យ៉ូហាន 7:37-52

យ៉ូហាន 7:37-52 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​ថ្ងៃ​បញ្ចប់​ពិធី​បុណ្យ ជា​ថ្ងៃដ៏​អស្ចារ្យ ព្រះ‌យេស៊ូវ​ឈរ​បន្លឺ​ព្រះ​សូរសៀង​ឡើង​ថា៖ «បើ​អ្នក​ណា​ស្រេក ចូរ​ឲ្យ​អ្នក​នោះ​មក​រក​ខ្ញុំ ហើយ​ផឹក​ចុះ អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ បទ​គម្ពីរ​ចែង​ថា "នឹង​មាន​ទន្លេ​ទឹក​រស់​ហូរ​ចេញ​ពី​ពោះ​ខ្លួន​មក"»។ គឺ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ពី​ព្រះ‌វិញ្ញាណ ដែល​អស់​អ្នក​ជឿ​ដល់​ព្រះ‌អង្គ​នឹង​ត្រូវ​ទទួល ដ្បិត​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​មិន​ទាន់​យាង​មក ដោយ​ព្រោះ​ព្រះ‌យេស៊ូវ​មិន​ទាន់​បាន​តម្កើង​ឡើង នៅ​ឡើយ។ ពេល​ពួក​គេ​បាន​ឮ មាន​មនុស្ស​ជា​ច្រើន​និយាយ​ថា៖ «លោក​នេះ ពិត​ជា​ហោរា​នោះ​ហើយ»។ អ្នក​ខ្លះ​ទៀត​ថា៖ «នេះ​ជា​ព្រះ‌គ្រីស្ទ​ហើយ» តែ​ខ្លះ​ទៀត​សួរ​ថា៖ «តើ​ព្រះ‌គ្រីស្ទ​ត្រូវ​យាង​មក​ពី​ស្រុក​កាលី‌ឡេ​ឬ? តើ​គម្ពីរ​មិន​បាន​ចែង​ថា ព្រះ‌គ្រីស្ទ​ត្រូវ​កើត​ពី​រាជ‌វង្ស​ព្រះ​បាទ​ដាវីឌ ហើយ​ក៏​យាង​មក​ពី​ភូមិ​បេថ្លេ‌ហិម ជា​កន្លែង​ដែល​ព្រះ​បាទ​ដាវីឌ​បាន​គង់​នៅ​ទេ​ឬ?» ដូច្នេះ គេ​ក៏​បាក់​បែក​ទាស់​គ្នា ដោយ​ព្រោះ​ព្រះ‌អង្គ។ មាន​អ្នក​ខ្លះ​ចង់​ចាប់​ព្រះ‌អង្គ តែ​គ្មាន​អ្នក​ណា​ហ៊ាន​លូក​ដៃ​ទៅ​ចាប់​ព្រះ‌អង្គ​ឡើយ។ កង​រក្សា​ព្រះវិហារ​ក៏​ត្រឡប់​ទៅ​រក​ពួក​សង្គ្រាជ និង​ពួក​ផារិ‌ស៊ី​វិញ លោក​ទាំង​នោះ​សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​មិន​ចាប់​អ្នក​នោះ​មក?» ពួក​កង​រក្សា​ព្រះវិហារ​ឆ្លើយ​ថា៖ «មិន​ដែល​មាន​អ្នក​ណា​និយាយ​ដូច​អ្នក​នោះ​ទេ»។ ដូច្នេះ ពួក​ផារិ‌ស៊ី​តប​ទៅ​វិញ​ថា៖ «អ្នក​រាល់​គ្នា​ក៏​ចាញ់​បោក​អ្នក​នោះ​ដែរ​ឬ? តើ​មាន​អ្នក​ណា​ម្នាក់​ក្នុង​ពួក​នាម៉ឺន ឬ​ក្នុង​ពួក​ផារិ‌ស៊ី ជឿ​ដល់​អ្នក​នោះ​ឬ​ទេ? បណ្តា‌ជន​ទាំង​នេះ មិន​ស្គាល់​ក្រឹត្យ‌វិន័យ​សោះ ដូច្នេះ គេ​នឹង​ត្រូវ​បណ្តាសា​ហើយ»។ លោក​នីកូ‌ដេម​ទៅ​រក​ព្រះ‌យេស៊ូវ​ទាំង​យប់ ដែល​ជា​ពួក​ផារិ‌ស៊ី​ដែរ មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «តើ​ក្រឹត្យ‌វិន័យ​របស់​យើង កាត់​ទោស​មនុស្ស​មុន​ពេល​ឮ​ចម្លើយ​ពី​អ្នក​នោះ ហើយ​មិន​បាន​ដឹង​ពី​អ្វី​ដែល​អ្នក​នោះ​បាន​ប្រព្រឹត្ត​ជា​យ៉ាង​ណា​សិន​ទេ​ឬ?» គេ​ឆ្លើយ​តប​ថា៖ «តើ​លោក​មក​ពី​ស្រុក​កាលី‌ឡេ​ដែរ​ឬ? ចូរ​ពិចារណា​មើល​ចុះ មិន​ដែល​មាន​ហោរា​ណា កើត​មក​ពី​ស្រុក​កាលី‌ឡេ​ឡើយ»។

ចែក​រំលែក
អាន យ៉ូហាន 7

យ៉ូហាន 7:37-52 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​ថ្ងៃ​បញ្ចប់​ពិធី​បុណ្យ​ជា​ថ្ងៃ​ឱឡា‌រិក​បំផុត ព្រះ‌យេស៊ូ​ឈរ​នៅ​មុខ​បណ្ដា‌ជន បន្លឺ​ព្រះ‌សូរសៀង​យ៉ាង​ខ្លាំង​ថា៖ «អ្នក​ណា​ស្រេក​ទឹក សុំ​អញ្ជើញ​មក​រក​ខ្ញុំ ហើយ​ពិសា​ចុះ។ អ្នក​ណា​ជឿ​លើ​ខ្ញុំ នឹង​មាន​ទន្លេ​បង្ហូរ​ទឹក​ផ្ដល់​ជីវិត​ចេញ​ពី​អ្នក​នោះ​មក ដូច​មាន​ចែង​ទុក​ក្នុង​គម្ពីរ​មក​ស្រាប់»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​សំដៅ​ទៅ​លើ​ព្រះ‌វិញ្ញាណ ដែល​អស់​អ្នក​ជឿ​លើ​ព្រះអង្គ​នឹង​ត្រូវ​ទទួល ដ្បិត​ពេល​នោះ ព្រះ‌ជាម្ចាស់​ពុំ​ទាន់​បាន​ប្រទាន​ព្រះ‌វិញ្ញាណ​មក​ទេ ពី‌ព្រោះ​ព្រះ‌យេស៊ូ​ពុំ​ទាន់​សម្តែង​សិរី‌រុងរឿង​នៅ​ឡើយ។ ក្រោយ​ពី​បាន​ឮ​ព្រះ‌បន្ទូល​របស់​ព្រះអង្គ​ហើយ ក្នុង​ចំណោម​បណ្ដា‌ជន មាន​អ្នក​ខ្លះ​ពោល​ថា៖ «លោក​នេះ​ពិត​ជា​ព្យាការី*​ដែល​យើង​រង់‌ចាំ​នោះ​មែន!»។ អ្នក​ខ្លះ​ទៀត​ពោល​ថា៖ «លោក​នេះ​ជា​ព្រះ‌គ្រិស្ត*»។ ប៉ុន្តែ មាន​អ្នក​ផ្សេង​ទៀត​ពោល​ជំទាស់​ថា៖ «ព្រះ‌គ្រិស្ត​មិន​មែន​មក​ពី​ស្រុក​កាលី‌ឡេ​ទេ ដ្បិត​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ថា “ព្រះ‌គ្រិស្ត​ជា​ព្រះ‌រាជ‌វង្ស​របស់​ព្រះ‌បាទ​ដាវីឌ ហើយ​ព្រះអង្គ​នឹង​យាង​មក​ពី​ភូមិ​បេថ្លេ‌ហិម ជា​ភូមិ​កំណើត​របស់​ព្រះ‌បាទ​ដាវីឌ” »។ បណ្ដា‌ជន​ក៏​បាក់​បែក​គ្នា ព្រោះ​តែ​ព្រះអង្គ។ ក្នុង​ចំណោម​បណ្ដា‌ជន មាន​អ្នក​ខ្លះ​ចង់​ចាប់​ព្រះអង្គ ប៉ុន្តែ គ្មាន​នរណា​ហ៊ាន​ចាប់​ព្រះអង្គ​ឡើយ។ កង​រក្សា​ព្រះ‌វិហារ*​វិល​ទៅ​ជួប​ពួក​នាយក​បូជា‌ចារ្យ* និង​ពួក​ខាង​គណៈ​ផារីស៊ី*​វិញ លោក​ទាំង​នោះ​សួរ​ពួក​គេ​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​រាល់​គ្នា​មិន​ចាប់​គាត់​នាំ​យក​មក?»។ កង​រក្សា​ព្រះ‌វិហារ​ឆ្លើយ​ថា៖ «ពុំ​ដែល​មាន​នរណា​និយាយ​ដូច​លោក​នោះ​ឡើយ»។ ពួក​ខាង​គណៈ​ផារីស៊ី​ពោល​ទៅ​គេ​វិញ​ថា៖ «អ្នក​រាល់​គ្នា​ចាញ់​បោក​អ្នក​នោះ​ដែរ​ឬ! ក្នុង​ចំណោម​អ្នក​ដឹក​នាំ និង​ក្នុង​ចំណោម​ពួក​ខាង​គណៈ​ផារីស៊ី គ្មាន​នរណា​ជឿ​លើ​អ្នក​នោះ​សោះ មាន​តែ​បណ្ដា‌ជន​ដែល​មិន​ស្គាល់​ក្រឹត្យ‌វិន័យ​ទេ ដែល​ជឿ។ ពួក​នោះ​សុទ្ធ​តែ​ត្រូវ​បណ្ដា‌សា!»។ ក្នុង​ចំណោម​ពួក​ខាង​គណៈ​ផារីស៊ី មាន​បុរស​ម្នាក់​ឈ្មោះ នីកូ‌ដេម ជា​អ្នក​ដែល​បាន​ទៅ​គាល់​ព្រះ‌យេស៊ូ​កាល​ពី​មុន មាន​ប្រសាសន៍​ថា៖ «តាម​ច្បាប់​របស់​យើង យើង​មិន​អាច​ដាក់​ទោស​នរណា​ម្នាក់​ឡើយ ដរាប​ណា​មិន​ទាន់​បាន​ឮ​ពាក្យ​របស់​គេ ហើយ​មិន​បាន​ដឹង​អំពី​កិច្ចការ​ដែល​គេ​បាន​ប្រព្រឹត្ត​សិន​ទេ​នោះ»។ ពួក​គេ​តប​ទៅ​លោក​វិញ​ថា៖ «តើ​លោក​ជា​ពួក​កាលី‌ឡេ​ដែរ​ឬ? សុំ​លោក​ពិចារណា​មើល៍ ពុំ​ដែល​មាន​ព្យាការី​ណា​ម្នាក់​កើត​ពី​ស្រុក​កាលី‌ឡេ​ឡើយ»។ [

