យ៉ូហាន 7:1-52
យ៉ូហាន 7:1-52 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ក្រោយនោះមក ព្រះយេស៊ូវយាងចុះឡើងនៅតែក្នុងស្រុកកាលីឡេប៉ុណ្ណោះ ព្រះអង្គមិនសព្វព្រះហឫទ័យនឹងយាងទៅស្រុកយូដាទេ ព្រោះសាសន៍យូដារកសម្លាប់ព្រះអង្គ។ ថ្ងៃបុណ្យបារាំរបស់សាសន៍យូដាជិតដល់ហើយ ដូច្នេះ ប្អូនៗរបស់ព្រះអង្គទូលថា៖ «សូមបងចេញពីទីនេះទៅស្រុកយូដាទៅ ដើម្បីឲ្យពួកសិស្សរបស់បង បានឃើញអ្វីដែលបងធ្វើ។ គ្មានអ្នកណាដែលចង់ឲ្យគេស្គាល់ខ្លួន ហើយធ្វើការដោយលាក់កំបាំងនោះទេ បើបងធ្វើការទាំងនេះ សូមបងបង្ហាញខ្លួនឲ្យមនុស្សលោកស្គាល់ផង»។ (ដ្បិតសូម្បីតែបងប្អូនរបស់ព្រះអង្គ ក៏មិនបានជឿដល់ព្រះអង្គដែរ)។ ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «ពេលវេលារបស់បងមិនទាន់មកដល់នៅឡើយទេ តែពេលវេលារបស់ប្អូន នោះមានជានិច្ច។ មនុស្សលោកមិនអាចស្អប់ប្អូនៗបានទេ តែគេស្អប់បងវិញ ព្រោះបងធ្វើបន្ទាល់ថា អំពើដែលគេប្រព្រឹត្តសុទ្ធតែអាក្រក់។ ចូរប្អូនៗឡើងទៅបុណ្យនោះចុះ បងមិនទាន់ទៅទេ ព្រោះមិនទាន់ដល់ពេលនៅឡើយ»។ កាលព្រះអង្គមានព្រះបន្ទូលដូច្នេះរួចហើយ ព្រះអង្គក៏គង់នៅស្រុកកាលីឡេតទៅទៀត។ ប៉ុន្តែ កាលប្អូនៗរបស់ព្រះអង្គឡើងទៅចូលរួមពិធីបុណ្យផុតហើយ ព្រះអង្គក៏យាងទៅដែរ តែមិនឲ្យអ្នកណាដឹងទេ គឺទៅដោយសម្ងាត់វិញ។ ក្នុងពិធីបុណ្យនោះ ពួកសាសន៍យូដាសួររកព្រះអង្គថា «តើលោកនៅឯណា?» បណ្តាជនជាច្រើនក៏ខ្សឹបខ្សៀវពីព្រះអង្គ ខ្លះថា «លោកជាមនុស្សល្អ» ខ្លះទៀតថា «ទេ អ្នកនោះជាអ្នកបញ្ឆោតប្រជាជនទេតើ!»។ ប៉ុន្តែ គ្មានអ្នកណាហ៊ាននិយាយពីព្រះអង្គ ដោយចំហឡើយ ព្រោះគេខ្លាចសាសន៍យូដា។ នៅពាក់កណ្តាលពេលបុណ្យនោះ ព្រះយេស៊ូវយាងឡើងទៅក្នុងព្រះវិហារ ហើយចាប់ផ្តើមបង្រៀន។ ពួកសាសន៍យូដានឹកឆ្ងល់ថា៖ «តើអ្នកនេះចេះគម្ពីរមកពីណា បើគាត់មិនដែលរៀនសោះ?» ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយទៅពួកគេថា៖ «សេចក្តីដែលខ្ញុំបង្រៀននេះ មិនមែនជារបស់ខ្ញុំទេ គឺជារបស់ព្រះ ដែលចាត់ខ្ញុំឲ្យមក។ បើអ្នកណាចង់ធ្វើតាមព្រះហឫទ័យរបស់ព្រះ នឹងដឹងថាសេចក្តីបង្រៀននេះមកពីព្រះ ឬមកពីខ្លួនខ្ញុំផ្ទាល់។ អ្នកណានិយាយដោយអាងខ្លួនឯង អ្នកនោះចង់តែលើកតម្កើងខ្លួនឯង តែអ្នកដែលចង់លើកតម្កើងព្រះ ដែលចាត់ឲ្យខ្លួនមក អ្នកនោះពិតត្រង់ ហើយគ្មានសេចក្ដីភូតភរណានៅក្នុងខ្លួនឡើយ។ តើលោកម៉ូសេមិនបានឲ្យក្រឹត្យវិន័យមកអ្នករាល់គ្នាទេឬ? ប៉ុន្តែ ក្នុងពួកអ្នករាល់គ្នា គ្មានអ្នកណាម្នាក់ប្រព្រឹត្តតាមក្រឹត្យវិន័យនោះទេ ហេតុអី្វបានជាអ្នករាល់គ្នារកសម្លាប់ខ្ញុំដូច្នេះ?» បណ្តាជនក៏ឆ្លើយឡើងថា៖ «អ្នកមានអារក្សចូលហើយ តើអ្នកណារកសម្លាប់អ្នក?» ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំបានធ្វើការមួយ ហើយអ្នកទាំងអស់គ្នាបែរជាឆ្ងល់ទៅវិញ។ លោកម៉ូសេបង្គាប់ឲ្យអ្នករាល់គ្នាធ្វើពិធីកាត់ស្បែក (តាមពិត ពិធីកាត់ស្បែកមិនមែនមកពីលោកម៉ូសេទេ គឺមកពីបុព្វបុរសវិញ) ហើយអ្នកក៏កាត់ស្បែកឲ្យមនុស្សនៅថ្ងៃសប្ប័ទ។ បើមនុស្សទទួលកាត់ស្បែកនៅថ្ងៃសប្ប័ទ មិនខុសនឹងក្រឹត្យវិន័យរបស់លោកម៉ូសេ ម្ដេចក៏អ្នករាល់គ្នាខឹងខ្ញុំ ព្រោះតែខ្ញុំបានធ្វើឲ្យមនុស្សម្នាក់បានជានៅថ្ងៃសប្ប័ទដូច្នេះ? កុំជំនុំជម្រះតាមការមើលឃើញខាងក្រៅឡើយ ត្រូវជំនុំជម្រះតាមសេចក្តីសុចរិតវិញ»។ មានពួកអ្នកក្រុងយេរូសាឡិមខ្លះនិយាយថា៖ «តើអ្នកនេះមែនទេ ដែលគេរកសម្លាប់នោះ? មើល៍! លោកនិយាយដោយចំហ តែគ្មានអ្នកណាថាអ្វីសោះ តើពួកនាម៉ឺនពិតជាយល់ថា អ្នកនេះជាព្រះគ្រីស្ទមែនឬ? យើងដឹងថាអ្នកនេះមកពីណាហើយ តែកាលណាព្រះគ្រីស្ទយាងមក នោះគ្មានអ្នកណាដឹងថាមកពីណាទេ»។ ដូច្នេះ កាលព្រះយេស៊ូវកំពុងបង្រៀនក្នុងព្រះវិហារ ព្រះអង្គបន្លឺព្រះសូរសៀងខ្លាំងៗថា៖ «តើអ្នករាល់គ្នាស្គាល់ខ្ញុំ ហើយដឹងថាខ្ញុំមកពីណាឬទេ? ខ្ញុំមិនបានមក ដោយអាងខ្លួនខ្ញុំទេ ព្រះដែលចាត់ខ្ញុំមក ទ្រង់ពិតត្រង់ ហើយអ្នករាល់គ្នាមិនស្គាល់ព្រះអង្គទេ។ ខ្ញុំស្គាល់ព្រះអង្គ ព្រោះខ្ញុំមកពីព្រះអង្គ ហើយព្រះអង្គបានចាត់ខ្ញុំឲ្យមក»។ ដូច្នេះគេរកចាប់ព្រះអង្គ ប៉ុន្តែ គ្មានអ្នកណាហ៊ានលូកដៃទៅចាប់ព្រះអង្គទេ ព្រោះពេលកំណត់របស់ព្រះអង្គមិនទាន់មកដល់នៅឡើយ។ ក្នុងចំណោមបណ្តាជន មានមនុស្សជាច្រើនបានជឿដល់ព្រះអង្គ ហើយគេនិយាយថា៖ «កាលណាព្រះគ្រីស្ទយាងមក តើព្រះអង្គនឹងធ្វើទីសម្គាល់ច្រើនជាងលោកនេះឬ?» ពួកផារិស៊ីបានឮគេខ្សឹបខ្សៀវរឿងទាំងនេះអំពីព្រះអង្គ ហើយពួកសង្គ្រាជ និងពួកផារិស៊ីក៏ចាត់កងរក្សាព្រះវិហារឲ្យទៅចាប់ព្រះអង្គ។ ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «ខ្ញុំនៅជាមួយអ្នករាល់គ្នាតែបន្តិចទៀតប៉ុណ្ណោះ បន្ទាប់មក ខ្ញុំនឹងត្រឡប់ទៅឯព្រះអង្គ ដែលចាត់ខ្ញុំឲ្យមកនោះវិញហើយ។ អ្នករាល់គ្នានឹងរកខ្ញុំ តែរកមិនឃើញទេ ហើយកន្លែងដែលខ្ញុំទៅ អ្នករាល់គ្នាពុំអាចនឹងទៅបានឡើយ»។ ពួកសាសន៍យូដានិយាយគ្នាគេថា៖ «តើអ្នកនេះគិតទៅណា បានជាយើងរកមិនឃើញ? តើគិតទៅរកពួកអ្នកខ្ចាត់ខ្ចាយ នៅក្នុងសាសន៍ក្រិក ដើម្បីបង្រៀនដល់សាសន៍នោះឬ? តើមានន័យដូចម្ដេច ដែលគាត់និយាយថា "អ្នករាល់គ្នានឹងរកខ្ញុំ តែរកមិនឃើញ" ហើយថា "កន្លែងដែលខ្ញុំទៅ អ្នករាល់គ្នាពុំអាចនឹងទៅបាន" នោះ?» នៅថ្ងៃបញ្ចប់ពិធីបុណ្យ ជាថ្ងៃដ៏អស្ចារ្យ ព្រះយេស៊ូវឈរបន្លឺព្រះសូរសៀងឡើងថា៖ «បើអ្នកណាស្រេក ចូរឲ្យអ្នកនោះមករកខ្ញុំ ហើយផឹកចុះ អ្នកណាដែលជឿដល់ខ្ញុំ បទគម្ពីរចែងថា "នឹងមានទន្លេទឹករស់ហូរចេញពីពោះខ្លួនមក"»។ គឺព្រះអង្គមានព្រះបន្ទូលពីព្រះវិញ្ញាណ ដែលអស់អ្នកជឿដល់ព្រះអង្គនឹងត្រូវទទួល ដ្បិតព្រះវិញ្ញាណបរិសុទ្ធមិនទាន់យាងមក ដោយព្រោះព្រះយេស៊ូវមិនទាន់បានតម្កើងឡើង នៅឡើយ។ ពេលពួកគេបានឮ មានមនុស្សជាច្រើននិយាយថា៖ «លោកនេះ ពិតជាហោរានោះហើយ»។ អ្នកខ្លះទៀតថា៖ «នេះជាព្រះគ្រីស្ទហើយ» តែខ្លះទៀតសួរថា៖ «តើព្រះគ្រីស្ទត្រូវយាងមកពីស្រុកកាលីឡេឬ? តើគម្ពីរមិនបានចែងថា ព្រះគ្រីស្ទត្រូវកើតពីរាជវង្សព្រះបាទដាវីឌ ហើយក៏យាងមកពីភូមិបេថ្លេហិម ជាកន្លែងដែលព្រះបាទដាវីឌបានគង់នៅទេឬ?» ដូច្នេះ គេក៏បាក់បែកទាស់គ្នា ដោយព្រោះព្រះអង្គ។ មានអ្នកខ្លះចង់ចាប់ព្រះអង្គ តែគ្មានអ្នកណាហ៊ានលូកដៃទៅចាប់ព្រះអង្គឡើយ។ កងរក្សាព្រះវិហារក៏ត្រឡប់ទៅរកពួកសង្គ្រាជ និងពួកផារិស៊ីវិញ លោកទាំងនោះសួរថា៖ «ហេតុអ្វីបានជាមិនចាប់អ្នកនោះមក?» ពួកកងរក្សាព្រះវិហារឆ្លើយថា៖ «មិនដែលមានអ្នកណានិយាយដូចអ្នកនោះទេ»។ ដូច្នេះ ពួកផារិស៊ីតបទៅវិញថា៖ «អ្នករាល់គ្នាក៏ចាញ់បោកអ្នកនោះដែរឬ? តើមានអ្នកណាម្នាក់ក្នុងពួកនាម៉ឺន ឬក្នុងពួកផារិស៊ី ជឿដល់អ្នកនោះឬទេ? បណ្តាជនទាំងនេះ មិនស្គាល់ក្រឹត្យវិន័យសោះ ដូច្នេះ គេនឹងត្រូវបណ្តាសាហើយ»។ លោកនីកូដេមទៅរកព្រះយេស៊ូវទាំងយប់ ដែលជាពួកផារិស៊ីដែរ មានប្រសាសន៍ទៅគេថា៖ «តើក្រឹត្យវិន័យរបស់យើង កាត់ទោសមនុស្សមុនពេលឮចម្លើយពីអ្នកនោះ ហើយមិនបានដឹងពីអ្វីដែលអ្នកនោះបានប្រព្រឹត្តជាយ៉ាងណាសិនទេឬ?» គេឆ្លើយតបថា៖ «តើលោកមកពីស្រុកកាលីឡេដែរឬ? ចូរពិចារណាមើលចុះ មិនដែលមានហោរាណា កើតមកពីស្រុកកាលីឡេឡើយ»។
យ៉ូហាន 7:1-52 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ក្រោយមក ព្រះយេស៊ូយាងចុះឡើងកាត់ស្រុកកាលីឡេ ដ្បិតព្រះអង្គមិនសព្វព្រះហឫទ័យយាងទៅស្រុកយូដាឡើយ ព្រោះជនជាតិយូដារកធ្វើគុតព្រះអង្គ។ ពេលនោះ ជិតដល់ថ្ងៃបុណ្យមួយរបស់ជនជាតិយូដា ឈ្មោះបុណ្យបារាំ*។ បងប្អូនព្រះយេស៊ូទូលព្រះអង្គថា៖ «សូមបងចាកចេញពីទីនេះទៅស្រុកយូដាទៅ ដើម្បីឲ្យសិស្សរបស់បងឃើញកិច្ចការដែលបងធ្វើ។ អ្នកដែលចង់ឲ្យគេស្គាល់ខ្លួនមិនធ្វើការអ្វីដោយលាក់កំបាំងឡើយ។ បើបងធ្វើការអស្ចារ្យយ៉ាងនេះ ត្រូវបង្ហាញឲ្យមនុស្សលោកឃើញផង»។ បងប្អូនរបស់ព្រះយេស៊ូពុំជឿលើព្រះអង្គទេ។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ពេលកំណត់របស់បងមិនទាន់មកដល់នៅឡើយទេ។ រីឯប្អូនៗវិញ ចង់ធ្វើអ្វីពេលណាក៏បាន។ មនុស្សលោកមិនអាចស្អប់ប្អូនៗឡើយ ប៉ុន្តែ គេស្អប់បង ព្រោះបងបានបញ្ជាក់ប្រាប់ថា អំពើដែលគេប្រព្រឹត្តសុទ្ធតែអាក្រក់។ ចូរប្អូនៗឡើងទៅចូលរួមក្នុងពិធីបុណ្យទៅ បងមិនឡើងទៅទេ ព្រោះពេលកំណត់របស់បងមិនទាន់មកដល់នៅឡើយ»។ ព្រះយេស៊ូមានព្រះបន្ទូលដូច្នោះហើយ ព្រះអង្គក៏គង់នៅក្នុងស្រុកកាលីឡេតទៅទៀត។ កាលប្អូនៗរបស់ព្រះយេស៊ូធ្វើដំណើរទៅចូលរួមពិធីបុណ្យផុតអស់ទៅ ព្រះអង្គក៏យាងឡើងទៅដែរ ប៉ុន្តែ ព្រះអង្គយាងទៅស្ងាត់ៗ មិនឲ្យនរណាឃើញឡើយ។ ក្នុងឱកាសបុណ្យនោះ ជនជាតិយូដាតាមរកព្រះយេស៊ូ គេសួរគ្នាថា៖ «តើលោកនៅឯណា?»