យ៉ូហាន 3:13-19
យ៉ូហាន 3:13-19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
គ្មានអ្នកណាបានឡើងទៅស្ថានសួគ៌ឡើយ មានតែព្រះអង្គដែលយាងចុះពីស្ថានសួគ៌មកប៉ុណ្ណោះ គឺជាកូនមនុស្ស[ដែលគង់នៅស្ថានសួគ៌] ហើយដូចលោកម៉ូសេបានលើកសត្វពស់ឡើង នៅទីរហោស្ថានយ៉ាងណា កូនមនុស្សក៏ត្រូវគេលើកលោកឡើង យ៉ាងនោះដែរ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះអង្គ [មិនត្រូវវិនាសឡើយ គឺ]មានជីវិតអស់កល្បជានិច្ចវិញ។ ដ្បិតព្រះស្រឡាញ់មនុស្សលោកជាខ្លាំង បានជាទ្រង់ប្រទានព្រះរាជបុត្រាតែមួយរបស់ព្រះអង្គ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ។ ព្រោះព្រះមិនបានចាត់ព្រះរាជបុត្រារបស់ព្រះអង្គ ឲ្យមកក្នុងលោកនេះ ដើម្បីដាក់ទោសមនុស្សលោកនោះទេ គឺឲ្យមនុស្សលោកបានសង្គ្រោះ ដោយសារព្រះអង្គវិញ។ អ្នកណាដែលជឿដល់ព្រះអង្គ មិនជាប់មានទោសឡើយ តែអ្នកណាដែលមិនជឿវិញ មានទោសស្រេចទៅហើយ ព្រោះមិនបានជឿដល់ព្រះនាមព្រះរាជបុត្រាតែមួយរបស់ព្រះ។ ទោសនេះ គឺថា ពន្លឺបានមកក្នុងពិភពលោក តែមនុស្សលោកចូលចិត្តភាពងងឹតជាងពន្លឺ ព្រោះអំពើដែលគេប្រព្រឹត្ត សុទ្ធតែអាក្រក់។
យ៉ូហាន 3:13-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពុំដែលមាននរណាបានឡើងទៅស្ថានបរមសុខឡើយ គឺមានតែបុត្រមនុស្ស*ប៉ុណ្ណោះ ដែលបានយាងចុះពីស្ថានបរមសុខមក។ កាលនៅវាលរហោស្ថាន លោកម៉ូសេបានលើកពស់ឡើងយ៉ាងណា បុត្រមនុស្សនឹងត្រូវគេលើកឡើងយ៉ាងនោះដែរ ដើម្បីឲ្យអស់អ្នកដែលជឿលើព្រះអង្គ មានជីវិតអស់កល្បជានិច្ច។ ព្រះជាម្ចាស់ស្រឡាញ់មនុស្សលោកខ្លាំងណាស់ ហេតុនេះហើយបានជាព្រះអង្គប្រទានព្រះបុត្រាតែមួយរបស់ព្រះអង្គមក ដើម្បីឲ្យអស់អ្នកដែលជឿលើព្រះបុត្រា មានជីវិតអស់កល្បជានិច្ច គឺមិនឲ្យគេវិនាសឡើយ។ ព្រះជាម្ចាស់បានចាត់ព្រះបុត្រារបស់ព្រះអង្គឲ្យយាងមកក្នុងលោកនេះ ពុំមែនដើម្បីដាក់ទោសមនុស្សលោកទេ គឺដើម្បីសង្គ្រោះមនុស្សលោក ដោយសារព្រះបុត្រាវិញ។ អ្នកជឿលើព្រះបុត្រាមិនត្រូវទទួលទោសទេ រីឯអ្នកមិនជឿបានទទួលទោសរួចស្រេចទៅហើយ ព្រោះគេពុំបានជឿលើព្រះនាមព្រះបុត្រាតែមួយរបស់ព្រះជាម្ចាស់។ ហេតុដែលបណ្ដាលឲ្យមានទោសនោះ គឺពន្លឺបានយាងមកក្នុងពិភពលោក ប៉ុន្តែ មនុស្សលោកចូលចិត្តភាពងងឹតជាងពន្លឺ ដ្បិតអំពើរបស់គេសុទ្ធតែអាក្រក់។
យ៉ូហាន 3:13-19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គ្មានអ្នកណាបានឡើងទៅស្ថានសួគ៌ឡើយ មានតែព្រះអង្គ ដែលយាងចុះពីស្ថានសួគ៌មកប៉ុណ្ណោះ គឺជាកូនមនុស្សដែលនៅស្ថានសួគ៌នោះឯង ហើយដែលលោកម៉ូសេបានលើកសត្វពស់ឡើង នៅទីរហោស្ថានជាយ៉ាងណា នោះកូនមនុស្សនឹងត្រូវគេលើកលោកឡើងយ៉ាងនោះដែរ ដើម្បីឲ្យអ្នកណាដែលជឿដល់កូនមនុស្សនោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោក ដល់ម៉្លេះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ ពីព្រោះព្រះទ្រង់មិនបានចាត់ព្រះរាជបុត្រាទ្រង់ ឲ្យមកក្នុងលោកីយ ដើម្បីនឹងជំនុំជំរះលោកីយនោះទេ គឺឲ្យលោកីយបានសង្គ្រោះ ដោយសារទ្រង់វិញ ឯអ្នកណាដែលជឿដល់ទ្រង់ នោះមិនជាប់មានទោសទេ តែអ្នកណាដែលមិនជឿវិញ នោះត្រូវមានទោសហើយ ពីព្រោះមិនបានជឿដល់ព្រះនាមនៃព្រះរាជបុត្រាតែ១របស់ព្រះ ហើយទោសនេះ គឺថា ពន្លឺបានមកក្នុងលោកីយ តែមនុស្សលោកចូលចិត្តនឹងសេចក្ដីងងឹតជាជាងពន្លឺ ពីព្រោះអំពើដែលគេធ្វើទាំងប៉ុន្មាន សុទ្ធតែអាក្រក់