យ៉ូហាន 4:1-54
យ៉ូហាន 4:1-54 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលព្រះយេស៊ូវជ្រាបថាពួកផារិស៊ីបានឮគេនិយាយថា ព្រះយេស៊ូវមានសិស្ស ហើយបានធ្វើពិធីជ្រមុជទឹកច្រើនជាងលោកយ៉ូហាន (តាមពិតព្រះយេស៊ូវមិនបានធ្វើពិធីជ្រមុជទឹក ដោយព្រះអង្គទ្រង់ផ្ទាល់ទេ គឺពួកសិស្សរបស់ព្រះអង្គដែលបានធ្វើ) ព្រះអង្គបានយាងចេញពីស្រុកយូដា ត្រឡប់ទៅស្រុកកាលីឡេវិញ ប៉ុន្តែ ព្រះអង្គត្រូវយាងកាត់ស្រុកសាម៉ារី។ ដូច្នេះ ព្រះអង្គបានយាងមកដល់ក្រុងមួយក្នុងស្រុកសាម៉ារី ឈ្មោះ ស៊ូខារ ជិតដីដែលលោកយ៉ាកុបបានចែកឲ្យយ៉ូសែប ជាកូន។ នៅទីនោះ មានអណ្តូងរបស់លោកយ៉ាកុប ហើយដោយព្រះយេស៊ូវធ្វើដំណើរអស់កម្លាំង ទ្រង់ក៏គង់នៅមាត់អណ្តូង ពេលនោះ ប្រហែលជាថ្ងៃត្រង់។ មានស្ត្រីសាសន៍សាម៉ារីម្នាក់មកដងទឹក ហើយព្រះយេស៊ូវមានព្រះបន្ទូលទៅនាងថា៖ «ខ្ញុំសុំទឹកទទួលទានផង»។ (ដ្បិតពួកសិស្សរបស់ព្រះអង្គបានចូលទៅក្នុងក្រុងដើម្បីទិញអាហារ)។ ស្ត្រីសាសន៍សាម៉ារីនោះទូលព្រះអង្គថា៖ «ម្តេចលោកជាសាសន៍យូដាមកសុំទឹកនាងខ្ញុំ ដែលជាស្រីសាសន៍សាម៉ារីដូច្នេះ?» (សាសន៍យូដាមិនដែលប្រកបនឹងសាសន៍សាម៉ារីទេ)។ ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយទៅនាងថា៖ «ប្រសិនបើនាងស្គាល់អំណោយទានរបស់ព្រះ និងអ្នកដែលនិយាយនឹងនាងថា "ខ្ញុំសុំទឹកទទួលទានផង" នោះនាងនឹងសុំពីអ្នកនោះវិញ ហើយអ្នកនោះនឹងឲ្យទឹករស់ដល់នាង»។ ស្ត្រីនោះទូលព្រះអង្គថា៖ «លោកម្ចាស់! លោកគ្មានអ្វីដងទេ ហើយអណ្តូងក៏ជ្រៅផង តើលោកបានទឹករស់នោះពីណាមក? តើលោកធំជាងលោកយ៉ាកុប ជាបុព្វបុរសរបស់យើងដែលបានឲ្យអណ្តូងនេះមកយើងឬ? លោកយ៉ាកុប កូនចៅរបស់លោក និងហ្វូងសត្វរបស់លោកក៏ផឹកទឹកនេះដែរ»។ ព្រះយេស៊ូវមានព្រះបន្ទូលទៅនាងថា៖ «អ្នកណាដែលផឹកទឹកនេះ នឹងត្រូវស្រេកទៀត តែអ្នកណាដែលផឹកទឹកខ្ញុំឲ្យ នោះនឹងមិនស្រេកទៀតឡើយ ទឹកដែលខ្ញុំឲ្យ នឹងក្លាយជាប្រភពទឹកនៅក្នុងអ្នកនោះ ដែលផុសឡើងឲ្យបានជីវិតអស់កល្បជានិច្ច»។ ស្ត្រីនោះទូលព្រះអង្គថា៖ «លោកម្ចាស់អើយ! សូមឲ្យទឹកនោះមកនាងខ្ញុំផង កុំឲ្យនាងខ្ញុំស្រេក ហើយរវល់តែមកដងនៅទីនេះទៀត»។ ព្រះយេស៊ូវមានព្រះបន្ទូលទៅនាងថា៖ «ចូរទៅហៅប្តីនាងមកទីនេះ»។ ស្ត្រីនោះទូលព្រះអង្គថា៖ «នាងខ្ញុំគ្មានប្តីទេ»។ ព្រះយេស៊ូវមានព្រះបន្ទូលទៅនាងថា៖ «ដែលនាងថា "នាងខ្ញុំគ្មានប្តីទេ" នោះត្រូវហើយ ដ្បិតនាងធ្លាប់មានប្តីប្រាំមកហើយ ឯអ្នកដែលនៅជាមួយសព្វថ្ងៃ មិនមែនជាប្តីនាងទេ នាងនិយាយនេះត្រូវហើយ!» ស្ត្រីនោះទូលព្រះអង្គថា៖ «លោកម្ចាស់ នាងខ្ញុំយល់ថា លោកពិតជាហោរាហើយ។ បុព្វបុរសរបស់យើងថ្វាយបង្គំនៅលើភ្នំនេះ តែពួកលោកថា កន្លែងដែលមនុស្សត្រូវថ្វាយបង្គំ គឺនៅក្រុងយេរូសាឡិម»។ ព្រះយេស៊ូវមានព្រះបន្ទូលទៅនាងថា៖ «នាងអើយ ជឿខ្ញុំចុះ ពេលវេលានោះមកដល់ហើយ ដែលអ្នករាល់គ្នានឹងមិនថ្វាយបង្គំព្រះវរបិតានៅលើភ្នំនេះ ឬនៅក្រុងយេរូសាឡិមទៀតឡើយ។ អ្នករាល់គ្នាមិនដឹងថាអ្នករាល់គ្នាថ្វាយបង្គំអ្វីទេ តែយើងស្គាល់ព្រះដែលយើងថ្វាយបង្គំ ដ្បិតការសង្គ្រោះកើតមកពីសាសន៍យូដា។ ប៉ុន្តែ ពេលវេលានោះ នឹងមកដល់ គឺឥឡូវនេះហើយ អ្នកថ្វាយបង្គំពិតប្រាកដ នឹងថ្វាយបង្គំព្រះវរបិតាដោយវិញ្ញាណ និងសេចក្តីពិត ព្រោះព្រះវរបិតាស្វែងរកអ្នកថ្វាយបង្គំព្រះអង្គយ៉ាងនោះឯង។ ព្រះជាវិញ្ញាណ ហើយអ្នកណាដែលថ្វាយបង្គំព្រះអង្គ ត្រូវតែថ្វាយបង្គំដោយវិញ្ញាណ និងសេចក្តីពិត»។ ស្ត្រីនោះទូលព្រះអង្គថា៖ «នាងខ្ញុំដឹងថា ព្រះមែស្ស៊ី (ដែលហៅថាព្រះគ្រីស្ទ)នឹងយាងមក ពេលព្រះអង្គយាងមក ព្រះអង្គនឹងប្រាប់ឲ្យយើងដឹងគ្រប់ទាំងអស់»។ ព្រះយេស៊ូវមានព្រះបន្ទូលទៅនាងថា៖ «គឺខ្ញុំនេះហើយ ជាអ្នកដែលកំពុងនិយាយជាមួយនាង»។ ពេលនោះ ពួកសិស្សព្រះអង្គក៏មកដល់ គេនឹកប្លែកដោយឃើញព្រះអង្គមានព្រះបន្ទូលជាមួយស្ត្រីដូច្នេះ តែគ្មានអ្នកណាហ៊ានទូលសួរថា ព្រះអង្គសួររកអ្វី ឬហេតុអ្វីបានជាព្រះអង្គមានព្រះបន្ទូលជាមួយនាងឡើយ។ ស្ត្រីនោះទុកក្អមចោល ចូលទៅក្នុងក្រុង ហើយប្រាប់គេថា៖ «ចូរមកមើល៍! មានបុរសម្នាក់ប្រាប់ខ្ញុំពីគ្រប់ការទាំងអស់ដែលខ្ញុំបានប្រព្រឹត្ត តើអ្នកនោះមិនមែនជាព្រះគ្រីស្ទទេឬ?» គេក៏ចេញពីទីក្រុង ហើយនាំគ្នាមករកព្រះអង្គ។ ខណៈនោះ ពួកសិស្សទូលព្រះអង្គថា៖ «រ៉ាប៊ី សូមអញ្ជើញពិសា!» ប៉ុន្តែ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំមានអាហារទទួលទានហើយ ជាអាហារដែលអ្នករាល់គ្នាមិនស្គាល់»។ ពួកសិស្សសួរគ្នាទៅវិញទៅមកថា៖ «មានអ្នកណាយកអ្វីមកជូនលោកពិសាទេដឹង?» ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «អាហាររបស់ខ្ញុំ គឺធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គ ដែលបានចាត់ខ្ញុំឲ្យមក និងបង្ហើយកិច្ចការរបស់ព្រះអង្គ។ តើអ្នករាល់គ្នាមិនថា "នៅបួនខែទៀតដល់រដូវចម្រូត" ទេឬ? តែខ្ញុំប្រាប់អ្នករាល់គ្នាថា ចូរមើលទៅវាលស្រែជុំវិញអ្នកចុះ ស្រូវទុំល្មមច្រូតហើយ។ អ្នកច្រូតបានទទួលប្រាក់ឈ្នួល ហើយកំពុងប្រមូលផលសម្រាប់ជីវិតអស់កល្បជានិច្ច ដើម្បីឲ្យអ្នកព្រោះ និងអ្នកច្រូតបានអរសប្បាយជាមួយគ្នា។ ដ្បិតពាក្យនេះត្រូវណាស់ ដូចពាក្យចាស់ពោលថា៖ "ម្នាក់ព្រោះ ម្នាក់ទៀតច្រូត"។ ខ្ញុំបានចាត់អ្នករាល់គ្នាឲ្យទៅច្រូតចម្រូត ដែលអ្នករាល់គ្នាមិនបាននឿយហត់ គឺអ្នកផ្សេងទៀតបាននឿយហត់ ហើយអ្នករាល់គ្នាបានទទួលផលពីការនឿយហត់របស់គេ»។ មានសាសន៍សាម៉ារីជាច្រើន នៅក្រុងនោះបានជឿដល់ព្រះអង្គ ដោយព្រោះស្ត្រីនោះបានធ្វើបន្ទាល់ថា៖ «លោកប្រាប់ខ្ញុំពីគ្រប់ការទាំងអស់ដែលខ្ញុំបានប្រព្រឹត្ត»។ ដូច្នេះ ពេលពួកសាសន៍សាម៉ារីបានមកជួបព្រះអង្គ គេសូមឲ្យព្រះអង្គស្នាក់នៅជាមួយគេ ហើយព្រះអង្គគង់នៅទីនោះពីរថ្ងៃ។ មានមនុស្សជាច្រើនទៀតបានជឿ ដោយព្រោះព្រះបន្ទូលព្រះអង្គ។ ពួកគេនិយាយទៅស្ត្រីនោះថា៖ «ឥឡូវនេះ យើងជឿមិនមែនដោយព្រោះពាក្យសម្ដីរបស់នាងប៉ុណ្ណោះទេ យើងជឿដោយព្រោះបានឮព្រះអង្គផ្ទាល់ ហើយយើងដឹងថា ព្រះអង្គពិតជាព្រះសង្គ្រោះមនុស្សលោកមែន»។ ពីរថ្ងៃក្រោយមកទៀត ព្រះយេស៊ូវយាងចេញពីទីនោះទៅស្រុកកាលីឡេ។ ព្រះអង្គធ្វើបន្ទាល់ដោយព្រះអង្គទ្រង់ថា៖ «គេមិនគោរពហោរានៅក្នុងស្រុករបស់ខ្លួនឡើយ»។ ពេលព្រះអង្គយាងមកដល់ស្រុកកាលីឡេ ពួកអ្នកនៅស្រុកក៏ទទួលព្រះអង្គ ព្រោះគេបានឃើញអស់ទាំងការដែលព្រះអង្គបានធ្វើ នៅក្រុងយេរូសាឡិម ក្នុងវេលាបុណ្យ ដ្បិតគេក៏បានទៅបុណ្យនោះដែរ។ បន្ទាប់មក ព្រះអង្គយាងមកដល់ភូមិកាណា ស្រុកកាលីឡេម្តងទៀត ជាកន្លែងដែលព្រះអង្គបានធ្វើឲ្យទឹកទៅជាស្រាទំពាំងបាយជូរ។ នៅទីនោះ មាននាម៉ឺនម្នាក់ មានកូនឈឺនៅក្រុងកាពើណិម។ កាលលោកបានឮថា ព្រះយេស៊ូវបានយាងពីស្រុកយូដាមកដល់ស្រុកកាលីឡេ លោកក៏ទៅសូមព្រះអង្គ ឲ្យយាងទៅប្រោសកូនឲ្យជា ព្រោះកូននោះជិតស្លាប់ហើយ។ ពេលនោះ ព្រះយេស៊ូវមានព្រះបន្ទូលទៅលោកថា៖ «បើអ្នកមិនឃើញទីសម្គាល់ និងការអស្ចារ្យ អ្នកមិនជឿទេ»។ នាម៉ឺននោះទូលព្រះអង្គថា៖ «លោកម្ចាស់ សូមអញ្ជើញមក ក្រែងកូនខ្ញុំប្របាទស្លាប់»។ ព្រះយេស៊ូវមានព្រះបន្ទូលទៅលោកថា៖ «អញ្ជើញទៅចុះ កូនរបស់លោករស់ហើយ!» បុរសនោះក៏ជឿព្រះបន្ទូលរបស់ព្រះយេស៊ូវ ហើយចេញដំណើរទៅ។ ពេលលោកកំពុងធ្វើដំណើរនៅតាមផ្លូវ ពួកបាវបម្រើរបស់លោកមកជម្រាបថា កូនរបស់លោកជាហើយ។ ដូច្នេះ លោកក៏សួរគេពីកូនរបស់លោកបានធូរស្បើយនៅពេលណា រួចគេជម្រាបថា «កូនរបស់លោកបាត់គ្រុន កាលពីម៉ោងមួយរសៀលម្សិលមិញ»។ ឪពុកដឹងថា ពេលនោះឯងដែលព្រះយេស៊ូវមានព្រះបន្ទូលថា៖ «កូនរបស់លោករស់ហើយ» ហើយលោកក៏ជឿ ព្រមទាំងក្រុមគ្រួសាររបស់លោកទាំងអស់គ្នាផង។ នេះជាទីសម្គាល់ទីពីរ ដែលព្រះយេស៊ូវបានធ្វើ ក្រោយពីព្រះអង្គយាងត្រឡប់ពីស្រុកយូដា មកស្រុកកាលីឡេវិញ។
យ៉ូហាន 4:1-54 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះយេស៊ូជ្រាបថាពួកខាងគណៈផារីស៊ីបានឮគេនិយាយថា ព្រះអង្គមានសិស្ស*ច្រើនជាងលោកយ៉ូហាន និងបានជ្រមុជទឹកឲ្យមនុស្សច្រើនជាងដែរ។ តាមពិត ព្រះយេស៊ូពុំបានជ្រមុជទឹកឲ្យគេផ្ទាល់ព្រះអង្គឡើយ គឺពួកសិស្សវិញទេដែលជាអ្នកជ្រមុជទឹក។ ព្រះអង្គក៏យាងចាកចេញពីស្រុកយូដា ត្រឡប់ទៅស្រុកកាលីឡេវិញ ហើយត្រូវយាងកាត់តាមស្រុកសាម៉ារី។ ព្រះអង្គបានយាងមកដល់ភូមិមួយរបស់ជនជាតិសាម៉ារីឈ្មោះ ភូមិស៊ូខារ នៅជិតចម្ការដែលលោកយ៉ាកុបបានចែកឲ្យលោកយ៉ូសែបជាកូន។ នៅទីនោះ មានអណ្ដូងទឹកមួយឈ្មោះ “អណ្ដូងលោកយ៉ាកុប”។ ព្រះយេស៊ូអស់កម្លាំងក្នុងការធ្វើដំណើរ ក៏គង់នៅមាត់អណ្ដូង ពេលនោះ ប្រហែលជាថ្ងៃត្រង់។ មានស្ត្រីសាសន៍សាម៉ារីម្នាក់មកដងទឹក ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖ «ខ្ញុំសុំទឹកទទួលទានបន្តិច»។ (សិស្សនាំគ្នាទៅរកទិញស្បៀងអាហារនៅឯភូមិ)។ ស្ត្រីសាម៉ារីទូលព្រះអង្គថា៖ «លោកជាសាសន៍យូដា