យ៉ូហាន 3:3-7
យ៉ូហាន 3:3-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយទៅគាត់ថា៖ «ប្រាកដមែន ខ្ញុំប្រាប់លោកជាប្រាកដថា បើមិនបានកើតជាថ្មី គ្មានអ្នកណាអាចឃើញព្រះរាជ្យរបស់ព្រះបានឡើយ»។ លោកនីកូដេមទូលព្រះអង្គថា៖ «ពេលមនុស្សចាស់ហើយ ធ្វើដូចម្តេចឲ្យកើតម្តងទៀតបាន? តើគេអាចចូលទៅក្នុងពោះម្តាយវិញ ហើយកើតម្តងទៀតបានឬ?» ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា៖ «ប្រាកដមែន ខ្ញុំសូមជម្រាបលោកជាប្រាកដថា បើមិនបានកើតពីទឹក និងពីព្រះវិញ្ញាណ អ្នកនោះមិនអាចចូលទៅក្នុងព្រះរាជ្យរបស់ព្រះបានឡើយ។ អ្វីដែលកើតពីសាច់ នោះជាសាច់ ហើយអ្វីដែលកើតពីព្រះវិញ្ញាណ នោះជាវិញ្ញាណ កុំឆ្ងល់ពីពាក្យដែលខ្ញុំជម្រាបលោកថា "អ្នករាល់គ្នាត្រូវកើតជាថ្មី" នោះឡើយ។
យ៉ូហាន 3:3-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ខ្ញុំសូមជម្រាបលោកឲ្យដឹងច្បាស់ថា ប្រសិនបើមនុស្សមិនកើតជាថ្មីទេ គេមិនអាចឃើញព្រះរាជ្យ*របស់ព្រះជាម្ចាស់ឡើយ»។ លោកនីកូដេមទូលសួរព្រះអង្គថា៖ «ចុះបើមនុស្សមានវ័យចាស់ទៅហើយ ធ្វើដូចម្ដេចអាចកើតម្ដងទៀតបាន? តើគេអាចចូលទៅក្នុងផ្ទៃម្ដាយ ហើយកើតម្ដងទៀតបានឬ?»។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «ខ្ញុំសូមជម្រាបលោកឲ្យដឹងច្បាស់ថា ប្រសិនបើមនុស្សមិនកើតពីទឹក និងពីព្រះវិញ្ញាណទេ គេពុំអាចចូលក្នុងព្រះរាជ្យព្រះជាម្ចាស់ឡើយ។ អ្នកណាកើតមកជាមនុស្ស អ្នកនោះនៅតែជាមនុស្សដដែល រីឯអ្នកដែលកើតពីព្រះវិញ្ញាណវិញ មានព្រះវិញ្ញាណក្នុងខ្លួន។ ពេលខ្ញុំជម្រាបលោកថា “អ្នករាល់គ្នាត្រូវកើតជាថ្មី” សូមកុំឆ្ងល់ឲ្យសោះ។
យ៉ូហាន 3:3-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេស៊ូវមានបន្ទូលឆ្លើយថា ប្រាកដមែន ខ្ញុំប្រាប់អ្នកជាប្រាកដថា បើមិនបានកើតជាថ្មី នោះគ្មានអ្នកណាអាចនឹងឃើញនគរព្រះបានទេ លោកនីកូដេមទូលសួរថា ធ្វើដូចម្តេចនឹងកើតឡើងបាន ក្នុងកាលដែលចាស់ហើយ តើអាចនឹងចូលទៅក្នុងពោះម្តាយម្តងទៀត ហើយកើតឡើងវិញបានឬ ព្រះយេស៊ូវមានបន្ទូលឆ្លើយថា ប្រាកដមែន ខ្ញុំប្រាប់អ្នកជាប្រាកដថា បើមិនបានកើតអំពីទឹក ហើយអំពីព្រះវិញ្ញាណ នោះគ្មានអ្នកណាអាចនឹងចូលទៅក្នុងនគរព្រះបានទេ របស់អ្វីដែលកើតពីសាច់ នោះជាសាច់ទេ ហើយដែលកើតពីព្រះវិញ្ញាណ នោះជាវិញ្ញាណវិញ កុំឲ្យឆ្ងល់ពីពាក្យដែលខ្ញុំប្រាប់ថា ត្រូវតែកើតជាថ្មីនោះឡើយ