យ៉ូហាន 4:13-26
យ៉ូហាន 4:13-26 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេស៊ូវមានព្រះបន្ទូលទៅនាងថា៖ «អ្នកណាដែលផឹកទឹកនេះ នឹងត្រូវស្រេកទៀត តែអ្នកណាដែលផឹកទឹកខ្ញុំឲ្យ នោះនឹងមិនស្រេកទៀតឡើយ ទឹកដែលខ្ញុំឲ្យ នឹងក្លាយជាប្រភពទឹកនៅក្នុងអ្នកនោះ ដែលផុសឡើងឲ្យបានជីវិតអស់កល្បជានិច្ច»។ ស្ត្រីនោះទូលព្រះអង្គថា៖ «លោកម្ចាស់អើយ! សូមឲ្យទឹកនោះមកនាងខ្ញុំផង កុំឲ្យនាងខ្ញុំស្រេក ហើយរវល់តែមកដងនៅទីនេះទៀត»។ ព្រះយេស៊ូវមានព្រះបន្ទូលទៅនាងថា៖ «ចូរទៅហៅប្តីនាងមកទីនេះ»។ ស្ត្រីនោះទូលព្រះអង្គថា៖ «នាងខ្ញុំគ្មានប្តីទេ»។ ព្រះយេស៊ូវមានព្រះបន្ទូលទៅនាងថា៖ «ដែលនាងថា "នាងខ្ញុំគ្មានប្តីទេ" នោះត្រូវហើយ ដ្បិតនាងធ្លាប់មានប្តីប្រាំមកហើយ ឯអ្នកដែលនៅជាមួយសព្វថ្ងៃ មិនមែនជាប្តីនាងទេ នាងនិយាយនេះត្រូវហើយ!» ស្ត្រីនោះទូលព្រះអង្គថា៖ «លោកម្ចាស់ នាងខ្ញុំយល់ថា លោកពិតជាហោរាហើយ។ បុព្វបុរសរបស់យើងថ្វាយបង្គំនៅលើភ្នំនេះ តែពួកលោកថា កន្លែងដែលមនុស្សត្រូវថ្វាយបង្គំ គឺនៅក្រុងយេរូសាឡិម»។ ព្រះយេស៊ូវមានព្រះបន្ទូលទៅនាងថា៖ «នាងអើយ ជឿខ្ញុំចុះ ពេលវេលានោះមកដល់ហើយ ដែលអ្នករាល់គ្នានឹងមិនថ្វាយបង្គំព្រះវរបិតានៅលើភ្នំនេះ ឬនៅក្រុងយេរូសាឡិមទៀតឡើយ។ អ្នករាល់គ្នាមិនដឹងថាអ្នករាល់គ្នាថ្វាយបង្គំអ្វីទេ តែយើងស្គាល់ព្រះដែលយើងថ្វាយបង្គំ ដ្បិតការសង្គ្រោះកើតមកពីសាសន៍យូដា។ ប៉ុន្តែ ពេលវេលានោះ នឹងមកដល់ គឺឥឡូវនេះហើយ អ្នកថ្វាយបង្គំពិតប្រាកដ នឹងថ្វាយបង្គំព្រះវរបិតាដោយវិញ្ញាណ និងសេចក្តីពិត ព្រោះព្រះវរបិតាស្វែងរកអ្នកថ្វាយបង្គំព្រះអង្គយ៉ាងនោះឯង។ ព្រះជាវិញ្ញាណ ហើយអ្នកណាដែលថ្វាយបង្គំព្រះអង្គ ត្រូវតែថ្វាយបង្គំដោយវិញ្ញាណ និងសេចក្តីពិត»។ ស្ត្រីនោះទូលព្រះអង្គថា៖ «នាងខ្ញុំដឹងថា ព្រះមែស្ស៊ី (ដែលហៅថាព្រះគ្រីស្ទ)នឹងយាងមក ពេលព្រះអង្គយាងមក ព្រះអង្គនឹងប្រាប់ឲ្យយើងដឹងគ្រប់ទាំងអស់»។ ព្រះយេស៊ូវមានព្រះបន្ទូលទៅនាងថា៖ «គឺខ្ញុំនេះហើយ ជាអ្នកដែលកំពុងនិយាយជាមួយនាង»។
