យ៉ូហាន 4:27-38

យ៉ូហាន 4:27-38 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​នោះ ពួក​សិស្ស​ព្រះ‌អង្គ​ក៏​មក​ដល់ គេ​នឹក​ប្លែក​ដោយ​ឃើញ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ជា​មួយ​ស្ត្រី​ដូច្នេះ តែ​គ្មាន​អ្នក​ណា​ហ៊ាន​ទូល​សួរ​ថា ព្រះ‌អង្គ​សួរ​រក​អ្វី ឬ​ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ជា​មួយ​នាង​ឡើយ។ ស្ត្រី​នោះ​ទុក​ក្អម​ចោល ចូល​ទៅ​ក្នុង​ក្រុង ហើយ​ប្រាប់​គេ​ថា៖ «ចូរ​មក​មើល៍! មាន​បុរស​ម្នាក់​ប្រាប់​ខ្ញុំ​ពី​គ្រប់​ការ​ទាំង​អស់​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត តើ​អ្នក​នោះ​មិន​មែន​ជា​ព្រះ‌គ្រីស្ទ​ទេ​ឬ?» គេ​ក៏​ចេញ​ពី​ទី​ក្រុង ហើយ​នាំ​គ្នា​មក​រក​ព្រះ‌អង្គ។ ខណៈ​នោះ ពួក​សិស្ស​ទូល​ព្រះ‌អង្គ​ថា៖ «រ៉ាប៊ី សូម​អញ្ជើញ​ពិសា!» ប៉ុន្តែ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​មាន​អាហារ​ទទួល​ទាន​ហើយ ជា​អាហារ​ដែល​អ្នក​រាល់​គ្នា​មិន​ស្គាល់»។ ពួក​សិស្ស​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «មាន​អ្នក​ណា​យក​អ្វី​មក​ជូន​លោក​ពិសា​ទេ​ដឹង?» ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «អាហារ​របស់​ខ្ញុំ គឺ​ធ្វើ​តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក និង​បង្ហើយ​កិច្ច‌ការ​របស់​ព្រះ‌អង្គ។ តើ​អ្នក​រាល់​គ្នា​មិន​ថា "នៅ​បួន​ខែ​ទៀត​ដល់​រដូវ​ចម្រូត" ទេ​ឬ? តែ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ចូរ​មើល​ទៅ​វាល​ស្រែ​ជុំ​វិញ​អ្នក​ចុះ ស្រូវ​ទុំ​ល្មម​ច្រូត​ហើយ។ អ្នក​ច្រូត​បាន​ទទួល​ប្រាក់​ឈ្នួល ហើយ​កំពុង​ប្រមូល​ផល​សម្រាប់​ជីវិត​អស់​កល្ប​ជា‌និច្ច ដើម្បី​ឲ្យ​អ្នក​ព្រោះ និង​អ្នក​ច្រូត​បាន​អរ​សប្បាយ​ជា​មួយ​គ្នា។ ដ្បិត​ពាក្យ​នេះ​ត្រូវ​ណាស់ ដូច​ពាក្យ​ចាស់​ពោល​ថា៖ "ម្នាក់​ព្រោះ ម្នាក់​ទៀត​ច្រូត"។ ខ្ញុំ​បាន​ចាត់​អ្នក​រាល់​គ្នា​ឲ្យ​ទៅ​ច្រូត​ចម្រូត ដែល​អ្នក​រាល់​គ្នា​មិន​បាន​នឿយ​ហត់ គឺ​អ្នក​ផ្សេង​ទៀត​បាន​នឿយ​ហត់ ហើយ​អ្នក​រាល់​គ្នា​បាន​ទទួល​ផល​ពី​ការ​នឿយ​ហត់​របស់​គេ»។

