យ៉ូហាន 5:38-47

យ៉ូហាន 5:38-47 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

អ្នក​រាល់​គ្នា​គ្មាន​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ នៅ​ជាប់​ក្នុង​ខ្លួន​សោះ ព្រោះ​អ្នក​រាល់​គ្នា​មិន​ជឿ​ព្រះ‌អង្គ ដែល​ព្រះ‌វរបិតា​បាន​ចាត់​ឲ្យ​មក។ អ្នក​រាល់​គ្នា​សិក្សា​គម្ពីរ ដោយ​ស្មាន​ថា បាន​ជីវិត​អស់​កល្ប​ជា‌និច្ច​ពី​គម្ពីរ​នោះ ដ្បិត​គម្ពីរ​នោះ​ហើយ ដែល​ធ្វើ​បន្ទាល់​អំពី​ខ្ញុំ តែ​អ្នក​រាល់​គ្នា​មិន​ព្រម​មក​រក​ខ្ញុំ ឲ្យ​បាន​ជីវិត​ឡើយ។ ខ្ញុំ​មិន​ទទួល​កិត្តិសព្ទ​ពី​មនុស្ស​ទេ។ ប៉ុន្តែ ខ្ញុំ​ដឹង​ថា អ្នក​រាល់​គ្នា​គ្មាន​សេចក្តី​ស្រឡាញ់​របស់​ព្រះ​នៅ​ក្នុង​ខ្លួន​សោះ។ ខ្ញុំ​មក​ក្នុង​ព្រះ‌នាម​របស់​ព្រះ‌វរបិតា​ខ្ញុំ តែ​អ្នក​រាល់​គ្នា​មិន​ទទួល​ខ្ញុំ​ទេ ប្រសិន‌បើ​មាន​អ្នក​ណា​ម្នាក់​ទៀត​មក ក្នុង​នាម​របស់​គេ អ្នក​រាល់​គ្នា​នឹង​ទទួល​អ្នក​នោះ​វិញ។ ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​រាល់​គ្នា​ជឿ​បាន បើ​អ្នក​រាល់​គ្នា​ទទួល​កិត្តិសព្ទ​តែ​ពី​គ្នា​ទៅ​វិញ​ទៅ​មក តែ​មិន​ស្វែង​រក​កិត្តិសព្ទ​ដែល​មក​ពី​ព្រះ‌អង្គ ជា​ព្រះ​តែ​មួយ​អង្គ​ដូច្នេះ? កុំ​ស្មាន​ថា ខ្ញុំ​នឹង​ប្តឹង​ព្រះ‌វរបិតា​ពី​អ្នក​រាល់​គ្នា​នោះ​ឡើយ មាន​ម្នាក់​ដែល​ប្តឹង​ពី​អ្នក​រាល់​គ្នា​ហើយ គឺ​លោក​ម៉ូសេ ដែល​អ្នក​រាល់​គ្នា​យក​ជា​ទី​សង្ឃឹម។ ប្រសិន‌បើ​អ្នក​រាល់​គ្នា​ជឿ​ដល់​លោក​ម៉ូសេ អ្នក​រាល់​គ្នា​នឹង​ជឿ​ដល់​ខ្ញុំ​មិន​ខាន ព្រោះ​លោក​បាន​ចែង​ទុក​អំពី​ខ្ញុំ។ ប៉ុន្តែ បើ​អ្នក​រាល់​គ្នា​មិន​ជឿ​សេចក្តី​ដែល​លោក​បាន​ចែង​ទុក​មក​ទេ ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​រាល់​គ្នា​ជឿ​ពាក្យ​របស់​ខ្ញុំ​បាន?»

ចែក​រំលែក
អាន យ៉ូហាន 5

យ៉ូហាន 5:38-47 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

អ្នក​រាល់​គ្នា​គ្មាន​ព្រះ‌បន្ទូល​របស់​ព្រះអង្គ​នៅ​ក្នុង​ចិត្ត​ទេ ព្រោះ​អ្នក​រាល់​គ្នា​ពុំ​ជឿ​អ្នក​ដែល​ព្រះ‌បិតា​បាន​ចាត់​ឲ្យ​មក។ អ្នក​រាល់​គ្នា​ខំ​ពិនិត្យ‌ពិច័យ​មើល​គម្ពីរ ព្រោះ​នឹក​ស្មាន​ថា​នឹង​បាន​ជីវិត​អស់‌កល្ប​ជានិច្ច ដោយ‌សារ​គម្ពីរ​ទាំង​នេះ គឺ​គម្ពីរ​នេះ​ហើយ​ធ្វើ​ជា​បន្ទាល់​ឲ្យ​ខ្ញុំ ប៉ុន្តែ អ្នក​រាល់​គ្នា​មិន​ចង់​មក​រក​ខ្ញុំ ដើម្បី​ឲ្យ​បាន​ជីវិត​ឡើយ។ ខ្ញុំ​មិន​ចង់​ទទួល​សិរី‌រុងរឿង​ពី​មនុស្ស​ទេ។ ម្យ៉ាង​ទៀត ខ្ញុំ​ស្គាល់​ចិត្ត​អ្នក​រាល់​គ្នា​ហើយ អ្នក​រាល់​គ្នា​គ្មាន​ចិត្ត​ស្រឡាញ់​ព្រះ‌ជាម្ចាស់​សោះ។ ខ្ញុំ​មក ក្នុង​ព្រះ‌នាម​ព្រះ‌បិតា​ខ្ញុំ តែ​អ្នក​រាល់​គ្នា​មិន​ទទួល​ខ្ញុំ​ឡើយ។ ប្រសិន​បើ​មាន​ម្នាក់​ទៀត​មក​ក្នុង​នាម​ខ្លួន​គេ​ផ្ទាល់ អ្នក​រាល់​គ្នា​មុខ​ជា​ទទួល​គេ​មិន​ខាន! តើ​ឲ្យ​អ្នក​រាល់​គ្នា​អាច​ជឿ​ដូច​ម្ដេច​បាន បើ​អ្នក​រាល់​គ្នា​ចូល​ចិត្ត​ទទួល​សិរី‌រុងរឿង​តែ​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ដូច្នេះ ហើយ​ពុំ​ស្វែង​រក​សិរី‌រុងរឿង​ពី​ព្រះ‌ជាម្ចាស់​តែ​មួយ​គត់​សោះ​នោះ? កុំ​នឹក​ស្មាន​ថា​ខ្ញុំ​នឹង​ចោទ​ប្រកាន់​អ្នក​រាល់​គ្នា​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌បិតា​ឡើយ គឺ​លោក​ម៉ូសេ​ជា​ទី​សង្ឃឹម​របស់​អ្នក​រាល់​គ្នា​វិញ​ទេ ដែល​នឹង​ចោទ​ប្រកាន់។ ប្រសិន​បើ​អ្នក​រាល់​គ្នា​ជឿ​ពាក្យ​លោក​ម៉ូសេ អ្នក​រាល់​គ្នា​មុខ​ជា​ជឿ​ខ្ញុំ​មិន​ខាន ព្រោះ​លោក​បាន​សរសេរ​ទុក​ក្នុង​គម្ពីរ​ស្ដី​អំពី​ខ្ញុំ ប៉ុន្តែ បើ​អ្នក​រាល់​គ្នា​មិន​ជឿ​សេចក្ដី​ដែល​លោក​បាន​សរសេរ​ទុក​ទៅ​ហើយ​នោះ ធ្វើ​ម្ដេច​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ជឿ​ពាក្យ​របស់​ខ្ញុំ​បាន!»។

