យ៉ូហាន 21:7-19

យ៉ូហាន 21:7-19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

សិស្ស​ម្នាក់​ដែល​ព្រះ‌យេស៊ូវ​ស្រឡាញ់ និយាយ​ទៅ​កាន់​ពេត្រុស​ថា៖ «ព្រះ‌អម្ចាស់​ទេ​តើ!»។ កាល​ស៊ីម៉ូន-ពេត្រុស​ឮ​ថា​ព្រះ‌អម្ចាស់​ដូច្នេះ គាត់​ក៏​ពាក់​អាវ ព្រោះ​គាត់​នៅ​ខ្លួន​ទទេ រួច​លោត​ចុះ​ទៅ​ក្នុង​ទឹក។ ប៉ុន្តែ ពួក​សិស្ស​ឯ​ទៀត​នាំ​គ្នា​ចូល​ទូក​មក​មាត់​ច្រាំង ទាំង​ទាញ​អួន​ជាប់​ត្រី​ពេញ ដ្បិត​គេ​មិន​សូវ​នៅ​ឆ្ងាយ​ពី​គោក​ទេ គឺ​ប្រហែល​ជា​ពីររយ​ហត្ថ​ប៉ុណ្ណោះ។ ពេល​គេ​បាន​ឡើង​ទៅ​លើ​គោក​ហើយ គេ​ឃើញ​រងើក​ភ្លើង មាន​ទាំង​ត្រី​អាំង​នៅ​ពី​លើ និង​មាន​នំបុ័ង​ដែរ។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ចូរ​យក​ត្រី​ខ្លះ ដែល​អ្នក​រាល់​គ្នា​ទើប​នឹង​ចាប់​នោះ​មក!»។ ដូច្នេះ ស៊ីម៉ូន-ពេត្រុស​ចុះ​ទៅ​ក្នុង​ទូក ទាញ​អួន​ដាក់​លើ​គោក បាន​ត្រី​ធំៗ​មួយ​រយ​ហា‌សិប​បី ហើយ​ទោះ​បើ​មាន​ត្រី​ច្រើន​យ៉ាង​នេះ​ក៏​ដោយ ក៏​អួន​មិន​ធ្លាយ​ដែរ។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ហៅ​គេ​ថា៖ «ចូរ​មក​ពិសា​សិន» ប៉ុន្តែ គ្មាន​សិស្ស​ណា​មួយ​ហ៊ាន​ទូល​សួរ​ព្រះ‌អង្គ​ថា «តើ​អ្នក​ជា​នរណា?» ទេ ព្រោះ​គេ​ដឹង​ថា​ជា​ព្រះ‌អម្ចាស់​ហើយ។ ព្រះ‌យេស៊ូវ​ក៏​យាង​មក យក​នំបុ័ង និង​ត្រី ប្រទាន​ដល់​គេ។ នេះ​ជា​លើក​ទី​បី​ហើយ ដែល​ព្រះ‌យេស៊ូវ​លេច​មក​ឲ្យ​ពួក​សិស្ស​ឃើញ បន្ទាប់​ពី​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ។ ពេល​គេ​បរិ‌ភោគ​រួច​ហើយ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​ស៊ីម៉ូន‌-ពេត្រុស​ថា៖ «ស៊ីម៉ូន​កូន​យ៉ូហាន​អើយ តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ជាង​អ្នក​ទាំង​នេះ​ឬ​ទេ?» គាត់​ទូល​ឆ្លើយ​ថា៖ «ក្រាប​ទូល​ព្រះ‌អម្ចាស់ ព្រះ‌អង្គ​ជ្រាប​ហើយ​ថា ទូល​បង្គំ​ស្រឡាញ់​ព្រះ‌អង្គ»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ឲ្យ​ចំណី​កូន​ចៀម​របស់​ខ្ញុំ​ផង!»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ជា​លើក​ទី​ពីរ​ថា៖ «ស៊ីម៉ូន កូន​យ៉ូហាន​អើយ តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ឬ​ទេ?» គាត់​ទូល​ឆ្លើយ​ថា៖ «ក្រាប​ទូល​ព្រះ‌អម្ចាស់ ព្រះ‌អង្គ​ជ្រាប​ហើយ​ថា ទូល​បង្គំ​ស្រឡាញ់​ព្រះ‌អង្គ»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ចូរ​ឃ្វាល​ហ្វូង​ចៀម​របស់​ខ្ញុំ​ផង!»