ម្ដេចក៏លោកមកសុំទឹកនាងខ្ញុំជាស្ត្រីសាសន៍សាម៉ារីពិសាដូច្នេះ?» (ដ្បិតសាសន៍យូដា និងសាសន៍សាម៉ារីមិនត្រូវគ្នាទេ)។ ព្រះយេស៊ូមានព្រះបន្ទូលតបទៅនាងថា៖ «ប្រសិនបើនាងស្គាល់ព្រះអំណោយទានរបស់ព្រះជាម្ចាស់ និងស្គាល់អ្នកដែលនិយាយទៅកាន់នាងថា “ខ្ញុំសុំទឹកទទួលទានបន្តិច” នោះនាងមុខជាសុំទឹកពីលោកវិញពុំខាន ហើយលោកនឹងឲ្យទឹកដល់នាង គឺជាទឹកដែលផ្ដល់ជីវិត»។ នាងទូលព្រះអង្គថា៖ «លោកម្ចាស់! លោកគ្មានអ្វីដងទឹកសោះ រីឯអណ្ដូងសោតក៏ជ្រៅទៀតផង តើលោកបានទឹកដែលផ្ដល់ជីវិតនោះពីណាមក? តើលោកមានឋានៈធំជាងលោកយ៉ាកុប ជាបុព្វបុរស*របស់យើង ដែលបានទុកអណ្ដូងនេះឲ្យយើងឬ? លោកយ៉ាកុប និងកូនចៅរបស់លោកបានពិសាទឹកអណ្ដូងនេះ ហើយសត្វរបស់លោកក៏បានផឹកទឹកអណ្ដូងនេះដែរ»។ ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖ «អស់អ្នកដែលពិសាទឹកនេះនៅតែស្រេកតទៅមុខទៀត រីឯអ្នកដែលពិសាទឹកខ្ញុំឲ្យនោះ នឹងមិនស្រេកទៀតសោះឡើយ ដ្បិតទឹកខ្ញុំឲ្យនឹងបានទៅជាប្រភពទឹក ដែលផុសឡើងផ្ដល់ជីវិតអស់កល្បជានិច្ច»។ ស្ត្រីនោះទូលព្រះអង្គថា៖ «លោកម្ចាស់! សូមមេត្តាផ្ដល់ទឹកនោះមកនាងខ្ញុំផង កុំឲ្យនាងខ្ញុំស្រេក និងកុំឲ្យរវល់មកដងទឹកអណ្ដូងនេះទៀត»។ ព្រះអង្គមានព្រះបន្ទូលទៅនាងថា៖ «សុំអញ្ជើញទៅហៅប្ដីនាង រួចត្រឡប់មកវិញ»។ ស្ត្រីនោះទូលព្រះអង្គថា៖ «នាងខ្ញុំគ្មានប្ដីទេ»។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «នាងនិយាយថា នាងគ្មានប្ដីដូច្នេះត្រូវមែន ព្រោះនាងធ្លាប់មានប្ដីប្រាំមកហើយ រីឯបុរសដែលនៅជាមួយនាងសព្វថ្ងៃ មិនមែនជាប្ដីរបស់នាងទេ នាងនិយាយត្រង់មែន»។ នាងទូលព្រះអង្គថា៖ «លោកម្ចាស់ នាងខ្ញុំយល់ថា លោកពិតជាព្យាការី*មែន។ បុព្វបុរសរបស់យើងនាំគ្នាថ្វាយបង្គំព្រះជាម្ចាស់នៅលើភ្នំនេះ តែពួកលោកជាសាសន៍យូដាតែងនិយាយថា ត្រូវថ្វាយបង្គំព្រះអង្គនៅក្រុងយេរូសាឡឹមវិញ»។ ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖ «នាងអើយ ជឿខ្ញុំចុះ ដល់ពេលកំណត់ មិនមែននៅលើភ្នំនេះ ឬនៅក្រុងយេរូសាឡឹមទៀតទេ ដែលអ្នករាល់គ្នានឹងថ្វាយបង្គំព្រះបិតា។ អ្នករាល់គ្នាមិនស្គាល់ព្រះអង្គដែលអ្នករាល់គ្នាថ្វាយបង្គំទេ រីឯយើងវិញ យើងស្គាល់ព្រះអង្គដែលយើងថ្វាយបង្គំ ដ្បិតការសង្គ្រោះចេញមកពីជនជាតិយូដា។ ប៉ុន្តែ ដល់ពេលកំណត់ គឺឥឡូវហ្នឹងហើយ អ្នកថ្វាយបង្គំដ៏ពិតប្រាកដនឹងថ្វាយបង្គំព្រះបិតាតាមវិញ្ញាណ និងតាមសេចក្ដីពិត ដ្បិតព្រះបិតាសព្វព្រះហឫទ័យនឹងអ្នកថ្វាយបង្គំបែបនេះឯង។ ព្រះជាម្ចាស់ជាវិញ្ញាណ ហេតុនេះ អស់អ្នកដែលថ្វាយបង្គំព្រះអង្គត្រូវតែថ្វាយបង្គំតាមវិញ្ញាណ និងតាមសេចក្ដីពិត»។ ស្ត្រីនោះទូលព្រះអង្គថា៖ «នាងខ្ញុំដឹងហើយថា ព្រះមេស្ស៊ីហៅព្រះគ្រិស្ត*នឹងយាងមក។ កាលណាព្រះអង្គយាងមកដល់ ព្រះអង្គនឹងប្រទានឲ្យយើងដឹងសព្វគ្រប់ទាំងអស់»។ ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖ «ខ្ញុំនេះហើយ គឺខ្ញុំដែលកំពុងតែនិយាយជាមួយនាង»។ ពេលនោះ ពួកសិស្សត្រឡប់មកដល់ ឃើញព្រះអង្គកំពុងនិយាយជាមួយស្ត្រីដូច្នេះ គេងឿងឆ្ងល់ជាខ្លាំង តែគ្មាននរណាទូលសួរព្រះអង្គថា ព្រះអង្គសួររកអ្វី ឬហេតុដូចម្ដេចក៏មានព្រះបន្ទូលជាមួយនាងឡើយ។ ស្ត្រីនោះទុកក្អមចោល រត់ចូលទៅក្នុងភូមិ ប្រាប់អ្នកស្រុកថា៖ «សុំមកមើលបុរសម្នាក់ លោកមានប្រសាសន៍ប្រាប់ខ្ញុំនូវអំពើទាំងប៉ុន្មានដែលខ្ញុំបានប្រព្រឹត្ត។ លោកនោះជាព្រះគ្រិស្តហើយមើលទៅ!»។ អ្នកស្រុកនាំគ្នាចេញពីភូមិទៅរកព្រះយេស៊ូ។ ក្នុងពេលជាមួយគ្នានោះ ពួកសិស្សទូលព្រះអង្គថា៖ «លោកគ្រូ សូមអញ្ជើញពិសា!»។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំមានអាហារបរិភោគហើយ ជាអាហារដែលអ្នករាល់គ្នាពុំស្គាល់»។ ពួកសិស្សក៏និយាយគ្នាថា៖ «ប្រហែលជាមាននរណាម្នាក់យកអាហារមកជូនលោកហើយទេដឹង?»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «អាហាររបស់ខ្ញុំគឺធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គ ដែលបានចាត់ខ្ញុំឲ្យមក ព្រមទាំងបង្ហើយកិច្ចការរបស់ព្រះអង្គឲ្យបានសម្រេច។ អ្នករាល់គ្នាតែងពោលថា “បួនខែទៀតដល់រដូវចម្រូត”។ រីឯខ្ញុំវិញ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ចូរមើលទៅវាលស្រែមើល៍ ស្រូវទុំល្មមច្រូតហើយ។ អ្នកច្រូតបានប្រាក់ឈ្នួលរបស់ខ្លួន ហើយកំពុងប្រមូលផលទុកសម្រាប់ជីវិតអស់កល្បជានិច្ច ដូច្នេះ អ្នកសាបព្រោះ និងអ្នកច្រូតកាត់បានសប្បាយរួមជាមួយគ្នា ស្របតាមពាក្យចាស់លោកថា: “ម្នាក់ព្រោះ ម្នាក់ទៀតច្រូត”។ ខ្ញុំបានចាត់អ្នករាល់គ្នាឲ្យទៅច្រូត នៅក្នុងស្រែដែលអ្នករាល់គ្នាពុំបានធ្វើការនឿយហត់ គឺអ្នកផ្សេងទៀតបានធ្វើការនឿយហត់ ហើយអ្នករាល់គ្នាទទួលផលពីការនឿយហត់របស់អ្នកទាំងនោះ»។ ក្នុងភូមិនោះ មានអ្នកស្រុកសាម៉ារីជាច្រើនបានជឿលើព្រះយេស៊ូ ដោយសារពាក្យដែលស្ត្រីនោះបានបញ្ជាក់ប្រាប់ថា “លោកមានប្រសាសន៍ប្រាប់ខ្ញុំនូវអំពើទាំងប៉ុន្មានដែលខ្ញុំបានប្រព្រឹត្ត”។ ហេតុនេះហើយបានជាកាលជនជាតិសាម៉ារីទៅគាល់ព្រះអង្គ គេអង្វរសូមព្រះអង្គគង់នៅជាមួយគេ ព្រះអង្គយល់ព្រមគង់នៅទីនោះពីរថ្ងៃ។ មានមនុស្សច្រើនជាងនោះទៅទៀតបានជឿលើព្រះអង្គ ដោយបានឮព្រះបន្ទូលព្រះអង្គផ្ទាល់។ ពួកគេនិយាយទៅកាន់ស្ត្រីនោះថា៖ «ឥឡូវនេះ យើងជឿមិនមែនត្រឹមតែឮពាក្យនាងប៉ុណ្ណោះទេ គឺមកពីយើងបានឮព្រះអង្គមានព្រះបន្ទូលផ្ទាល់នឹងត្រចៀកថែមទៀតផង ហើយយើងដឹងថា ព្រះអង្គពិតជាព្រះសង្គ្រោះរបស់មនុស្សលោកមែន»។ ពីរថ្ងៃក្រោយមក ព្រះយេស៊ូយាងចាកចេញពីទីនោះឆ្ពោះទៅកាន់ស្រុកកាលីឡេ។ ព្រះអង្គមានព្រះបន្ទូលថា៖ «គ្មានព្យាការីណាម្នាក់ត្រូវគេគោរពក្នុងស្រុកកំណើតរបស់ខ្លួនផ្ទាល់ឡើយ»។ លុះព្រះអង្គយាងទៅដល់ស្រុកកាលីឡេ អ្នកស្រុកនាំគ្នាទទួលព្រះអង្គ ព្រោះគេបានឃើញការអស្ចារ្យទាំងប៉ុន្មាន ដែលព្រះអង្គបានសម្តែងក្នុងឱកាសពិធីបុណ្យចម្លង*នៅក្រុងយេរូសាឡឹម ដ្បិតគេក៏បានទៅចូលរួមពិធីបុណ្យនោះដែរ។ ព្រះអង្គយាងត្រឡប់ទៅភូមិកាណា ក្នុងស្រុកកាលីឡេម្ដងទៀត ជាភូមិដែលព្រះអង្គបានធ្វើឲ្យទឹកទៅជាស្រាទំពាំងបាយជូរ។ នៅទីនោះ មានអ្នករាជការម្នាក់មកពីក្រុងកាពើណិម កូនប្រុសរបស់លោកមានជំងឺ។ កាលលោកជ្រាបថា ព្រះយេស៊ូបានយាងពីស្រុកយូដាមកស្រុកកាលីឡេនេះ លោកក៏ទៅរកព្រះអង្គ ទូលអង្វរសូមព្រះអង្គយាងទៅប្រោសកូនរបស់លោក ដែលកំពុងតែឈឺជិតផុតដង្ហើមនោះ ឲ្យជាសះស្បើយ។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ប្រសិនបើអ្នករាល់គ្នាមិនបានឃើញទីសម្គាល់ និងឫទ្ធិបាដិហារិយ៍ទេ អ្នករាល់គ្នាមុខជាមិនជឿឡើយ»។ មន្ត្រីនោះទូលព្រះអង្គថា៖ «លោកម្ចាស់អើយ សូមលោកអញ្ជើញមក ក្រែងកូនរបស់ខ្ញុំប្របាទស្លាប់»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «អញ្ជើញទៅចុះ កូនរបស់លោករស់ហើយ»។ បុរសនោះជឿព្រះបន្ទូលរបស់ព្រះយេស៊ូក៏ចេញដំណើរទៅ។ ពេលលោកកំពុងតែដើរតាមផ្លូវត្រឡប់ទៅផ្ទះវិញ ពួកបម្រើរបស់លោកនាំគ្នាចេញមកជម្រាបថា កូនរបស់លោករស់ហើយ។ លោកក៏សួរអ្នកបម្រើឲ្យដឹងថា កូនរបស់លោកបានធូរស្បើយពីថ្មើរណា។ គេតបថា៖ «កូនរបស់លោកបាត់គ្រុនពីម្សិលមិញ វេលាម៉ោងមួយរសៀល»។ ឪពុកដឹងថា គឺនៅម៉ោងនោះឯង ដែលព្រះយេស៊ូមានព្រះបន្ទូលមកគាត់ថា“កូនរបស់លោករស់ហើយ!”។ លោកជឿលើព្រះយេស៊ូ ហើយក្រុមគ្រួសាររបស់លោកទាំងមូលក៏ជឿលើព្រះអង្គដែរ។ នេះជាទីសម្គាល់លើកទីពីរដែលព្រះយេស៊ូបានធ្វើ នៅពេលព្រះអង្គវិលត្រឡប់ពីស្រុកយូដាមកស្រុកកាលីឡេវិញ។
យ៉ូហាន 4:1-54 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ កាលព្រះអម្ចាស់ទ្រង់ជ្រាបពីពួកផារិស៊ី ដែលគេបានឮនិយាយថា ទ្រង់បានសិស្ស ហើយក៏ធ្វើបុណ្យជ្រមុជទឹកឲ្យ ជាច្រើនលើសជាងយ៉ូហានទៅទៀត (តែមិនមែនព្រះយេស៊ូវដែលធ្វើបុណ្យជ្រមុជព្រះអង្គទ្រង់ទេ គឺជាពួកសិស្សទ្រង់វិញ) នោះទ្រង់ក៏យាងចេញពីស្រុកយូដា ត្រឡប់ទៅឯស្រុកកាលីឡេវិញ ហើយទ្រង់ត្រូវតែយាងកាត់ស្រុកសាម៉ារី ដូច្នេះ ទ្រង់យាងទៅដល់ក្រុង១ នៅស្រុកសាម៉ារី ហៅថា ស៊ូខារ ជិតដីដែលលោកយ៉ាកុបបានឲ្យដល់យ៉ូសែប ជាកូន នៅទីនោះ ក៏មានអណ្តូងយ៉ាកុប ដូច្នេះ ព្រះយេស៊ូវទ្រង់អស់កំឡាំងដោយយាងមក ក៏គង់នៅមាត់អណ្តូងនោះ ពេលនោះប្រហែលជាថ្ងៃត្រង់ហើយ មានស្ត្រីសាសន៍សាម៉ារីម្នាក់មកដងទឹក ហើយព្រះយេស៊ូវមានបន្ទូលទៅនាងថា សូមឲ្យខ្ញុំផឹកផង ព្រោះពួកសិស្សទ្រង់បានទៅផ្សារអស់ ដើម្បីនឹងរកទិញស្បៀងអាហារ ស្ត្រីសាសន៍សាម៉ារីនោះក៏ទូលថា លោកជាសាសន៍យូដា ម្តេចឡើយក៏លោកសូមទឹកខ្ញុំពិសា ដែលខ្ញុំជាស្រីសាសន៍សាម៉ារីដូច្នេះ (នេះដ្បិតសាសន៍យូដាមិនដែលប្រកបនឹងសាសន៍សាម៉ារីទេ) ព្រះយេស៊ូវមានបន្ទូលឆ្លើយថា បើសិនជានាងបានស្គាល់អំណោយទាននៃព្រះ នឹងអ្នកដែលនិយាយនឹងនាងថា សូមឲ្យខ្ញុំផឹកផង នោះនាងនឹងបានសូមពីអ្នកនោះវិញ រួចអ្នកនោះនឹងឲ្យទឹករស់ដល់នាង