យ៉ូហាន 3:8-17
យ៉ូហាន 3:8-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ខ្យល់ ចង់បក់ទៅណាក៏បាន ហើយអ្នកឮសូរសព្ទរបស់វា តែមិនដឹងថាមកពីណា ឬទៅណាទេ។ អស់អ្នកដែលកើតពីព្រះវិញ្ញាណ ក៏ដូច្នោះដែរ»។ លោកនីកូដេមទូលសួរព្រះអង្គថា៖ «តើការទាំងនេះអាចកើតឡើងដូចម្តេចបាន?» ព្រះយេស៊ូវឆ្លើយទៅលោកថា៖ «លោកជាគ្រូរបស់សាសន៍អ៊ីស្រាអែល តែមិនយល់ការទាំងនេះទេឬ? ប្រាកដមែន ខ្ញុំសូមជម្រាបលោកជាប្រាកដថា យើងប្រាប់ពីការដែលយើងដឹង ហើយធ្វើបន្ទាល់ពីការដែលយើងបានឃើញ តែអ្នករាល់គ្នាមិនទទួលបន្ទាល់របស់យើងទេ។ បើខ្ញុំនិយាយប្រាប់អ្នករាល់គ្នា ពីអ្វីៗខាងផែនដី អ្នករាល់គ្នាមិនជឿទៅហើយ ចំណង់បើខ្ញុំប្រាប់ពីអ្វីៗខាងស្ថានសួគ៌វិញ ធ្វើដូចម្តេចឲ្យអ្នករាល់គ្នាជឿទៅបាន? គ្មានអ្នកណាបានឡើងទៅស្ថានសួគ៌ឡើយ មានតែព្រះអង្គដែលយាងចុះពីស្ថានសួគ៌មកប៉ុណ្ណោះ គឺជាកូនមនុស្ស[ដែលគង់នៅស្ថានសួគ៌] ហើយដូចលោកម៉ូសេបានលើកសត្វពស់ឡើង នៅទីរហោស្ថានយ៉ាងណា កូនមនុស្សក៏ត្រូវគេលើកលោកឡើង យ៉ាងនោះដែរ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះអង្គ [មិនត្រូវវិនាសឡើយ គឺ]មានជីវិតអស់កល្បជានិច្ចវិញ។ ដ្បិតព្រះស្រឡាញ់មនុស្សលោកជាខ្លាំង បានជាទ្រង់ប្រទានព្រះរាជបុត្រាតែមួយរបស់ព្រះអង្គ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ។ ព្រោះព្រះមិនបានចាត់ព្រះរាជបុត្រារបស់ព្រះអង្គ ឲ្យមកក្នុងលោកនេះ ដើម្បីដាក់ទោសមនុស្សលោកនោះទេ គឺឲ្យមនុស្សលោកបានសង្គ្រោះ ដោយសារព្រះអង្គវិញ។
យ៉ូហាន 3:8-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ខ្យល់ចង់បក់ទៅទិសណាក៏បាន លោកឮស្នូរវា តែលោកពុំដឹងថាខ្យល់បក់មកពីទីណា ទៅទីណាឡើយ រីឯអ្នកដែលកើតមកពីព្រះវិញ្ញាណក៏ដូច្នោះដែរ»។ លោកនីកូដេមទូលសួរព្រះអង្គថា៖ «តើការទាំងនេះអាចនឹងកើតឡើងដូចម្ដេចបាន?»។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «លោកជាគ្រូរបស់ជនជាតិអ៊ីស្រាអែល ម្ដេចក៏លោកមិនជ្រាបសេចក្ដីទាំងនេះ? ខ្ញុំសូមជម្រាបលោកឲ្យដឹងច្បាស់ថា យើងនិយាយអំពីសេចក្ដីណាដែលយើងដឹង ហើយយើងធ្វើជាបន្ទាល់បញ្ជាក់នូវហេតុការណ៍ណាដែលយើងបានឃើញ តែអ្នករាល់គ្នាមិនទទួលសក្ខីភាពរបស់យើងទេ។ ពេលខ្ញុំនិយាយអំពីហេតុការណ៍នៅលើផែនដី អ្នករាល់គ្នាមិនជឿទៅហើយ ចុះទម្រាំបើខ្ញុំនិយាយអំពីហេតុការណ៍នៅស្ថានបរមសុខវិញ តើអ្នករាល់គ្នានឹងជឿដូចម្ដេចបាន!