យ៉ូហាន 7:1-9
យ៉ូហាន 7:1-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ក្រោយនោះមក ព្រះយេស៊ូវយាងចុះឡើងនៅតែក្នុងស្រុកកាលីឡេប៉ុណ្ណោះ ព្រះអង្គមិនសព្វព្រះហឫទ័យនឹងយាងទៅស្រុកយូដាទេ ព្រោះសាសន៍យូដារកសម្លាប់ព្រះអង្គ។ ថ្ងៃបុណ្យបារាំរបស់សាសន៍យូដាជិតដល់ហើយ ដូច្នេះ ប្អូនៗរបស់ព្រះអង្គទូលថា៖ «សូមបងចេញពីទីនេះទៅស្រុកយូដាទៅ ដើម្បីឲ្យពួកសិស្សរបស់បង បានឃើញអ្វីដែលបងធ្វើ។ គ្មានអ្នកណាដែលចង់ឲ្យគេស្គាល់ខ្លួន ហើយធ្វើការដោយលាក់កំបាំងនោះទេ បើបងធ្វើការទាំងនេះ សូមបងបង្ហាញខ្លួនឲ្យមនុស្សលោកស្គាល់ផង»។ (ដ្បិតសូម្បីតែបងប្អូនរបស់ព្រះអង្គ ក៏មិនបានជឿដល់ព្រះអង្គដែរ)។ ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «ពេលវេលារបស់បងមិនទាន់មកដល់នៅឡើយទេ តែពេលវេលារបស់ប្អូន នោះមានជានិច្ច។ មនុស្សលោកមិនអាចស្អប់ប្អូនៗបានទេ តែគេស្អប់បងវិញ ព្រោះបងធ្វើបន្ទាល់ថា អំពើដែលគេប្រព្រឹត្តសុទ្ធតែអាក្រក់។ ចូរប្អូនៗឡើងទៅបុណ្យនោះចុះ បងមិនទាន់ទៅទេ ព្រោះមិនទាន់ដល់ពេលនៅឡើយ»។ កាលព្រះអង្គមានព្រះបន្ទូលដូច្នេះរួចហើយ ព្រះអង្គក៏គង់នៅស្រុកកាលីឡេតទៅទៀត។
យ៉ូហាន 7:1-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ក្រោយមក ព្រះយេស៊ូយាងចុះឡើងកាត់ស្រុកកាលីឡេ ដ្បិតព្រះអង្គមិនសព្វព្រះហឫទ័យយាងទៅស្រុកយូដាឡើយ ព្រោះជនជាតិយូដារកធ្វើគុតព្រះអង្គ។ ពេលនោះ ជិតដល់ថ្ងៃបុណ្យមួយរបស់ជនជាតិយូដា ឈ្មោះបុណ្យបារាំ*។ បងប្អូនព្រះយេស៊ូទូលព្រះអង្គថា៖ «សូមបងចាកចេញពីទីនេះទៅស្រុកយូដាទៅ ដើម្បីឲ្យសិស្សរបស់បងឃើញកិច្ចការដែលបងធ្វើ។ អ្នកដែលចង់ឲ្យគេស្គាល់ខ្លួនមិនធ្វើការអ្វីដោយលាក់កំបាំងឡើយ។ បើបងធ្វើការអស្ចារ្យយ៉ាងនេះ ត្រូវបង្ហាញឲ្យមនុស្សលោកឃើញផង»។ បងប្អូនរបស់ព្រះយេស៊ូពុំជឿលើព្រះអង្គទេ។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ពេលកំណត់របស់បងមិនទាន់មកដល់នៅឡើយទេ។ រីឯប្អូនៗវិញ ចង់ធ្វើអ្វីពេលណាក៏បាន។ មនុស្សលោកមិនអាចស្អប់ប្អូនៗឡើយ ប៉ុន្តែ គេស្អប់បង ព្រោះបងបានបញ្ជាក់ប្រាប់ថា អំពើដែលគេប្រព្រឹត្តសុទ្ធតែអាក្រក់។ ចូរប្អូនៗឡើងទៅចូលរួមក្នុងពិធីបុណ្យទៅ បងមិនឡើងទៅទេ ព្រោះពេលកំណត់របស់បងមិនទាន់មកដល់នៅឡើយ»។ ព្រះយេស៊ូមានព្រះបន្ទូលដូច្នោះហើយ ព្រះអង្គក៏គង់នៅក្នុងស្រុកកាលីឡេតទៅទៀត។
យ៉ូហាន 7:1-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ក្រោយនោះមក ព្រះយេស៊ូវ ទ្រង់យាងនៅតែក្នុងស្រុកកាលីឡេប៉ុណ្ណោះ ទ្រង់មិនសព្វព្រះហឫទ័យនឹងយាងក្នុងស្រុកយូដាទេ ពីព្រោះសាសន៍យូដារកសំឡាប់ទ្រង់ រីឯបុណ្យរបស់សាសន៍យូដា ដែលហៅថាបុណ្យបារាំ នោះជិតដល់ហើយ ដូច្នេះ ពួកប្អូនទ្រង់ទូលថា ចូរចេញពីទីនេះទៅឯស្រុកយូដាទៅ ដើម្បីឲ្យពួកសិស្សរបស់បង បានឃើញការដែលបងធ្វើផង ដ្បិតអ្នកណាដែលចង់ឲ្យគេស្គាល់ខ្លួន នោះមិនដែលធ្វើការដោយសំងាត់ទេ បើបងធ្វើការទាំងនេះ ចូរសំដែងខ្លួនឲ្យមនុស្សលោកស្គាល់ដែរ ដ្បិតពួកប្អូនទ្រង់មិនបានជឿដល់ទ្រង់ទេ ដូច្នេះ ព្រះយេស៊ូវមានបន្ទូលតបថា ឯពេលវេលារបស់ឯងរាល់គ្នា នោះចេះតែមានជានិច្ច តែពេលវេលារបស់អញមិនទាន់ដល់នៅឡើយ លោកីយពុំអាចនឹងស្អប់ឯងរាល់គ្នាបានទេ តែគេស្អប់អញវិញ ពីព្រោះអញធ្វើបន្ទាល់ពីគេថា ការគេប្រព្រឹត្តសុទ្ធតែអាក្រក់ ចូរឯងរាល់គ្នាឡើងទៅឯបុណ្យនេះចុះ ឯអញមិនទាន់ទៅទេ ព្រោះកំណត់អញមិនទាន់សំរេចនៅឡើយ កាលទ្រង់មានបន្ទូលសេចក្ដីទាំងនោះរួចហើយ នោះក៏គង់នៅស្រុកកាលីឡេដដែល