យ៉ូហាន 4:13-26 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖ «អស់អ្នកដែលពិសាទឹកនេះនៅតែស្រេកតទៅមុខទៀត រីឯអ្នកដែលពិសាទឹកខ្ញុំឲ្យនោះ នឹងមិនស្រេកទៀតសោះឡើយ ដ្បិតទឹកខ្ញុំឲ្យនឹងបានទៅជាប្រភពទឹក ដែលផុសឡើងផ្ដល់ជីវិតអស់កល្បជានិច្ច»។ ស្ត្រីនោះទូលព្រះអង្គថា៖ «លោកម្ចាស់! សូមមេត្តាផ្ដល់ទឹកនោះមកនាងខ្ញុំផង កុំឲ្យនាងខ្ញុំស្រេក និងកុំឲ្យរវល់មកដងទឹកអណ្ដូងនេះទៀត»។ ព្រះអង្គមានព្រះបន្ទូលទៅនាងថា៖ «សុំអញ្ជើញទៅហៅប្ដីនាង រួចត្រឡប់មកវិញ»។ ស្ត្រីនោះទូលព្រះអង្គថា៖ «នាងខ្ញុំគ្មានប្ដីទេ»។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «នាងនិយាយថា នាងគ្មានប្ដីដូច្នេះត្រូវមែន ព្រោះនាងធ្លាប់មានប្ដីប្រាំមកហើយ រីឯបុរសដែលនៅជាមួយនាងសព្វថ្ងៃ មិនមែនជាប្ដីរបស់នាងទេ នាងនិយាយត្រង់មែន»។ នាងទូលព្រះអង្គថា៖ «លោកម្ចាស់ នាងខ្ញុំយល់ថា លោកពិតជាព្យាការី*មែន។ បុព្វបុរសរបស់យើងនាំគ្នាថ្វាយបង្គំព្រះជាម្ចាស់នៅលើភ្នំនេះ តែពួកលោកជាសាសន៍យូដាតែងនិយាយថា ត្រូវថ្វាយបង្គំព្រះអង្គនៅក្រុងយេរូសាឡឹមវិញ»។ ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖ «នាងអើយ ជឿខ្ញុំចុះ ដល់ពេលកំណត់ មិនមែននៅលើភ្នំនេះ ឬនៅក្រុងយេរូសាឡឹមទៀតទេ ដែលអ្នករាល់គ្នានឹងថ្វាយបង្គំព្រះបិតា។ អ្នករាល់គ្នាមិនស្គាល់ព្រះអង្គដែលអ្នករាល់គ្នាថ្វាយបង្គំទេ រីឯយើងវិញ យើងស្គាល់ព្រះអង្គដែលយើងថ្វាយបង្គំ ដ្បិតការសង្គ្រោះចេញមកពីជនជាតិយូដា។ ប៉ុន្តែ ដល់ពេលកំណត់ គឺឥឡូវហ្នឹងហើយ អ្នកថ្វាយបង្គំដ៏ពិតប្រាកដនឹងថ្វាយបង្គំព្រះបិតាតាមវិញ្ញាណ និងតាមសេចក្ដីពិត ដ្បិតព្រះបិតាសព្វព្រះហឫទ័យនឹងអ្នកថ្វាយបង្គំបែបនេះឯង។ ព្រះជាម្ចាស់ជាវិញ្ញាណ ហេតុនេះ អស់អ្នកដែលថ្វាយបង្គំព្រះអង្គត្រូវតែថ្វាយបង្គំតាមវិញ្ញាណ និងតាមសេចក្ដីពិត»។ ស្ត្រីនោះទូលព្រះអង្គថា៖ «នាងខ្ញុំដឹងហើយថា ព្រះមេស្ស៊ីហៅព្រះគ្រិស្ត*នឹងយាងមក។ កាលណាព្រះអង្គយាងមកដល់ ព្រះអង្គនឹងប្រទានឲ្យយើងដឹងសព្វគ្រប់ទាំងអស់»។ ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖ «ខ្ញុំនេះហើយ គឺខ្ញុំដែលកំពុងតែនិយាយជាមួយនាង»។