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ជា​លើក​ទី​បី​ថា៖ «ស៊ីម៉ូន កូន​យ៉ូហាន​អើយ តើ​ស្រឡាញ់​ខ្ញុំ​មែន​ឬ​ទេ?» ពេត្រុស​មាន​ចិត្ត​ព្រួយ ព្រោះ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ជា​លើក​ទី​បី​ថា «តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ឬ​ទេ?» ដូច្នេះ។ លោក​ទូល​តប​ទៅ​ព្រះ‌អង្គ​ថា៖ «ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​ជ្រាប​គ្រប់​ការ​ទាំង​អស់ គឺ​ព្រះ‌អង្គ​ជ្រាប​ថា ទូល​បង្គំ​ស្រឡាញ់​ព្រះ‌អង្គ​ហើយ»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ចូរ​ឲ្យ​ចំណី​ហ្វូង​ចៀម​របស់​ខ្ញុំ​ផង!។ ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា កាល​អ្នក​នៅ​ក្មេង​នៅ​ឡើយ អ្នក​ក្រវាត់​ចង្កេះ​ខ្លួន​ឯង ហើយ​ដើរ​ទៅ​ណា​តាម​តែ​ចិត្ត​អ្នក​ចង់។ លុះ​ពេល​អ្នក​ចាស់ អ្នក​នឹង​លើក​ដៃ​ឡើង ហើយ​មាន​ម្នាក់​ទៀត​នឹង​ក្រវាត់​ចង្កេះ​ឲ្យ​អ្នក​វិញ ទាំង​នាំ​អ្នក​ទៅ​កន្លែង​ដែល​អ្នក​មិន​ចង់​ទៅ​ទៀត»។ (ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ដូច្នេះ បង្ហាញ​ពី​បែប​យ៉ាង​ណា​ដែល​គាត់​ត្រូវ​ស្លាប់ ដើម្បី​លើក​តម្កើង​ព្រះ)។ កាល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នោះ​រួច​ហើយ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ចូរ​មក​តាម​ខ្ញុំ​ចុះ!»។

ចែក​រំលែក
អាន យ៉ូហាន 21

យ៉ូហាន 21:7-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពេល​នោះ សិស្ស​ដែល​ព្រះ‌យេស៊ូ​ស្រឡាញ់ និយាយ​ទៅ​លោក​ពេត្រុស​ថា៖ «ព្រះ‌អម្ចាស់​ទេ​តើ!»។ កាល​លោក​ស៊ីម៉ូន​ពេត្រុស​ឮ​ថា ព្រះ‌អម្ចាស់​ដូច្នេះ គាត់​ក៏​ស្លៀក‌ពាក់ ដ្បិត​គាត់​នៅ​ខ្លួន​ទទេ រួច​លោត​ទៅ​ក្នុង​ទឹក។ សិស្ស​ឯ​ទៀតៗ​នាំ​គ្នា​ចូល​ទូក​ទៅ​មាត់​ច្រាំង ទាំង​ទាញ​អួន​ដែល​មាន​ត្រី​ពេញ​ទៅ​ជា​មួយ​ផង ព្រោះ​គេ​មិន​នៅ​ឆ្ងាយ​ពី​ច្រាំង​ប៉ុន្មាន​ទេ គឺ​ប្រមាណ​ជា​ពីរ​រយ​ហត្ថ​ប៉ុណ្ណោះ។ គេ​ឡើង​ទៅ​លើ​គោក​ឃើញ​រងើក​ភ្លើង មាន​ដាក់​ត្រី និង​នំប៉័ង​អាំង​ពី​លើ​ផង។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «សុំ​យក​ត្រី​ដែល​អ្នក​រាល់​គ្នា​ទើប​នឹង​ចាប់​បាន​មក​ណេះ!»