ចែក​រំលែក
អាន យ៉ូហាន 4

យ៉ូហាន 4:27-38 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពេល​នោះ ពួក​សិស្ស​ត្រឡប់​មក​ដល់ ឃើញ​ព្រះអង្គ​កំពុង​និយាយ​ជា​មួយ​ស្ត្រី​ដូច្នេះ គេ​ងឿង‌ឆ្ងល់​ជា​ខ្លាំង តែ​គ្មាន​នរណា​ទូល​សួរ​ព្រះអង្គ​ថា ព្រះអង្គ​សួរ​រក​អ្វី ឬ​ហេតុ​ដូច​ម្ដេច​ក៏​មាន​ព្រះ‌បន្ទូល​ជា​មួយ​នាង​ឡើយ។ ស្ត្រី​នោះ​ទុក​ក្អម​ចោល រត់​ចូល​ទៅ​ក្នុង​ភូមិ ប្រាប់​អ្នក​ស្រុក​ថា៖ «សុំ​មក​មើល​បុរស​ម្នាក់ លោក​មាន​ប្រសាសន៍​ប្រាប់​ខ្ញុំ​នូវ​អំពើ​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត។ លោក​នោះ​ជា​ព្រះ‌គ្រិស្ត​ហើយ​មើល​ទៅ!»។ អ្នក​ស្រុក​នាំ​គ្នា​ចេញ​ពី​ភូមិ​ទៅ​រក​ព្រះ‌យេស៊ូ។ ក្នុង​ពេល​ជា​មួយ​គ្នា​នោះ ពួក​សិស្ស​ទូល​ព្រះអង្គ​ថា៖ «លោក​គ្រូ សូម​អញ្ជើញ​ពិសា!»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​មាន​អាហារ​បរិភោគ​ហើយ ជា​អាហារ​ដែល​អ្នក​រាល់​គ្នា​ពុំ​ស្គាល់»។ ពួក​សិស្ស​ក៏​និយាយ​គ្នា​ថា៖ «ប្រហែល​ជា​មាន​នរណា​ម្នាក់​យក​អាហារ​មក​ជូន​លោក​ហើយ​ទេ​ដឹង?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «អាហារ​របស់​ខ្ញុំ​គឺ​ធ្វើ​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ព្រម​ទាំង​បង្ហើយ​កិច្ចការ​របស់​ព្រះអង្គ​ឲ្យ​បាន​សម្រេច។ អ្នក​រាល់​គ្នា​តែង​ពោល​ថា “បួន​ខែ​ទៀត​ដល់​រដូវ​ចម្រូត”។ រីឯ​ខ្ញុំ​វិញ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ចូរ​មើល​ទៅ​វាល​ស្រែ​មើល៍ ស្រូវ​ទុំ​ល្មម​ច្រូត​ហើយ។ អ្នក​ច្រូត​បាន​ប្រាក់​ឈ្នួល​របស់​ខ្លួន ហើយ​កំពុង​ប្រមូល​ផល​ទុក​សម្រាប់​ជីវិត​អស់‌កល្ប​ជានិច្ច ដូច្នេះ អ្នក​សាប​ព្រោះ និង​អ្នក​ច្រូត​កាត់​បាន​សប្បាយ​រួម​ជា​មួយ​គ្នា ស្រប​តាម​ពាក្យ​ចាស់​លោក​ថា: “ម្នាក់​ព្រោះ ម្នាក់​ទៀត​ច្រូត”។ ខ្ញុំ​បាន​ចាត់​អ្នក​រាល់​គ្នា​ឲ្យ​ទៅ​ច្រូត នៅ​ក្នុង​ស្រែ​ដែល​អ្នក​រាល់​គ្នា​ពុំ​បាន​ធ្វើ​ការ​នឿយ‌ហត់ គឺ​អ្នក​ផ្សេង​ទៀត​បាន​ធ្វើ​ការ​នឿយ‌ហត់ ហើយ​អ្នក​រាល់​គ្នា​ទទួល​ផល​ពី​ការ​នឿយ‌ហត់​របស់​អ្នក​ទាំង​នោះ»។