យ៉ូហាន 4:13-26 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេស៊ូវមានបន្ទូលឆ្លើយថា អស់អ្នកណាដែលផឹកទឹកនេះ នឹងត្រូវស្រេកទៀត តែអ្នកណាដែលផឹកទឹកខ្ញុំឲ្យ នោះនឹងមិនស្រេកទៀតឡើយ ទឹកដែលខ្ញុំឲ្យ នឹងត្រឡប់ជារន្ធទឹកនៅក្នុងអ្នកនោះ ដែលផុសឡើងដល់ទៅបានជីវិតអស់កល្បជានិច្ច ស្ត្រីនោះក៏ទូលទ្រង់ថា លោកម្ចាស់អើយ សូមឲ្យទឹកនោះមកខ្ញុំផង ដើម្បីកុំឲ្យខ្ញុំស្រេក ឬមកដងនៅទីនេះទៀត ព្រះយេស៊ូវមានបន្ទូលថា ចូរទៅហៅប្ដីនាងមកឯណេះ ស្ត្រីនោះទូលឆ្លើយថា ខ្ញុំគ្មានប្ដីទេ រួចព្រះយេស៊ូវមានបន្ទូលថា ដែលនាងថា គ្មានប្ដី នោះថាត្រូវហើយ ដ្បិតនាងបានមានប្ដី៥មកហើយ ឯអ្នកដែលនៅជាមួយសព្វថ្ងៃនេះ មិនមែនជាប្ដីនាងទេ ពាក្យនោះនាងនិយាយត្រូវប្រាកដ ស្ត្រីនោះទូលទ្រង់ថា លោកម្ចាស់អើយ ខ្ញុំយល់ឃើញថា លោកជាហោរា ឯពួកឰយុកោយើងខ្ញុំ បានថ្វាយបង្គំនៅលើភ្នំនេះ តែពួកលោកថា ក្រុងយេរូសាឡិមជាកន្លែងដែលត្រូវថ្វាយបង្គំវិញ ព្រះយេស៊ូវមានបន្ទូលថា នាងស្រីអើយ ចូរជឿខ្ញុំថា នឹងមានពេលវេលាមក ដែលអ្នករាល់គ្នានឹងមិនថ្វាយបង្គំព្រះវរបិតា នៅលើភ្នំនេះ ឬនៅក្រុងយេរូសាឡិមទេ អ្នករាល់គ្នាមិនដឹងជាខ្លួនថ្វាយបង្គំអ្វីទេ ឯយើងវិញ យើងស្គាល់ព្រះដែលយើងថ្វាយបង្គំ ដ្បិតសេចក្ដីសង្គ្រោះកើតមកពីសាសន៍យូដា តែនឹងមានពេលវេលាមក ក៏នៅឥឡូវនេះហើយ នោះពួកអ្នកដែលថ្វាយបង្គំដោយពិតត្រង់ គេនឹងថ្វាយបង្គំព្រះវរបិតា ដោយវិញ្ញាណ នឹងសេចក្ដីពិត ពីព្រោះព្រះវរបិតា ទ្រង់រកពួកអ្នកយ៉ាងនោះ ឲ្យបានថ្វាយបង្គំទ្រង់ ឯព្រះ ទ្រង់ជាវិញ្ញាណ ហើយអ្នកណាដែលថ្វាយបង្គំទ្រង់ នោះត្រូវតែថ្វាយបង្គំ ដោយវិញ្ញាណ នឹងសេចក្ដីពិតដែរ ស្ត្រីនោះទូលទ្រង់ថា ខ្ញុំដឹងហើយថា ព្រះមែស្ស៊ី ដែលហៅជាព្រះគ្រីស្ទ ទ្រង់នឹងយាងមក កាលណាមកហើយ នោះទ្រង់នឹងប្រាប់ឲ្យយើងខ្ញុំដឹងគ្រប់ទាំងអស់ ព្រះយេស៊ូវមានបន្ទូលថា នោះគឺខ្ញុំនេះហើយ ដែលនិយាយនឹងនាង។