យ៉ូហាន 7:37-46
យ៉ូហាន 7:37-46 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅថ្ងៃបញ្ចប់ពិធីបុណ្យ ជាថ្ងៃដ៏អស្ចារ្យ ព្រះយេស៊ូវឈរបន្លឺព្រះសូរសៀងឡើងថា៖ «បើអ្នកណាស្រេក ចូរឲ្យអ្នកនោះមករកខ្ញុំ ហើយផឹកចុះ អ្នកណាដែលជឿដល់ខ្ញុំ បទគម្ពីរចែងថា "នឹងមានទន្លេទឹករស់ហូរចេញពីពោះខ្លួនមក"»។ គឺព្រះអង្គមានព្រះបន្ទូលពីព្រះវិញ្ញាណ ដែលអស់អ្នកជឿដល់ព្រះអង្គនឹងត្រូវទទួល ដ្បិតព្រះវិញ្ញាណបរិសុទ្ធមិនទាន់យាងមក ដោយព្រោះព្រះយេស៊ូវមិនទាន់បានតម្កើងឡើង នៅឡើយ។ ពេលពួកគេបានឮ មានមនុស្សជាច្រើននិយាយថា៖ «លោកនេះ ពិតជាហោរានោះហើយ»។ អ្នកខ្លះទៀតថា៖ «នេះជាព្រះគ្រីស្ទហើយ» តែខ្លះទៀតសួរថា៖ «តើព្រះគ្រីស្ទត្រូវយាងមកពីស្រុកកាលីឡេឬ? តើគម្ពីរមិនបានចែងថា ព្រះគ្រីស្ទត្រូវកើតពីរាជវង្សព្រះបាទដាវីឌ ហើយក៏យាងមកពីភូមិបេថ្លេហិម ជាកន្លែងដែលព្រះបាទដាវីឌបានគង់នៅទេឬ?» ដូច្នេះ គេក៏បាក់បែកទាស់គ្នា ដោយព្រោះព្រះអង្គ។ មានអ្នកខ្លះចង់ចាប់ព្រះអង្គ តែគ្មានអ្នកណាហ៊ានលូកដៃទៅចាប់ព្រះអង្គឡើយ។ កងរក្សាព្រះវិហារក៏ត្រឡប់ទៅរកពួកសង្គ្រាជ និងពួកផារិស៊ីវិញ លោកទាំងនោះសួរថា៖ «ហេតុអ្វីបានជាមិនចាប់អ្នកនោះមក?» ពួកកងរក្សាព្រះវិហារឆ្លើយថា៖ «មិនដែលមានអ្នកណានិយាយដូចអ្នកនោះទេ»។
យ៉ូហាន 7:37-46 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅថ្ងៃបញ្ចប់ពិធីបុណ្យជាថ្ងៃឱឡារិកបំផុត ព្រះយេស៊ូឈរនៅមុខបណ្ដាជន បន្លឺព្រះសូរសៀងយ៉ាងខ្លាំងថា៖ «អ្នកណាស្រេកទឹក សុំអញ្ជើញមករកខ្ញុំ ហើយពិសាចុះ។ អ្នកណាជឿលើខ្ញុំ នឹងមានទន្លេបង្ហូរទឹកផ្ដល់ជីវិតចេញពីអ្នកនោះមក ដូចមានចែងទុកក្នុងគម្ពីរមកស្រាប់»។ ព្រះអង្គមានព្រះបន្ទូលដូច្នេះសំដៅទៅលើព្រះវិញ្ញាណ ដែលអស់អ្នកជឿលើព្រះអង្គនឹងត្រូវទទួល ដ្បិតពេលនោះ ព្រះជាម្ចាស់ពុំទាន់បានប្រទានព្រះវិញ្ញាណមកទេ ពីព្រោះព្រះយេស៊ូពុំទាន់សម្តែងសិរីរុងរឿងនៅឡើយ។ ក្រោយពីបានឮព្រះបន្ទូលរបស់ព្រះអង្គហើយ ក្នុងចំណោមបណ្ដាជន មានអ្នកខ្លះពោលថា៖ «លោកនេះពិតជាព្យាការី*ដែលយើងរង់ចាំនោះមែន!»