យ៉ូហាន 4:19-25
យ៉ូហាន 4:19-25 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ស្ត្រីនោះទូលព្រះអង្គថា៖ «លោកម្ចាស់ នាងខ្ញុំយល់ថា លោកពិតជាហោរាហើយ។ បុព្វបុរសរបស់យើងថ្វាយបង្គំនៅលើភ្នំនេះ តែពួកលោកថា កន្លែងដែលមនុស្សត្រូវថ្វាយបង្គំ គឺនៅក្រុងយេរូសាឡិម»។ ព្រះយេស៊ូវមានព្រះបន្ទូលទៅនាងថា៖ «នាងអើយ ជឿខ្ញុំចុះ ពេលវេលានោះមកដល់ហើយ ដែលអ្នករាល់គ្នានឹងមិនថ្វាយបង្គំព្រះវរបិតានៅលើភ្នំនេះ ឬនៅក្រុងយេរូសាឡិមទៀតឡើយ។ អ្នករាល់គ្នាមិនដឹងថាអ្នករាល់គ្នាថ្វាយបង្គំអ្វីទេ តែយើងស្គាល់ព្រះដែលយើងថ្វាយបង្គំ ដ្បិតការសង្គ្រោះកើតមកពីសាសន៍យូដា។ ប៉ុន្តែ ពេលវេលានោះ នឹងមកដល់ គឺឥឡូវនេះហើយ អ្នកថ្វាយបង្គំពិតប្រាកដ នឹងថ្វាយបង្គំព្រះវរបិតាដោយវិញ្ញាណ និងសេចក្តីពិត ព្រោះព្រះវរបិតាស្វែងរកអ្នកថ្វាយបង្គំព្រះអង្គយ៉ាងនោះឯង។ ព្រះជាវិញ្ញាណ ហើយអ្នកណាដែលថ្វាយបង្គំព្រះអង្គ ត្រូវតែថ្វាយបង្គំដោយវិញ្ញាណ និងសេចក្តីពិត»។ ស្ត្រីនោះទូលព្រះអង្គថា៖ «នាងខ្ញុំដឹងថា ព្រះមែស្ស៊ី (ដែលហៅថាព្រះគ្រីស្ទ)នឹងយាងមក ពេលព្រះអង្គយាងមក ព្រះអង្គនឹងប្រាប់ឲ្យយើងដឹងគ្រប់ទាំងអស់»។
យ៉ូហាន 4:19-25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នាងទូលព្រះអង្គថា៖ «លោកម្ចាស់ នាងខ្ញុំយល់ថា លោកពិតជាព្យាការី*មែន។ បុព្វបុរសរបស់យើងនាំគ្នាថ្វាយបង្គំព្រះជាម្ចាស់នៅលើភ្នំនេះ តែពួកលោកជាសាសន៍យូដាតែងនិយាយថា ត្រូវថ្វាយបង្គំព្រះអង្គនៅក្រុងយេរូសាឡឹមវិញ»។ ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖ «នាងអើយ ជឿខ្ញុំចុះ ដល់ពេលកំណត់ មិនមែននៅលើភ្នំនេះ ឬនៅក្រុងយេរូសាឡឹមទៀតទេ ដែលអ្នករាល់គ្នានឹងថ្វាយបង្គំព្រះបិតា។ អ្នករាល់គ្នាមិនស្គាល់ព្រះអង្គដែលអ្នករាល់គ្នាថ្វាយបង្គំទេ រីឯយើងវិញ យើងស្គាល់ព្រះអង្គដែលយើងថ្វាយបង្គំ ដ្បិតការសង្គ្រោះចេញមកពីជនជាតិយូដា។ ប៉ុន្តែ ដល់ពេលកំណត់ គឺឥឡូវហ្នឹងហើយ អ្នកថ្វាយបង្គំដ៏ពិតប្រាកដនឹងថ្វាយបង្គំព្រះបិតាតាមវិញ្ញាណ និងតាមសេចក្ដីពិត ដ្បិតព្រះបិតាសព្វព្រះហឫទ័យនឹងអ្នកថ្វាយបង្គំបែបនេះឯង។ ព្រះជាម្ចាស់ជាវិញ្ញាណ ហេតុនេះ អស់អ្នកដែលថ្វាយបង្គំព្រះអង្គត្រូវតែថ្វាយបង្គំតាមវិញ្ញាណ និងតាមសេចក្ដីពិត»។ ស្ត្រីនោះទូលព្រះអង្គថា៖ «នាងខ្ញុំដឹងហើយថា ព្រះមេស្ស៊ីហៅព្រះគ្រិស្ត*នឹងយាងមក។ កាលណាព្រះអង្គយាងមកដល់ ព្រះអង្គនឹងប្រទានឲ្យយើងដឹងសព្វគ្រប់ទាំងអស់»។
យ៉ូហាន 4:19-25 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ស្ត្រីនោះទូលទ្រង់ថា លោកម្ចាស់អើយ ខ្ញុំយល់ឃើញថា លោកជាហោរា ឯពួកឰយុកោយើងខ្ញុំ បានថ្វាយបង្គំនៅលើភ្នំនេះ តែពួកលោកថា ក្រុងយេរូសាឡិមជាកន្លែងដែលត្រូវថ្វាយបង្គំវិញ ព្រះយេស៊ូវមានបន្ទូលថា នាងស្រីអើយ ចូរជឿខ្ញុំថា នឹងមានពេលវេលាមក ដែលអ្នករាល់គ្នានឹងមិនថ្វាយបង្គំព្រះវរបិតា នៅលើភ្នំនេះ ឬនៅក្រុងយេរូសាឡិមទេ អ្នករាល់គ្នាមិនដឹងជាខ្លួនថ្វាយបង្គំអ្វីទេ ឯយើងវិញ យើងស្គាល់ព្រះដែលយើងថ្វាយបង្គំ ដ្បិតសេចក្ដីសង្គ្រោះកើតមកពីសាសន៍យូដា តែនឹងមានពេលវេលាមក ក៏នៅឥឡូវនេះហើយ នោះពួកអ្នកដែលថ្វាយបង្គំដោយពិតត្រង់ គេនឹងថ្វាយបង្គំព្រះវរបិតា ដោយវិញ្ញាណ នឹងសេចក្ដីពិត ពីព្រោះព្រះវរបិតា ទ្រង់រកពួកអ្នកយ៉ាងនោះ ឲ្យបានថ្វាយបង្គំទ្រង់ ឯព្រះ ទ្រង់ជាវិញ្ញាណ ហើយអ្នកណាដែលថ្វាយបង្គំទ្រង់ នោះត្រូវតែថ្វាយបង្គំ ដោយវិញ្ញាណ នឹងសេចក្ដីពិតដែរ ស្ត្រីនោះទូលទ្រង់ថា ខ្ញុំដឹងហើយថា ព្រះមែស្ស៊ី ដែលហៅជាព្រះគ្រីស្ទ ទ្រង់នឹងយាងមក កាលណាមកហើយ នោះទ្រង់នឹងប្រាប់ឲ្យយើងខ្ញុំដឹងគ្រប់ទាំងអស់