។ បណ្ដាជនខ្សឹបខ្សៀវគ្នាជាច្រើនស្ដីអំពីព្រះអង្គ ខ្លះថា«លោកនោះជាមនុស្សល្អ» ខ្លះទៀតថា «ទេ អ្នកនោះជាអ្នកបញ្ឆោតបណ្ដាជន»។ ប៉ុន្តែ គ្មាននរណាហ៊ាននិយាយអំពីព្រះអង្គដោយចំហឡើយ ព្រោះគេខ្លាចសាសន៍យូដា។ លុះដល់ពាក់កណ្ដាលពិធីបុណ្យ ព្រះយេស៊ូយាងឡើងទៅព្រះវិហារ* ហើយបង្រៀនបណ្ដាជន។ ជនជាតិយូដាងឿងឆ្ងល់ជាខ្លាំង គេពោលថា៖ «អ្នកនេះមិនបានរៀនសូត្រអ្វីសោះ ចុះម្ដេចបានជាគាត់ចេះដឹងជ្រៅជ្រះដូច្នេះ?»។ ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយថា៖ «សេចក្ដីដែលខ្ញុំបង្រៀនមិនមែនចេញពីខ្ញុំទេ គឺចេញពីព្រះជាម្ចាស់ដែលបានចាត់ខ្ញុំឲ្យមក។ អ្នកដែលចង់ធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់មុខជាដឹងថា សេចក្ដីដែលខ្ញុំបង្រៀននេះមកពីព្រះអង្គ ឬមកពីខ្ញុំផ្ទាល់មិនខាន។ អ្នកណានិយាយដោយសំអាងលើខ្លួនផ្ទាល់ អ្នកនោះរកកិត្តិយសសម្រាប់តែខ្លួនឯងប៉ុណ្ណោះ។ រីឯអ្នកដែលរកតែសិរីរុងរឿងរបស់ព្រះអង្គដែលចាត់ខ្លួនឲ្យមក និយាយតែសេចក្ដីពិត ឥតកុហកឡើយ។ លោកម៉ូសេប្រគល់ក្រឹត្យវិន័យទុកឲ្យអ្នករាល់គ្នារួចស្រេចហើយ ប៉ុន្តែ ក្នុងចំណោមអ្នករាល់គ្នា គ្មាននរណាម្នាក់ប្រតិបត្តិតាមក្រឹត្យវិន័យនោះទេ។ ហេតុអ្វីបានជាអ្នករាល់គ្នារកសម្លាប់ខ្ញុំដូច្នេះ?»។ បណ្ដាជនតបទៅព្រះអង្គថា៖ «លោកពិតជាមានអារក្សចូលហើយបានជានិយាយដូច្នេះ តើនរណារកសម្លាប់លោក?»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំបានធ្វើកិច្ចការតែមួយ ហើយអ្នកទាំងអស់គ្នាបែរជាងឿងឆ្ងល់ទៅវិញ។ លោកម៉ូសេ*បានបង្គាប់អ្នករាល់គ្នាឲ្យធ្វើពិធីកាត់ស្បែក* (តាមពិត គឺបុព្វបុរស*របស់អ្នករាល់គ្នាឯណោះជាអ្នកបង្គាប់ឲ្យធ្វើពិធីនេះ មិនមែនលោកម៉ូសេទេ) ហើយអ្នករាល់គ្នាធ្វើពិធីកាត់ស្បែកនៅថ្ងៃសប្ប័ទ*។ បើអ្នករាល់គ្នាធ្វើពិធីកាត់ស្បែកនៅថ្ងៃសប្ប័ទ តែឥតបំពានលើវិន័យរបស់លោកម៉ូសេទេនោះ ចុះហេតុដូចម្ដេចជាអ្នករាល់គ្នាខឹងខ្ញុំ ដែលបានប្រោសមនុស្សមួយទាំងមូលឲ្យបានជា នៅថ្ងៃសប្ប័ទដូច្នេះ? កុំនាំគ្នាវិនិច្ឆ័យដោយគ្រាន់តែឃើញផ្នែកខាងក្រៅនោះឡើយ ចូរវិនិច្ឆ័យឲ្យបានត្រឹមត្រូវវិញ»។ មានអ្នកក្រុងយេរូសាឡឹមខ្លះពោលថា៖ «លោកនេះហើយដែលគេរកសម្លាប់ ឥឡូវនេះ លោកនិយាយដោយចេញមុខ ចុះម្ដេចបានជាគ្មាននរណាថាអ្វីលោកដូច្នេះ? អ្នកដឹកនាំរបស់យើងប្រហែលទទួលស្គាល់ថា លោកពិតជាព្រះគ្រិស្ត*ទេដឹង ប៉ុន្តែ ពេលព្រះគ្រិស្តយាងមក គ្មាននរណាដឹងថាព្រះអង្គយាងមកពីណាទេ។ រីឯលោកនេះវិញ យើងដឹងហើយថាគាត់មកពីណា»។ ពេលនោះ ព្រះយេស៊ូបង្រៀនបណ្ដាជនក្នុងព្រះវិហារ* ព្រះអង្គបន្លឺព្រះសូរសៀងខ្លាំងៗថា៖ «អ្នករាល់គ្នាថាស្គាល់ខ្ញុំ ហើយដឹងថាខ្ញុំមកពីណាទៀត!