។ លោក​ស៊ីម៉ូន​ពេត្រុស​ចុះ​ទៅ​ក្នុង​ទូក ទាញ​អួន​ដែល​មាន​ត្រី​ពេញ​មក​ដាក់​លើ​គោក គឺ​មាន​ត្រី​ធំៗ​ចំនួន​មួយ​រយ​ហា‌សិប​បី។ ទោះ​បី​មាន​ត្រី​ច្រើន​យ៉ាង​នេះ​ក៏​ដោយ ក៏​អួន​មិន​ធ្លាយ​ដែរ។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «នាំ​គ្នា​មក​បរិភោគ​ទៅ»។ គ្មាន​សិស្ស​ណា​ម្នាក់​ហ៊ាន​សួរ​ព្រះអង្គ​ថា “លោក​ជា​នរណា”ឡើយ ដ្បិត​គេ​ដឹង​ថា​ជា​ព្រះ‌អម្ចាស់​ទាំង​អស់​គ្នា។ ព្រះ‌យេស៊ូ​យាង​ទៅ​ជិត​ពួក​គេ ព្រះអង្គ​យក​នំប៉័ង​មក​ប្រទាន​ឲ្យ​គេ ហើយ​យក​ត្រី​មក​ប្រទាន​ឲ្យ​គេ​ដែរ។ តាំង​ពី​ព្រះអង្គ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​មក នេះ​ជា​លើក​ទី​បី​ហើយ ដែល​ព្រះ‌យេស៊ូ​សម្តែង​ព្រះអង្គ​ឲ្យ​ពួក​សិស្ស​ឃើញ។ លុះ​គេ​បាន​បរិភោគ​រួច​រាល់​ហើយ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​សួរ​លោក​ស៊ីម៉ូន​ពេត្រុស​ថា៖ «ស៊ីម៉ូន កូន​លោក​យ៉ូហាន​អើយ! តើ​អ្នក​ស្រឡាញ់​ខ្ញុំ ជាង​អ្នក​ទាំង​នេះ​ស្រឡាញ់​ខ្ញុំ​ឬ?»។ គាត់​ទូល​ព្រះអង្គ​ថា៖ «ក្រាប​ទូល​ព្រះ‌អម្ចាស់! ព្រះអង្គ​ជ្រាប​ស្រាប់​ហើយ​ថា ទូលបង្គំ​ស្រឡាញ់​ព្រះអង្គ»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «សុំ​ថែ‌រក្សា​កូន​ចៀម​របស់​ខ្ញុំ​ផង!»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​សួរ​គាត់​ជា​លើក​ទី​ពីរ​ថា៖ «ស៊ីម៉ូន កូន​លោក​យ៉ូហាន​អើយ! តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ឬ​ទេ?»។ លោក​ពេត្រុស​ទូល​ថា៖ «ក្រាប​ទូល​ព្រះ‌អម្ចាស់! ព្រះអង្គ​ជ្រាប​ស្រាប់​ហើយ​ថា ទូលបង្គំ​ស្រឡាញ់​ព្រះអង្គ»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «សុំ​ឃ្វាល​ហ្វូង​ចៀម​របស់​ខ្ញុំ​ផង!»