យ៉ូហាន 3:10-18

យ៉ូហាន 3:10-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេស៊ូវ​ឆ្លើយ​ទៅ​លោក​ថា៖ «លោក​ជា​គ្រូ​របស់​សាសន៍​អ៊ីស្រា‌អែល តែ​មិន​យល់​ការ​ទាំង​នេះ​ទេ​ឬ? ប្រាកដ​មែន ខ្ញុំ​សូមជម្រាប​លោក​ជា​ប្រាកដ​ថា យើង​ប្រាប់​ពី​ការ​ដែល​យើង​ដឹង ហើយ​ធ្វើ​បន្ទាល់​ពី​ការ​ដែល​យើង​បាន​ឃើញ តែ​អ្នក​រាល់​គ្នា​មិន​ទទួល​បន្ទាល់​របស់​យើង​ទេ។ បើ​ខ្ញុំ​និយាយ​ប្រាប់​អ្នក​រាល់​គ្នា ពី​អ្វីៗ​ខាង​ផែនដី អ្នក​រាល់​គ្នា​មិន​ជឿ​ទៅ​ហើយ ចំណង់​បើ​ខ្ញុំ​ប្រាប់​ពី​អ្វីៗ​ខាង​ស្ថាន‌សួគ៌​វិញ ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​រាល់​គ្នា​ជឿ​ទៅ​បាន? គ្មាន​អ្នក​ណា​បាន​ឡើង​ទៅ​ស្ថាន‌សួគ៌​ឡើយ មាន​តែ​ព្រះ‌អង្គ​ដែល​យាង​ចុះ​ពី​ស្ថាន‌សួគ៌​មក​ប៉ុណ្ណោះ គឺ​ជា​កូន​មនុស្ស[ដែល​គង់​នៅ​ស្ថាន‌សួគ៌] ហើយ​ដូច​លោក​ម៉ូសេ​បាន​លើក​សត្វ​ពស់​ឡើង នៅ​ទី​រហោ‌ស្ថាន​យ៉ាង​ណា កូន​មនុស្ស​ក៏​ត្រូវ​គេ​លើក​លោក​ឡើង យ៉ាង​នោះ​ដែរ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះ‌អង្គ [មិន​ត្រូវ​វិនាស​ឡើយ គឺ]​មាន​ជីវិត​អស់​កល្ប​ជា‌និច្ច​វិញ។ ដ្បិត​ព្រះ​ស្រឡាញ់​មនុស្ស​លោក​ជា​ខ្លាំង បាន​ជា​ទ្រង់​ប្រទាន​ព្រះ‌រាជ‌បុត្រា​តែ​មួយ​របស់​ព្រះ‌អង្គ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះ‌រាជ‌បុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជា‌និច្ច​វិញ។ ព្រោះ​ព្រះ​មិន​បាន​ចាត់​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ‌អង្គ ឲ្យ​មក​ក្នុង​លោក​នេះ ដើម្បី​ដាក់​ទោស​មនុស្ស​លោក​នោះ​ទេ គឺ​ឲ្យ​មនុស្ស​លោក​បាន​សង្គ្រោះ ដោយ​សារ​ព្រះ‌អង្គ​វិញ។ អ្នក​ណា​ដែល​ជឿ​ដល់​ព្រះ‌អង្គ មិន​ជាប់​មាន​ទោស​ឡើយ តែ​អ្នក​ណា​ដែល​មិន​ជឿ​វិញ មាន​ទោស​ស្រេច​ទៅ​ហើយ ព្រោះ​មិន​បាន​ជឿ​ដល់​ព្រះ‌នាម​ព្រះ‌រាជ‌បុត្រា​តែ​មួយ​របស់​ព្រះ។

ចែក​រំលែក
អាន យ៉ូហាន 3

យ៉ូហាន 3:10-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «លោក​ជា​គ្រូ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ម្ដេច​ក៏​លោក​មិន​ជ្រាប​សេចក្ដី​ទាំង​នេះ? ខ្ញុំ​សូម​ជម្រាប​លោក​ឲ្យ​ដឹង​ច្បាស់​ថា យើង​និយាយ​អំពី​សេចក្ដី​ណា​ដែល​យើង​ដឹង ហើយ​យើង​ធ្វើ​ជា​បន្ទាល់​បញ្ជាក់​នូវ​ហេតុ‌ការណ៍​ណា​ដែល​យើង​បាន​ឃើញ តែ​អ្នក​រាល់​គ្នា​មិន​ទទួល​សក្ខីភាព​របស់​យើង​ទេ។ ពេល​ខ្ញុំ​និយាយ​អំពី​ហេតុ‌ការណ៍​នៅ​លើ​ផែនដី អ្នក​រាល់​គ្នា​មិន​ជឿ​ទៅ​ហើយ ចុះ​ទម្រាំ​បើ​ខ្ញុំ​និយាយ​អំពី​ហេតុ‌ការណ៍​នៅ​ស្ថាន​បរម‌សុខ​វិញ តើ​អ្នក​រាល់​គ្នា​នឹង​ជឿ​ដូច​ម្ដេច​បាន!។ ពុំ​ដែល​មាន​នរណា​បាន​ឡើង​ទៅ​ស្ថាន​បរម‌សុខ​ឡើយ គឺ​មាន​តែ​បុត្រ​មនុស្ស*ប៉ុណ្ណោះ ដែល​បាន​យាង​ចុះ​ពី​ស្ថាន​បរម‌សុខ​មក។ កាល​នៅ​វាល​រហោ‌ស្ថាន លោក​ម៉ូសេ​បាន​លើក​ពស់​ឡើង​យ៉ាង​ណា បុត្រ​មនុស្ស​នឹង​ត្រូវ​គេ​លើក​ឡើងយ៉ាង​នោះ​ដែរ ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ជឿ​លើ​ព្រះអង្គ មាន​ជីវិត​អស់‌កល្ប​ជានិច្ច។ ព្រះ‌ជាម្ចាស់​ស្រឡាញ់​មនុស្ស​លោក​ខ្លាំង​ណាស់ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះអង្គ​ប្រទាន​ព្រះ‌បុត្រា​តែ​មួយ​របស់​ព្រះអង្គ​មក ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ជឿ​លើ​ព្រះ‌បុត្រា មាន​ជីវិត​អស់‌កល្ប​ជានិច្ច គឺ​មិន​ឲ្យ​គេ​វិនាស​ឡើយ។ ព្រះ‌ជាម្ចាស់​បាន​ចាត់​ព្រះ‌បុត្រា​របស់​ព្រះអង្គ​ឲ្យ​យាង​មក​ក្នុង​លោក​នេះ ពុំ​មែន​ដើម្បី​ដាក់​ទោស​មនុស្ស​លោក​ទេ គឺ​ដើម្បី​សង្គ្រោះ​មនុស្ស​លោក ដោយ‌សារ​ព្រះ‌បុត្រា​វិញ។ អ្នក​ជឿ​លើ​ព្រះ‌បុត្រា​មិន​ត្រូវ​ទទួល​ទោស​ទេ រីឯ​អ្នក​មិន​ជឿ​បាន​ទទួល​ទោស​រួច​ស្រេច​ទៅ​ហើយ ព្រោះ​គេ​ពុំ​បាន​ជឿ​លើ​ព្រះ‌នាម​ព្រះ‌បុត្រា​តែ​មួយ​របស់​ព្រះ‌ជាម្ចាស់។