ស្ត្រីនោះក៏ទូលទ្រង់ថា លោកម្ចាស់ លោកគ្មានអ្វីនឹងដងទេ ហើយអណ្តូងក៏ជ្រៅផង ដូច្នេះ លោកបានទឹករស់នោះពីណាមក តើលោកធំជាងយ៉ាកុប ជាឰយុកោយើងខ្ញុំ ដែលឲ្យអណ្តូងនេះមកយើងខ្ញុំ ហើយទាំងខ្លួនលោក កូនចៅ នឹងហ្វូងសត្វរបស់លោក ក៏បានផឹកផងឬអី ព្រះយេស៊ូវមានបន្ទូលឆ្លើយថា អស់អ្នកណាដែលផឹកទឹកនេះ នឹងត្រូវស្រេកទៀត តែអ្នកណាដែលផឹកទឹកខ្ញុំឲ្យ នោះនឹងមិនស្រេកទៀតឡើយ ទឹកដែលខ្ញុំឲ្យ នឹងត្រឡប់ជារន្ធទឹកនៅក្នុងអ្នកនោះ ដែលផុសឡើងដល់ទៅបានជីវិតអស់កល្បជានិច្ច ស្ត្រីនោះក៏ទូលទ្រង់ថា លោកម្ចាស់អើយ សូមឲ្យទឹកនោះមកខ្ញុំផង ដើម្បីកុំឲ្យខ្ញុំស្រេក ឬមកដងនៅទីនេះទៀត ព្រះយេស៊ូវមានបន្ទូលថា ចូរទៅហៅប្ដីនាងមកឯណេះ ស្ត្រីនោះទូលឆ្លើយថា ខ្ញុំគ្មានប្ដីទេ រួចព្រះយេស៊ូវមានបន្ទូលថា ដែលនាងថា គ្មានប្ដី នោះថាត្រូវហើយ ដ្បិតនាងបានមានប្ដី៥មកហើយ ឯអ្នកដែលនៅជាមួយសព្វថ្ងៃនេះ មិនមែនជាប្ដីនាងទេ ពាក្យនោះនាងនិយាយត្រូវប្រាកដ ស្ត្រីនោះទូលទ្រង់ថា លោកម្ចាស់អើយ ខ្ញុំយល់ឃើញថា លោកជាហោរា ឯពួកឰយុកោយើងខ្ញុំ បានថ្វាយបង្គំនៅលើភ្នំនេះ តែពួកលោកថា ក្រុងយេរូសាឡិមជាកន្លែងដែលត្រូវថ្វាយបង្គំវិញ ព្រះយេស៊ូវមានបន្ទូលថា នាងស្រីអើយ ចូរជឿខ្ញុំថា នឹងមានពេលវេលាមក ដែលអ្នករាល់គ្នានឹងមិនថ្វាយបង្គំព្រះវរបិតា នៅលើភ្នំនេះ ឬនៅក្រុងយេរូសាឡិមទេ អ្នករាល់គ្នាមិនដឹងជាខ្លួនថ្វាយបង្គំអ្វីទេ ឯយើងវិញ យើងស្គាល់ព្រះដែលយើងថ្វាយបង្គំ ដ្បិតសេចក្ដីសង្គ្រោះកើតមកពីសាសន៍យូដា តែនឹងមានពេលវេលាមក ក៏នៅឥឡូវនេះហើយ នោះពួកអ្នកដែលថ្វាយបង្គំដោយពិតត្រង់ គេនឹងថ្វាយបង្គំព្រះវរបិតា ដោយវិញ្ញាណ នឹងសេចក្ដីពិត ពីព្រោះព្រះវរបិតា ទ្រង់រកពួកអ្នកយ៉ាងនោះ ឲ្យបានថ្វាយបង្គំទ្រង់ ឯព្រះ ទ្រង់ជាវិញ្ញាណ ហើយអ្នកណាដែលថ្វាយបង្គំទ្រង់ នោះត្រូវតែថ្វាយបង្គំ ដោយវិញ្ញាណ នឹងសេចក្ដីពិតដែរ ស្ត្រីនោះទូលទ្រង់ថា ខ្ញុំដឹងហើយថា ព្រះមែស្ស៊ី ដែលហៅជាព្រះគ្រីស្ទ ទ្រង់នឹងយាងមក កាលណាមកហើយ នោះទ្រង់នឹងប្រាប់ឲ្យយើងខ្ញុំដឹងគ្រប់ទាំងអស់ ព្រះយេស៊ូវមានបន្ទូលថា នោះគឺខ្ញុំនេះហើយ ដែលនិយាយនឹងនាង។ ខណនោះ ពួកសិស្សទ្រង់មកដល់ ក៏នឹកប្លែកពីទ្រង់មានបន្ទូលនឹងស្ត្រីនោះ ប៉ុន្តែគ្មានអ្នកណាទូលសួរថា ទ្រង់សួររកអ្វី ឬថា ទ្រង់មានបន្ទូលនឹងស្ត្រីនេះធ្វើអីនោះទេ ឯស្ត្រីនោះ នាងទុកក្អមចោល ក៏ចូលក្នុងក្រុងដំណាលប្រាប់គេថា ចូរមកមើល មានមនុស្សម្នាក់ ដែលប្រាប់ខ្ញុំពីគ្រប់អំពើទាំងអស់ ដែលខ្ញុំបានប្រព្រឹត្ត តើអ្នកនោះមិនមែនជាព្រះគ្រីស្ទទេឬអី គេក៏ចេញពីទីក្រុងទៅឯទ្រង់។ ក្នុងរវាងនោះ ពួកសិស្សទូលទ្រង់ថា លោកគ្រូ អញ្ជើញពិសា តែទ្រង់មានបន្ទូលថា ខ្ញុំមានអាហារសំរាប់ទទួលទានហើយ គឺជាអាហារដែលអ្នករាល់គ្នាមិនស្គាល់ ដូច្នេះ ពួកសិស្សសួរគ្នាទៅវិញទៅមកថា មានអ្នកណាយកអ្វីមកជូនលោកពិសាដែរឬអី នោះព្រះយេស៊ូវមានបន្ទូលទៅគេថា