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​សួរ​គាត់​ជា​លើក​ទី​បី​ថា៖ «ស៊ីម៉ូន កូន​លោក​យ៉ូហាន​អើយ! តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ឬ​ទេ»។ លោក​ពេត្រុស​ព្រួយ​ចិត្ត​ណាស់ ព្រោះ​ព្រះអង្គ​សួរ​គាត់​ដល់​ទៅ​បី​លើក​ថា “អ្នក​ស្រឡាញ់​ខ្ញុំ​ឬ​ទេ”​ដូច្នេះ។ លោក​ទូល​តប​ទៅ​ព្រះអង្គ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់! ព្រះអង្គ​ជ្រាប​អ្វីៗ​សព្វ​គ្រប់​ទាំង​អស់ ព្រះអង្គ​ជ្រាប​ស្រាប់​ហើយ​ថា ទូលបង្គំ​ស្រឡាញ់​ព្រះអង្គ»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «សុំ​ថែ‌រក្សា​ហ្វូង​ចៀម​របស់​ខ្ញុំ​ផង។ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​ដឹង​ច្បាស់​ថា កាល​អ្នក​នៅ​ក្មេង អ្នក​ក្រវាត់​ចង្កេះ​ខ្លួន​ឯង ហើយ​អ្នក​ទៅ​ណា​តាម​តែ​ចិត្ត​អ្នក​ចង់។ លុះ​ដល់​អ្នក​ចាស់ អ្នក​នឹង​លើក​ដៃ​ឡើង ហើយ​មាន​ម្នាក់​ទៀត​ក្រវាត់​ចង្កេះ​ឲ្យ​អ្នក ទាំង​នាំ​អ្នក​ទៅ​កន្លែង​ដែល​អ្នក​មិន​ចង់​ទៅ​ថែម​ទៀត​ផង»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ បង្ហាញ​អំពី​របៀប​ដែល​លោក​ពេត្រុស​ស្លាប់ ដើម្បី​សម្តែង​សិរី‌រុងរឿង​របស់​ព្រះ‌ជាម្ចាស់។ បន្ទាប់​មក ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «សុំ​អញ្ជើញ​មក​តាម​ខ្ញុំ!»។

ចែក​រំលែក
អាន យ៉ូហាន 21

យ៉ូហាន 21:7-19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នោះ​សិស្ស​១​ដែល​ព្រះ‌យេស៊ូវ​ស្រឡាញ់ គាត់​និយាយ​នឹង​ពេត្រុស​ថា នេះ​គឺ​ជា​ព្រះ‌អម្ចាស់​ហើយ កាល​ស៊ីម៉ូន-ពេត្រុស​បាន​ឮ​ថា​ជា​ព្រះ‌អម្ចាស់ នោះ​គាត់​ពាក់​អាវ​ក្រវាត់​ខ្លួន ព្រោះ​គាត់​នៅ​ខ្លួន​ទទេ ក៏​លោត​ចុះ​ទៅ​ក្នុង​ទឹក ពួក​សិស្ស​ឯ​ទៀត​បាន​មក​ក្នុង​ទូក​តូច​ទាំង​ដឹក​អួន​ជាប់​បាន​ត្រី ដ្បិត​គេ​មិន‌សូវ​នៅ​ឆ្ងាយ​ពី​គោក​ទេ ប្រហែល​ជា​២០០​ហត្ថ​ប៉ុណ្ណោះ កាល​បាន​ឡើង​ទៅ​លើ​គោក​វិញ នោះ​គេ​ឃើញ​រងើក​ភ្លើង ហើយ​មាន​ត្រី​អាំង​នៅ​ពី​លើ នឹង​នំបុ័ង​ដែរ ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​គេ​ថា ចូរ​យក​ត្រី​ខ្លះ ដែល​ទើប​នឹង​ចាប់​នោះ​មក ស៊ីម៉ូន-ពេត្រុស​ក៏​ឡើង​មក​ទាំង​ទាញ​អួន ដាក់​លើ​គោក បាន​ពេញ​ដោយ​ត្រី​ធំៗ​១៥៣ ហើយ​ទោះ​បើ​មាន​ត្រី​ច្រើន​ដល់​ម៉្លេះ គង់​តែ​អួន​មិន​បាន​ធ្លាយ​ដែរ ព្រះ‌យេស៊ូវ​ទ្រង់​ហៅ​គេ​មក​ថា ចូរ​មក​ពិសា​សិន ប៉ុន្តែ គ្មាន​សិស្ស​ណា​មួយ​ហ៊ាន​ទូល​សួរ​ទ្រង់​ថា