។ អ្នកខ្លះទៀតពោលថា៖ «លោកនេះជាព្រះគ្រិស្ត*»។ ប៉ុន្តែ មានអ្នកផ្សេងទៀតពោលជំទាស់ថា៖ «ព្រះគ្រិស្តមិនមែនមកពីស្រុកកាលីឡេទេ ដ្បិតមានចែងទុកក្នុងគម្ពីរថា “ព្រះគ្រិស្តជាព្រះរាជវង្សរបស់ព្រះបាទដាវីឌ ហើយព្រះអង្គនឹងយាងមកពីភូមិបេថ្លេហិម ជាភូមិកំណើតរបស់ព្រះបាទដាវីឌ” »។ បណ្ដាជនក៏បាក់បែកគ្នា ព្រោះតែព្រះអង្គ។ ក្នុងចំណោមបណ្ដាជន មានអ្នកខ្លះចង់ចាប់ព្រះអង្គ ប៉ុន្តែ គ្មាននរណាហ៊ានចាប់ព្រះអង្គឡើយ។ កងរក្សាព្រះវិហារ*វិលទៅជួបពួកនាយកបូជាចារ្យ* និងពួកខាងគណៈផារីស៊ី*វិញ លោកទាំងនោះសួរពួកគេថា៖ «ហេតុដូចម្ដេចបានជាអ្នករាល់គ្នាមិនចាប់គាត់នាំយកមក?»។ កងរក្សាព្រះវិហារឆ្លើយថា៖ «ពុំដែលមាននរណានិយាយដូចលោកនោះឡើយ»។
យ៉ូហាន 7:37-46 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នៅថ្ងៃក្រោយបង្អស់ ជាថ្ងៃបុណ្យយ៉ាងសំខាន់ នោះព្រះយេស៊ូវទ្រង់ឈរបន្លឺឧទានប្រកាសឡើងថា បើអ្នកណាស្រេក ចូរឲ្យអ្នកនោះមកឯខ្ញុំ ហើយផឹកចុះ អ្នកណាដែលជឿដល់ខ្ញុំ នោះនឹងមានទន្លេទឹករស់ហូរចេញពីពោះខ្លួនមក ដូចជាគម្ពីរសំដែងហើយ តែសេចក្ដីនេះ គឺទ្រង់មានបន្ទូលពីព្រះវិញ្ញាណ ដែលអស់អ្នកជឿដល់ទ្រង់នឹងត្រូវទទួល ដ្បិតព្រះវិញ្ញាណបរិសុទ្ធមិនទាន់យាងមក ដោយព្រោះព្រះយេស៊ូវមិនទាន់បានដំកើងឡើងនៅឡើយ ដូច្នេះ កាលបណ្តាមនុស្សបានឮ នោះមានគ្នាច្រើននិយាយថា លោកនេះ ពិតប្រាកដជាហោរានោះហើយ អ្នកខ្លះទៀតថា នេះជាព្រះគ្រីស្ទហើយ ខ្លះទៀតថា ចុះព្រះគ្រីស្ទយាងមកពីស្រុកកាលីឡេដែរឬ តើគម្ពីរមិនថា ព្រះគ្រីស្ទត្រូវកើតពីព្រះវង្សហ្លួងដាវីឌ ហើយក៏យាងមកពីភូមិបេថ្លេហិម ជាកន្លែងដែលហ្លួងដាវីឌបានគង់នៅទេឬអី ដូច្នេះ គេក៏បាក់បែកទាស់គ្នា ដោយព្រោះទ្រង់ មានខ្លះចង់ចាប់ទ្រង់ តែគ្មានអ្នកណាលូកដៃទៅចាប់ទេ។ នោះពួកអាជ្ញាក៏ត្រឡប់ទៅឯពួកសង្គ្រាជ នឹងពួកផារិស៊ីវិញ លោកទាំងនោះសួរគេថា ហេតុអ្វីបានជាមិនចាប់អ្នកនោះមក ពួកអាជ្ញាឆ្លើយថា មិនដែលមានអ្នកណានិយាយដូចអ្នកនោះទេ