះអង្គ ព្រះអង្គក៏គង់បង្រៀនពួកគេ។ ពេលនោះ ពួកអាចារ្យ* និងពួកខាងគណៈផារីស៊ី*នាំស្ត្រីម្នាក់ ដែលគេទាន់កំពុងតែរួមសហាយស្មន់។ គេយកនាងនោះមកដាក់កណ្ដាលចំណោមប្រជុំជន ហើយទូលព្រះយេស៊ូថា៖ «លោកគ្រូ យើងចាប់ស្ត្រីនេះបាន ក្នុងពេលកំពុងរួមសហាយស្មន់។ ក្នុងក្រឹត្យវិន័យ លោកម៉ូសេបានបង្គាប់ឲ្យយើងយកដុំថ្ម គប់ស្ត្រីប្រភេទនេះសម្លាប់ចោល។ ចុះលោកគ្រូវិញ តើលោកគ្រូគិតយ៉ាងណា?»។ ពួកគេទូលដូច្នេះ ដោយមានបំណងរកលេសចោទប្រកាន់ព្រះអង្គ។ ប៉ុន្តែ ព្រះយេស៊ូឱនព្រះកាយចុះ ហើយយកព្រះអង្គុលីគូសវាសលើដី។ ដោយពួកគេចេះតែសួរព្រះអង្គខ្លាំងពេក ព្រះអង្គងើបព្រះភ័ក្ត្រឡើង មានព្រះបន្ទូលទៅគេថា៖ «ក្នុងចំណោមអ្នករាល់គ្នា សុំឲ្យអ្នកដែលគ្មានបាបសោះយកដុំថ្មគប់នាងមុនគេទៅ!»។ បន្ទាប់មក ព្រះអង្គឈ្ងោកព្រះភ័ក្ត្រចុះ ហើយគូសវាសលើដីសាជាថ្មី។