តើ​អ្នក​ណា​នុ៎ះ ដោយ​គេ​ដឹង​ថា​ជា​ព្រះ‌អម្ចាស់​ហើយ ព្រះ‌យេស៊ូវ​ក៏​យាង​មក យក​នំបុ័ង នឹង​ត្រី ប្រទាន​ដល់​គេ នោះ​ជា​គំរប់​៣​ដង​ហើយ ដែល​ព្រះ‌យេស៊ូវ​សំដែង​មក ឲ្យ​ពួក​សិស្ស​ឃើញ ក្នុង​ពេល​ក្រោយ​ដែល​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ។ កាល​គេ​បាន​បរិភោគ​រួច​ហើយ នោះ​ព្រះ‌យេស៊ូវ​មាន​បន្ទូល​នឹង​ស៊ីម៉ូន-ពេត្រុស​ថា ស៊ីម៉ូន កូន​យ៉ូណាស​អើយ តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ជា​ជាង​របស់​ទាំង​នេះ​ឬ​អី គាត់​ទូល​ឆ្លើយ​ថា ព្រះ‌ករុណា​វិសេស​ព្រះ‌អម្ចាស់ ទ្រង់​ជ្រាប​ថា ទូលបង្គំ​ពេញ​ចិត្ត​នឹង​ទ្រង់​ហើយ ទ្រង់​មាន​បន្ទូល​ថា ចូរ​ឲ្យ​ចំណី​ដល់​កូន​ចៀម​ខ្ញុំ​ស៊ី​ផង រួច​ទ្រង់​មាន​បន្ទូល​ទៅ​គាត់​ម្តង​ទៀត​ថា ស៊ីម៉ូន កូន​យ៉ូណាស​អើយ តើ​ស្រឡាញ់​ខ្ញុំ​ឬ​អី គាត់​ទូល​ឆ្លើយ​ថា ព្រះ‌ករុណា​វិសេស​ព្រះ‌អម្ចាស់ ទ្រង់​ជ្រាប​ថា ទូលបង្គំ​ពេញ​ចិត្ត​នឹង​ទ្រង់​ហើយ ទ្រង់​មាន​បន្ទូល​ទៅ​គាត់​ថា ចូរ​ឃ្វាល​ហ្វូង​ចៀម​របស់​ខ្ញុំ​ចុះ រួច​ទ្រង់​មាន​បន្ទូល​ជា​គំរប់​៣​ដង​ថា ស៊ីម៉ូន កូន​យ៉ូណាស​អើយ តើ​ពេញ​ចិត្ត​នឹង​ខ្ញុំ​មែន​ឬ​អី ពេត្រុស​មាន​ចិត្ត​ព្រួយ ដោយ​ទ្រង់​មាន​បន្ទូល​ជា​គំរប់​៣​ដង​ថា តើ​ពេញ​ចិត្ត​នឹង​ខ្ញុំ​ឬ​អី​ដូច្នេះ បាន​ជា​គាត់​ទូល​ឆ្លើយ​ថា ព្រះ‌អម្ចាស់​អើយ ទ្រង់​ជ្រាប​គ្រប់​ការ​ទាំង​អស់ គឺ​ទ្រង់​ជ្រាប​ថា ទូលបង្គំ​ពេញ​ចិត្ត​នឹង​ទ្រង់​ហើយ ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​គាត់​ថា ចូរ​ឲ្យ​ចំណី​ដល់​ហ្វូង​ចៀម​ខ្ញុំ​ស៊ី​ផង ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា កាល​អ្នក​នៅ​ពី​ក្មេង​នៅ​ឡើយ នោះ​បាន​ក្រវាត់​ខ្លួន​ឯង ទាំង​ដើរ​ទៅ​មក​តាម​តែ​ចិត្ត តែ​កាល​ណា​ចាស់​ហើយ នោះ​អ្នក​នឹង​សន្ធឹង​ដៃ​ទៅ ហើយ​ម្នាក់​ទៀត​នឹង​ក្រវាត់​ឲ្យ​អ្នក​វិញ ទាំង​នាំ​អ្នក​ទៅ​ឯ​កន្លែង ដែល​អ្នក​មិន​ចង់​ទៅ​ផង ទ្រង់​មាន​បន្ទូល​ដូច្នេះ ដើម្បី​នឹង​បង្ហាញ​ពី​បែប​យ៉ាង​ណា ដែល​គាត់​ត្រូវ​ស្លាប់ ប្រយោជន៍​ដើម្បី​នឹង​លើក​ដំកើង​ព្រះ កាល​ទ្រង់​មាន​បន្ទូល​ដូច្នោះ​រួច​ហើយ នោះ​ក៏​ប្រាប់​គាត់​ថា ចូរ​មក​តាម​ខ្ញុំ​ចុះ

ចែក​រំលែក
អាន យ៉ូហាន 21