។ ប៉ុន្តែ ខ្ញុំមិនមែនមកក្នុងនាមខ្ញុំឡើយ ព្រះអង្គដែលចាត់ខ្ញុំឲ្យមក ព្រះអង្គសម្តែងសេចក្ដីពិត តែអ្នករាល់គ្នាមិនស្គាល់ព្រះអង្គទេ។ រីឯខ្ញុំវិញ ខ្ញុំស្គាល់ព្រះអង្គ ព្រោះខ្ញុំចេញមកពីព្រះអង្គ ហើយព្រះអង្គបានចាត់ខ្ញុំឲ្យមក»។ ពេលនោះ ពួកគេរកចាប់ព្រះយេស៊ូ ប៉ុន្តែ គ្មាននរណាហ៊ានលូកដៃចាប់ព្រះអង្គទេ ព្រោះពេលកំណត់របស់ព្រះអង្គពុំទាន់បានមកដល់នៅឡើយ។ ក្នុងចំណោមបណ្ដាជន មានមនុស្សជាច្រើនបានជឿលើព្រះយេស៊ូ គេពោលថា៖ «ពេលព្រះគ្រិស្តយាងមក តើព្រះអង្គនឹងសម្តែងទីសម្គាល់ច្រើនជាងលោកនេះឬ?»។ ពួកខាងគណៈផារីស៊ី*បានដឹងសេចក្ដីទាំងអស់ដែលបណ្ដាជនខ្សឹបខ្សៀវគ្នាអំពីព្រះយេស៊ូ។ ពេលនោះ ពួកនាយកបូជាចារ្យ* និងពួកខាងគណៈផារីស៊ី ក៏ចាត់កងរក្សាព្រះវិហារ*ឲ្យមកចាប់ព្រះអង្គ។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ខ្ញុំនៅជាមួយអ្នករាល់គ្នាតែមួយរយៈពេលដ៏ខ្លីទៀតប៉ុណ្ណោះ បន្ទាប់មក ខ្ញុំនឹងទៅឯព្រះអង្គដែលបានចាត់ខ្ញុំឲ្យមកនោះវិញហើយ។ អ្នករាល់គ្នានឹងតាមរកខ្ញុំ តែរកមិនឃើញទេ ដ្បិតអ្នករាល់គ្នាពុំអាចទៅកន្លែង ដែលខ្ញុំនៅនោះឡើយ»។ ជនជាតិយូដាសួរគ្នាថា៖ «តើគាត់បម្រុងទៅណាបានជាយើងពុំអាចនឹងរកគាត់ឃើញដូច្នេះ? តើគាត់គិតទៅនៅជាមួយជនជាតិយូដា ដែលខ្ចាត់ខ្ចាយក្នុងចំណោមជនជាតិក្រិក ហើយបង្រៀនពួកក្រិកឬ? គាត់មានប្រសាសន៍ថា “អ្នករាល់គ្នានឹងតាមរកខ្ញុំ តែរកមិនឃើញទេ ដ្បិតអ្នករាល់គ្នាពុំអាចទៅកន្លែងដែលខ្ញុំនៅនោះឡើយ” តើមានន័យដូចម្ដេច?»។ នៅថ្ងៃបញ្ចប់ពិធីបុណ្យជាថ្ងៃឱឡារិកបំផុត ព្រះយេស៊ូឈរនៅមុខបណ្ដាជន បន្លឺព្រះសូរសៀងយ៉ាងខ្លាំងថា៖ «អ្នកណាស្រេកទឹក សុំអញ្ជើញមករកខ្ញុំ ហើយពិសាចុះ។ អ្នកណាជឿលើខ្ញុំ នឹងមានទន្លេបង្ហូរទឹកផ្ដល់ជីវិតចេញពីអ្នកនោះមក ដូចមានចែងទុកក្នុងគម្ពីរមកស្រាប់»។ ព្រះអង្គមានព្រះបន្ទូលដូច្នេះសំដៅទៅលើព្រះវិញ្ញាណ ដែលអស់អ្នកជឿលើព្រះអង្គនឹងត្រូវទទួល ដ្បិតពេលនោះ ព្រះជាម្ចាស់ពុំទាន់បានប្រទានព្រះវិញ្ញាណមកទេ ពីព្រោះព្រះយេស៊ូពុំទាន់សម្តែងសិរីរុងរឿងនៅឡើយ។ ក្រោយពីបានឮព្រះបន្ទូលរបស់ព្រះអង្គហើយ ក្នុងចំណោមបណ្ដាជន មានអ្នកខ្លះពោលថា៖ «លោកនេះពិតជាព្យាការី*ដែលយើងរង់ចាំនោះមែន!»