យ៉ូហាន 4:19-22
យ៉ូហាន 4:19-22 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ស្ត្រីនោះទូលព្រះអង្គថា៖ «លោកម្ចាស់ នាងខ្ញុំយល់ថា លោកពិតជាហោរាហើយ។ បុព្វបុរសរបស់យើងថ្វាយបង្គំនៅលើភ្នំនេះ តែពួកលោកថា កន្លែងដែលមនុស្សត្រូវថ្វាយបង្គំ គឺនៅក្រុងយេរូសាឡិម»។ ព្រះយេស៊ូវមានព្រះបន្ទូលទៅនាងថា៖ «នាងអើយ ជឿខ្ញុំចុះ ពេលវេលានោះមកដល់ហើយ ដែលអ្នករាល់គ្នានឹងមិនថ្វាយបង្គំព្រះវរបិតានៅលើភ្នំនេះ ឬនៅក្រុងយេរូសាឡិមទៀតឡើយ។ អ្នករាល់គ្នាមិនដឹងថាអ្នករាល់គ្នាថ្វាយបង្គំអ្វីទេ តែយើងស្គាល់ព្រះដែលយើងថ្វាយបង្គំ ដ្បិតការសង្គ្រោះកើតមកពីសាសន៍យូដា។
យ៉ូហាន 4:19-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នាងទូលព្រះអង្គថា៖ «លោកម្ចាស់ នាងខ្ញុំយល់ថា លោកពិតជាព្យាការី*មែន។ បុព្វបុរសរបស់យើងនាំគ្នាថ្វាយបង្គំព្រះជាម្ចាស់នៅលើភ្នំនេះ តែពួកលោកជាសាសន៍យូដាតែងនិយាយថា ត្រូវថ្វាយបង្គំព្រះអង្គនៅក្រុងយេរូសាឡឹមវិញ»។ ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖ «នាងអើយ ជឿខ្ញុំចុះ ដល់ពេលកំណត់ មិនមែននៅលើភ្នំនេះ ឬនៅក្រុងយេរូសាឡឹមទៀតទេ ដែលអ្នករាល់គ្នានឹងថ្វាយបង្គំព្រះបិតា។ អ្នករាល់គ្នាមិនស្គាល់ព្រះអង្គដែលអ្នករាល់គ្នាថ្វាយបង្គំទេ រីឯយើងវិញ យើងស្គាល់ព្រះអង្គដែលយើងថ្វាយបង្គំ ដ្បិតការសង្គ្រោះចេញមកពីជនជាតិយូដា។
យ៉ូហាន 4:19-22 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ស្ត្រីនោះទូលទ្រង់ថា លោកម្ចាស់អើយ ខ្ញុំយល់ឃើញថា លោកជាហោរា ឯពួកឰយុកោយើងខ្ញុំ បានថ្វាយបង្គំនៅលើភ្នំនេះ តែពួកលោកថា ក្រុងយេរូសាឡិមជាកន្លែងដែលត្រូវថ្វាយបង្គំវិញ ព្រះយេស៊ូវមានបន្ទូលថា នាងស្រីអើយ ចូរជឿខ្ញុំថា នឹងមានពេលវេលាមក ដែលអ្នករាល់គ្នានឹងមិនថ្វាយបង្គំព្រះវរបិតា នៅលើភ្នំនេះ ឬនៅក្រុងយេរូសាឡិមទេ អ្នករាល់គ្នាមិនដឹងជាខ្លួនថ្វាយបង្គំអ្វីទេ ឯយើងវិញ យើងស្គាល់ព្រះដែលយើងថ្វាយបង្គំ ដ្បិតសេចក្ដីសង្គ្រោះកើតមកពីសាសន៍យូដា