ចែក​រំលែក
អាន យ៉ូហាន 4

យ៉ូហាន 4:27-38 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ខណ​នោះ ពួក​សិស្ស​ទ្រង់​មក​ដល់ ក៏​នឹក​ប្លែក​ពី​ទ្រង់​មាន​បន្ទូល​នឹង​ស្ត្រី​នោះ ប៉ុន្តែ​គ្មាន​អ្នក​ណា​ទូល​សួរ​ថា ទ្រង់​សួរ​រក​អ្វី ឬ​ថា ទ្រង់​មាន​បន្ទូល​នឹង​ស្ត្រី​នេះ​ធ្វើ​អី​នោះ​ទេ ឯ​ស្ត្រី​នោះ នាង​ទុក​ក្អម​ចោល ក៏​ចូល​ក្នុង​ក្រុង​ដំណាល​ប្រាប់​គេ​ថា ចូរ​មក​មើល មាន​មនុស្ស​ម្នាក់ ដែល​ប្រាប់​ខ្ញុំ​ពី​គ្រប់​អំពើ​ទាំង​អស់ ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត តើ​អ្នក​នោះ​មិន​មែន​ជា​ព្រះ‌គ្រីស្ទ​ទេ​ឬ​អី គេ​ក៏​ចេញ​ពី​ទី​ក្រុង​ទៅ​ឯ​ទ្រង់។ ក្នុង​រវាង​នោះ ពួក​សិស្ស​ទូល​ទ្រង់​ថា លោក​គ្រូ អញ្ជើញ​ពិសា តែ​ទ្រង់​មាន​បន្ទូល​ថា ខ្ញុំ​មាន​អាហារ​សំរាប់​ទទួល​ទាន​ហើយ គឺ​ជា​អាហារ​ដែល​អ្នក​រាល់​គ្នា​មិន​ស្គាល់ ដូច្នេះ ពួក​សិស្ស​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ថា មាន​អ្នក​ណា​យក​អ្វី​មក​ជូន​លោក​ពិសា​ដែរ​ឬ​អី នោះ​ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​គេ​ថា ឯ​អាហារ​ខ្ញុំ គឺ​ត្រង់​ដែល​ខ្ញុំ​ធ្វើ​តាម​ព្រះ‌ហឫទ័យ​នៃ​ព្រះ ដែល​ចាត់​ឲ្យ​ខ្ញុំ​មក ព្រម​ទាំង​បង្ហើយ​ការ​របស់​ទ្រង់​នោះ​ឯង តើ​អ្នក​រាល់​គ្នា​មិន​ថា នៅ​៤​ខែ​ទៀត ទើប​ដល់​រដូវ​ចំរូត​ទេ​ឬ​អី ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ចូរ​ងើប​ឡើង​មើល​ទៅ​ស្រែ​មើល ដ្បិត​បាន​ក្រហម​ល្មម​ច្រូត​ហើយ អ្នក​ណា​ដែល​ច្រូត នោះ​បាន​រង្វាន់ ក៏​ប្រមូល​ផល​សំរាប់​ជីវិត​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច ដើម្បី​ឲ្យ​អ្នក​ដែល​ព្រោះ នឹង​អ្នក​ដែល​ច្រូត បាន​អរ​សប្បាយ​ផង​គ្នា ដ្បិត​ចំពោះ​ដំណើរ​នេះ នោះ​ពាក្យ​ទំនៀម​នេះ​ត្រូវ​ណាស់​ថា ម្នាក់​ព្រោះ ម្នាក់​ទៀត​ច្រូត ខ្ញុំ​បាន​ចាត់​អ្នក​រាល់​គ្នា​ទៅ​ច្រូត​ចំរូត ដែល​មិន​បាន​នឿយ​នឹង​ធ្វើ​សោះ មាន​អ្នក​ឯ​ទៀត​បាន​នឿយ‌ហត់ ហើយ​អ្នក​រាល់​គ្នា​បាន​ចូល​ទៅ​ក្នុង​ការ​របស់​គេ។

ចែក​រំលែក
អាន យ៉ូហាន 4