យ៉ូហាន 4:7-14
យ៉ូហាន 4:7-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
មានស្ត្រីសាសន៍សាម៉ារីម្នាក់មកដងទឹក ហើយព្រះយេស៊ូវមានព្រះបន្ទូលទៅនាងថា៖ «ខ្ញុំសុំទឹកទទួលទានផង»។ (ដ្បិតពួកសិស្សរបស់ព្រះអង្គបានចូលទៅក្នុងក្រុងដើម្បីទិញអាហារ)។ ស្ត្រីសាសន៍សាម៉ារីនោះទូលព្រះអង្គថា៖ «ម្តេចលោកជាសាសន៍យូដាមកសុំទឹកនាងខ្ញុំ ដែលជាស្រីសាសន៍សាម៉ារីដូច្នេះ?» (សាសន៍យូដាមិនដែលប្រកបនឹងសាសន៍សាម៉ារីទេ)។ ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយទៅនាងថា៖ «ប្រសិនបើនាងស្គាល់អំណោយទានរបស់ព្រះ និងអ្នកដែលនិយាយនឹងនាងថា "ខ្ញុំសុំទឹកទទួលទានផង" នោះនាងនឹងសុំពីអ្នកនោះវិញ ហើយអ្នកនោះនឹងឲ្យទឹករស់ដល់នាង»។ ស្ត្រីនោះទូលព្រះអង្គថា៖ «លោកម្ចាស់! លោកគ្មានអ្វីដងទេ ហើយអណ្តូងក៏ជ្រៅផង តើលោកបានទឹករស់នោះពីណាមក? តើលោកធំជាងលោកយ៉ាកុប ជាបុព្វបុរសរបស់យើងដែលបានឲ្យអណ្តូងនេះមកយើងឬ? លោកយ៉ាកុប កូនចៅរបស់លោក និងហ្វូងសត្វរបស់លោកក៏ផឹកទឹកនេះដែរ»។ ព្រះយេស៊ូវមានព្រះបន្ទូលទៅនាងថា៖ «អ្នកណាដែលផឹកទឹកនេះ នឹងត្រូវស្រេកទៀត តែអ្នកណាដែលផឹកទឹកខ្ញុំឲ្យ នោះនឹងមិនស្រេកទៀតឡើយ ទឹកដែលខ្ញុំឲ្យ នឹងក្លាយជាប្រភពទឹកនៅក្នុងអ្នកនោះ ដែលផុសឡើងឲ្យបានជីវិតអស់កល្បជានិច្ច»។
យ៉ូហាន 4:7-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មានស្ត្រីសាសន៍សាម៉ារីម្នាក់មកដងទឹក ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖ «ខ្ញុំសុំទឹកទទួលទានបន្តិច»។ (សិស្សនាំគ្នាទៅរកទិញស្បៀងអាហារនៅឯភូមិ)។ ស្ត្រីសាម៉ារីទូលព្រះអង្គថា៖ «លោកជាសាសន៍យូដា ម្ដេចក៏លោកមកសុំទឹកនាងខ្ញុំជាស្ត្រីសាសន៍សាម៉ារីពិសាដូច្នេះ?» (ដ្បិតសាសន៍យូដា និងសាសន៍សាម៉ារីមិនត្រូវគ្នាទេ)។ ព្រះយេស៊ូមានព្រះបន្ទូលតបទៅនាងថា៖ «ប្រសិនបើនាងស្គាល់ព្រះអំណោយទានរបស់ព្រះជាម្ចាស់ និងស្គាល់អ្នកដែលនិយាយទៅកាន់នាងថា “ខ្ញុំសុំទឹកទទួលទានបន្តិច” នោះនាងមុខជាសុំទឹកពីលោកវិញពុំខាន ហើយលោកនឹងឲ្យទឹកដល់នាង គឺជាទឹកដែលផ្ដល់ជីវិត»។ នាងទូលព្រះអង្គថា៖ «លោកម្ចាស់! លោកគ្មានអ្វីដងទឹកសោះ រីឯអណ្ដូងសោតក៏ជ្រៅទៀតផង តើលោកបានទឹកដែលផ្ដល់ជីវិតនោះពីណាមក? តើលោកមានឋានៈធំជាងលោកយ៉ាកុប ជាបុព្វបុរស*របស់យើង ដែលបានទុកអណ្ដូងនេះឲ្យយើងឬ? លោកយ៉ាកុប និងកូនចៅរបស់លោកបានពិសាទឹកអណ្ដូងនេះ ហើយសត្វរបស់លោកក៏បានផឹកទឹកអណ្ដូងនេះដែរ»។ ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖ «អស់អ្នកដែលពិសាទឹកនេះនៅតែស្រេកតទៅមុខទៀត រីឯអ្នកដែលពិសាទឹកខ្ញុំឲ្យនោះ នឹងមិនស្រេកទៀតសោះឡើយ ដ្បិតទឹកខ្ញុំឲ្យនឹងបានទៅជាប្រភពទឹក ដែលផុសឡើងផ្ដល់ជីវិតអស់កល្បជានិច្ច»។
យ៉ូហាន 4:7-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
មានស្ត្រីសាសន៍សាម៉ារីម្នាក់មកដងទឹក ហើយព្រះយេស៊ូវមានបន្ទូលទៅនាងថា សូមឲ្យខ្ញុំផឹកផង ព្រោះពួកសិស្សទ្រង់បានទៅផ្សារអស់ ដើម្បីនឹងរកទិញស្បៀងអាហារ ស្ត្រីសាសន៍សាម៉ារីនោះក៏ទូលថា លោកជាសាសន៍យូដា ម្តេចឡើយក៏លោកសូមទឹកខ្ញុំពិសា ដែលខ្ញុំជាស្រីសាសន៍សាម៉ារីដូច្នេះ (នេះដ្បិតសាសន៍យូដាមិនដែលប្រកបនឹងសាសន៍សាម៉ារីទេ) ព្រះយេស៊ូវមានបន្ទូលឆ្លើយថា បើសិនជានាងបានស្គាល់អំណោយទាននៃព្រះ នឹងអ្នកដែលនិយាយនឹងនាងថា សូមឲ្យខ្ញុំផឹកផង នោះនាងនឹងបានសូមពីអ្នកនោះវិញ រួចអ្នកនោះនឹងឲ្យទឹករស់ដល់នាង ស្ត្រីនោះក៏ទូលទ្រង់ថា លោកម្ចាស់ លោកគ្មានអ្វីនឹងដងទេ ហើយអណ្តូងក៏ជ្រៅផង ដូច្នេះ លោកបានទឹករស់នោះពីណាមក តើលោកធំជាងយ៉ាកុប ជាឰយុកោយើងខ្ញុំ ដែលឲ្យអណ្តូងនេះមកយើងខ្ញុំ ហើយទាំងខ្លួនលោក កូនចៅ នឹងហ្វូងសត្វរបស់លោក ក៏បានផឹកផងឬអី ព្រះយេស៊ូវមានបន្ទូលឆ្លើយថា អស់អ្នកណាដែលផឹកទឹកនេះ នឹងត្រូវស្រេកទៀត តែអ្នកណាដែលផឹកទឹកខ្ញុំឲ្យ នោះនឹងមិនស្រេកទៀតឡើយ ទឹកដែលខ្ញុំឲ្យ នឹងត្រឡប់ជារន្ធទឹកនៅក្នុងអ្នកនោះ ដែលផុសឡើងដល់ទៅបានជីវិតអស់កល្បជានិច្ច