ឯអាហារខ្ញុំ គឺត្រង់ដែលខ្ញុំធ្វើតាមព្រះហឫទ័យនៃព្រះ ដែលចាត់ឲ្យខ្ញុំមក ព្រមទាំងបង្ហើយការរបស់ទ្រង់នោះឯង តើអ្នករាល់គ្នាមិនថា នៅ៤ខែទៀត ទើបដល់រដូវចំរូតទេឬអី ខ្ញុំប្រាប់អ្នករាល់គ្នាថា ចូរងើបឡើងមើលទៅស្រែមើល ដ្បិតបានក្រហមល្មមច្រូតហើយ អ្នកណាដែលច្រូត នោះបានរង្វាន់ ក៏ប្រមូលផលសំរាប់ជីវិតដ៏នៅអស់កល្បជានិច្ច ដើម្បីឲ្យអ្នកដែលព្រោះ នឹងអ្នកដែលច្រូត បានអរសប្បាយផងគ្នា ដ្បិតចំពោះដំណើរនេះ នោះពាក្យទំនៀមនេះត្រូវណាស់ថា ម្នាក់ព្រោះ ម្នាក់ទៀតច្រូត ខ្ញុំបានចាត់អ្នករាល់គ្នាទៅច្រូតចំរូត ដែលមិនបាននឿយនឹងធ្វើសោះ មានអ្នកឯទៀតបាននឿយហត់ ហើយអ្នករាល់គ្នាបានចូលទៅក្នុងការរបស់គេ។ នៅក្រុងនោះ ក៏មានសាសន៍សាម៉ារីជាច្រើន បានជឿដល់ទ្រង់ ដោយព្រោះពាក្យដែលស្ត្រីនោះធ្វើបន្ទាល់ថា លោកប្រាប់ខ្ញុំពីគ្រប់អំពើទាំងអស់ដែលខ្ញុំបានប្រព្រឹត្ត ដូច្នេះ កាលពួកសាសន៍សាម៉ារីបានមកដល់ទ្រង់ហើយ នោះគេសូមទ្រង់ ឲ្យនៅជាមួយនឹងគេ ទ្រង់ក៏គង់នៅទីនោះអស់២ថ្ងៃ ហើយមានមនុស្សជាច្រើនទៀតបានជឿ ដោយសារព្រះបន្ទូលទ្រង់ រួចគេនិយាយទៅស្ត្រីនោះថា ឥឡូវនេះ យើងជឿ មិនមែនដោយព្រោះពាក្យសំដីរបស់អ្នកទៀតទេ គឺជឿដោយព្រោះបានឮទ្រង់ផ្ទាល់ខ្លួនយើងវិញ ហើយយើងដឹងថា ទ្រង់ជាព្រះគ្រីស្ទ ជាព្រះដ៏ជួយសង្គ្រោះមនុស្សលោកពិតប្រាកដមែន។ កន្លង២ថ្ងៃនោះមក ព្រះយេស៊ូវក៏ចេញពីទីនោះ ទៅឯស្រុកកាលីឡេវិញ ដ្បិតទ្រង់ធ្វើបន្ទាល់ដោយព្រះអង្គទ្រង់ថា គេមិនរាប់អានហោរា នៅក្នុងស្រុករបស់ខ្លួនទេ ដូច្នេះ កាលទ្រង់បានយាងមកដល់ស្រុកកាលីឡេហើយ នោះពួកអ្នកនៅស្រុកនោះក៏ទទួលទ្រង់ ដោយបានឃើញអស់ទាំងការដែលទ្រង់ធ្វើ នៅក្រុងយេរូសាឡិម ក្នុងវេលាបុណ្យ ពីព្រោះគេក៏បានទៅឯបុណ្យនោះដែរ។ រួចមក ទ្រង់យាងមកដល់ភូមិកាណា ក្នុងស្រុកកាលីឡេម្តងទៀត គឺនៅភូមិនោះហើយ ដែលទ្រង់ធ្វើទឹកឲ្យប្រែទៅជាស្រាទំពាំងបាយជូរ នោះមាននាម៉ឺនម្នាក់មានកូនឈឺ នៅឯកាពើណិម កាលលោកបានឮថា ព្រះយេស៊ូវបានយាងពីស្រុកយូដា មកដល់ស្រុកកាលីឡេហើយ នោះលោកក៏ទៅសូមទ្រង់ ឲ្យយាងចុះទៅប្រោសកូនឲ្យជា ដ្បិតកូននោះជិតស្លាប់ហើយ ព្រះយេស៊ូវទ្រង់មានបន្ទូលទៅលោកថា បើអ្នករាល់គ្នាមិនឃើញទីសំគាល់ នឹងការអស្ចារ្យ នោះមិនព្រមជឿទេ នាម៉ឺននោះទូលទ្រង់ថា លោកម្ចាស់ សូមអញ្ជើញចុះទៅជាប្រញាប់ ក្រែងកូនខ្ញុំស្លាប់ ព្រះយេស៊ូវមានបន្ទូលទៅលោកថា អញ្ជើញទៅចុះ កូនលោកនឹងរស់នៅទេ លោកក៏ជឿព្រះបន្ទូលនៃព្រះយេស៊ូវ ហើយចេញទៅ កំពុងដែលលោកចុះទៅ ស្រាប់តែពួកបាវលោកមកជំរាបថា កូនលោកជាហើយ ដូច្នេះ លោកក៏សួរគេ ពីពេលណាដែលកូនបានគ្រាន់បើ គេជំរាបថា បាត់គ្រុនពីម៉ោង១ម្សិលមិញ នោះឪពុកបានដឹងថា គឺជាពេលនោះឯង ដែលព្រះយេស៊ូវមានបន្ទូលថា កូនរស់នៅទេ ហើយលោកក៏ជឿ ព្រមទាំងពួកផ្ទះលោកទាំងអស់ដែរ នេះជាទីសំគាល់ទី២ដែលព្រះយេស៊ូវទ្រង់ធ្វើ ក្នុងកាលដែលទ្រង់យាងត្រឡប់ពីស្រុកយូដា មកក្នុងស្រុកកាលីឡេវិញ។