យ៉ូហាន 5:9-16
យ៉ូហាន 5:9-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ស្រាប់តែអ្នកនោះបានជាភ្លាម ហើយយកកន្ទេលរបស់ខ្លួនដើរទៅ។ ថ្ងៃនោះជាថ្ងៃសប្ប័ទ។ ដូច្នេះ ពួកសាសន៍យូដានិយាយទៅអ្នកដែលបានជានោះថា៖ «ថ្ងៃនេះជាថ្ងៃសប្ប័ទ អ្នកគ្មានច្បាប់នឹងលីកន្ទេលរបស់អ្នកទេ»។ គាត់ឆ្លើយទៅគេថា៖ «លោកដែលធ្វើឲ្យខ្ញុំជា បង្គាប់ថា "ចូរយកកន្ទេលរបស់អ្នក ហើយដើរទៅ"»។ គេសួរគាត់ថា៖ «តើអ្នកណាប្រាប់អ្នកថា "ចូរយកកន្ទេល ហើយដើរទៅ" ដូច្នេះ?» តែអ្នកដែលបានជា មិនស្គាល់ថាអ្នកណាទេ ព្រោះព្រះយេស៊ូវយាងចេញពីបណ្តាជនដែលនៅទីនោះផុតទៅហើយ។ ក្រោយមក ព្រះយេស៊ូវឃើញគាត់នៅក្នុងព្រះវិហារ ក៏មានព្រះបន្ទូលទៅគាត់ថា៖ «មើល៍ អ្នកបានជាហើយ កុំធ្វើបាបទៀត ក្រែងអ្នកមានសេចក្តីអាក្រក់ជាងមុន»។ អ្នកនោះក៏ចេញទៅប្រាប់ពួកសាសន៍យូដា ឲ្យដឹងថា គឺព្រះយេស៊ូវដែលប្រោសគាត់ឲ្យជា។ ហេតុនោះហើយបានជាពួកសាសន៍យូដា ចាប់ផ្តើមបៀតបៀនព្រះយេស៊ូវ ព្រោះព្រះអង្គធ្វើការនៅថ្ងៃសប្ប័ទ។
យ៉ូហាន 5:9-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលនោះ ស្រាប់តែបុរសនោះបានជាភ្លាម គាត់ក៏យកគ្រែស្នែងរបស់គាត់ដើរទៅ រីឯថ្ងៃនោះជាថ្ងៃសប្ប័ទ*។ ជនជាតិយូដាស្ដីឲ្យបុរសដែលជានោះថា៖ «ថ្ងៃនេះជាថ្ងៃសប្ប័ទ អ្នកគ្មានសិទ្ធិលីគ្រែស្នែងរបស់អ្នកដូច្នេះឡើយ»។ គាត់ឆ្លើយទៅគេថា៖ «លោកដែលបានធ្វើឲ្យខ្ញុំជា ប្រាប់ខ្ញុំថា “ចូរយកគ្រែស្នែងរបស់អ្នកដើរទៅចុះ!”»។ គេសួរគាត់ថា៖ «តើលោកណាប្រាប់អ្នកឲ្យយកគ្រែស្នែងដើរទៅដូច្នេះ?»។ ប៉ុន្តែ បុរសដែលជាមិនដឹងថានរណាបានប្រោសគាត់ឲ្យជាឡើយ ដ្បិតព្រះយេស៊ូបានយាងចេញពីបណ្ដាជនដែលនៅកន្លែងនោះផុតទៅហើយ។ ក្រោយមក ព្រះយេស៊ូជួបគាត់ក្នុងព្រះវិហារ ក៏មានព្រះបន្ទូលទៅគាត់ថា៖ «ឥឡូវនេះ អ្នកបានជាហើយ កុំប្រព្រឹត្តអំពើបាបទៀតឲ្យសោះ ក្រែងលោកើតការអាក្រក់ដល់អ្នកលើសមុនទៅទៀត»។ បុរសនោះចេញទៅប្រាប់ជនជាតិយូដាឲ្យដឹងថា គឺព្រះយេស៊ូដែលបានប្រោសគាត់ឲ្យជា។ ហេតុនេះហើយបានជាជនជាតិយូដានាំគ្នាបៀតបៀនព្រះយេស៊ូ ព្រោះព្រះអង្គធ្វើការនោះនៅថ្ងៃសប្ប័ទ។
យ៉ូហាន 5:9-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ស្រាប់តែអ្នកនោះបានជាភ្លាម ក៏យកគ្រែដើរទៅ ឯថ្ងៃនោះ ជាថ្ងៃឈប់សំរាក ដូច្នេះ ពួកសាសន៍យូដា គេស្តីឲ្យអ្នកដែលបានជាថា ថ្ងៃនេះជាថ្ងៃឈប់សំរាក អ្នកគ្មានច្បាប់នឹងលីគ្រែទៅទេ គាត់ឆ្លើយទៅគេថា លោកដែលធ្វើឲ្យខ្ញុំជា លោកបង្គាប់ថា ចូរយកគ្រែឯងដើរទៅ នោះគេសួរគាត់ថា តើអ្នកណាបានប្រាប់ឲ្យអ្នកយកគ្រែដើរទៅដូច្នេះ តែអ្នកដែលបានជាមិនស្គាល់ជាអ្នកណាទេ ពីព្រោះព្រះយេស៊ូវទ្រង់យាងទៅបាត់ហើយ ក៏មានមនុស្សសន្ធឹកនៅទីនោះដែរ ក្រោយនោះមក ព្រះយេស៊ូវឃើញគាត់នៅក្នុងព្រះវិហារ ក៏មានបន្ទូលទៅថា មើល ឥឡូវអ្នកបានជាហើយ កុំឲ្យធ្វើបាបទៀត ក្រែងអ្នកកើតមានសេចក្ដីអាក្រក់ជាងនេះទៅទៀត មនុស្សនោះក៏ចេញទៅប្រាប់ដល់ពួកសាសន៍យូដា ឲ្យដឹងថាជាព្រះយេស៊ូវ ដែលប្រោសឲ្យខ្លួនបានជា ហេតុនោះបានជាពួកសាសន៍យូដា គេបៀតបៀនដល់ព្រះយេស៊ូវ ហើយរកសំឡាប់ទ្រង់ ដោយព្រោះទ្រង់ធ្វើការនោះ នៅថ្ងៃឈប់សំរាក