យ៉ូហាន 4:1-6
យ៉ូហាន 4:1-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលព្រះយេស៊ូវជ្រាបថាពួកផារិស៊ីបានឮគេនិយាយថា ព្រះយេស៊ូវមានសិស្ស ហើយបានធ្វើពិធីជ្រមុជទឹកច្រើនជាងលោកយ៉ូហាន (តាមពិតព្រះយេស៊ូវមិនបានធ្វើពិធីជ្រមុជទឹក ដោយព្រះអង្គទ្រង់ផ្ទាល់ទេ គឺពួកសិស្សរបស់ព្រះអង្គដែលបានធ្វើ) ព្រះអង្គបានយាងចេញពីស្រុកយូដា ត្រឡប់ទៅស្រុកកាលីឡេវិញ ប៉ុន្តែ ព្រះអង្គត្រូវយាងកាត់ស្រុកសាម៉ារី។ ដូច្នេះ ព្រះអង្គបានយាងមកដល់ក្រុងមួយក្នុងស្រុកសាម៉ារី ឈ្មោះ ស៊ូខារ ជិតដីដែលលោកយ៉ាកុបបានចែកឲ្យយ៉ូសែប ជាកូន។ នៅទីនោះ មានអណ្តូងរបស់លោកយ៉ាកុប ហើយដោយព្រះយេស៊ូវធ្វើដំណើរអស់កម្លាំង ទ្រង់ក៏គង់នៅមាត់អណ្តូង ពេលនោះ ប្រហែលជាថ្ងៃត្រង់។
យ៉ូហាន 4:1-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះយេស៊ូជ្រាបថាពួកខាងគណៈផារីស៊ីបានឮគេនិយាយថា ព្រះអង្គមានសិស្ស*ច្រើនជាងលោកយ៉ូហាន និងបានជ្រមុជទឹកឲ្យមនុស្សច្រើនជាងដែរ។ តាមពិត ព្រះយេស៊ូពុំបានជ្រមុជទឹកឲ្យគេផ្ទាល់ព្រះអង្គឡើយ គឺពួកសិស្សវិញទេដែលជាអ្នកជ្រមុជទឹក។ ព្រះអង្គក៏យាងចាកចេញពីស្រុកយូដា ត្រឡប់ទៅស្រុកកាលីឡេវិញ ហើយត្រូវយាងកាត់តាមស្រុកសាម៉ារី។ ព្រះអង្គបានយាងមកដល់ភូមិមួយរបស់ជនជាតិសាម៉ារីឈ្មោះ ភូមិស៊ូខារ នៅជិតចម្ការដែលលោកយ៉ាកុបបានចែកឲ្យលោកយ៉ូសែបជាកូន។ នៅទីនោះ មានអណ្ដូងទឹកមួយឈ្មោះ “អណ្ដូងលោកយ៉ាកុប”។ ព្រះយេស៊ូអស់កម្លាំងក្នុងការធ្វើដំណើរ ក៏គង់នៅមាត់អណ្ដូង ពេលនោះ ប្រហែលជាថ្ងៃត្រង់។
យ៉ូហាន 4:1-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ កាលព្រះអម្ចាស់ទ្រង់ជ្រាបពីពួកផារិស៊ី ដែលគេបានឮនិយាយថា ទ្រង់បានសិស្ស ហើយក៏ធ្វើបុណ្យជ្រមុជទឹកឲ្យ ជាច្រើនលើសជាងយ៉ូហានទៅទៀត (តែមិនមែនព្រះយេស៊ូវដែលធ្វើបុណ្យជ្រមុជព្រះអង្គទ្រង់ទេ គឺជាពួកសិស្សទ្រង់វិញ) នោះទ្រង់ក៏យាងចេញពីស្រុកយូដា ត្រឡប់ទៅឯស្រុកកាលីឡេវិញ ហើយទ្រង់ត្រូវតែយាងកាត់ស្រុកសាម៉ារី ដូច្នេះ ទ្រង់យាងទៅដល់ក្រុង១ នៅស្រុកសាម៉ារី ហៅថា ស៊ូខារ ជិតដីដែលលោកយ៉ាកុបបានឲ្យដល់យ៉ូសែប ជាកូន នៅទីនោះ ក៏មានអណ្តូងយ៉ាកុប ដូច្នេះ ព្រះយេស៊ូវទ្រង់អស់កំឡាំងដោយយាងមក ក៏គង់នៅមាត់អណ្តូងនោះ ពេលនោះប្រហែលជាថ្ងៃត្រង់ហើយ