។ អ្នកខ្លះទៀតពោលថា៖ «លោកនេះជាព្រះគ្រិស្ត*»។ ប៉ុន្តែ មានអ្នកផ្សេងទៀតពោលជំទាស់ថា៖ «ព្រះគ្រិស្តមិនមែនមកពីស្រុកកាលីឡេទេ ដ្បិតមានចែងទុកក្នុងគម្ពីរថា “ព្រះគ្រិស្តជាព្រះរាជវង្សរបស់ព្រះបាទដាវីឌ ហើយព្រះអង្គនឹងយាងមកពីភូមិបេថ្លេហិម ជាភូមិកំណើតរបស់ព្រះបាទដាវីឌ” »។ បណ្ដាជនក៏បាក់បែកគ្នា ព្រោះតែព្រះអង្គ។ ក្នុងចំណោមបណ្ដាជន មានអ្នកខ្លះចង់ចាប់ព្រះអង្គ ប៉ុន្តែ គ្មាននរណាហ៊ានចាប់ព្រះអង្គឡើយ។ កងរក្សាព្រះវិហារ*វិលទៅជួបពួកនាយកបូជាចារ្យ* និងពួកខាងគណៈផារីស៊ី*វិញ លោកទាំងនោះសួរពួកគេថា៖ «ហេតុដូចម្ដេចបានជាអ្នករាល់គ្នាមិនចាប់គាត់នាំយកមក?»។ កងរក្សាព្រះវិហារឆ្លើយថា៖ «ពុំដែលមាននរណានិយាយដូចលោកនោះឡើយ»។ ពួកខាងគណៈផារីស៊ីពោលទៅគេវិញថា៖ «អ្នករាល់គ្នាចាញ់បោកអ្នកនោះដែរឬ! ក្នុងចំណោមអ្នកដឹកនាំ និងក្នុងចំណោមពួកខាងគណៈផារីស៊ី គ្មាននរណាជឿលើអ្នកនោះសោះ មានតែបណ្ដាជនដែលមិនស្គាល់ក្រឹត្យវិន័យទេ ដែលជឿ។ ពួកនោះសុទ្ធតែត្រូវបណ្ដាសា!»។ ក្នុងចំណោមពួកខាងគណៈផារីស៊ី មានបុរសម្នាក់ឈ្មោះ នីកូដេម ជាអ្នកដែលបានទៅគាល់ព្រះយេស៊ូកាលពីមុន មានប្រសាសន៍ថា៖ «តាមច្បាប់របស់យើង យើងមិនអាចដាក់ទោសនរណាម្នាក់ឡើយ ដរាបណាមិនទាន់បានឮពាក្យរបស់គេ ហើយមិនបានដឹងអំពីកិច្ចការដែលគេបានប្រព្រឹត្តសិនទេនោះ»។ ពួកគេតបទៅលោកវិញថា៖ «តើលោកជាពួកកាលីឡេដែរឬ? សុំលោកពិចារណាមើល៍ ពុំដែលមានព្យាការីណាម្នាក់កើតពីស្រុកកាលីឡេឡើយ»។ [
យ៉ូហាន 7:1-52 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ក្រោយនោះមក ព្រះយេស៊ូវ ទ្រង់យាងនៅតែក្នុងស្រុកកាលីឡេប៉ុណ្ណោះ ទ្រង់មិនសព្វព្រះហឫទ័យនឹងយាងក្នុងស្រុកយូដាទេ ពីព្រោះសាសន៍យូដារកសំឡាប់ទ្រង់ រីឯបុណ្យរបស់សាសន៍យូដា ដែលហៅថាបុណ្យបារាំ នោះជិតដល់ហើយ ដូច្នេះ ពួកប្អូនទ្រង់ទូលថា ចូរចេញពីទីនេះទៅឯស្រុកយូដាទៅ ដើម្បីឲ្យពួកសិស្សរបស់បង បានឃើញការដែលបងធ្វើផង ដ្បិតអ្នកណាដែលចង់ឲ្យគេស្គាល់ខ្លួន នោះមិនដែលធ្វើការដោយសំងាត់ទេ បើបងធ្វើការទាំងនេះ ចូរសំដែងខ្លួនឲ្យមនុស្សលោកស្គាល់ដែរ ដ្បិតពួកប្អូនទ្រង់មិនបានជឿដល់ទ្រង់ទេ ដូច្នេះ ព្រះយេស៊ូវមានបន្ទូលតបថា ឯពេលវេលារបស់ឯងរាល់គ្នា នោះចេះតែមានជានិច្ច តែពេលវេលារបស់អញមិនទាន់ដល់នៅឡើយ លោកីយពុំអាចនឹងស្អប់ឯងរាល់គ្នាបានទេ តែគេស្អប់អញវិញ ពីព្រោះអញធ្វើបន្ទាល់ពីគេថា ការគេប្រព្រឹត្តសុទ្ធតែអាក្រក់ ចូរឯងរាល់គ្នាឡើងទៅឯបុណ្យនេះចុះ ឯអញមិនទាន់ទៅទេ ព្រោះកំណត់អញមិនទាន់សំរេចនៅឡើយ កាលទ្រង់មានបន្ទូលសេចក្ដីទាំងនោះរួចហើយ នោះក៏គង់នៅស្រុកកាលីឡេដដែល ប៉ុន្តែ កាលពួកប្អូនទ្រង់ឡើងទៅឯបុណ្យនោះផុតហើយ នោះទ្រង់ក៏យាងទៅដែរ តែមិនទៅជាមួយនឹងអ្នកណាទេ គឺទៅដោយសំងាត់វិញ រីឯពួកសាសន៍យូដា គេសួររកទ្រង់នៅឯទីបុណ្យថា តើលោកនៅឯណា