យ៉ូហាន 3:22-30
យ៉ូហាន 3:22-30 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ក្រោយមក ព្រះយេស៊ូវ និងពួកសិស្សព្រះអង្គបានទៅស្រុកយូដា ព្រះអង្គគង់នៅទីនោះជាមួយពួកគេ ហើយធ្វើពិធីជ្រមុជទឹកផង។ រីឯលោកយ៉ូហាន ក៏កំពុងធ្វើពិធីជ្រមុជទឹក នៅស្រុកអេណូន ជិតភូមិសាលីមដែរ ព្រោះនៅទីនោះមានទឹកច្រើន ហើយមនុស្សចេះតែចូលមក ដើម្បីឲ្យគាត់ជ្រមុជទឹកឲ្យ ដ្បិតលោកយ៉ូហានមិនទាន់ជាប់គុកនៅឡើយ។ ពេលនោះ ពួកសិស្សលោកយ៉ូហាន និងសាសន៍យូដាម្នាក់ជជែកគ្នាពីពិធីជម្រះកាយឲ្យបានបរិសុទ្ធ។ ពួកគេមកជួបលោកយ៉ូហាន ជម្រាបថា៖ «រ៉ាប៊ី ម្នាក់ដែលនៅជាមួយលោក ខាងនាយទន្លេយ័រដាន់ ដែលលោកបានធ្វើបន្ទាល់នោះ ឥឡូវនេះ គាត់កំពុងធ្វើពិធីជ្រមុជទឹក ហើយមនុស្សទាំងអស់នាំគ្នាទៅរកគាត់»។ លោកយ៉ូហានឆ្លើយថា៖ «គ្មានមនុស្សណាអាចទទួលអ្វីបានទេ លើកលែងតែបានប្រទានមកពីស្ថានសួគ៌ប៉ុណ្ណោះ។ អ្នករាល់គ្នានេះហើយជាបន្ទាល់ពីខ្ញុំ ដែលខ្ញុំបាននិយាយថា "ខ្ញុំមិនមែនជាព្រះគ្រីស្ទទេ គឺគ្រាន់តែបានចាត់ឲ្យមកមុនព្រះអង្គប៉ុណ្ណោះ"។ អ្នកណាដែលរៀបការនឹងកូនក្រមុំ អ្នកនោះជាកូនកំលោះ ហើយមិត្តសម្លាញ់ដែលឈរស្តាប់គាត់មានអំណរជាខ្លាំង ដោយសារសំឡេងកូនកំលោះ ដោយហេតុនេះ អំណររបស់ខ្ញុំក៏ពោរពេញឡើង។ ព្រះអង្គត្រូវតែចម្រើនឡើង ហើយខ្ញុំត្រូវតែថយចុះ»។
យ៉ូហាន 3:22-30 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បន្ទាប់មក ព្រះយេស៊ូយាងទៅស្រុកយូដាជាមួយពួកសិស្ស*។ ព្រះអង្គស្នាក់នៅទីនោះជាមួយគេ ព្រមទាំងជ្រមុជទឹក*ឲ្យបណ្ដាជនផង។ រីឯលោកយ៉ូហានវិញ លោកក៏ជ្រមុជទឹកឲ្យគេ នៅអេណូន ក្បែរភូមិសាលីមដែរ ព្រោះនៅទីនោះមានទឹកច្រើន។ មនុស្សម្នានាំគ្នាមករកលោក ហើយលោកជ្រមុជទឹកឲ្យ។ កាលណោះលោកយ៉ូហានមិនទាន់ជាប់ឃុំឃាំងនៅឡើយទេ។ ពេលនោះ ពួកសិស្សរបស់លោកយ៉ូហាន និងជនជាតិយូដាម្នាក់ ជជែកគ្នាអំពីពិធីជម្រះកាយឲ្យបរិសុទ្ធ*។ គេនាំគ្នាទៅជួបលោកយ៉ូហាន ជម្រាបថា៖ «លោកគ្រូ! បុរសដែលនៅជាមួយលោកខាងនាយទន្លេយ័រដាន់ពីថ្ងៃមុន ហើយដែលលោកផ្ដល់សក្ខីភាពឲ្យនោះ ឥឡូវនេះ គាត់កំពុងតែជ្រមុជទឹក*ឲ្យគេ មនុស្សទាំងអស់នាំគ្នាទៅរកគាត់»។ លោកយ៉ូហានមានប្រសាសន៍តបទៅគេថា៖ «បើព្រះជាម្ចាស់មិនប្រទានឲ្យទេ គ្មាននរណាម្នាក់អាចធ្វើអ្វីកើតឡើយ។ អ្នករាល់គ្នាជាបន្ទាល់ស្រាប់ហើយ ខ្ញុំបាននិយាយថា ខ្ញុំមិនមែនជាព្រះគ្រិស្តទេ គឺព្រះជាម្ចាស់បានចាត់ខ្ញុំឲ្យមកមុនព្រះអង្គ។ នៅក្នុងពិធីមង្គលការ កូនក្រមុំរៀបការនឹងអ្នកណា អ្នកនោះហើយជាស្វាមី។ រីឯមិត្តសម្លាញ់របស់ស្វាមី គេឈរស្ដាប់នៅក្បែរគាត់ និងមានចិត្តត្រេកអរក្រៃលែង ដោយបានឮសំឡេងរបស់គាត់។ ខ្ញុំក៏ពោរពេញដោយអំណរដូច្នោះដែរ។ ព្រះអង្គត្រូវតែចម្រើនឡើង រីឯខ្ញុំវិញ ខ្ញុំត្រូវតែអន់ថយ។
យ៉ូហាន 3:22-30 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ក្រោយនោះមក ព្រះយេស៊ូវ នឹងពួកសិស្សទ្រង់ក៏មកក្នុងស្រុកយូដា ទ្រង់គង់នៅទីនោះជាមួយនឹងគេ ព្រមទាំងធ្វើបុណ្យជ្រមុជទឹកផង ឯយ៉ូហាន គាត់កំពុងតែធ្វើបុណ្យជ្រមុជទឹក នៅស្រុកអេណូន ជិតភូមិសាលិម ព្រោះនៅទីនោះមានទឹកច្រើន ហើយចេះតែមានគេមក ដើម្បីទទួលបុណ្យជ្រមុជទឹកផង ដ្បិតយ៉ូហានមិនទាន់ជាប់គុកនៅឡើយ វេលានោះ ពួកសិស្សយ៉ូហាន នឹងសាសន៍យូដាម្នាក់ កើតជជែកគ្នា ពីដំណើរលាងសំអាត រួចគេមកឯយ៉ូហានជំរាបថា លោកគ្រូ លោកនោះដែលនៅជាមួយនឹងលោក ខាងនាយទន្លេយ័រដាន់ ដែលលោកបានធ្វើបន្ទាល់ឲ្យ មើល លោកក៏ធ្វើបុណ្យជ្រមុជដែរ ហើយបណ្តាមនុស្សទាំងប៉ុន្មាន គេទៅឯលោកវិញ យ៉ូហានឆ្លើយថា គ្មានមនុស្សណាអាចនឹងទទួលអ្វីបានទេ លើកតែបានប្រទានពីស្ថានសួគ៌មកឲ្យប៉ុណ្ណោះ ខ្លួនអ្នករាល់គ្នាជាទីបន្ទាល់ពីខ្ញុំ ដែលខ្ញុំថា ខ្ញុំមិនមែនជាព្រះគ្រីស្ទទេ គឺគ្រាន់តែទទួលបង្គាប់នឹងមកនាំមុខទ្រង់ប៉ុណ្ណោះ អ្នកណាដែលយកប្រពន្ធ នោះឈ្មោះថាជាប្ដីហើយ ឯពួកមិត្រសំឡាញ់ ដែលឈរស្តាប់គាត់ កំពុងដែលរៀបការ នោះក៏មានសេចក្ដីអំណរអរឡើង ដោយសារសំឡេងប្ដី គឺយ៉ាងនោះឯង ដែលសេចក្ដីអំណររបស់ខ្ញុំបានពោរពេញហើយ ត្រូវឲ្យព្រះអង្គនោះបានចំរើនឡើង ហើយខ្ញុំត្រូវថយវិញចុះ