។ ពុំដែលមាននរណាបានឡើងទៅស្ថានបរមសុខឡើយ គឺមានតែបុត្រមនុស្ស*ប៉ុណ្ណោះ ដែលបានយាងចុះពីស្ថានបរមសុខមក។ កាលនៅវាលរហោស្ថាន លោកម៉ូសេបានលើកពស់ឡើងយ៉ាងណា បុត្រមនុស្សនឹងត្រូវគេលើកឡើងយ៉ាងនោះដែរ ដើម្បីឲ្យអស់អ្នកដែលជឿលើព្រះអង្គ មានជីវិតអស់កល្បជានិច្ច។ ព្រះជាម្ចាស់ស្រឡាញ់មនុស្សលោកខ្លាំងណាស់ ហេតុនេះហើយបានជាព្រះអង្គប្រទានព្រះបុត្រាតែមួយរបស់ព្រះអង្គមក ដើម្បីឲ្យអស់អ្នកដែលជឿលើព្រះបុត្រា មានជីវិតអស់កល្បជានិច្ច គឺមិនឲ្យគេវិនាសឡើយ។ ព្រះជាម្ចាស់បានចាត់ព្រះបុត្រារបស់ព្រះអង្គឲ្យយាងមកក្នុងលោកនេះ ពុំមែនដើម្បីដាក់ទោសមនុស្សលោកទេ គឺដើម្បីសង្គ្រោះមនុស្សលោក ដោយសារព្រះបុត្រាវិញ។
យ៉ូហាន 3:8-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯខ្យល់ ចង់បក់ទៅឯណា ក៏ចេះតែបាន ហើយអ្នកឮសូរសព្ទ តែមិនដឹងជាមកពីណា ឬទៅឯណាទេ អស់អ្នកណាដែលកើតមកពីព្រះវិញ្ញាណ នោះក៏ដូច្នោះដែរ លោកនីកូដេមទូលសួរថា ធ្វើដូចម្តេចឲ្យការទាំងនេះកើតបាន ព្រះយេស៊ូវទ្រង់ឆ្លើយថា អ្នកជាគ្រូនៃសាសន៍អ៊ីស្រាអែល តែមិនដឹងការទាំងនេះទេឬ ប្រាកដមែន ខ្ញុំប្រាប់អ្នកជាប្រាកដថា យើងប្រាប់ពីការដែលយើងដឹង ហើយធ្វើបន្ទាល់ពីការដែលយើងបានឃើញ តែអ្នករាល់គ្នាមិនទទួលសេចក្ដីបន្ទាល់របស់យើងទេ បើខ្ញុំនិយាយប្រាប់អ្នករាល់គ្នា ពីការដែលត្រូវខាងផែនដី តែអ្នករាល់គ្នាមិនជឿទៅហើយ នោះចំណង់បើខ្ញុំប្រាប់ពីការ ដែលត្រូវខាងស្ថានសួគ៌វិញ តើធ្វើដូចម្តេចនឹងឲ្យជឿទៅបាន គ្មានអ្នកណាបានឡើងទៅស្ថានសួគ៌ឡើយ មានតែព្រះអង្គ ដែលយាងចុះពីស្ថានសួគ៌មកប៉ុណ្ណោះ គឺជាកូនមនុស្សដែលនៅស្ថានសួគ៌នោះឯង ហើយដែលលោកម៉ូសេបានលើកសត្វពស់ឡើង នៅទីរហោស្ថានជាយ៉ាងណា នោះកូនមនុស្សនឹងត្រូវគេលើកលោកឡើងយ៉ាងនោះដែរ ដើម្បីឲ្យអ្នកណាដែលជឿដល់កូនមនុស្សនោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោក ដល់ម៉្លេះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ ពីព្រោះព្រះទ្រង់មិនបានចាត់ព្រះរាជបុត្រាទ្រង់ ឲ្យមកក្នុងលោកីយ ដើម្បីនឹងជំនុំជំរះលោកីយនោះទេ គឺឲ្យលោកីយបានសង្គ្រោះ ដោយសារទ្រង់វិញ