ហើយក្នុងហ្វូងមនុស្ស ក៏ឮខ្សឹបខ្សៀវពីដំណើរទ្រង់ជាច្រើន ខ្លះថា លោកជាមនុស្សល្អ ខ្លះទៀតថា ទេ អ្នកនោះជាអ្នកបញ្ឆោតប្រជាជនទេតើ ប៉ុន្តែ គ្មានអ្នកឯណាហ៊ាននិយាយពីដំណើរទ្រង់ ឲ្យបណ្តាជនដឹងឡើយ ព្រោះខ្លាចសាសន៍យូដា។ នៅពាក់កណ្តាលពេលបុណ្យ នោះព្រះយេស៊ូវទ្រង់ឡើងទៅ បង្រៀនក្នុងព្រះវិហារ ហើយពួកសាសន៍យូដានឹកឆ្ងល់ថា ធ្វើដូចម្តេចឲ្យអ្នកនេះចេះគម្ពីរដូច្នេះ ពីព្រោះគាត់មិនដែលរៀនសូត្រសោះ ព្រះយេស៊ូវមានបន្ទូលឆ្លើយថា សេចក្ដីដែលខ្ញុំបង្រៀននេះ មិនមែនជារបស់ខ្ញុំទេ គឺជារបស់ផងព្រះ ដែលចាត់ឲ្យខ្ញុំមកនោះវិញ បើអ្នកណាចង់ធ្វើតាមព្រះហឫទ័យទ្រង់ នោះនឹងបានដឹងជាសេចក្ដីបង្រៀននេះមកពីព្រះ ឬជាខ្ញុំនិយាយដោយអាងខ្លួនខ្ញុំ អ្នកណាដែលនិយាយដោយអាងខ្លួនឯង នោះចង់តែលើកដំកើងដល់ខ្លួនទេ តែអ្នកដែលចង់លើកដំកើងថ្វាយព្រះ ដែលចាត់ឲ្យខ្លួនមក នោះទើបពិតវិញ ហើយឥតមានសេចក្ដីទុច្ចរិតណានៅក្នុងខ្លួនឡើយ ឯលោកម៉ូសេ តើមិនបានឲ្យក្រិត្យវិន័យមកអ្នករាល់គ្នាទេឬអី ប៉ុន្តែក្នុងពួកអ្នករាល់គ្នា គ្មានអ្នកណាមួយប្រព្រឹត្តតាមក្រិត្យវិន័យនោះទេ ហេតុអ្វីបានជាអ្នករាល់គ្នារកសំឡាប់ខ្ញុំដូច្នេះ ហ្វូងមនុស្សក៏ឆ្លើយឡើងថា អ្នកឯងមានអារក្សចូលទេ តើមានអ្នកណារកសំឡាប់ឯង ព្រះយេស៊ូវមានបន្ទូលទៅគេថា ខ្ញុំបានធ្វើការ១ ហើយអ្នករាល់គ្នាមានសេចក្ដីអស្ចារ្យទាំងអស់គ្នា លោកម៉ូសេក៏ឲ្យពិធីកាត់ស្បែកមកអ្នករាល់គ្នា (មិនមែនថាកើតពីលោកម៉ូសេទេ គឺពីពួកឰយុកោវិញ) ហើយអ្នករាល់គ្នាកាត់ស្បែកឲ្យមនុស្ស នៅថ្ងៃឈប់សំរាកផង ដូច្នេះ បើមនុស្សទទួលកាត់ស្បែក នៅថ្ងៃឈប់សំរាក ដើម្បីមិនឲ្យរំលងក្រិត្យវិន័យរបស់លោកម៉ូសេ នោះតើអ្នករាល់គ្នាខឹងនឹងខ្ញុំ ដោយព្រោះខ្ញុំបានធ្វើឲ្យមនុស្សម្នាក់បានជាស្រឡះ នៅថ្ងៃឈប់សំរាកឬអី កុំឲ្យជំនុំជំរះតាមភាពដែលមើលឃើញតែខាងក្រៅឡើយ ត្រូវជំនុំជំរះតាមសេចក្ដីសុចរិតវិញ។ នោះមានពួកក្រុងយេរូសាឡិមខ្លះនិយាយថា គឺអ្នកនេះទេតើ ដែលគេរកសំឡាប់នោះ ហើយមើល គាត់និយាយនៅកណ្តាលចំណោម តែគ្មានអ្នកណាថាអ្វីឲ្យសោះ តើពួកនាម៉ឺនបានយល់ឃើញហើយថា អ្នកនេះជាព្រះគ្រីស្ទមែនឬអី ឯអ្នកនេះ យើងដឹងជាមកពីណា តែព្រះគ្រីស្ទវិញ កាលណាទ្រង់យាងមក នោះគ្មានអ្នកណាដឹងជាមកពីណាទេ ដូច្នេះ កំពុងដែលព្រះយេស៊ូវបង្រៀនក្នុងព្រះវិហារ នោះក៏បន្លឺឧទានឡើងថា អ្នករាល់គ្នាស្គាល់ខ្ញុំ ហើយដឹងជាខ្ញុំមកពីណាផង តែខ្ញុំមិនបានមក ដោយអាងខ្លួនខ្ញុំទេ ឯព្រះដែលចាត់ឲ្យខ្ញុំមក ទ្រង់ពិតត្រង់ហើយ អ្នករាល់គ្នាមិនស្គាល់ទ្រង់ទេ តែខ្ញុំស្គាល់ទ្រង់ ពីព្រោះខ្ញុំមកពីទ្រង់ គឺទ្រង់ពិត ដែលចាត់ឲ្យខ្ញុំមក ដូច្នេះ គេរកចាប់ទ្រង់ ប៉ុន្តែ គ្មានអ្នកណាលូកដៃទៅចាប់សោះ ពីព្រោះកំណត់ទ្រង់មិនទាន់មកដល់នៅឡើយ នៅក្នុងបណ្តាមនុស្សនោះ មានគ្នាច្រើនបានជឿដល់ទ្រង់ ហើយគេនិយាយថា កាលណាព្រះគ្រីស្ទយាងមក តើទ្រង់នឹងធ្វើទីសំគាល់ច្រើនជាងលោកនេះឬអី ឯពួកផារិស៊ី ក៏ឮគេខ្សឹបខ្សៀវរឿងទាំងនេះពីទ្រង់ រួចពួកសង្គ្រាជ នឹងពួកផារិស៊ី គេចាត់ពួកអាជ្ញាឲ្យទៅចាប់ទ្រង់ ដូច្នេះ ព្រះយេស៊ូវមានបន្ទូលថា ខ្ញុំនៅជាមួយនឹងអ្នករាល់គ្នាតែបន្តិចទៀតទេ រួចខ្ញុំទៅឯព្រះ ដែលចាត់ឲ្យខ្ញុំមកនោះវិញ អ្នករាល់គ្នានឹងរកខ្ញុំ តែរកមិនឃើញទេ ហើយកន្លែងដែលខ្ញុំទៅ នោះអ្នករាល់គ្នាពុំអាចនឹងទៅបានឡើយ នោះពួកសាសន៍យូដានិយាយគ្នាគេថា តើអ្នកនេះគិតទៅឯណា ដែលយើងនឹងរកមិនឃើញ តើគិតទៅឯពួកអ្នកខ្ចាត់ខ្ចាយ នៅក្នុងសាសន៍ក្រេក ដើម្បីនឹងបង្រៀនដល់សាសន៍នោះឬអី ពាក្យដែលគាត់ថា «អ្នករាល់គ្នានឹងរកខ្ញុំ តែរកមិនឃើញទេ» ហើយថា «កន្លែងដែលខ្ញុំទៅ អ្នករាល់គ្នាពុំអាចនឹងទៅបានទេ» នេះតើមានន័យដូចម្តេច។ នៅថ្ងៃក្រោយបង្អស់ ជាថ្ងៃបុណ្យយ៉ាងសំខាន់ នោះព្រះយេស៊ូវទ្រង់ឈរបន្លឺឧទានប្រកាសឡើងថា បើអ្នកណាស្រេក ចូរឲ្យអ្នកនោះមកឯខ្ញុំ ហើយផឹកចុះ អ្នកណាដែលជឿដល់ខ្ញុំ នោះនឹងមានទន្លេទឹករស់ហូរចេញពីពោះខ្លួនមក ដូចជាគម្ពីរសំដែងហើយ តែសេចក្ដីនេះ គឺទ្រង់មានបន្ទូលពីព្រះវិញ្ញាណ ដែលអស់អ្នកជឿដល់ទ្រង់នឹងត្រូវទទួល ដ្បិតព្រះវិញ្ញាណបរិសុទ្ធមិនទាន់យាងមក ដោយព្រោះព្រះយេស៊ូវមិនទាន់បានដំកើងឡើងនៅឡើយ ដូច្នេះ កាលបណ្តាមនុស្សបានឮ នោះមានគ្នាច្រើននិយាយថា លោកនេះ ពិតប្រាកដជាហោរានោះហើយ អ្នកខ្លះទៀតថា នេះជាព្រះគ្រីស្ទហើយ ខ្លះទៀតថា ចុះព្រះគ្រីស្ទយាងមកពីស្រុកកាលីឡេដែរឬ តើគម្ពីរមិនថា ព្រះគ្រីស្ទត្រូវកើតពីព្រះវង្សហ្លួងដាវីឌ ហើយក៏យាងមកពីភូមិបេថ្លេហិម ជាកន្លែងដែលហ្លួងដាវីឌបានគង់នៅទេឬអី ដូច្នេះ គេក៏បាក់បែកទាស់គ្នា ដោយព្រោះទ្រង់ មានខ្លះចង់ចាប់ទ្រង់ តែគ្មានអ្នកណាលូកដៃទៅចាប់ទេ។ នោះពួកអាជ្ញាក៏ត្រឡប់ទៅឯពួកសង្គ្រាជ នឹងពួកផារិស៊ីវិញ លោកទាំងនោះសួរគេថា ហេតុអ្វីបានជាមិនចាប់អ្នកនោះមក ពួកអាជ្ញាឆ្លើយថា មិនដែលមានអ្នកណានិយាយដូចអ្នកនោះទេ ដូច្នេះ ពួកផារិស៊ីស្តីឲ្យថា អ្នករាល់គ្នាត្រូវបញ្ឆោតដែរឬ តើមានអ្នកឯណាក្នុងពួកនាម៉ឺន ឬក្នុងពួកផារិស៊ី ដែលជឿដល់អ្នកនោះឬទេ ឯហ្វូងមនុស្សនេះ ដែលមិនស្គាល់ក្រិត្យវិន័យ គេជាមនុស្សត្រូវបណ្តាសាវិញ ឯលោកនីកូដេម ជាអ្នកដែលមកឯទ្រង់ទាំងយប់ ដែលជាពួកផារិស៊ីដែរ លោកនិយាយទៅគេថា តើក្រិត្យវិន័យយើងកាត់ទោសដល់មនុស្សណា មុនដែលបានឮពាក្យចំឡើយពីខ្លួនអ្នកនោះ ហើយដឹងជាធ្វើខុសយ៉ាងណាឬអី នោះគេឆ្លើយទៅលោកថា តើលោកមកពីស្រុកកាលីឡេដែរឬ ចូរពិចារណាមើលចុះ ឥតដែលមានហោរាណា កើតមកពីស្រុកកាលីឡេឡើយ