ចែក​រំលែក
អាន យ៉ូហាន 5

យ៉ូហាន 5:38-47 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

អ្នក​រាល់​គ្នា​គ្មាន​ព្រះ‌បន្ទូល​ទ្រង់​នៅ​ក្នុង​ខ្លួន​សោះ ពី​ព្រោះ​អ្នក​រាល់​គ្នា​មិន​ជឿ​ដល់​ព្រះ‌អង្គ ដែល​ទ្រង់​ចាត់​ឲ្យ​មក​នេះ អ្នក​រាល់​គ្នា​ស្ទង់​មើល​គម្ពីរ ដោយ​ស្មាន​ថា បាន​ជីវិត​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច​អំពី​គម្ពីរ​នោះ​មក គឺ​ជា​គម្ពីរ​នោះ​ឯង ដែល​ធ្វើ​បន្ទាល់​ពី​ខ្ញុំ តែ​អ្នក​រាល់​គ្នា​មិន​សុខ​ចិត្ត​មក​ឯ​ខ្ញុំ ឲ្យ​បាន​ជីវិត​ទេ។ ខ្ញុំ​មិន​ទទួល​កិត្តិសព្ទ​អំពី​មនុស្ស​ទេ ខ្ញុំ​ស្គាល់​អ្នក​រាល់​គ្នា​ហើយ ថា​គ្មាន​សេចក្ដី​ស្រឡាញ់​របស់​ព្រះ នៅ​ក្នុង​ខ្លួន​អ្នក​រាល់​គ្នា​សោះ ខ្ញុំ​បាន​មក​ដោយ​នូវ​ព្រះ‌នាម​របស់​ព្រះវរ‌បិតា​ខ្ញុំ តែ​អ្នក​រាល់​គ្នា​មិន​ទទួល​ខ្ញុំ​ទេ បើ​សិន​ជា​មាន​អ្នក​ណា​ទៀត​មក ដោយ​នូវ​ឈ្មោះ​របស់​ខ្លួន​គេ នោះ​អ្នក​រាល់​គ្នា​នឹង​ទទួល​អ្នក​នោះ​វិញ ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​រាល់​គ្នា​ជឿ​បាន ដែល​ទទួល​កិត្តិសព្ទ​តែ​ពី​គ្នា​ឯង ឥត​ស្វែង​រក​កិត្តិសព្ទ ដែល​មក​ពី​ព្រះ‌អង្គ​ដ៏​ជា​ព្រះ​តែ​១​អង្គ​ទ្រង់​ដូច្នេះ កុំ​ឲ្យ​ស្មាន​ថា ខ្ញុំ​នឹង​ប្តឹង​ដល់​ព្រះវរ‌បិតា ពី​អ្នក​រាល់​គ្នា​នោះ​ឡើយ មាន​ម្នាក់​ដែល​ប្តឹង​ពី​អ្នក​រាល់​គ្នា​ហើយ គឺ​ជា​លោក​ម៉ូសេ ដែល​អ្នក​រាល់​គ្នា​យក​ជា​ទី​សង្ឃឹម បើ​សិន​ជា​អ្នក​រាល់​គ្នា​ជឿ​ដល់​លោក​ម៉ូសេ​ពិត នោះ​នឹង​បាន​ជឿ​ដល់​ខ្ញុំ​ដែរ ពី​ព្រោះ​លោក​បាន​ចែង​ទុក​ពី​ខ្ញុំ ប៉ុន្តែ បើ​អ្នក​រាល់​គ្នា​មិន​ជឿ​សេចក្ដី ដែល​លោក​បាន​ចែង​ទុក​មក​ទេ នោះ​ធ្វើ​ដូច​ម្តេច​ឲ្យ​ជឿ​ពាក្យ​ខ្ញុំ​ទៅ​បាន។

ចែក​រំលែក
អាន យ៉ូហាន 5