ចែក​រំលែក
អាន យ៉ូហាន 7

យ៉ូហាន 7:37-52 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នៅ​ថ្ងៃ​ក្រោយ​បង្អស់ ជា​ថ្ងៃ​បុណ្យ​យ៉ាង​សំខាន់ នោះ​ព្រះ‌យេស៊ូវ​ទ្រង់​ឈរ​បន្លឺ​ឧទាន​ប្រកាស​ឡើង​ថា បើ​អ្នក​ណា​ស្រេក ចូរ​ឲ្យ​អ្នក​នោះ​មក​ឯ​ខ្ញុំ ហើយ​ផឹក​ចុះ អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ នោះ​នឹង​មាន​ទន្លេ​ទឹក​រស់​ហូរ​ចេញ​ពី​ពោះ​ខ្លួន​មក ដូច​ជា​គម្ពីរ​សំដែង​ហើយ តែ​សេចក្ដី​នេះ គឺ​ទ្រង់​មាន​បន្ទូល​ពី​ព្រះ‌វិញ្ញាណ ដែល​អស់​អ្នក​ជឿ​ដល់​ទ្រង់​នឹង​ត្រូវ​ទទួល ដ្បិត​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​មិន​ទាន់​យាង​មក ដោយ​ព្រោះ​ព្រះ‌យេស៊ូវ​មិន​ទាន់​បាន​ដំកើង​ឡើង​នៅ​ឡើយ ដូច្នេះ កាល​បណ្តា​មនុស្ស​បាន​ឮ នោះ​មាន​គ្នា​ច្រើន​និយាយ​ថា លោក​នេះ ពិត​ប្រាកដ​ជា​ហោរា​នោះ​ហើយ អ្នក​ខ្លះ​ទៀត​ថា នេះ​ជា​ព្រះ‌គ្រីស្ទ​ហើយ ខ្លះ​ទៀត​ថា ចុះ​ព្រះ‌គ្រីស្ទ​យាង​មក​ពី​ស្រុក​កាលី‌ឡេ​ដែរ​ឬ តើ​គម្ពីរ​មិន​ថា ព្រះ‌គ្រីស្ទ​ត្រូវ​កើត​ពី​ព្រះ‌វង្ស​ហ្លួង​ដាវីឌ ហើយ​ក៏​យាង​មក​ពី​ភូមិ​បេថ្លេ‌ហិម ជា​កន្លែង​ដែល​ហ្លួង​ដាវីឌ​បាន​គង់​នៅ​ទេ​ឬ​អី ដូច្នេះ គេ​ក៏​បាក់​បែក​ទាស់​គ្នា ដោយ​ព្រោះ​ទ្រង់ មាន​ខ្លះ​ចង់​ចាប់​ទ្រង់ តែ​គ្មាន​អ្នក​ណា​លូក​ដៃ​ទៅ​ចាប់​ទេ។ នោះ​ពួក​អាជ្ញា​ក៏​ត្រឡប់​ទៅ​ឯ​ពួក​សង្គ្រាជ នឹង​ពួក​ផារិស៊ី​វិញ លោក​ទាំង​នោះ​សួរ​គេ​ថា ហេតុ​អ្វី​បាន​ជា​មិន​ចាប់​អ្នក​នោះ​មក ពួក​អាជ្ញា​ឆ្លើយ​ថា មិន​ដែល​មាន​អ្នក​ណា​និយាយ​ដូច​អ្នក​នោះ​ទេ ដូច្នេះ ពួក​ផារិស៊ី​ស្តី​ឲ្យ​ថា អ្នក​រាល់​គ្នា​ត្រូវ​បញ្ឆោត​ដែរ​ឬ តើ​មាន​អ្នក​ឯ​ណា​ក្នុង​ពួក​នាម៉ឺន ឬ​ក្នុង​ពួក​ផារិស៊ី ដែល​ជឿ​ដល់​អ្នក​នោះ​ឬ​ទេ ឯ​ហ្វូង​មនុស្ស​នេះ ដែល​មិន​ស្គាល់​ក្រិត្យ‌វិន័យ គេ​ជា​មនុស្ស​ត្រូវ​បណ្តាសា​វិញ ឯ​លោក​នីកូដេម ជា​អ្នក​ដែល​មក​ឯ​ទ្រង់​ទាំង​យប់ ដែល​ជា​ពួក​ផារិស៊ី​ដែរ លោក​និយាយ​ទៅ​គេ​ថា តើ​ក្រិត្យ‌វិន័យ​យើង​កាត់​ទោស​ដល់​មនុស្ស​ណា មុន​ដែល​បាន​ឮ​ពាក្យ​ចំឡើយ​ពី​ខ្លួន​អ្នក​នោះ ហើយ​ដឹង​ជា​ធ្វើ​ខុស​យ៉ាង​ណា​ឬ​អី នោះ​គេ​ឆ្លើយ​ទៅ​លោក​ថា តើ​លោក​មក​ពី​ស្រុក​កាលី‌ឡេ​ដែរ​ឬ ចូរ​ពិចារណា​មើល​ចុះ ឥត​ដែល​មាន​ហោរា​ណា កើត​មក​ពី​ស្រុក​កាលី‌ឡេ​ឡើយ

ចែក​រំលែក
អាន យ៉ូហាន 7

យ៉ូហាន 7:37-52

យ៉ូហាន 7:37-52 គខបយ៉ូហាន 7:37-52 គខបយ៉ូហាន 7:37-52 គខបយ៉ូហាន 7:37-52 គខបយ៉ូហាន 7:37-52 គខបយ៉ូហាន 7:37-52 គខប