ចែក​រំលែក
អាន យ៉ូហាន 3

យ៉ូហាន 3:10-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌យេស៊ូវ​ទ្រង់​ឆ្លើយ​ថា អ្នក​ជា​គ្រូ​នៃ​សាសន៍​អ៊ីស្រាអែល តែ​មិន​ដឹង​ការ​ទាំង​នេះ​ទេ​ឬ ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា យើង​ប្រាប់​ពី​ការ​ដែល​យើង​ដឹង ហើយ​ធ្វើ​បន្ទាល់​ពី​ការ​ដែល​យើង​បាន​ឃើញ តែ​អ្នក​រាល់​គ្នា​មិន​ទទួល​សេចក្ដី​បន្ទាល់​របស់​យើង​ទេ បើ​ខ្ញុំ​និយាយ​ប្រាប់​អ្នក​រាល់​គ្នា ពី​ការ​ដែល​ត្រូវ​ខាង​ផែនដី តែ​អ្នក​រាល់​គ្នា​មិន​ជឿ​ទៅ​ហើយ នោះ​ចំណង់​បើ​ខ្ញុំ​ប្រាប់​ពី​ការ ដែល​ត្រូវ​ខាង​ស្ថាន‌សួគ៌​វិញ តើ​ធ្វើ​ដូច​ម្តេច​នឹង​ឲ្យ​ជឿ​ទៅ​បាន គ្មាន​អ្នក​ណា​បាន​ឡើង​ទៅ​ស្ថាន‌សួគ៌​ឡើយ មាន​តែ​ព្រះ‌អង្គ ដែល​យាង​ចុះ​ពី​ស្ថាន‌សួគ៌​មក​ប៉ុណ្ណោះ គឺ​ជា​កូន​មនុស្ស​ដែល​នៅ​ស្ថាន‌សួគ៌​នោះ​ឯង ហើយ​ដែល​លោក​ម៉ូសេ​បាន​លើក​សត្វ​ពស់​ឡើង នៅ​ទី​រហោ‌ស្ថាន​ជា​យ៉ាង​ណា នោះ​កូន​មនុស្ស​នឹង​ត្រូវ​គេ​លើក​លោក​ឡើង​យ៉ាង​នោះ​ដែរ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​កូន​មនុស្ស​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​‌កល្ប​ជានិច្ច​វិញ ដ្បិត​ព្រះ‌ទ្រង់​ស្រឡាញ់​មនុស្ស​លោក ដល់​ម៉្លេះ​បាន​ជា​ទ្រង់​ប្រទាន​ព្រះ‌រាជ‌បុត្រា​ទ្រង់​តែ​១ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះ‌រាជ‌បុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​‌កល្ប​ជានិច្ច​វិញ ពី​ព្រោះ​ព្រះ‌ទ្រង់​មិន​បាន​ចាត់​ព្រះ‌រាជ‌បុត្រា​ទ្រង់ ឲ្យ​មក​ក្នុង​លោកីយ ដើម្បី​នឹង​ជំនុំ‌ជំរះ​លោកីយ​នោះ​ទេ គឺ​ឲ្យ​លោកីយ​បាន​សង្គ្រោះ ដោយ‌សារ​ទ្រង់​វិញ ឯ​អ្នក​ណា​ដែល​ជឿ​ដល់​ទ្រង់ នោះ​មិន​ជាប់​មាន​ទោស​ទេ តែ​អ្នក​ណា​ដែល​មិន​ជឿ​វិញ នោះ​ត្រូវ​មាន​ទោស​ហើយ ពី​ព្រោះ​មិន​បាន​ជឿ​ដល់​ព្រះ‌នាម​នៃ​ព្រះ‌រាជ‌បុត្រា​តែ​១​របស់​ព្រះ

ចែក​រំលែក
អាន យ៉ូហាន 3